jump to navigation

មហា​សង្ក្រាន្ត ឆ្នាំ​ច សំរឹទ្ធិ​ស័ក ចុល្ល​សករាជ ១៣៨០ ថ្ងៃពុធ 11 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback


មហាសង្ក្រាន្តឆ្នាំច សំរឹទ្ធ​ស័ក
ចុល្លសករាជ ១៣៨០ – មហាសករាជ ១៩៤០
ពុទ្ធសករាជ ២៥៦២ – គ្រឹស្តសករាជ ២០១៨

សុភមស្ដុ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅបាន ២៥៦១ ព្រះវស្សា ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក តទៅចូលពុទ្ធសករាជ ២៥៦២។

នឹងគណនាឆ្នាំរកា ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃសៅរ៍ ១៤​រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៨ វេលាម៉ោង ០៩និង១២នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម មហោធរ​ទេវី ជាបុត្រីទី៧នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយបុប្ផា ត្រកៀត អភរណៈ​និល​រតន៍ ភក្សាហារទ្រង់​សាច់​ទ្រាយ​ ព្រះហស្តស្ដាំទ្រង់​កង​ចក្រ ព្រះហស្តឆ្វេងទ្រង់ត្រី​សូល៍​ ទ្រង់គង់​រំពៃ​ឈ​រ​លើ​ខ្នង​ស្ដេច​ក្ងោក (​មយូរា​) ដែល​​ជាពាហនៈ។ ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង)។ ទើបនាំយកទៅតម្កល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវទាំង៧ ជាមាត់គោ ឧសភរាជទាំង៧ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះហ្ឬទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែលវិស្វកម្មទេវបុត្រនិមិត្តថ្វាយ ហើយបន្ទោរបង់នូវអពមង្គល ឲ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្ដី ជន្មាយុយឺនយូរតរៀងទៅ។

  • ថ្ងៃសោរ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា ឆ្នាំ២០១៨ ម៉ោង៩:១២នាទី ជាថ្ងៃចូលឆ្នាំច សំរឹទ្ធិ​ស័ក ជាវារៈមហាសង្ក្រាន្ត។
  • ថ្ងៃអាទិត្យ​ ១​កើត​ ខែពិសាខ ត្រូវនឹងថ្ងៃទី១៥ មេសា ឆ្នាំ២០១៨ ជាវារៈវ័នបត។
  • ថ្ងៃចន្ទ ២​កើត​ ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ជាវារៈឡើងស័ក (ម៉ោង១២ និង៥៩នាទី និង២៤ វិនាទី)។

គម្រប់សង្ក្រាន្ត៣ថ្ងៃស្រេចបរិបូណ៌ ចូលជាសកលឆ្នាំច សំរឹទ្ធិ​ស័ក ចុល្លសករាជ១៣៨០ និងមហាសករាជ១៩៤០ តទៅ។

ក្នុងឱកាសសង្ក្រាន្តបី ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យ ជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលនូវទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬស្រគាំ ហើយរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះ ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

កំណត់សម្គាល់

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូក៏ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម ៣ ឬ ៥ មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

ទំនាយប្រចាំឆ្នាំ

  • កេណ្ឌព្រះពិរុណសាស្ត្រ៖ ឆ្នាំនេះ ភពអង្គារ ជាអធិបតី មាននាគ៧បង្អុរភ្លៀង៦០០មេ។ ភ្លៀងធ្លាក់នៅចក្រវាឡ២៤០មេ ហិមពាន្ត១៨០មេ មហាសមុទ្ទ១២០មេ ជម្ពូទ្វីបមនុស្សលោក៦០មេ បណ្ដាលឲ្យមានទឹកភ្លៀងនៅដើមឆ្នាំល្អ កណ្ដាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀងច្រើន។
  • កេណ្ឌធារាទិគុណរ៖ ឆ្នាំនេះមានកេណ្ឌ (០) ត្រូវត្រង់​អាបោ​ធាតុ​ចុះ ទំនាយថា​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​​។
  • ទំនាយទឹកទន្លេ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេមានសំណល់៤ (​បួន​) ទំនាយថាទឹកទន្លេបឹងបួរ​តូច​ណាស់​តូច​ជាង​ឆ្នាំ​ទាំង​ពួង​។
  • កេណ្ឌធញ្ញាហារ៖ ឆ្នាំនេះមានកេណ្ឌ (៦) មានឈ្មោះថាលាភ ទំនាយថា ស្រូវ សំណាប ស្រែចម្ការ ​បាន​ផល​៩​ភាគ ខូច​ខាត​អស់​តែ​មួយ​ភាគ ធុញ្ញាហារ មឹង្សាហារ ផល្លាហារ ភោជនាហារ បាន​ផល​ល្អ​។ ប្រជា​នុ​រាស្ត្រ​មាន​សេចក្ដី​សុខ​ជា​ភិយ្យោភាព​។
  • ទំនាយការធ្វើស្រែ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស (៣) ទំនាយថា ស្រែដីទំនាប និងស្រែដីទួលគ្រប់ទីកន្លែងបានផលល្អដូចគ្នាទាំងពីរយ៉ាង។
  • កេណ្ឌព្រឹក្សា៖ ឆ្នាំនេះត្រូវចំសេស៥ត្រូវត្រង់ ដើម​អំពៅ​ជា​ស្ដេចមាន​ទំនាយ​ថា មាន​ភ្លៀង​ច្រើន ទឹក​នឹង​លិច​ស្រូវ​។
  • កេណ្ឌព្រះអាទិត្យ៖ ឆ្នាំនេះ​ព្រះ​អាទិត្យ​គឺ​ខ្យល់​ទៅ​ទំនាយ​ថា បន្ទាប់​ពី​ថ្ងៃ​មហា​សង្ក្រាន្ត​ទៅ​៧​ថ្ងៃ នឹង​មាន​ភ្លើង​ឆេះ​ក្នុង​ស្រុក អ្នក​តូច​នឹង​ធ្វើ​ទោស​អ្នក​ធំ នា​ឆ្នាំ​នេះ​នឹង​កើត​ឧត្បាទ​កក្រើក​ផ្ទៃ​ក្រោម​នា​ស្រុក​នាម​កណ្ដុរ នាម​ពពែ ស្រុក​នាម​កណ្ដុរ និង​កើត​សិក រាស្ត្រ​នឹង​ធ្វើ​ទោស​មន្ត្រី​សមណៈ​ជី​ព្រាហ្មណ៍​នឹង​ក្ដៅ​ក្រហាយ​ចិត្ត​។

ទំនាយតាមថ្ងៃសង្ក្រាន្ត

  • ទំនាយថ្ងៃមហាសង្ក្រាន្ត៖ ថ្ងៃចូលឆ្នាំត្រូវនឹងថ្ងៃសៅរ៍ ទំនាយថា ឆ្នាំនេះ​នឹង​បណ្ដា​ហេតុ​ឲ្យ​អន្តរាយ​កណ្ដាល​ទីក្រុង កណ្ដាល​ស្រុក ពុំ​នោះ​សោត​នឹង​មាន​ភ្លើង​កាច​សាហាវ ចោរ​ព្រៃ​ចិត្ត​កាច និង​មាន​ជំងឺ​ដម្កាត់​ធ្ងន់​ធ្ងរ​ជា​ទី​បំផុត​។
  • ទំនាយថ្ងៃវ័នបត៖ ថ្ងៃកណ្ដាលត្រូវនឹងថ្ងៃអាទិត្យ​ ទំនាយថា ឆ្នាំនេះ​នឹង​បាន​ឮ​សំឡេង​ភាសា​ផ្សេង ព្រះ​មហា​ក្សត្រិយ៍​នឹង​ក្ដៅ​ក្រហាយ​ព្រះ​រាជ​ហឫទ័យ​យ៉ាង​ខ្លាំង​។
  • ទំនាយថ្ងៃឡើងស័ក៖ ថ្ងៃចុងក្រោយត្រូវនឹងថ្ងៃចន្ទ ទំនាយថា ឆ្នាំនេះ ​ព្រះ​រាជទេពី និង​ពពួក​នាង​អ្នក​ស្រី​ស្នំ​បរិវារ នឹង​ប្រកប​ដោយ​សេចក្ដី​សុខ​ព្រម​ដោយ​ទ្រព្យ​សម្បត្តិ​បរិបូណ៌ មាន​ភ្លៀង​ជូន​ឲ្យ​ស្រូវ​ល្អ​។

ស្រង់ចេញពីមហា​សង្ក្រាន្ត លោក អ៊ឹម បុរិន្ទ

_____________________________________________________
អានផងដែរ៖
១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
៤. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៥. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥
៦. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦
៧. មហាសង្ក្រាន្តឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ២៥៥៧
៨. មហាសង្ក្រាន្តឆ្នាំមមី ឆស័ក ពុទ្ធសករាជ២៥៥៨
៩. មហាសង្ក្រាន្តឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ២៥៥៩
១០. មហាសង្ក្រាន្តឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០
១១. មហា​សង្ក្រាន្ត​ឆ្នាំ​រកា នព្វ​​ស័ក ពុទ្ធសករាជ​២៥៦១
១២. អំពី​នាង​មហោធរ​ទេវី

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: