Repost: សិក្សា៖ គួររាប់ឆ្នាំថ្មីជាមួយនឹងចុល្លសករាជ ជំនួសឲ្យពុទ្ធសករាជ ថ្ងៃចន្ទ 9 ខែមេសា 2018
Posted by សុភ័ក្ត្រ in អំពីភាសា, អំពីភាសា.trackback
សម្រាប់ប្រទេសកម្ពុជាយើងឲ្យមែនទែនទៅនាបច្ចុប្បន្ននេះប្រើតែសករាជមួយប៉ុណ្ណោះតាមបែបសាកល នោះគឺគ្រឹស្តសករាជ (គ.ស.)។ បន្តមកទៀតតាមបែបសាសនា ហើយដែលប្រជាជនខ្មែរតិចតួចណាស់ប្រើប្រាស់ និងដឹងឮអំពីពុទ្ធសករាជ (ព.ស.) រាប់ទាំងសិស្ស និស្សិត និងមន្ត្រីរាជការមួយចំនួនផង។ ប្រសិនបើយើងនិយាយដល់សករាជពីរទៀត គឺចុល្លសករាជ (ច.ស.) និងមហាសករាជ (ព.ស.) នោះ រឹតតែគ្មាននរណាដឹង គ្មាននរណាស្គាល់។
នៅក្នុងរដូវកាលចូលឆ្នាំខ្មែរកាលពីខែមេសា កន្លងទៅនេះមានការខ្វែងគំនិតគ្នាអំពីការប្រើប្រាស់ពុទ្ធសករាជ ដោយអ្នកខ្លះរាប់ថា ពុទ្ធសករាជ២៥៦១ (កកន៖ នេះទំនងគេយល់ថាសល់មិនដល់មួយខែទៀតក៏ចូលព.ស.២៥៦១ហើយ ទើបគេរាប់យកតែម្ដង) ឯអ្នកខ្លះទៀតរាប់ថា ២៥៦០ ដោយសម្អាងថា ពុទ្ធសករាជចូលពិតប្រាកដនៅមួយថ្ងៃក្រោយបុណ្យវិសាខបូជាឯណុះ( អំឡុងខែឧសភា)។ ការសម្អាងហេតុផលរៀងៗខ្លួននេះក៏ពិបាកវែកញែករកខុសត្រូវដែរ ដ្បិតការចូលឆ្នាំខ្មែរ និងការប្រើប្រាស់ពុទ្ធសករាជមកភ្ជាប់របស់ខ្មែររយៈពេលកន្លងមកនេះទេតើហ៍ដែលមិនត្រឹមត្រូវនោះ ដោយមួយរាប់តាមសុរិយគតិ ឯមួយរាប់តាមចន្ទគតិ។ ជាការពិតសករាជដែលត្រូវភ្ជាប់ជាមួយនឹងការចូលឆ្នាំខ្មែរនោះ គឺចុល្លសករាជឯណោះវិញទេ។
នៅក្នុងវចនានុក្រមខ្មែរ លោកបានឲ្យនិយមន័យចុល្លសករាជ ដូចខាងក្រោមនេះ៖
ចុល្លសករាជ ចុល-ល៉ៈ សៈកៈរ៉ាច ឬ ស័កក្រាច បា. ( ន. ) (ចុល្ល + សក + រាជ) សករាជតូច ។ កាលដែលតាំងចុល្លសករាជនៅថ្ងៃចន្ទ ១២ កើត ខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ១១៨៣ (ម. ព. មហាសករាជ និង សករាជ ផង) ។
បើទោះបីជាប្រភពនៃការតាំងចុល្លសករាជពិតប្រាកដនៅមានភាពស្រពិចស្រពិលនៅឡើយ ដោយឯកសារខ្លះសម្អាងថានៅកម្ពុជា* ឯឯកសារខ្លះសម្អាងថានៅភូមាក្ដី ការនេះវាមិនមានបញ្ហាចោទទាក់ទងទៅនឹងការរាប់ចុល្លសករាជទេ។ នេះក៏ដោយសារការធ្វើបុណ្យចូលឆ្នាំខ្មែរ គឺធ្វើឡើងតាមសុរិយគតិ ហើយការរាប់ចុល្លសករាជនេះក៏ស្របគ្នានឹងពេលដែលព្រះអាទិត្យចូលទៅកាន់មេសរាសី ហើយនឹងចាប់រាប់ឆ្នាំថ្មី (ចុល្លសករាជ) នៅថ្ងៃទី១៦ ខែមេសា (ឬជួនកាលទី១៧ ខែមេសា) នោះឯង។
មូលហេតុដូចនេះហើយការរាប់ឆ្នាំថ្មីសម្រាប់ប្រទេសខ្មែរយើង មិនគួររាប់ជាមួយព្រះពុទ្ធសករាជ ដែលប្រើប្រាស់ប្រព័ន្ធចន្ទគតិនោះទេ វាគួរតែត្រូវរាប់ជាមួយនឹងចុល្លសករាជ ដែលដើរស្របគ្នាពេញមួយឆ្នាំ គឺ៣៦៥ថ្ងៃ។ ហើយអ្វីដែលជាសម្អាងពីភាពត្រឹមត្រូវពិតប្រាកដនោះទៀត នោះគឺការភ្ជាប់ស័ក ជាមួយនឹងការរាប់លំដាប់ឆ្នាំ ពីឆ្នាំទី១ ដល់ទី១០ ដែលជាឆ្នាំនៃចុល្លសករាជនេះឯង។ ហេតុដូចនេះហើយ ដើម្បីជៀងវាងការខ្វែងគំនិតគ្នាក្នុងការប្រើប្រាស់ពុទ្ធសករាជសម្រាប់ឆ្នាំថ្មីនោះ ប្រទេសកម្ពុជាយើងគួរងាកមកប្រើចុល្លសករាជវិញ៕
ស្លាកសញ្ញាសម្រាប់អបអរសាទរឆ្នាំថ្មី សម្រាប់ឆ្នាំនេះ គួរសរសេរតាមបែបខាងលើនេះ។ សូមសង្កេតមើលពីលំដាប់ស័ក (នព្វស័ក) ដែលស្របគ្នានឹងឆ្នាំនៃចុល្លសករាជគឺ ៩ (១៣៧៩)
*កកន៖ នៅក្នុងវចនានុក្រមខ្មែរលោកថា ព្រះបាទសម្ដេចព្រះបទុមសុរិយវង្សបានតាំងចុល្លសករាជ ១ ក្នុងកាលពុទ្ធសករាជ១១៨៣ ប៉ុន្តែបើគិតមើលទៅ បច្ចុប្បន្ននេះ គឺព.ស.២៥៦០ ឯច.ស គឺ១៣៧៩ ហេតុដូចនេះទេ ចុល្លសករាជ គួរតែត្រូវបានតាំងឡើងនៅព.ស.១១៨១
____________________________________________________________
អានផងដែរ៖
១. ការប្រើប្រាស់កាលបរិច្ឆេទចន្ទគតិ និងវិបាក
មតិ»
No comments yet — be the first.