jump to navigation

ថ្ងៃ​ទី​២​នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា ថ្ងៃសៅរ៍ 5 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
4 comments

ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​២ នៃ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​នោះ មាន​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ដែល​រាជ​​គណៈ​ប្រតិភូ​បាន​បំពេញ​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​រាជអាណាចក្រ​កម្ពុជា ក្រោម​របប​សង្គម​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។

  • នៅ​មន្ទីរ​ពិព័រណ៍​អចិន្ត្រៃយ៍​នៃ​សមិទ្ធិ​សង្គម​រាស្ត្រ​និយម

សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​រួម​ដំណើរ​ជាមួយ​​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ និង​រាជ​គណៈ​ប្រតិភូ​ ធ្វើ​ការ​ទត និង​ទស្សនា​​នៅ​មន្ទីរ​ពិព័រណ៍​អចិន្ត្រៃយ៍​នៃ​សមិទ្ធិ​សង្គម​រាស្ត្រ​និយម​។ សមិទ្ធផល​នានា​នៃ​របប​សង្គម ដែល​ជា​ស្នាដៃ​នៃ​រដ្ឋាភិបាល​សង្គម​រួម​ជាមួយ​ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​កសាង​យ៉ាង​សម្បូរ​បែប ស័ក្ដិសម​ជា​ប្រទេស​ឯករាជ្យ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជូន​ភ្ញៀវ​រដ្ឋ​ទស្សនា ប្រកប​ដោយ​ភាព​មោទន​នៃ​ប្រជាជាតិ​ខ្មែរ​នា​សម័យ​នោះ​​។

  • ការ​សម្ដែង​សិល្បៈ​នៅ​មុខ​ព្រះ​ទីន័ង​ចន្ទច្ឆាយា

ដើម្បី​ថ្វាយ​ជា​ព្រះ​រាជ​កិត្តិយស​នៃ​ដំណើរ​ទស្សនកិច្ច សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​បាន​ចាត់​ឲ្យ​មាន​ការ​សម្ដែង​សិល្បៈ​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ខាង​មុខ​ប្រាសាទ​ចន្ទច្ឆាយា នា​ព្រះ​រាជ​ធានី​ភ្នំពេញ​។ ការ​សម្ដែង​មាន​ភាព​យ៉ាង​អស្ចារ្យ​ក្រៃលែង ដោយ​មាន​ជា​ការ​ហែ​ក្បួន​ទ័ព​នានា អំពី​អតីត​មហា​នគរ​ខ្មែរ​ផង​។

  • មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​ថ្វាយ​ជា​ព្រះ​កិត្តិយស​ចំពោះ​ព្រះ​ចៅ​អធិរាជ​អេត្យូពី

នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ទី​ក្រុង​ភ្នំពេញ មហា​បាតុកម្ម​ប្រជាជន​ខ្មែរ​ដ៏​ធំ​មួយ​ត្រូវ​បាន​រៀប​ចាត់​ឡើង​ដើម្បី​ទទួល​ស្វាគមន៍ និង​ជូន​ជា​កិត្តិយស​ចំពោះ​ព្រះ​ចៅ​អធិរាជ ដែល​ជា​ភ្ញៀវ​រដ្ឋ​ដ៏​សំខាន់​របស់​កម្ពុជា​។

ប្រជាជន​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​បាន​នាំ​គ្នា​អង្គុយ​តម្រៀប​ជា​តួ​អក្ស​រ​នានា ដើម្បី​ស្វាគមន៍​ភ្ញៀវ និង​ការ​សម្ដែង​សិល្បៈ​ជា​ច្រើន​ទម្រង់ នៅ​ខាង​ក្នុង​បរិវេណ​នៃ​ទី​លាន​កីឡា​បាល់​ទាត់​របស់​ពហុ​កីឡដ្ឋាន​ផង​ដែរ​ អម​ដោយ​សំឡេង​ទះ​ដៃ​សាទរ​យ៉ាង​កង​រំពង​ទូទាំង​ពហុ​កីឡដ្ឋាន ក្នុង​ទិដ្ឋភាព​គួរ​ឲ្យ​រំភើប និង​ចង់​គយ​គន់​យ៉ាង​ខ្លាំង​។

បន្ទាប់​ពី​សន្ទរកថា​ស្វាគមន៍ និង​កិច្ច​សំណេះ​សំណាល​របស់​​ព្រះ​ចៅ​អធិរាជ និង​​មុន​ពេល​បញ្ចប់​​កម្ម​វិធី ព្រះ​អធិរាជ​អេត្យូពី រួម​និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​យាង​​ជិះ​លើ​ព្រះ​ទីន័ង​រថយន្ត​បើក​ដំបូល​ ជុំ​វិញ​ទី​លាន​បាល់​ទាត់​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​បាន​ឃើញ​យ៉ាង​ជិត​​នូវ​ព្រះ​អគ្គ​មគ្គុទេសក៍​របស់​ពួក​គេ ក៏​ដូច​ជា​ភ្ញៀវ​រដ្ឋ​នៃ​កម្ពុជា ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ​​ផង​ដែរ​​។

ការ​សម្ដែង​ និង​មហា​បាតុកម្ម​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​នា​ពេល​នោះ បាន​សម្ដែង​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា នា​របប​សង្គម ក្រោម​ការ​ដឹក​នាំ​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ មគ្គុទេសក៍​ដ៏​ឆ្នើម​នៃ​ពល​រដ្ឋ​ខ្មែរ ក៏​ដូច​ជា​ភាព​ស៊ីវិល័យ​នានា​របស់​ប្រជាជន​ខ្មែរ និង​ប្រទេស​ខ្មែរ​ទាំង​មូល​។ ទិដ្ឋភាព​អស់​ទាំង​នោះ​ក៏​បាន​ឆ្លុះ​បង្ហាញ​ពី​ទំនាក់​ទំនង​ដ៏​ល្អ​របស់​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ជាមួយ​ប្រទេស​ជា​មិត្រ​ក្រោយ​កម្ពុជ​រដ្ឋ​ទទួល​បាន​ឯក​រាជ្យ​ពី​សាធារណ​រដ្ឋ​បារាំង​សែស​ ក៏​ដូច​ជា​បង្ហាញ​ពិភព​លោក​ឲ្យ​ឃើញ​ពី​កិត្តិនាម​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​​។

  • ចាត់​លៀង​សាយ​ភោជន៍​ថ្វាយ​ជា​ព្រះ​កិត្តិយស

នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដែរ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​​ស្ដេច​ក៏​បាន​ចាត់​លៀង​សាយ​ភោជន៍​​មួយ​ថ្វាយ​ជា​ព្រះ​កិត្តិយស​ចំពោះ​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ​​ និង​រាជ​គណៈ​ប្រតិភូ​ផង​ដែរ​៕

________________________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា
២. ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ ស្ដេច​យាង​ទៅ​ថ្វាយ​បង្គំ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះ​មាតា​ជាតិ
៣. ព្រះ​រាជ​ទស្សន​កិច្ច​ទៅ​កាន់​ទីក្រុង​សៀមរាប​នៃ​​នៃ​​​ព្រះ​ចៅ​អធិរាជ​អេត្យូពី
៤. ព្រះ​រាជ​និវត្ត​នៃ​ព្រះ​អធិរាជ​អេត្យូពី

Advertisements

ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ ស្ដេច​យាង​ទៅ​ថ្វាយ​បង្គំ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះ​មាតា​ជាតិ ថ្ងៃសៅរ៍ 5 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម.
4 comments

ក្នុង​ឱកាស​ស្ដេច​យាង​មក​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​នោះ ព្រះ​អង្គ​ក៏​បាន​​ស្ដេច​យាង​ចូល​​ក្រាប​ថ្វាយ​បង្គំ​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នៅ​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ​។

សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះ​មាតា​ជាតិ​ស្ដេច​យាង​មក​ទទួល​ព្រះ​ចៅ​អធិរាជ និង​រាជ​គណៈ​ប្រតិភូ ដោយ​ភាព​ស្និទ្ធ​ស្នាល​។ បន្ទាប់​មក​ព្រះ​អង្គ​ព្រះ​ចៅ​អធិរាជ​នៃ​ចក្រ​ភព​អេត្យូពី​ក៏​បាន​ថ្វាយ​គ្រឿង​រាជ​ឥស្សរិយ​យស​នៃ​ប្រទេស​ទ្រង់​ថ្វាយ​ចំពោះ​សម្ដេច​ព្រះ​មាតា​ជាតិ​ផង​៕

________________________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា
២. ថ្ងៃ​ទី​២​នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា
៣. ព្រះ​រាជ​ទស្សន​កិច្ច​ទៅ​កាន់​ទីក្រុង​សៀមរាប​នៃ​​នៃ​​​ព្រះ​ចៅ​អធិរាជ​អេត្យូពី
៤. ព្រះ​រាជ​និវត្ត​នៃ​ព្រះ​អធិរាជ​អេត្យូពី

%d bloggers like this: