jump to navigation

អំពី​នាង​មហោធរ​ទេវី ថ្ងៃអាទិត្យ 8 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ដូច​លោក​អ្នក​ដឹង​ស្រាប់ហើយ​ពី​តំណាល​រឿង និង​ប្រវត្តិ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ជា​ពិសេស​ប្រវត្តិ​នៃ​ធីតា​ទាំង​៧​របស់​កបិល​មហា​ព្រហ្ម​។ ដោយ​ឆ្នាំ​ថ្មី​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​​ខាង​មុខ​នេះ ស្រែខ្មុក​សូម​លើក​យក​ត្រួស​ៗ​ពី​ទេវ​ធីតា​ឆ្នាំ​នេះ ព្រះ​នាង​មហោធរ​ទេវី* [អាន​៖ មហា​សង្ក្រាន្ត ឆ្នាំ​ច សំរឹទ្ធិ​ស័ក ចុល្ល​សករាជ ១៣៨០] បុត្រី​ទី​៧​នៃ​កបិល​មហា​ព្រហ្ម ទុក​ជា​គតិ​ដូច​ត​ទៅ​នេះ​។

សម្រាប់​សង្ក្រាន្ត​ទាំង​៧​ថ្ងៃ នៅ​ពេល​ដែល​សង្ក្រាន្ត​ប៉ះ​ចំ​ថ្ងៃ​សៅរ៍​នោះ (​ដូច​តួ​យ៉ាង​ឆ្នាំ​ច​នេះ​) ទេវ​ធីតា​ដែល​នឹង​ត្រូវ​យាង​ចុះ​មក​ស្ថាន​មនុស្ស​លោក​នេះ ត្រូវ​ធ្លាក់​មក​លើ​នាង​មហោធរ​ទេវី ដែល​ជា​បុត្រី​ទី​៧​។ ព្រះ​នាង​មហោ​ធរ​ទេវី​នេះ មាន​លក្ខណៈ​ពិសេស និង​សម្គាល់​ដូច​ត​ទៅ​នេះ​៖

  • ទ្រង់​អម្ពរ​ពណ៌​ខៀវ និង​ពាហុរត្ន​ផ្កា​ត្រកៀត អាភរណ៍​កែវ​និល​រតន៍
  • ភក្សាហារ​ទ្រង់​សាច់​ទ្រាយ
  • ព្រះ​ហស្ត​ស្ដាំ​ទ្រង់​កង​ចក្រ ឯ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ត្រីសូល៍
  • ស្ដេច​យាង​គង់​​​លើ​ខ្នង​មយូរ (​ក្ងោក​) ជា​ពាហនៈ​

រូប​ទេវ​ធីតា​មហោ​ធរ​ទេវី (​រូប​៖ ថៃ​សាន)

ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ កាយ​វិការ​របស់​ទ្រង់​ដែល​យាង​ចុះ​មក​មាន​ភាព​ខុស​គ្នា​ទៅ​តាម​វេលា​នៃ​សង្ក្រាន្ត​សម្រាប់​ឆ្នាំ​នីមួយ​ៗ ឧទាហរណ៍​៖

  1. ប្រសិន​បើ​យាង​ចុះ​មក​​វេលា​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​នោះ ស្ដេច​នឹង​យាង​ចុះ​មក​ដោយ​ឈរ​លើ​ពាហនៈ​របស់​ទ្រង់​។ ការ​នេះ ត្រូវ​បាន​​ខាង​ហោរាសាស្ត្រ​ទាយ​ថា ឆ្នាំនោះ​​ មនុស្ស​ម្នា​នឹង​កើត​ក្ដី​ក្ដៅ​ក្រហាយ ជំងឺ​ឈឺ​ថ្កាត់​​
  2. ប្រសិន​បើ​យាង​ចុះ​មក​វេលា​ថ្ងៃ​ត្រង់​រហូត​ដល់​វេលា​ល្ងាច​នោះ ស្ដេច​នឹង​យាង​ចុះ​មក​ដោយ​អង្គុយ​លើ​ពាហនៈ​របស់​ទ្រង់​។ ការ​នេះ ត្រូវ​បាន​ខាង​ហោ​រាសាស្ត្រ​ទាយ​ថា ឆ្នាំ​នោះ មនុស្ស​ម្នា​ស្លាប់ និង​កើត​ហេតុ​ភេទ​ភ័យ​នានា​
  3. ប្រសិន​បើ​យាង​ចុះ​មក​វេលា​ល្ងាច​រហូត​ដល់​អាធ្រាត​នោះ ស្ដេច​នឹង​យាង​ចុះ​មក​ដោយ​ផ្ទុំ​បើក​ព្រះ​នេត្រ លើ​ពាហនៈ​របស់​ទ្រង់​។ ការ​នេះ ត្រូវ​បាន​ខាង​ហោ​រា​សាស្ត្រ​ទាយ​ថា ឆ្នាំ​នោះ ប្រជាជន​នឹង​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​។
  4. ប្រសិន​បើ​យាង​ចុះ​មក​វេលា​អាធ្រាត​ដល់​ព្រឹក​ព្រលឹម​នោះ ស្ដេច​នឹង​យាង​ចុះ​មក​ដោយ​ផ្ទុំ​បិទ​ព្រះ​នេត្រ​ លើ​ពាហនៈ​របស់​ទ្រង់​។ ការ​នេះ ត្រូវ​បាន​ខាង​ហោរា​សាស្ត្រ​ទាយ​ថា ឆ្នាំ​នោះ ព្រះ​មហា​ក្សត្រិយ៍ នឹង​ចម្រើន​រុង​រឿង​។

សម្រាប់​ទេវ​ធីតា​មហោធរ​ទេវី ឆ្នាំ​នេះ ទ្រង់​យាង​មក​​ដោយ​គង់​រំពៃ​ឈរ​លើ​ខ្នង​មយូរ ដោយ​ហេតុ​ថា សង្ក្រាន្ត​ចូល​មក​នៅ​ម៉ោង​៩.​១២ ព្រឹក ថ្ងៃ​សៅរ៍​នេះ​ឯង​។

* ព្រះ​នាម​ខុស​ៗ​គ្នា

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ព្រះ​នាម​របស់​បុត្រី​ទី​៧​នៃ​កបិល​មហា​ព្រហ្ម​នេះ មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម​ប្រទេស​នីមួយ​ៗ សូម្បី​នៅ​កម្ពុជា​យើង​តែ​មួយ​ក៏​មាន​តម្រា​សរសេរ​ខុស​គ្នា​ពី​ព្រះ​នាម​នៃ​ទ្រង់​ផង​ដែរ​។

សៀវភៅ​មហា​សង្ក្រាន្ត​របស់​លោក​អ៊ឹម បុរិន្ទ បាន​សរសេរ​ថា​​ទ្រង់​មាន​ព្រះ​នាម មហោធរៈ​ទេវី (ទំព័រ​៨)​។ ឯ​​​មហា​សង្ក្រាន្ត​ដែល​ចេញ​ផ្សាយ​ដោយ​គណៈ​កម្មាធិការ​ជាតិ រៀប​ចំ​បុណ្យ​ជាតិ អន្តរជាតិ​វិញ​បាន​សរសេរ​ថា ទ្រង់​ព្រះ​នាម​​មហោ​ទរាទេវី (​ទំព័រ​៩​)​។

ដោយ​ឡែក​សម្រាប់​ប្រទេស​ថៃ និង​លាវ ដែល​មាន​ទំនៀម​សង្ក្រាន្ត​នេះ ដូច​កម្ពុជា​យើង​ដែរ​នោះ បាន​សរសេរ​ថា ទ្រង់​មាន​ព្រះ​នាម​ มโหธรเทวี (​មហោ​ធរ​ទេវី​)​ [អាន​៖ មហាសង្ក្រាន្តថៃ ចុល្ល​សករាជ ១៣៨០] និង​​ ມະໂຫທອນເທວີ (​មៈហោទអនទេវី (កកន៖ ​សំណេរ​បច្ចុប្បន្ន), មហោ​ធរទេវី (កកន៖ សំណេរ​បូរាណ​)​ [អាន​៖ មហាសង្ក្រាន្តលាវ ចុល្ល​សករាជ ១៣៨០]។ ដោយ​ឡែក​នៅ​ឯ​អតីត​នគរ​លាន្នា (​កកន៖ ឡាន​ណា បច្ចុប្បន្ន​ស្ថិត​ចំណុះ​ជាមួយ​ប្រទេស​ថៃ​) ព្រះ​នាម​បុត្រី​ទី​៧ នៃ​កបិល​មហា​ព្រហ្ម​នេះ មាន​ឈ្មោះ​ថា សាមា​ទេវី ឯ​តម្រា​ខ្លះ​ថា តប៉ោតា ទៅ​វិញ​។

ឆ្នាំ​ដែល​ទេវ​ធីតា​មហោ​ធរ​ទេវី ចុះ​មក​កន្លង​ទៅ

  • ឆ្នាំ​ច សំរឹទ្ធិ​ស័ក ចុល្ល​សករាជ​១៣៨០ គ្រឹស្ត​សករាជ​២០១៨
  • ឆ្នាំ​កុរ នព្វ​ស័ក ចុល្ល​សករាជ​១៣៦៩ គ្រឹស្ត​សករាជ​២០០៧
  • ឆ្នាំ​ជូត អដ្ឋ​ស័ក ចុល្ល​សករាជ​១៣៥៨ គ្រឹស្ត​សករាជ​១៩៩៦

___________________________________________________________________
អាន​ផង​ដែរ​៖
១. អំពី​គំនូរ​ទេព​ធីតា​សង្ក្រាន្ត

Advertisements

មតិ»

1. មហា​សង្ក្រាន្ត ឆ្នាំ​ច សំរឹទ្ធិ​ស័ក ចុល្ល​សករាជ ១៣៨០ | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​មេសា 2018

[…] នឹងគណនាឆ្នាំរកា ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃសៅរ៍ ១៤​រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៨ វេលាម៉ោង ០៩និង១២នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម មហោធរ​ទេវី ជាបុត្រីទី៧នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយបុប្ផា ត្រកៀត អភរណៈ​និល​រតន៍ ភក្សាហារទ្រង់​សាច់​ទ្រាយ​ ព្រះហស្តស្ដាំទ្រង់​កង​ចក្រ ព្រះហស្តឆ្វេងទ្រង់ត្រី​សូល៍​ ទ្រង់គង់​រំពៃ​ឈ​រ​លើ​ខ្នង​ស្ដេច​ក្ងោក (​មយូរា​) ដែល​​ជាពាហនៈ។ ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង)។ ទើបនាំយកទៅតម្កល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវទាំង៧ ជាមាត់គោ ឧសភរាជទាំង៧ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះហ្ឬទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែលវិស្វកម្មទេវបុត្រនិមិត្តថ្វាយ ហើយបន្ទោរបង់នូវអពមង្គល ឲ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្ដី ជន្មាយុយឺនយូរតរៀងទៅ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: