jump to navigation

អំពី​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ ថ្ងៃចន្ទ 5 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
6 comments

បន្ទាប់ពីព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ចម​ចក្រ​ពង្ស​ ព្រះអង្គស្ដេចយាងសោយព្រះទិវង្គតមក រាជការក៏បានចាត់ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងតាមបុរាណខត្តិយរាជបវរណី នៅ៧ខែក្រោយមក។ ព្រះរាជពិធីនេះធ្វើរយៈពេល​១០​ថ្ងៃ​​ ដោយ​ចាប់​ចូល​ព្រះ​រាជ​ពិធី​​ចាប់​ពី​ថ្ងៃ​សុក្រ ១១​កើត ដល់​ថ្ងៃ​អាទិត្យ ៥រោច ខែ​ផល្គុន ​ឆ្នាំ​ថោះ នព្វស័ក ព.ស. ២៤៧០ ដែល​​ត្រូវ​នឹង​ថ្ងៃ​ទី​០២ ដល់ ថ្ងៃ​ទី​​១១ ខែ​មីនា គ.ស.​១៩២៨​។

ដូចគ្នានឹងរជ្ជកាលមុនៗដែរ ព្រះរាជពិធីថ្វាយព្រះភ្លើងត្រូវបានធ្វើឡើងនៅវាលព្រះមេរុ នាខាងមុខសារមន្ទីរជាតិនៃព្រះរាជធានីភ្នំពេញ។ ព្រះមេរុដ៏ធំអស្ចារ្យមួយត្រូវបានសាងឡើងថ្វាយព្រះចៅផែនដី ក្នុងពិធីបុណ្យថ្វាយព្រះភ្លើងនេះ។

ជាអាគារ​មួយខ្ពស់ស្រឡះប្រកបដោយក្បាច់រចនាដ៏វិចិត្រនៃក្រុមជាងព្រះនគរ ព្រះមេរុសាងសង់បែរទៅទិសទាំង៤ ដោយនៅជុំវិញមានស្តង់តម្កល់ព្រះពុទ្ធរូបសាសនានានាសម្រាប់ថ្វាយឧទ្ទិសព្រះរាជកុសល។ នៅលើកំពូលនៃព្រះមេរុមានរចនាជារូបព្រហ្មមុខបួន ឯនៅខាងក្នុងនៃមេរុ មានតម្កល់ព្រះមហាបញ្ចាកម្ពស់៩ជាន់ សម្រាប់តម្កល់ព្រះកោដ្ឋ ព្រះបរមសព និងព្រះកោដ្ឋពេជ្រ។

នៅជុំវិញព្រះមេរុវិញ មានសាងឡើងនូវថែវព័ទ្ធដើម្បីចាត់ព្រះរាជពិធីនានា រួមនិងសម្រាប់ទទួលភ្ញៀវជាតិ អន្តរជាតិនានា ក្នុងព្រះរាជពិធីបុណ្យព្រះមេរុទាំងមូល។ នៅតាមថែវទាំង៤ មានខ្លោងទ្វារសម្រាប់ចេញចូលព្រះមេរុ ដោយនៅខាងមុខខ្លោងទ្វារទាំងនោះ មានតាំងទ្វារបាលរូបយក្សឆ្វេងស្ដាំផងដែរ។ នៅពេលយប់ព្រះមេរុត្រូវបានតាំងរចនា និងបំភ្លឺជាព័ណ៌យ៉ាងស្រស់ស្អាតសមព្រះកិត្តិយសព្រះមេរុ នៃព្រះចៅផែនដីខ្មែរ។

ព្រះ​មេរុ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​អស់​ទឹក​ប្រាក់​សរុប​៣២,៥០០​រៀល ដោយ​មាន​ឧកញ៉ា​ទេព​និម្មិត (​រស់​) ជា​មេ​ការ ក្រោម​កិច្ច​ការ​ដឹក​នាំ​ពី​សំណាក់​ឧកញ៉ា​វរ​វៀង​ជ័យ (​ជួន​) សេនា​បតី​ក្រសួង​ព្រះ​បរម​រាជ​វាំង ជា​អធិបតី​។

ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​នា​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​ភទ្របទ ឆ្នាំ​ថោះ​នព្វ​ស័ក ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​​កញ្ញា គ.ស.​១៩២៧ និង​នៅ​ថ្ងៃ​ពុធ ៨​រោច ខែ​អស្សុជ ឆ្នាំ​ថោះ នព្វ​ស័ក ព.ស.​២៤៧០ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែ​តុលា គ.ស.​១៩២៧ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ មុនីវង្ស ស្ដេច​យាង​ចូល​រួម​ជា​ព្រះ​រាជាធិបតី​ភាព​ក្នុង​ពិធី​លើក​សសរ​​​កណ្ដាល​របស់​ព្រះ​មេរុ តាម​ទំនៀម​ផង​៕​៚

ព្រះមេរុនៃព្រះមហាកាញ្ចនកោដ្ឋ
ព្រះមេរុរួមនិងថែវនានាជុំវិញ
ព្រះមេរុ និងព្រះកោដ្ឋព្រះបរមសពតម្កល់លើព្រះមហាបញ្ចា៩ជាន់
ខ្លោងទ្វារចូលព្រះមេរុ
ខ្លោងទ្វារចូលព្រះមេរុ ជាមួយនិងទ្វារបាលរូបយក្ស
ព្រះមេរុនាពេលរាត្រី

__________________________________________________
អានផងដែរ
១. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា
២. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ
៣. ខួប​ឆ្នាំ​ទី​៩០ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុកោដ្ឋ
៤. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៥. អំពី​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​ករុណា​រាជា​នុកោដ្ឋ
៦. អំពី​ការ​រើស​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ

Advertisements
%d bloggers like this: