jump to navigation

ព្រះ​រាជ​សង្កថា​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃ​បុណ្យ​ពាក់​កណ្ដាល​ព្រះ​ពុទ្ធ​សាសនា ថ្ងៃសៅរ៍ 12 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
2 comments

ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​១៩៥៧ ព្រះ​នគរ​កម្ពុជា​បាន​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​ពាក់​កណ្ដាល​ព្រះ​ពុទ្ធ​សាសនា គឺ​ពុទ្ធ​សករាជ​២៥០០​។ កាល​ណុះ​នគរ​យើង​ដែល​ប្រកាន់​ខ្ជាប់​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​នោះ បាន​ប្រារព្ធ​ពិធី​ដ៏​ធំ​សម្បើម​អស្ចារ្យ​មួយ ដោយ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អ្នក​កាន់​សាសនា​ព្រះ​អង្គ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។

នា​ថ្ងៃ​ទី​១​នោះ ព្រះបរមសារីរិកធាតុនៃព្រះសក្យ​មុនីគោតម ដែល​បាន​តម្កល់​ក្នុង​កាញ្ចានុ​កោដ្ឋ​ដ៏​វិចិត្រ​មួយ ត្រូវ​បាន​យាង​ចេញ​ពី​ព្រះទីន័ងទេវាវិនិច្ឆ័យ យក​ទៅ​តម្កល់លើយានបុស្បុក ដង្ហែទៅកាន់​សក្យ​មុនីចេតិយ​ ឯ​មុខ​ស្ថានីយ៍​រាជាយ​ស្ម័យ​យាន ក្រុង​ភ្នំពេញ​ផង​។

គ្រា​នៃ​វិនាទី​ប្រវត្តិ​សាស្ត្រ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ពាក់​កណ្ដាល​ព្រះ​ពុទ្ធ​សាសនា​នា​ថ្ងៃ​នោះ សម្ដេច​ព្រះឧបយុវរាជ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​បាន​មាន​​ព្រះ​រាជ​សង្កថា ជា​ប្រវត្តិសាស្ត្រ​ ថា​ ៖

ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ បាន​ប្រទះ​នឹង​ភ័ព្វ​វាសនា​មួយ​យ៉ាង​ត្រកាល​ឯក​ដោយ​បាន​ទទួល​នូវ​ព្រះ​បរម​សារីរិក​ធាតុ​នេះ​ដោយ​ផ្ទាល់​អំពី​អ្នក​ថែ​រក្សា​នៅ​ក្រុង​កណ្ឌី ប្រទេស​សិរី​លង្កា​។ ដោយ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ជា​បុត្រ​នៃ​កម្ពុជ​រដ្ឋ​ត្រូវ​តែ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ចែក​រំលែក​នូវ​ភ័ព្វ​វាសនា​ដ៏​ឧត្ដម​នេះ​ជូន​ជន​រួម​ជាតិ​ទាំង​អស់ ដែល​ជា​ទី​ស្រឡាញ់​អស់​ពី​ដួង​ហឫទ័យ​របស់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ភ័ព្វ​វាសនា​បែប​នេះ​មាន​មនុស្ស​លោក​តិច​ណាស់​ដែល​បាន​ពើប​ប្រទះ​។

ព្រះ​បរម​សារី​រិកធាតុ​ដ៏​ថ្លៃ​ថ្លា​នេះ​នឹង​ជួយ​ទ្រ​ទ្រង់​ឧបត្ថម្ភ​មាតុ​ប្រទេស​យើង បី​ដូច​ជា​ព្រះ​សម្ពុទ្ធ​វិសុទ្ធិ​គុណ​អនន្ត​ញ្ញាណ​ទ្រង់​ព្រះ​ធរមាន​នៅ​ឡើយ​ដោយ​យើង​នឹង​រឭក​ចំពោះ​ព្រះ​អង្គ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ព្រះ​បរិយ​ត្តិធម៌ និង​ព្រះ​នព្វ​លោកុត្តរធម៌ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្ដែង​ហើយ​។

ព្រះ​បរម​សារីរិក​ធាតុ​ដែល​បាន​ប្រតិស្ឋាន​នៅ​​ទី​នេះ​ហាក់​ដូច​ជា​និមន្ត​មក​សុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​កាន់​មេត្តា​ធម៌​ឲ្យ​ខ្ជាប់​ខ្ជួន ពី​ព្រោះ​ធម៌​នេះ​ជា​ធម៌​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះ​អង្គ​បាន​ឃើញ​នូវ​ផ្លូវ​ទៅ​កាន់​សេចក្ដី​ចម្រើន និង​សេចក្ដី​សុខ ហើយ​ព្រះ​អង្គ​បាន​បង្ហាញ​ពី​មាគ៌ា​នេះ​ឲ្យ​យើង​​ដើរ​តាម​ទាំង​អស់​គ្នា​៕​៚​

_______________________________________________
អាន​ផង​ដែរ​៖
១. អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង​ភ្នំពេញ
២. ខួប​ឆ្នាំ​ទី​៦០ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនា

Advertisements
%d bloggers like this: