jump to navigation

អំពី​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​ករុណា​រាជា​នុកោដ្ឋ ថ្ងៃសុក្រ 9 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស ក្នុង​ព្រះ​បរម​រាជា​នុ​កោដ្ឋ​ ដែល​បាន​ប្រារព្ធ​​ធ្វើ​បុណ្យ​តាំង​ព្រះ​បរម​សព​នៅ​វាល​ព្រះ​មេរុ​ គម្រប់​៧​ថ្ងៃ​៧​យប់​រួច​មក រហូត​​​មក​ដល់​ថ្ងៃ​ទី​៨ គឺ​ត្រូវ​នឹង​ថ្ងៃ​សុក្រ ៣រោច ខែ​ផល្គុន ​ឆ្នាំ​ថោះ នព្វស័ក ព.ស. ២៤៧០ ​ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែ​មីនា គ.ស.​១៩២៨ ទើប​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ចាប់​ផ្ដើម​ឡើង​។

  • ការ​រៀប​ចំ​កិច្ច​ថ្វាយ​ព្រះ​ភ្លើង

នៅ​វេលា​ម៉ោង​៧​ព្រឹក ព្រះ​ករុណា (​សិរីសុវត្ថិ មុនីវង្ស) ព្រម​ដោយ​ព្រះ​រាជ​វង្សា​នុវង្ស​ អគ្គ​មហា​សេនា សេនាបតី​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ក្រាប​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ក្នុង​ព្រះ​មេរុ។ ព្រះ​សង្ឃ​៨៨​អង្គ​សត្ត​ប្បករណ៍​រួច​ហើយ​ស្នំ​ព្រះ​តម្រួត​ឡើង​អញ្ជើញ​ព្រះ​បរម​រាជា​នុកោដ្ឋ​ពី​ខាង​លើ​ព្រះ​មហា​បញ្ចា​ចុះ​តាម​ជណ្ដើរ​មក​ប្រតិស្ឋាន​លើ​ព្រះ​រាជយានុ​មាស ហែ​ទៅ​ប្រថាប់​ក្នុង​ពន្លា​បុប្ផាពិដោ ឯ​ទិស​ខាង​លិច​​ព្រះ​មេរុ​។ ព្រះ​ករុណា និង​ព្រះ​រាជ​វង្សានុវង្ស អគ្គ​មហាសេនា សេនាបតី និង​ព្រះ​ញាតិ​ក្រាប​បង្គំ​ថ្វាយ​គ្រឿង​សុគន្ធ ព្រម​ដោយ​ព្រះ​សង្ឃ​នាយក​ទាំង​ពីរ​គណៈ​។ បន្ទាប់​មក​ប្រធាន​ក្រសួង​អញ្ជើញ​ព្រះ​កោដ្ឋ​ចេញ​ទុក​តែ​ព្រះ​បរម​សព​ក្នុង​​ព្រះ​កោដ្ឋ​រង​សុវណ្ណ រួច​អញ្ជើញ​ព្រះ​បរម​សព​ទៅ​ប្រតិស្ឋាន​ក្នុង​ព្រះ​កោដ្ឋ​ចន្ទន៍​បិទ​មាស​​ទៅ​ប្រតិស្ឋាន​ឯ​ពន្លា​បុប្ផា​ពិដោ ឲ្យ​ប្រធាន​ក្រសួង​នៅ​ប្រចាំ​ការ​គ្រប់​តំណែង​។ ចំពោះ​គ្រឿង​ពេជ្រ​គ្រឿង​មាស​តែង​ព្រះ​អង្គ​ពេល​សុគត ក្រុម​ភូសា​មាលា​ត្រូវ​រើ​លាង​សម្អាត​ទុក​ជា​ព្រះ​រាជ​ទ្រព្យ​ត​ទៅ ឲ្យ​ប្រគល់​របស់​អស់​ទាំង​នេះ​ឲ្យ​ដល់​ក្រុម​ជាង​មាស តែ​មាស​នោះ​ឲ្យ​យក​ទៅ​សាង​ព្រះ​ពុទ្ធ​រូប​១​អង្គ នឹង​អភិសេក​ក្នុង​បុណ្យ​ព្រះ​មេរុ​។

វេលា​ម៉ោង​៨​ព្រឹក ក្រុម​មេ​ការងារ​ត្រូវ​បញ្ចុះ​ព្រះ​មហា​បញ្ចា​ចេញ​៤​ជាន់ ឲ្យ​សល់​តែ​៥​ជាន់ និង​ឲ្យ​ក្រុម​មេ​ការងារ ក្រុម​ជាង​ចម្លាក់ ក្រុម​ប្រដាប់​មណី​រតន៍ ចាត់​បុស្បុក​ដាក់​ក្នុង​ព្រះ​មេរុ ឲ្យ​ក្រុម​ព្រះ​នគរ​បាល ឬ​ក្រុម​មេការងារ​ចាត់​តារាង និង​បូម​ទឹក​ការពារ​ភ្លើង​។ ឲ្យ​ក្រុម​ជាង​ចម្លាក់​ចាត់​ធ្វើ​ក្បាច់​ផ្កា​ចន្ទន៍ក្នុង​បុស្បុក​លើ​ព្រះ​បញ្ចា​នោះ និង​ត្រូវ​ធ្វើ​ក្បាច់​ចន្ទន៍​ជា​ស៊ុម​បិទ​ជុំ​វិញ​ព្រះ​កោដ្ឋ​រង​។ ក្រុម​មឿង ឬ​ក្រុម​មេ​ការងារ​ត្រូវ​ដាក់​ខ្លឹម​ចន្ទន៍​ទាំង​អស់​​។ ឧកញ៉ា​ពេជ្រ​សង្គ្រាម​ត្រូវ​ចាត់​កាំជ្រួច​ស្រែក​ដូច​សំឡេង​សត្វ​ចតុបាទ​ជុំ​វិញ​បុស្បុក និង​រៀប​ចំ​ឆ្នួន​ថ្វាយ​ព្រះ​ភ្លើង​ផង​។ ក្រុម​ភ្នាក់​ងារ​ទឹក​ត្រូវ​ដាក់​ទឹក​ក្នុង​ពាង​ជុំ​វិញ​ព្រះ​មេរុ ដើម្បី​ការពារ​ភ្លើង​។

វេលា​ម៉ោង​១៥ គឺ​ម៉ោង​៣​រសៀល ព្រះ​ករុណា ព្រម​ដោយ​ព្រះ​រាជ​វង្សានុវង្ស អគ្គ​មហាសេនា សេនា​បតី នាហ្មឺន​សព្វ​មុខ​មន្ត្រី ក្រាប​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ក្នុង​ពន្លា​បុប្ផា​ពិដោ រួច​បាគូ​ផ្លុំ​សង្ខ​ ប្រគំ​ក្លង​ឈ្នះ​។ ស្នំ​ព្រះ​តម្រួត​​ក្រាប​ថ្វាយ​ព្រះ​បង្គំ​អញ្ជើញ​ព្រះ​បរម​សព​ក្នុង​ព្រះ​កោដ្ឋ​ខ្លឹម​ចន្ទន៍​ដាក់​លើ​ព្រះ​រាជ​យានុមាស ហែ​ឡើង​តាម​ជណ្ដើរ​​ទៅ​ប្រតិស្ឋាន​លើ​បុស្បុក​ក្នុង​ព្រះ​មេរុ​។

  • ការ​​ថ្វាយ​ព្រះ​ភ្លើង

វេលា​ម៉ោង​១៧ គឺ​ម៉ោង​៥​ល្ងាច ព្រះ​ករុណា ទ្រង់​ទទួល​លោក​រេស៊ីដង់ ស៊ុបប៉េរីយ័រ ឌើឡា​រីបុប្លីគ​ហ្វ្រង់សេស ប្រចាំ​ក្រុង​កម្ពុជា និង​បណ្ដា​ខ្ញុំ​រាជការ ជាមួយ​នឹង​អ្នក​ជំនួញ​បារាំង​សែស​ដែល​មក​ក្នុង​បុណ្យ​ព្រះ​មេរុ​។ ព្រះ​រាជ​វង្សានុវង្ស អគ្គ​មហា​សេនា សេនា​បតី នាហ្មឺន​សព្វ​មុខ​មន្ត្រី ខ្ញុំ​រាជការ​គ្រប់​ក្រុម​ក្នុង​រាជធានី និង​ក្រុង ដែល​នឹង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​នោះ ត្រូវ​កាន់​ធូប​ទៀន និង​ផ្កា​ខ្លឹម​ចន្ទន៍​ក្រអូប​ទៅ​ក្រាប​ថ្វាយ​បង្គំ​​សុំ​ព្រះ​រាជ​ទាន​ខមា​ទោស​វេលា​នឹង​ថ្វាយ​ព្រះ​ភ្លើង​ថ្វាយ​ព្រះ​រាជ​កុសល​ព្រះ​បរម​សព​នោះ ព្រះ​ករុណា និង​អ្នក​តំណាង​ក្រុង​បារាំង​សែស​ដាក់​ខ្លឹម​ចន្ទន៍​ក្រអូប​ចុះ​ក្នុង​ព្រះ​កោដ្ឋ​រង ខ្ញុំ​រាជ​ការ​ត្រូវ​ដាក់​ធូប​ទៀន និង​ផ្កា​ខ្លឹម​ចន្ទន៍​ក្រោម​ព្រះ​កោដ្ឋ​រង​។

ក្រុម​យុទ្ធនា​បារាំង​សែស​គំនាប់​​ព្រះ​រាជ​ឥស្សរិយ​យស​ព្រះ​ករុណា​ក្នុង​ព្រះ​បរម​រាជា​នុ​កោដ្ឋ​។ ក្រុម​កាំភ្លើង​ធំ​បាញ់​កាំភ្លើង​ធំ​៨៨​ណាត់ ភ្លេង និង​ការ​លេង​មហោ​ស្រព​លេង​ទាំង​អស់​។

ព្រះ​ករុណា​ស្ដេច​យាត្រា​ទៅ​ប្រថាប់​លើ​ព្រះ​ពន្លា​សម្រាក ព្រម​ដោយ​លោក​​រេស៊ីដង់ ស៊ុបប៉េរីយ័រ ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព តាម​ឆ្នួន​ដែល​ព្រះ​ករុណា​ទ្រង់​អុជ​ត​មក​អំពី​ព្រះ​ភ្លើង​កៃលាស រួច​ទ្រង់​ព្រះ​រាជ​ទាន​​ផែន​ឆ្លាក និង​ប្រាក់​ដាក់​ក្នុង​ផ្លែ​ក្រូច​ឆ្មារ​។

ព្រះ​រាជ​វង្សានុវង្ស និង​ប្រធាន​ក្រសួង ខ្ញុំ​រាជ​ការ​ត្រូវ​នៅ​ប្រចាំ​រក្សា​ព្រះ​បរម​អដ្ឋិ​ក្នុង​ព្រះ​មេរុ នៅ​យប់​នោះ​រហូត​ដល់​ភ្លឺ​។

តាំង​ពី​វេលា​ម៉ោង​១៨ គឺ​ម៉ោង​៦​ល្ងាច របៀប​ការ​ធ្វើ​បុណ្យ​ដូច​ក្នុង​ថ្ងៃ​ទី​២​ដែរ​៕

ព្រះ​បរម​សព​តម្កល់​ក្នុង​ព្រះ​កោដ្ឋ​រង​លើ​បុស្បុក​ត្រៀម​ថ្វាយ​ព្រះ​ភ្លើង
ខ្ញុំ​រាជការ​ចូល​ថ្វាយ​ផ្កា​ខ្លឹម​ចន្ទន៍ព្រះសង្ឃនិមន្តចូលរួមថ្វាយព្រះសត្តប្បករណ៍ នៅក្នុងព្រះមេរុ មុនពេលថ្វាយព្រះភ្លើងព្រះបរមសពព្រះ​ករុណា ទ្រង់​ទទួល​លោក​រេស៊ីដង់ ស៊ុបប៉េរីយ័រ ឌើឡា​រីបុប្លីគ​ហ្វ្រង់សេស ប្រចាំ​ក្រុង​កម្ពុជា និង​បណ្ដា​ខ្ញុំ​រាជការ ជាមួយ​នឹង​អ្នក​ជំនួញ​បារាំង​សែស​ដែល​មក​ក្នុង​បុណ្យ​ព្រះ​មេរុ​
ព្រះ​ករុណា ទ្រង់​ថត​ព្រះ​រូប​ជាមួយ​លោក​រេស៊ីដង់ ស៊ុបប៉េរីយ័រ ឌើឡា​រីបុប្លីគ​ហ្វ្រង់សេស ប្រចាំ​ក្រុង​កម្ពុជា និង​បណ្ដា​ខ្ញុំ​រាជការ នៅ​ខាង​មុខ​ព្រះ​កោដ្ឋ​រង​តម្កល់​លើ​បុស្បុក មុន​ពេល​ថ្វាយ​ព្រះ​ភ្លើង​
ព្រះ​ករុណា ថ្វាយ​បង្គំ​ព្រះ​បរម​សព មុន​ពេល​ថ្វាយ​ព្រះ​ភ្លើងព្រះ​ករុណា​អុជ​ឆ្នួន​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព

__________________________________________________
អានផងដែរ
១. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា
២. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ
៣. អំពី​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ
៤. ខួប​ឆ្នាំ​ទី​៩០ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុកោដ្ឋ
៥. អំពី​ការ​រើស​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ

Advertisements

មតិ»

1. ខួប​ឆ្នាំ​ទី​៩០ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុកោដ្ឋ | ស្រែ - ថ្ងៃ​ព្រហស្បតិ៍ 22 ខែ​មីនា 2018

[…] គឺ​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមស​ព​។ តាំង​ពី​ព្រឹក​មក […]

2. អំពី​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 22 ខែ​មីនា 2018

[…] […]

3. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 22 ខែ​មីនា 2018

[…] […]

4. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្ - ថ្ងៃ​ព្រហស្បតិ៍ 22 ខែ​មីនា 2018

[…] […]

5. អំពី​ការ​រើស​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 26 ខែ​មីនា 2018

[…] ត្រូវ​បាន​ថ្វាយ​ព្រះ​ភ្លើង​នៅ​រាត្រី​ថ្ងៃ​ទី​៨ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: