jump to navigation

ឆេង​ម៉េង ២០១៨ ថ្ងៃអាទិត្យ 1 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

ព្រឹក​មិញ​នេះ (​១ មេសា ២០១៨​) ខ្ញុំ និង​គ្រួសារ បាន​ធ្វើ​ដំណើរ​ទៅ​​ឃុំ​ស្វាយ​ប្រទាល ខេត្ត​កណ្ដាល ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​សែន​ផ្នូរ​ដូន​តា (តាម​ទំនៀម​ចិន) ខាង​ឪពុក​របស់​ខ្ញុំ​។ នេះ​ជា​ឆ្នាំ​ដំបូង​ហើយ ដែល​ខ្ញុំ​បាន​មក​សែន​ផ្នូរ​យាយ​តា​នេះ បន្ទាប់​ពី​ខក​ខាន​រហូត​ដល់​ទៅ​៦​ឆ្នាំ​គត់ ដែល​កាល​មក​ចុង​ក្រោយ​នោះ​គឺ​កាល​ពី​ឆ្នាំ​២០១១ មក​ម្ល៉េះ​។

ជា​រៀង​រាល់​ឆ្នាំ បង​ប្អូន​ខាង​ឪពុក​របស់​ខ្ញុំ​តែង​មក​ជួប​ជុំ​គ្នា​ដើម្បី​ប្រារព្ធ​ពិធី​ជា​ទំនៀម​នេះ សម្រាប់​ឪពុក​ម្ដាយ​របស់​គាត់ គឺ​ត្រូវ​ជា​តា​យាយ របស់​ខ្ញុំ​នេះ​ឯង។

បន្ទាប់​ពី​រៀប​ចំ​សែន​ព្រែន​តាម​ទំនៀម​ចិន​ហើយ ក៏​មាន​ការ​និមន្ត​ព្រះ​សង្ឃ​ពីរ​អង្គ​ដើម្បី​បង្សុល​ឧទ្ទិស​កុសល​តាម​ទំនៀម​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​ផង ដ្បិត​តែ​មាន​ជាប់​សែ​ស្រឡាយ​ចិន​ ទំនាក់​ទំនង​ក្នុង​នាម​ជា​ទឹក​ដី​កំណើត (​ខ្មែរ​) ក៏​ត្រូវ​ប្រណិប័តន៍​​ផង​ដែរ​។

ពិធី​សែន​ផ្នូរ ឬ​ចិន​ហៅ​ថា​ឆេងម៉េង នេះ គឺ​ជា​ពិធី​រំឭក​គុណ​មាតា​បិតា របស់​គេ ដែល​ទំនៀម​ចិន​គេ​កប់​ពេល​មនុស្ស​មរណភាព​នោះ។ ពិធី​នេះ​មាន​សែន​ព្រែន​ផ្នូរ ពូន​ផ្នូរ​ឲ្យ​ធំ និង​ខ្ពស់​ឡើង (ចិន​ជឿ​លើ​ការ​រក​ស៊ី​មាន​បាន​តាម​ផ្នូរ) និង​ចុង​ក្រោយ​យក​ក្រដាស​ព័ណ៌​មក​ប្រក់​ពី​លើ​ផ្នូរ (ពិធី​ប្រក់​ផ្នូរ) ដើម្បី​បញ្ចប់​កម្មវិធី។

ក្រោយ​ពី​ពិធី​ស្រេច​បរិបូណ៌​ហើយ ពួក​យើង​ក៏​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​មុខ​ផ្នូរ មុន​នឹង​ត្រឡប់​មក​វិញ​នៅ​ប្រមាណ​ម៉ោង​១២.​៣០​​ថ្ងៃ​ត្រង់៕

សំណែន​ឆេង​ម៉េងព្រះ​សង្ឃ​បង្សុកុលផ្នូរ​ពេល​ប្រក់​រួច

_____________________________________________________
អាន​ផង​ដែរ៖
១. ទៅ​ឆេង​ម៉េង នៅ​ខេត្ត​កណ្ដាល

Advertisements
%d bloggers like this: