jump to navigation

មិន​គួរ​អគតិ​ខ្លាំង​ពេក​ចំពោះ​បុណ្យ​ចូល​ឆ្នាំ​ចិន​ទេ ថ្ងៃអាទិត្យ 18 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ.
1 comment so far

នៅ​ក្នុង​សម័យ​សាកល​ភាវូបណីយ​កម្ម​ ជា​ពិសេស​នៅ​ក្នុង​សង្គម​ពហុ​វប្បធម៌​ ការ​គោរព​ជាតិ​សាសន៍​រវាង​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​ប្រការ​ដែល​ត្រូវ​ការ​ចំបាច់​បំផុត​សម្រាប់​ការ​សុខ​សាន្ត និង​វឌ្ឍនភាព​។ ជា​ការ​ពិត ជន​ជាតិ​ចិន និង​វប្បធម៌​ចិន គឺ​ជា​ «​វត្ថុ​» ចំណាស់​មួយ​ដែល​ចាក់​ឫស​នៅ​ក្នុង​សង្គម​កម្ពុជា ឬ​អាច​ថា​បាន​នៅ​ទូទាំង​ពិភព​លោក ដែល​មិន​មែន​ទើប​តែ​មាន​ថ្មី​ៗ​នេះ​ទេ​។

នៅ​ក្នុង​កម្ពុជ​នគរ​នៃ​យើង ដូច​ដែល​យើង​បាន​ចេះ​ដឹង​រត់​មាត់​ស្រាប់ វត្តមាន​នៃ​ជន​ជាតិ​នៅ​ក្នុង​សម័យ​មហា​នគរ តាម​រយៈ​លោក​ជីវ តាក្វាន់ នោះ​ឯង​។ ហើយ​ ដោយ​ឥត​ប្រកែក​បាន​ ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​ភាគ​ធំ​ ត្រូវ​បាន​ដឹង​ឮ​តាម​រយៈ​ជន​ជាតិ​ចិន​នេះ​ផង​

ការ​សាយ​ភាយ​នៃ​ជន​ជាតិ​ចិន​មក​កម្ពុជា និង​តាម​រយៈ​ពួក​គេ​វប្បធម៌​ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ។ នៅ​កម្ពុជា​យើង តាំង​ពី​សម័យ​ដែល​ជន​ជាតិ​មាន​វត្តមាន​មក និង​ត​មក​ទៀត នៅ​ពេល​ដែល​ជន​ជាតិ​នេះ​ជា​ច្រើន​ទៀត​រត់​មក​រស់​នៅ ដោយ​រត់​គេច​ពី​អ្វី​ដែល​គេ​ហៅ​ថា «​បដិវត្តន៍​វប្បធម៌​» នោះ ត្រូវ​បាន​សង្គម​កម្ពុជា​ទទួល​ស្គាល់ ព្រម​ទាំង​មេត្តា​ធម៌​ពី​ព្រះ​ករុណា ម្ចាស់​ផែន​ដី​ផង ជន​ជាតិ​ចិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់​នៅ​ទូទាំង​ព្រះ​នគរ ទាំង​នៅ​តាម​ទី​ផ្សារ​ប្រជុំ​ជន និង​ទី​ចុង​កាត់​មាត់​ញក​ផង​ឯ​ទៀត​។

តាម​រយៈ​ជន​ជាតិ​ចិន​ទាំង​នេះ ព្រម​ទាំង​ការ​ពិត​ឥត​ប្រកែក​បាន​នៃ​ភាព​មាន​ជំនាញ​ខាង​ការ​លក់​ដូរ បន្តិច​ម្ដង​ៗ ពួក​គេ​បាន​សម្រប​ខ្លួន​នៅ​ក្នុង​សង្គម​ខ្មែរ ព្រម​ទាំង​ជួយ​បង្កើន​សេដ្ឋកិច្ច​ខ្មែរ​ផង​ដែរ​។ បច្ចុប្បន្ន​នេះ មិន​មាន​ជន​ជាតិ​ជំនាន់​ទី​១ (​ចិន​កើត​នៅ​ប្រទេស​ចិន មក​រស់​នៅ​កម្ពុជា​) នៅ​កម្ពុជា​យើង​ទេ ពោល​គឺ​មាន​ចាប់​ពី​ជំនាន់​ទី​២ (​ចិន​ដែល​អាច​កើត​នៅ​ប្រទេស​ទី​២ រួច​មក​រស់​នៅ​កម្ពុជា តាម​រយៈ​ឪពុកម្ដាយ​ដែល​ជា​ជំនាន់​ទី​១ ឬ ចិន​ដែល​កើត​នៅ​ស្រុក​ខ្មែរ​តែ​ម្ដង តាម​រយៈ​ឪពុកម្ដាយ​ដែល​ជា​ជំនាន់​ទី​១) ឡើយ អាច​ថា​ប្រមាណ​១០ ទៅ​១៥​ភាគ​រយ​ប៉ុណ្ណោះ ក្រៅ​ពី​នោះ គឺ​សុទ្ធ​តែ​ជា​ចិន​ជំនាន់​ទី​៣, ៤, ៥ ។ល។

ជន​ជាតិ​ចិន និង​ខ្មែរ រស់​នៅ​ប្រកប​របរ​យ៉ាង​​សុខ​សុវត្ថិ នា​សង្កាត់​ចិន ក្រុង​ភ្នំពេញ កាល​ពី​ប្រមាណ​ទសវត្សរ៍​១៩៣០

ចិន​ជំនាន់​ក្រោយ​ៗ​នេះ ពួក​គេ​សុទ្ធ​តែ​មាន​កំណើត​នៅ​ប្រទេស​កម្ពុជា ទទួល​យក​វប្បធម៌​ខ្មែរ រហូត​ដល់​គ្រួសារ​ខ្លះ​មិន​ទាំង​ចេះ​និយាយ​ភាសា​ចិន​ផង​ទៀត​។ ហេតុ​ដូច​នេះ ការ​ប្រារព្ធ​ពិធី​នានា ជា​ពិសេស​ចូល​ឆ្នាំ​ចិន​នេះ គឺ​គ្រាន់​តែ​ជា​ការ​បន្ត​​រក្សា​ប្រពៃណី​ដែល​មាន​អំពី​ឪពុក​ម្ដាយ ឬ​ជី​ដូន​ជី​តា​គេ​តែ​ប៉ុណ្ណោះ ហើយ​ពួក​គេ​ទាំង​នោះ​ស្ទើរ​១០០​ភាគ​រយ ក៏​បាន​ចូល​វត្ត​ធ្វើ​បុណ្យ​រាល់​ទេសកាល​នានា​របស់​ព្រះ​នគរ​យើង រួម​ជាមួយ​នឹង​​ពល​រដ្ឋ​ឯទៀត​។ ពួក​គេ​គឺ​ជា​ខ្មែរ ដែល​មាន​ឫស​ឈាម​តំណ​​អំពី​បុព្វ​ញាតិ​ជា​សែ​ស្រាឡាយ​ចិន​ប៉ុណ្ណោះ​។

នៅ​រាល់​ពេល​បុណ្យ​សែន​នានា​របស់​ចិន​នីមួយ​ៗ ជា​ពិសេស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ យើង​ឃើញ​ជា​ហូរហែ​ ចលនា​សេដ្ឋកិច្ច​មាន​ភាព​រស់​រវើក​ ទាំង​ការ​លក់​ដូរ​ទំនិញ​កសិផល ជ្រូក​ មាន់ ទា (​របស់​របរ​ដែល​ត្រូវ​យក​ទៅ​សែន​)… ជា​ដើម​​។ល។ សុទ្ធ​តែ​ជា​ទំនិញ​ដែល​ត្រូវ​បាន​ដោះ​ដូរ​ បម្រើ​ឲ្យ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​យើង​នេះ​ឯង​។ ការ​ដែល​យើង​ឃើញ​ថា​មាន​ចិន​សែន​ច្រើន ទំនង​ជា​មិន​ប្រកដ​ពិត​ទេ សម័យ​ពី​ដើម​ឡើយ ជា​ពិសេស​នៅ​មុន​សម័យ​សង្គ្រាម ឬ​សម័យ​ដែល​ជន​ជាតិ​ចិន​ជំនាន់​ទី​១ មាន​វត្ត​មាន​នៅ​កម្ពុជា​យើង​វិញ​នោះ ភាព​ហ៊ឺហារ​ អឹក​ធឹក នៃ​ពិធី​ចូល​ឆ្នាំ​ចិន មាន​លើស​សម័យ​បច្ចុប្បន្ន​រាប់​សិប​ដង​។

ពី​ដើម​ៗ​មិញ នៅ​តាម​ទី​ប្រជុំ​ជន​នានា ជា​ពិសេស​សង្កាត់​ចិន នៅ​ក្នុង​ក្រុង​ភ្នំពេញ ពោរ​ពេញ​ទៅ​ដោយ​អាគារ​ពាណិជ្ជ​បែប​ចិន អក្សរ​ចិន ពេញ​ទាំង​ផ្លូវ​។ ចំណែក​ឯ​បច្ចុប្បន្ន​យើង​នេះ ពួក​គេ​បាន​ប្រែ​ក្លាយ​ជា​ខ្មែរ​អស់​ទៅ​ហើយ ហេតុ​ដូច​នេះ​ក៏​កុំ​គួរ​ណា​ឡើយ​អគតិ​ខ្លាំង​ពេក​ចំពោះ​ប្រពៃណី​មួយ​នេះ នៅ​ក្នុង​សង្គម​ដែល​ប្រទេស​យើង​ជា​ប្រទេស​ស៊ីវិល័យ​ហើយ​៕

កកន៖ «​ជន​ជាតិ​ចិន​» ក្នុង​ប្រកាស​នេះ​សំដៅ​ដល់​ជន​ជាតិ​ចិន​ដែល​បានភៀស​ខ្លួន​មក​នៅ​ប្រទេស​កម្ពុជា​មុន​សម័យ​សង្គ្រាម មិន​មែន​ជន​ជាតិ​ចិន​ចំណូល​ថ្មី ដូច​ក្នុង​ករណី​ខេត្ត​ព្រះ​សីហនុ​ទេ​

Advertisements
%d bloggers like this: