jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​សមិទ្ធិ​នានា​នៅ​​សហគមន៍​អភិវឌ្ឍន៍​អណ្ដើក​ហែប ថ្ងៃអាទិត្យ 4 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

សមិទ្ធផល​ដែល​គួរ​ឲ្យ​មោទន​មួយ​ទៀត​នៃ​របប​សង្គម​នោះ​គឺ​ការ​បង្កើត​ឲ្យ​មាន​ជា​សហករណ៍​ដើម្បី​ប្រជាជន​ខ្មែរ​រួម​សាមគ្គី​គ្នា​ផលិត​បម្រើ​ឲ្យ​កំណើន​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ និង​ការ​បង្កើត​ជា​សហគមន៍​អភិវឌ្ឍន៍​​នានា​ទូទាំង​ប្រទេស​ដើម្បី​បម្រើ​ឲ្យ​វិស័យ​ការ​រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព និង​សេចក្ដី​ថ្លៃ​ថ្នូរ​ស័ក្តិសម​ជា​ខេមរ​ប្រជាជន​រស់​ក្នុង​ឯករាជ​ប្រទេស​។

ថ្ងៃទី៤ ខែ​មីនា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅ​​សហគមន៍​អភិវឌ្ឍន៍​អណ្ដើក​ហែប ខេត្ត​បាត់ដំបង​​ នោះគឺពិធីសម្ពោធ​សមិទ្ធិ​នានា​នៃ​របប​សង្គម​ចំពោះ​សហគមន៍​នេះ​។

អណ្ដើក​ហែប​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១០ ពី​បាត់ដំបង​ទៅ​ប៉ៃលិន​។ មុន​ឆ្នាំ​១៩៦០ កន្លែង​នេះ​ជា​ព្រៃ​ភ្នំ ឥត​មាន​ដំណាំ​ដាំ​ដុះ​អ្វី​ទេ​។ ឆ្នាំ​១៩៦០ សង្គម​រាស្ត្រ​និយម​បាន​សាង​សង់​សហគមន៍​នេះ​ឡើង ហើយ​ចាប់​ផ្ដើម​កាប់​គាស់​ដី​ដាំ​ដំណាំ​កប្បាស​។ ថ្ងៃ​២៣ ឧសភា ១៩៦២ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​យាង​ទៅ​សម្ពោធ​សហករណ៍​កប្បាស ហើយ​សម្រេច​ថា​នឹង​សាង​សង់​រោង​ចក្រ​ប្រឡេះ​គ្រាប់​កប្បាស​នៅ​ទី​នោះ​។ ថ្ងៃ​១ មិថុនា ១៩៦៥ សម្ដេច​ឪ​ទ្រង់​បាន​យាង​ទៅ​សម្ពោធ​រោង​ចក្រ​នោះ​។

ថ្ងៃ​៤ មីនា ១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​យាង​ជា​ថ្មី​ម្ដង​ទៀត​នៅ​អណ្ដើក​ហែប​ដើម្បី​សម្ពោធ​សមិទ្ធិ​នានា​ថ្មី​ទៀត ក្នុង​នោះ​មាន​មន្ទីរ​ពេទ្យ មន្ទីរ​រដ្ឋការ ផ្សារ​លក់​ទំនិញ អាគារ​ថ្មី​ៗ​ទៀត​នៃ​សាលា​បឋម​សិក្សា ឃ្លាំង​សហករណ៍ និង​វត្ត​អារាម​ចំនួន​២​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements
%d bloggers like this: