jump to navigation

ថៃ​ចេញ​កាស​គំរូ​ថ្មី សម្រាប់​ រជ្ជកាល​រាមា​ទី​១០ ថ្ងៃអង្គារ 3 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
2 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ កន្លង​មក​នេះ «​ក្រុម​ធនារក្ស​» របស់​ប្រទេស​ថៃ បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ការ​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​នូវ​គំរូ​ឈុត​ថ្មី​នៃ «​កាស​» រូប​បែប​ថ្មី​សម្រាប់​រជ្ជកាល​នៃ​ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬ​រាមា​ទី​១០​។ នេះ​គឺ​ជា​ការ​វិវត្ត​ថ្មី​មួយ​ទៀត សម្រាប់​អត្ត​សញ្ញាណ​នៃ​ការ​ប្រើ​ប្រាស់​​ការ​ចាយ​វាយ​នៅ​ប្រទេស​ថៃ​។

សម្រាប់​កាស​ថ្មី​ដែល​មាន​ប្រាកដ​ព្រះ​បរម​ឆាយា​លក្ខណ៍​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​របស់​ថៃ ហើយ​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ចរាចរ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា សប្ដាហ៍​ខាង​មុខ​នេះ មាន​​៩​ប្រភេទ​តម្លៃ ដែល​ក្នុង​នោះ​មាន​ប្រភេទ ១០​បាទ​, ៥​បាទ​, ២​បាទ​, ១​បាទ​, ៥០​ស្ដាង្គ (​ឬ​៥០​កាក់​ខ្មែរ​)​, ២៥​ស្ដាង្គ​, ១០​ស្ដាង្គ​, ៥​ស្ដាង្គ​, និង​១​ស្ដាង្គ​​។

ចំពោះ​ការ​រចនា​កាស​ទាំង​៩​ប្រភេទ​នោះ​វិញ នៅ​ខាង​មុខ​នៃ​កាស​នីមួយ​ៗ នៅ​ចំ​កណ្ដាល​មាន​ព្រះ​បរម​រូប​ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី រាមា​ទី​១០ បែរ​ព្រះ​ភ័ក្ត្រ​មក​ខាង​ស្ដាំ​ ទ្រង់​ឆ្លង​ព្រះ​អង្គ​ពេញ​យស​ទាហាន​មហាតលិក​រក្សា​ព្រះ​អង្គ​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ចុល​ចម​ក្លៅ​ចៅ​យូហួ ឆ្លង​ព្រះ​អង្គ​ផាយ​មហា​ចក្រី​បរម​រាជ​វង្ស​។ ទ្រង់​គ្រឿង​ខត្តិយ​រាជ​ឥស្សរិយាភរណ៍​ដែល​ជា​ព្រះ​កិត្តិ​រុង​រឿង​នៃ​មហា​ចក្រី​បរម​រាជ​វង្ស និង​​គ្រឿង​ឥស្សរិយយស​ចុល​ចម​ក្លៅ​។ នៅ​ខាង​ស្ដាំ​មាន​សរសេរ​ថា «มหาวชิราลงกรณ» ឬ​មាន​ន័យ​ជា​ខេមរ​ភាសា​ថា ​«មហា​វជិរាលង្ករណ​» ដែល​ជា​ព្រះ​នាម​ព្រះ​អង្គ និង​ខាង​ឆ្វេង​ថា «รัชกาลที่ 10» ដែល​មាន​ន័យ​ថា «​រជ្ជកាល​ទី​១០​»​។

គំរូ​កាស​ទាំង​៩​ប្រភេទ​តម្លៃ ដែល​នឹង​ដាក់​ចរាចរ​នា​សប្ដាហ៍​ខាង​មុខ​នេះ

នៅ​ផ្នែក​ខាង​ខ្នង​នៃ​កាស​ទាំង​អស់​វិញ នៅ​ចំកណ្ដាល​មាន​អក្សរ​ព្រះ​បរមាភិធេយ្យ วปร (កកន៖ ដែល​ជា​ព្រះ​នាម​កាត់​នៃ​ព្រះ​អង្គ វ.ប៉.រ.​) ស្ថិត​ក្រោម​ព្រះ​មហា​ពិជ័យ​មកុដ​។ នៅ​ខាង​លើ​មាន​សរសេរ​ថា «ประเทศไทย» ដែល​ប្រែ​សេចក្ដី​ថា «​ប្រទេស​ថៃ​» និង​ពាក្យ​ថា «พ.ศ.» ឬ​ «​ព.ស.​» និង​លេខ​នៃ​ឆ្នាំ​ពុទ្ធ​សករាជ​ដែល​ផលិត​កាស​នោះ​។ នៅ​ខាង​ក្រោម​វិញ​មាន​សរសេរ​ប្រាប់​ប្រភេទ​នៃ​តម្លៃ​ប្រភេទ​កាស​នីមួយ​ៗ​។​

សូម​បញ្ជាក់​ថា ក្រៅ​ពី​កាស​គំរូ​ថ្មី​នេះ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ផង​ដែរ រាជការ​ថៃ​ក៏​បាន​ចេញ​ប្រកាស​ស្ដី​អំពី​ការ​ដាក់​ឲ្យ​ចរាចរ​ធនបត្រ​គំរូ​ថ្មី មួយ​ឈុត​ធំ សម្រាប់​ប្រើ​ប្រាស់​ក្នុង​រជ្ជកាល​រាមា​ទី​១០​នេះ​ផង​ដែរ​៕

_________________________________________________________________
អាន​ផង​ដែរ៖
១. ថៃ​ចាត់​បោះ​ពុម្ព​តែមប្រិ៍​​ប្រៃសណីយ៍​ឈុត​ដំបូង​សម្រាប់​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​ រាមា​ទី​១០
២. ថៃ​ចេញ​ធនបត្រ​ឈុត​ថ្មី ប្រាកដ​ព្រះ​បរម​ឆាយាល័ក្ខណ៍​រាមា​ទី​១០

 

Advertisements
%d bloggers like this: