jump to navigation

ខួប​ឆ្នាំ​ទី​៩០ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុកោដ្ឋ ថ្ងៃសុក្រ 2 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អតីតភាព.
5 comments

ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៨ នេះ មាន​រយៈ​ពេល​៩០​ឆ្នាំ​គត់ ដែល​កាល​ណុះ​នគរ​កម្ពុជា​យើង មាន​ប្រារព្ធ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​មួយ នោះ​គឺ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស ក្នុង​ព្រះ​បរម​រាជា​នុ​កោដ្ឋ​។ ព្រះ​រាជ​ពិធី​នោះ ប្រ​ព្រឹត្ត​ទៅ​មាន​រយៈ​ពេល​រហូត​​ដល់​ទៅ​១០​ថ្ងៃ​​ឯ​ណុះ ដោយ​ចាប់​ចូល​ព្រះ​រាជ​ពិធី​​ចាប់​ពី​ថ្ងៃ​សុក្រ ១១​កើត ដល់​ថ្ងៃ​អាទិត្យ ៥រោច ខែ​ផល្គុន ​ឆ្នាំ​ថោះ នព្វស័ក ព.ស. ២៤៧០ ដែល​​ត្រូវ​នឹង​ថ្ងៃ​ទី​០២ ដល់ ថ្ងៃ​ទី​​១១ ខែ​មីនា គ.ស.​១៩២៨​។

សម្រាប់​ថ្ងៃ​ទី​១ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុកោដ្ឋ​នោះ នៅ​វេលា​ព្រឹក​ចាប់​ពី​ម៉ោង​៧​ត​ទៅ នៅ​ឯ​ព្រះ​ទីន័ង​មហា​មន្ទីរ ដែល​ជា​ទី​ប្រតិដ្ឋាន​ព្រះ​បរម​សព​នោះ ព្រះ​បរម​សព ត្រូវ​បាន​យាង​ចេញ​ពី​ព្រះ​កោដ្ឋ និង​ប្រារព្ធ​ពិធី​នានា​តាម​ទំនៀម រហូត​ដល់​ម៉ោង​២​រសៀល​ទើប​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ​ចាប់​ផ្ដើម​ដោយ​មាន​ការ​បាញ់​កាំភ្លើង​ធំ​​២១​ណាត់​ផង​ មុន​នឹង​ដង្ហែ​ព្រះ​កោដ្ឋ​ចេញ​មក​ខាង​មុខ​ព្រះ​ទីន័ង​ទេវា​វិនិច្ឆ័យ​។ នៅ​វេលា​ម៉ោង​៣​រសៀល ព្រះ​បរម​សព​ត្រូវ​បាន​ធ្វើ​ព្រះ​រាជ​ពិធី​ដង្ហែ​ចេញ​ពី​ព្រះ​បរម​រាជ​វាំង ឆ្ពោះ​តាម​វិថី​នានា​នៃ​ព្រះ​រាជ​ធានី​ រួច​ក៏​បាន​កំណត់​មក​ដល់​ទី​ព្រះ​មេរុ នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​។

ព្រះ​បរម​សព​ត្រូវ​បាន​តម្កល់​ទុក​នៅ​ឯ​ព្រះ​មេរុ​រយៈ​ពេល​៧​ថ្ងៃ​៧​យប់ ដើម្បី​ធ្វើ​បុណ្យ​ព្រះ​មេរុ​តាម​បូរាណ​រាជ​បវេណី​នៃ​ព្រះ​បរម​ខត្តិយ​ខ្មែរ​។ នៅ​រាល់​រាត្រី​នៃ​ថ្ងៃ​នីមួយ​ៗ មាន​ការ​អុជ​កាំជ្រួច ជ្វាលា បង្ហោះ​គោម ព្រះ​សង្ឃ​៣២​ព្រះ​អង្គ​សូត្រ​ព្រះ​ធម្ម​ទាំង​ថ្ងៃ​ទាំង​យប់​តាម​ទិស​ទាំង​បួន ក្នុង​មួយ​ទិស​​៨​អង្គ​​ ព្រម​ស្ត្រី​យំ​យាម ច្រៀង​ថ្វាយ​បំពេ​រៀង​រាល់​យប់​ផង​។

ថ្ងៃ​សុក្រ ៣រោច ខែ​ផល្គុន ​ឆ្នាំ​ថោះ នព្វស័ក ព.ស. ២៤៧០ ​ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែ​មីនា គ.ស.​១៩២៨ ដែល​ជា​ថ្ងៃ​ទី​៨ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នោះ គឺ​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមស​ព​។ តាំង​ពី​ព្រឹក​មក ព្រះ​បរម​សព​ត្រូវ​បាន​ធ្វើ​ព្រះ​រាជ​ពិធី​ដោយ​ផ្លាស់​មក​តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ចន្ទន៍ រួម​តម្កល់​ក្នុង​ព្រះ​បុស្បុក​ក្នុង​ព្រះ​មេរុ ដើម្បី​រង់​ចាំ​ថ្វាយ​ព្រះ​ភ្លើង​។ ការ​ថ្វាយ​ព្រះ​ភ្លើង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វេលា​ប្រមាណ​​៥​ល្ងាច ដោយ​មាន​ការយាង​ចូល​រួម​ពី​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស និង​លោក​រ៉េស៊ីដង់ ស៊ុបបែរីយើ ប្រចាំ​កម្ពុជា​ផង​។ បន្ទាប់​ពី​ក្រុម​កាំភ្លើង​ធំ​បាញ់​កាំភ្លើង​ធំ​៨៨​ណាត់ ភ្លេង​និង​ការ​លេង​មហោស្រព​បន្លឺ​ឡើង ព្រះ​ករុណា ព្រម​លោក​រ៉េស៊ីដង់​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​។

ព្រឹក​ស្អែក​ឡើង គឺ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ព្រះ​បរម​អដ្ឋិ​ត្រូវ​បាន​ប្រារព្ធ​ព្រះ​រាជ​ពិធី​រើស និង​បញ្ចុះ​ក្នុង​ព្រះ​កោដ្ឋ​មាស​ប្រដាប់​ពេជ្រ និង​ត្រូវ​បាន​អញ្ជើញ​យក​ទៅ​ប្រតិដ្ឋានលើ​ព្រះ​មហា​បញ្ចា​មាស​៩​ជាន់​ឯ​ក្នុង​ព្រះ​មេរុ​វិញ​។ ដោយ​ឡែក​នៅ​ម៉ោង​៩​ព្រឹក ព្រះ​អង្គារ​ ត្រូវ​បាន​ចាត់​ព្រះ​រាជ​ពិធី​ដង្ហែ​យក​ទៅ​លយ​ឯ​គង្គា​នា​ខាង​មុខ​ព្រះ​បរម​រាជ​វាំង តាម​ទំនៀម​។ នៅ​វេលា​ម៉ោង​៧​យប់ ព្រះ​សង្ឃ​៨៨​អង្គ​ចម្រើន​ព្រះ​បរិត្ត​ក្នុង​ព្រះ​មេរុ ព្រម​មាន​ធម្ម​ទេសនា និង​ការ​ចាត់​ឆ្លង​ព្រះ​ពុទ្ធ​រួប​មាស​តាម​ទំនៀម​ផង​។ នៅ​រាត្រី​ថ្ងៃ​នោះ​ដែរ ក៏​មាន​ការ​លេង​មហោ​ស្រព និង​ល្ខោន​​ដូច​រាត្រី​មុន​ៗ​ដែរ លើក​លែង​តែ​មិន​មាន​ការ​សូត្រ​ព្រះ​ធម្ម​។

លុះ​ដល់​ថ្ងៃ​ទី​១០ គឺ​ត្រូវ​នឹង​ថ្ងៃ​​អាទិត្យ ៥​រោច ខែ​ផល្គុន ឆ្នាំ​ថោះ នព្វ​ស័ក ព.ស.​២៤៧០ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​មីនា គ.ស.​១៩២៨ នៅ​វេលា​ម៉ោង​​៥​ល្ងាច ព្រះ​សង្ឃ​ចំនួន​៨៨​ព្រះ​អង្គ​ចម្រើន​សត្ត​ប្បករណ៍ ថ្វាយ​បង្គំ​ព្រះ​បរម​អដិ្ឋ រួច​យាង​​តម្កល់​លើ​ព្រះ​រាជ​យានុមាស ដង្ហែ​ចេញ​ពី​ព្រះ​មេរុ​ចូល​ក្នុង​ព្រះ​បរម​រាជ​វាំង ដោយ​មាន​ព្រះ​ករុណា ព្រះ​អង្គ​រង់​ចាំ​ទទួល​ព្រះ​បរម​អដ្ឋិ​នៅ​ឯ​ព្រះ​ទី​ន័ង​ទេវាវិនិច្ឆ័យ​ផង​។ ព្រះ​បរម​អដ្ឋិ​ត្រូវ​បាន​តម្កល់​​លើ​ព្រះ​មហា​បញ្ចា​ហោ​ព្រះ​អដ្ឋិ ដើម្បី​ចាត់​ធ្វើ​បុណ្យថ្វាយ​ព្រះ​រាជ​កុសល​ត​ទៅ រហូត​ដល់​ការ​សាង​ចេតិយ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​រួច​ស្រេច និង​ធ្វើ​បុណ្យ​បញ្ចុះ​ព្រះ​បរម​អដិ្ឋ​តាម​ព្រះ​រាជ​បណ្ដាំ និងទំនៀម​ព្រះ​នគរ​ ​ជា​កិច្ច​​សូរេច​បរិបូរ​​​​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​ ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស ក្នុង​ព្រះ​បរម​រាជា​នុ​កោដ្ឋ​​៕៚

__________________________________________________
អានផងដែរ
១. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា
២. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ
៣. អំពី​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ
៤. អំពី​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​ករុណា​រាជា​នុកោដ្ឋ
៥. អំពី​ការ​រើស​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ

Advertisements
%d bloggers like this: