ខួបឆ្នាំទី៥០ ពិធីសម្ពោធអាគារថ្មីនៃអនុវិទ្យាល័យកំពង់បឹង ថ្ងៃសៅរ៍ 31 ខែមីនា 2018
Posted by សុភ័ក្ត្រ in សង្គមរាស្ត្រនិយម.add a comment
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹកដីកំពង់លែង ខេត្តកំពង់ឆ្នាំង នោះគឺការសម្ពោធដាក់ឲ្យប្រើប្រាស់អាគារថ្មីនៃអនុវិទ្យាល័យកំពង់បឹង។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលថ្មីនេះដោយព្រះអង្គផ្ទាល់។
ថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៦៨ នៅឯកំពង់បឹង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អាគារដ៏ថ្មីមួយត្រូវបានប្រារព្ធពិធីសម្ពោធ ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់នៃសម្ដេចព្រះបិតាសិក្សាធិការជាតិ។ អាគារថ្មីៗនៃអនុវិទ្យាល័យកំពង់បឹងនេះ ក្នុងមួយអាគារមាន៤បន្ទប់ ដោយត្រូវបានស្ថាបនាឡើងដោយវិភាគទាននៃព្រះសង្ឃ និងសប្បុរសជន មានសហជីវិន អ៊ុំ ម៉ាណូរិន និងលោកស្រីជាអ្នកផ្ដើម៕
ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម
ខួបឆ្នាំទី៥០ នៃពិធីសម្ពោធគិលានដ្ឋាននៅអញ្ចាញរូង ថ្ងៃសុក្រ 30 ខែមីនា 2018
Posted by សុភ័ក្ត្រ in សង្គមរាស្ត្រនិយម.add a comment
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹកដីកំពង់ឆ្នាំងក្រុង នោះគឺការសម្ពោធដាក់ឲ្យប្រើប្រាស់គិលានដ្ឋាននៅអញ្ចាញរូង។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគិលានដ្ឋានថ្មីនេះដោយព្រះអង្គផ្ទាល់។
នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕
ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម
ខួបឆ្នាំទី៥០ ពិធីសម្ពោធអាគារថ្មីនៃមន្ទីរពេទ្យកំពង់ឆ្នាំងក្រុង ថ្ងៃព្រហស្បតិ៍ 29 ខែមីនា 2018
Posted by សុភ័ក្ត្រ in សង្គមរាស្ត្រនិយម.add a comment
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹកដីកំពង់ឆ្នាំងក្រុង នោះគឺការសម្ពោធដាក់ឲ្យប្រើប្រាស់អាគារថ្មីមួយដែលមានចំណុះ៦៥គ្រែ។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារថ្មីនេះដោយព្រះអង្គផ្ទាល់។
នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕
ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម
ភូមារើសបានប្រធានាធិបតីថ្មី លោក វីន ម្យិន្ត ថ្ងៃពុធ 28 ខែមីនា 2018
Posted by សុភ័ក្ត្រ in မြန်မာဘာသာ.1 comment so far
ប្រធានាធិបតីថ្មីរបស់ប្រទេសភូមា
នានាប្រទេស៖ នេប្យ្ញីតៅ, ភូមា – រដ្ឋសភាប្រទេសភូមាបានជ្រើសរើសសម្ព័ន្ធមិត្រដ៏ជិតស្និទ្ធរបស់លោកស្រី អង់សានស៊ូជី ជាប្រធានាធិបតីថ្មី របស់ប្រទេសនេះហើយ នាថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីអតីតប្រធានាធិបតី ហ្តីន ក្យៅ បានលាលែងពីតំណែងកាលពីសប្ដាហ៍កន្លងទៅ ដោយមូលហេតុសុខភាពរួចមក។
លោក វីន ម្យិន្ត (ភ. ဝင်းမြင့်) បានលាលែងពីតំណែងប្រធានសភាតំណាងរាស្ត្រកាលពីសប្ដាហ៍កន្លងទៅ ដើម្បីបើកឱកាសឈានកាន់តំណែងប្រធានាធិបតីនេះ ហើយដែលត្រូវបានសភាទាំងពីររបស់ប្រទេសនេះ បោះឆ្នោតឲ្យឡើងកាន់តំណែងជាប្រធានាធិបតីថ្មីទី១០ របស់ប្រទេសអតីតអាណានិគមរបស់អង់គ្លេសមួយនេះ។
លោក វីន ម្យិន្ត បានទទួលសំឡេងសរុប៤០៣ ពីសំឡេងសរុប៦៣៦ សំឡេងពីសមាជិកសភាពនីតិបញ្ញត្តិ ដែលបានធ្វើការបោះឆ្នោតនាថ្ងៃនេះ ដែលបានបើកឱកាសឲ្យលោកគ្រងតំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសភូមា៕
__________________________________
អានផងដែរ៖
១. ប្រធានាធិបតីភូមាលាលែងពីដំណែង
Repost: និល ទៀង៖ សម្ដេចព្រះសង្ឃរាជទី១ នៃក្រុងកម្ពុជា ថ្ងៃអង្គារ 27 ខែមីនា 2018
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់.add a comment
សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ
និល ទៀង
សម្ដេចព្រះមហាសង្ឃរាជ ព្រះនាម និល ទៀង
គណៈមហានិកាយ
ព.ស.២៤០១ – ២៤៥៧
គ.ស.១៨៥៧ – ១៩១៣
ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃសៅរ៍ ៧កើត ខែអាសាធ ឆ្នាំវក ឆស័ក ព.ស.២៣៦៨ គ.ស.១៨២៤ ក្នុងស្រុកពោធិព្រះបាទ ខេត្តកៀនស្វាយ (ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្ន)។ ព្រះអង្គជាបុត្រច្បងនៃ បិតានាម និល មាតានាម ឡឹក។
ក្នុងគ.ស.១៨៣១ កាលនោះកុមារទៀង ទើបតែ អាយុបាន៨ឆ្នាំ ទ័ពយួន និងសៀម បានពើបប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតំបន់កៀនស្វាយដើម្បីដណ្ដើមយកស្រុកខ្មែរ។ គ្រួសារសម្ដេចទៀងទាំងប៉ុន្មាន ត្រូវទ័ពសៀមចាប់កេណ្ឌកៀរយកទៅស្រុកសៀម ទុកធ្វើជាទាសាទាសី។ កុមារទៀង និងជីដូន ត្រូវគេបញ្ជូនឲ្យទៅរស់នៅឯទីក្រុងបាងកក។ នៅទីនោះកុមារទៀង បានជួបនឹងមាម្នាក់ឈ្មោះ ពៅ ជាអាមាត្យរបស់ព្រះបាទសម្ដេចព្រះ អង្គ ដួង កាលព្រះអង្គនៅជាព្រះអង្គម្ចាស់ដែលសៀមកេណ្ឌកៀរយកទៅធ្វើជាឈ្លើយដែរ។ ចំណែកគ្រួសារសម្ដេចមួយផ្នែកទៀត ត្រូវសៀមបញ្ជូនទុកឲ្យរស់នៅ ស្រុកមង្គលបុរី ក្នុងខេត្តបាត់ដំបង។
ព្រះអង្គមានព្រះជន្មបាន១១ឆ្នាំ ក្នុងឆ្នាំមមី ឆស័ក ព.ស.២៣៧៨ គ.ស.១៨៣៤ បានបំពេញផ្នួសជាសាមណេរ នាវត្តមួយនៅទីក្រុងបាងកក។
ព្រះជន្មបាន២១វស្សា ក្នុងឆ្នាំរោង ព.ស.២៣៨៨ គ.ស.១៨៤៤ សម្ដេចព្រះន័ងក្លៅ ព្រះចៅក្រុងសៀម ទ្រង់ព្រះរាជានុញ្ញាតឲ្យសាមណេរ ទៀង ចូលបំពេញឧបសម្បទា ក្នុងនាគខ្នានព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតនសាស្ដាររាម គឺវត្តព្រះកែវមក៌ត ក្រុងបាងកក។
ព្រះជន្មបាន២៦វស្សា ក្នុងឆ្នាំរកា ឯកស័ក ព.ស.២៣៩៣ គ.ស.១៨៤៩ ព្រះអង្គបានទៅថ្វាយព្រះពរលាសម្ដេចព្រះន័ងក្លៅ ត្រឡប់មកប្រទេសកម្ពុជាវិញ។ លុះមកដល់ប្រទេសកម្ពុជាហើយ ព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់សូមនិមន្តឲ្យគង់នៅប្រទេសកម្ពុជា ហើយទ្រង់បានធ្វើព្រះរាជសុភអក្សរ ថ្វាយសម្ដេចព្រះន័ងក្លៅ។
ព្រះជន្មបាន៣៤វស្សា ក្នុងឆ្នាំម្សាញ់ នពស័ក ព.ស.២៤០១ គ.ស.១៨៧៥ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់បានលើកព្រះព្រហ្មមុនី និល ទៀង ឲ្យគ្រងទីសម្ដេចព្រះមហាសង្ឃរាជាក្រុងកម្ពុជា។
លុះរំលងពីនោះមកបានមួយឆ្នាំ ព.ស.២៤០២ គ.ស.១៨៥៨ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង បានតាំងសម្ដេចព្រះមហាសង្ឃរាជ និល ទៀង ជាស្ដេចសង្ឃពេញទី ហើយបានរៀបចំពិធីថ្វាយទឹកក្លស់ទឹកស័ង្ខ នៅក្រុងឧត្ដង្គមានជ័យ មានគោរម្យងារជា “សម្ដេចព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជាសង្ឃនាយកតិលកលោកាចរិយោត្ដមបរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិកវរោត្ដមបរមបពិត្រ ដ៏ជាអធិបតីព្ធដ៏គណសង្ឃក្នុងក្រុងកម្ពុជា ជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យឧត្ដមរាជបនិជាមហាមគ្គនាយក” សម្រេចកិច្ចអស់ទ្រទ្រង់សង្ឃព្រះរាជាគណៈទាំង៤សម្រាប់។
សម្ដេចព្រះមហាសង្ឃរាជ និល ទៀង ព្រះអង្គមានឋានន្តរស័ក្ដិជាមហាសង្ឃរាជ នៅក្នុងរាជ្យ៣គឺ៖
១. ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង
២. ព្រះបាទសម្ដេចព្រះ នរោត្ដម ព្រះចៅក្រុងកម្ពុជាធិបតី
៣. ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី
ព្រះជន្មបាន៩០វស្សាគត់ នៅក្នុងឆ្នាំឆ្លូវ ព្រះអង្គទ្រង់សោយទិវង្គត នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស.១៩១៣ វេលាម៉ោង១២និង៤០នាទីអាធ្រាត ដោយព្រះរោគជរាពាធ នៅព្រះរាជតំណាក់វត្តឧណ្ណាលោម ក្រុងភ្នំពេញ៕
ចម្លងចេញពីសៀវភៅព្រះរាជជីវប្រវត្តិ សម្ដេចព្រះសង្ឃរាជ រៀបរៀងដោយ ភិក្ខុបញ្ញាវិមលោ លឹម វាសនា ចៅអធិការស្ដីទីវត្ត អង្គប្រិយសិរីមានជ័យ ឆ្នាំ២០០៤
មើលក្នុងគេហទំព័រនរណាខ្លះនៅកម្ពុជា៖ និល ទៀង
______________________________________________________
អានផងដែរ៖
១. និល ទៀង សម្ដេចព្រះសង្ឃរាជ ទីមួយនៃក្រុងកម្ពុជា
២. វត្តព្រះកែវក្រុងទេព និងទំនាក់ទំនងនគរខ្មែរ
ថៃចង់បាន «ស» ខ្មែរប្រែចង់បាន «ខ្មៅ» ថ្ងៃចន្ទ 26 ខែមីនា 2018
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ, ภาษาไทย.2 comments
កាលពីព្រះរាជពិធីបុណ្យព្រះបរមសព នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ចាប់តាំងពីថ្ងៃព្រះអង្គសោយព្រះទិវង្គត រហូតដល់ព្រះរាជពិធីបុណ្យព្រះមេរុថ្វាយព្រះភ្លើងព្រះបរមសព ប្រជាជាតិខ្មែរ បានបង្ហាញឲ្យពិភពលោកឃើញនូវប្រពៃណីដ៏ល្អផូរផង់ដែលជាទំនៀមបុណ្យព្រះសព ដែលខ្មែរយើងបានប្រកាន់ខ្ជាប់តាំងពីបូរាណព្រេងនាយមក បើទោះជាពិធីមួយចំនួនបានបាត់បង់ក្ដី។ អ្វីដែលជាទំនៀមដ៏សំខាន់មួយនៃព្រះរាជពិធីបុណ្យព្រះបរមសពដែលខ្មែរយើងបានបង្ហាញនោះគឺ ការស្លៀកពាក់ «ស» សម្រាប់ការកាន់ទុក្ខ។
ការប្រើប្រាស់ព័ណ៌សសម្រាប់បុណ្យសព តាំងតែពីសាមញ្ញជនរហូតដល់វណ្ណៈក្សត្រិយ៍នេះ ត្រូវបានខ្មែរយើងប្រកាន់ខ្ជាប់ជាយូរយារមកហើយ (ស្រែខ្មុកសូមមិនបរិយាយពីរឿងនេះ) ដែលមិនមានជាការស្លៀកតាមចិន ដូចអ្នកប្រើប្រាស់ហ្វេសបុគខ្លះបាននិយាយនោះទេ។ យ៉ាងណាមិញ ទំនៀមស្លៀកសនេះ ត្រូវបានខ្មែរផ្សព្ធផ្សាយឥទ្ធិពលដល់រដ្ឋកើតថ្មីទាំងឡាយឯទៀតមានសៀម លាវ ជាដើមឲ្យប្រើប្រាស់ផងដែរ។
ប្រទេសសៀម ដែលស្ថិតនៅក្រោមការទទួលយកវប្បធម៌ពីខ្មែរដើមនោះ ពីអតីតក៏ប្រើប្រាស់ព័ណ៌សសម្រាប់ពិធីបុណ្យសព និងព្រះសពដែរ។ មកដល់សម័យក្រោយនេះឯង គឺនៅពេលដែរប្រទេសនេះ (ថៃ) បើកឱកាស និងប្រកាន់យកទំនៀមវប្បធម៌លោកខាងលិច (សម័យនាយឧត្ដមសេនីយពិបុលសង្គ្រាម) ទើបព័ណ៌ខ្មៅត្រូវបានយកមកប្រើប្រាស់ និងផ្សព្ធផ្សាយជាទូទៅសម្រាប់បុណ្យសព ជាពិសេសក្នុងចំណោមអភិជនថៃ ក្នុងហេតុផលដើម្បីភាពជឿនលឿន និងសម័យនិយមរបស់ថៃ។
កាលពីបុណ្យព្រះបរមសពនៃនៃព្រះករុណា ព្រះបរមរតនកោដ្ឋនោះ មានបណ្ដាជនជាតិថៃជាច្រើនបានឃើញពីទំនៀមនៃការប្រើប្រាស់ព័ណ៌សនេះ ហើយពួកគេបានលួចកោតសរសើរ និងបាននិយាយមិនដាច់ពីមាត់ពីភាពល្អផូរផង់នេះ រហូតដល់មានអ្នកខ្លះបានលើកឡើង និងវែកញែកនៅតាមបណ្ដាញសង្គមអំពីបញ្ហានេះ និងចង់ឲ្យមានការសើរើប្រើប្រាស់ព័ណ៌សនេះឡើងវិញសម្រាប់ប្រពៃណីបុណ្យសពនៅប្រទេសថៃផងទៀត។
តែអ្វីគួរឲ្យអស់សំណើចនោះ ជាពិសេសសម្រាប់ពលរដ្ឋខ្មែរមួយចំនួននាពេលថ្មីៗនេះ បានបង្ហាញពីការប្រើប្រាស់ព័ណ៌ «ខ្មៅ» សុទ្ធ (តាមទំនៀមថៃ) សម្រាប់បុណ្យសព នៅតាមកញ្ចក់ទូរទស្សន៍រហូតបណ្ដាលឲ្យមានការវែកញែកពីម្ខាងទៅម្ខាងផងដែរ។ ស្គាល់គេស្គាល់យើង — នេះបានជាថាថៃចង់បាន «ស» ឯខ្មែរសហើយ ប្រែចង់បាន «ខ្មៅ» ទៅវិញ!
ការស្លៀកពាក់សកាលគ្រាបុណ្យព្រះសព ព្រះករុណា ព្រះបរមរាជានុកោដ្ឋ
ព្រះករុណា និងសម្ដេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា ព្រមព្រះរាជវង្សានុវង្សទ្រង់គ្រងព័ណ៌ស កាលគ្រាបុណ្យព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ
ប្រជារាស្ត្រខ្មែរពាក់សចូលរួមបុណ្យព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ
ការស្លៀកពាក់សក្នុងបុណ្យព្រះបរមសព ព្រះចៅផែនដីសៀម កាលពីអតីតកាល
ប្រជារាស្ត្រថៃស្លៀកពាក់ខ្មៅសុទ្ធ ក្នុងបុណ្យព្រះបរមសពព្រះមហាក្សត្រិយ៍ថៃ រាមាទី៩ កាលពីពេលថ្មីៗនេះ
_________________________________________________________________
អានផងដែរ៖
១. ប្រពៃណីលូនក្រាបកំពុងត្រូវបានរង្គោះរង្គើនៅមឿងថៃ
Repost: ត្បាល់កិនម្សៅ ថ្ងៃអាទិត្យ 25 ខែមីនា 2018
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.add a comment
ពីដើមៗម៉ិញផ្ទះរបស់យាយខ្ញុំមានត្បាល់ថ្មមួយសម្រាប់កិនម្សៅ។ រាល់អ្នកភូមិផងទាំងពួង តែដល់ពេលត្រូវការកិនអង្ករដើម្បីធ្វើម្សៅយកទៅធ្វើនំ ឬដាំស្លម្ដងៗក៏គេតែងនាំគ្នាមកកិននៅក្រោមផ្ទះយាយខ្ញុំជាដរាប។
ពេលគេមកកិនម្ដងៗតែងប្រើប្រាស់ទឹករបស់យាយខ្ញុំមកសម្អាតត្បាល់ ទាំងមុននិងក្រោយពេលកិន។ ពេលខ្លះទឹកហៀរហូរ បែកភក់ជ្រាំតែពេញបរិវេណ។ រាល់អ្នកឯខ្លះពេលផងទៀត ក្រោយពីកិនរួចមិនទាំងបានលាងសម្អាតត្បាល់ផងទេ ដោយទុកឲ្យកកម្សៅព័ណ៌សពេញទាំងត្បាល់។
សម័យថ្ងៃនេះ ប្រហែលជាខ្មែរមិនចំនួនតិចទេ និយមកិនអង្ករធ្វើម្សៅទៀត ដ្បិតមានម្សៅលក់ស្រាប់ពេញឯផ្សារ។ មកដល់ថ្ងៃនេះ ត្បាល់ថ្មដែលធ្លាប់តែមាននៅផ្ទះរបស់យាយខ្ញុំនោះ មិនដឹងជាបាត់បង់ទៅណាហើយទេ៕
ត្បាល់កិនអង្ករ (រូបតំណាង) ពាក់កណ្ដាលស្វ័យប្រវត្តិ
_______________________________________
អានផងដែរ៖
១. ខ្នោសកោសដូងរូបទន្សាយ
២. គោសមួយក្បាល
៣. ស្វាយល្ហុងមួយដើម
៤. ដើមដូងទេរមួយដើម
៥. ដើមស្ពឺមួយដើម
៦. ដើមទៀបបាយ
៧. ដើមត្នោត
៨. ដើមសេដា
៩. ម្លូ
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរណាំងមុខផ្ទះ
១២. ល្មុត