jump to navigation

ព្រះ​រាជ​និវត្ត​នៃ​ព្រះ​អធិរាជ​អេត្យូពី ថ្ងៃចន្ទ 7 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម.
4 comments

ថ្ងៃ​អង្គារ ទី​៧ ខែ​ឧសភា ឆ្នាំ​១៩៦៨ គឺ​​ជា​ថ្ងៃ​ទី​៤ និង​ជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី រយៈ​ពេល​៤​​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ប្រកប​ដោយ​ជោគ​ជ័យ និង​ផ្លែ​ផ្កា ស​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង​ពីរ​ គឺ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​ព្រះ​ចៅ​អធិរាជ​។

នៅ​តាម​ដង​វិថី​នានា​ក្នុង​ក្រុង​ភ្នំពេញ ចាប់​ពី​ព្រះ​រាជ​ដំណាក់​ រហូត​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិចិន​តុង ប្រជា​រាស្ត្រ​ខ្មែរ សិស្សានុសិស្ស និង​អ្នក​រាជការ​គ្រប់​លំដាប់​បាន​ចេញ​មក​ស្វាគមន៍​ដំណើរ​និវត្ត​របស់​​ព្រះ​ចៅ​អធិរាជ និង​​រាជ​គណៈ​ប្រតិភូ​។ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​អ្នក​ម្នាង ស្ដេច​យាង និង​អញ្ជើញ​ជូន​ដំណើរ​ភ្ញៀវ​រដ្ឋ​រហូត​ដល់​អាកាស​យាន​ដ្ឋាន​ផង​ដែរ​។

នៅ​ឯ​អាកាស​យាន​ដ្ឋាន​ឯណុះ​ពិធី​​បដិ​សណ្ឋារកិច្ច​ជូន​​ព្រះ​រាជ​ដំណើរ​និវត្ត​ជា​ផ្លូវ​ការ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជូន​ជា​កិត្តិយស​ដល់​ព្រះ​ចៅ​អធិរាជ ដោយ​មាន​ការ​អញ្ជើញ​ត្រួត​ពល​កង​ទាហាន​កិត្តិយស​ខ្មែរ​ ព្រម​ទាំង​ការ​ជូន​បាច់​ផ្កា​ជា​ទី​អនុស្សាវរីយ៍​ដល់​ព្រះ​ចៅ​អធិរាជ ពី​សំណាក់​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម អរុណ​រស្មី ផង​ដែរ​។

ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​ចៅ​អធិរាជ នៃ​អតីត​ចក្រភព​អេត្យូពី រយៈ​ពេល​៤​ថ្ងៃ​នៅ​នគរ​កម្ពុជា កាល​ពី​៥០​ឆ្នាំ​មុន​នេះ ពិត​ជា​បាន​បញ្ជាក់​ពី​នយោបាយ​ការទូត​ដ៏​ប៉ិន​ប្រសប់​មួយ​នៃ​អង្គ​សម្ដេច​ឪ​ក្នុង​ការ​ស្វះ​ស្វែង​រក​មិត្រ​ពី​គ្រប់​ទ្វីប​នៅ​ទូទាំង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​កម្ពុជា ក៏ដូច​ជា​ប្រទេស​ឯ​ទៀត​ៗ​ទើប​ឆ្លង​ផុត​ពី​សម័យ​អាណា​និគម​និយម​មក​នោះ​៕

________________________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា
២. ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ ស្ដេច​យាង​ទៅ​ថ្វាយ​បង្គំ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះ​មាតា​ជាតិ
៣. ថ្ងៃ​ទី​២​នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា
៤. ព្រះ​រាជ​ទស្សន​កិច្ច​ទៅ​កាន់​ទីក្រុង​សៀមរាប​នៃ​​នៃ​​​ព្រះ​ចៅ​អធិរាជ​អេត្យូពី

Advertisements
%d bloggers like this: