jump to navigation

ខួប​ឆ្នាំ​ទី​៩០ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​មុនីវង្ស ថ្ងៃអង្គារ 24 ខែកក្កដា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
add a comment

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ​ម្សិល​មិញ​នេះ មានរយៈពេល៩០​ឆ្នាំគត់ ជាថ្ងៃប្រវត្តិសាស្ត្រមួយដែលព្រះនគរកម្ពុជា បានប្រារព្ធព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។ ព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស ព្រះអង្គបានឡើងស្នងរាជ្យបន្តពីព្រះរាជបិតា គឺព្រះករុណា ព្រះសិរីសុវត្ថិ ព្រះបរមរាជានុកោដ្ឋ។

ក្រោយពេលដែលព្រះករុណា ព្រះសិរីសុវត្ថិ ព្រះវររាជបិតា ទ្រង់បានសោយព្រះទិវង្គតនាគ.ស.១៩២៧ និងព្រះរាជពិធីថ្វាយព្រះភ្លើងបានបញ្ចប់រួចស្រេចនោះ រហូតមកដល់ឆ្នាំ១៩២៨ ទើបព្រះរាជពិធីបរមរាជាភិសេកព្រះអង្គចាត់ឡើងជាផ្លូវការរយៈពេល៦ថ្ងៃ គឺពីថ្ងៃសុក្រ ៣កើត រហូតដល់ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំរោង សំរឹទ្ធិស័ក ព.ស.២៤៧១ ត្រូវនឹងថ្ងៃទី២០ ដល់២៥ ខែកក្កដា គ.ស.១៩២៨។

ដោយឡែកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា គ.ស.១៩២៨ ជាថ្ងៃធំ នៃព្រះរាជពិធីបរមរាជាភិសេកផ្លូវការ។ ពិធីចូលចាប់ពីម៉ោង៧នឹង៥នាទី ព្រឹក ជាមហាវិជ័យមង្គលឫក្ស ព្រះករុណាទ្រង់គ្រឿងពណ៌ស ព្រះភូសាផាយសសម្រាប់ព្រះរាជពិធីថ្វាយព្រះសិទ្ធរសតាមបូរាណរាជបវេណី (អានប្រកាស៖ ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក) ក្នុងព្រះរាជពិធីបរមរាជាភិសេក លើព្រះបុស្បុក៩ជាន់ដែលបានរៀបចំឡើងនៅខាងមុខព្រះទីន័ងទេវាវិនិច្ឆ័យ។

ព្រះរាជពិធីថ្វាយព្រះសិទ្ធរសតាមបូរាណរាជបវេណី
ស្ដេចឡើងប្រថាប់លើព្រះមហាបល្ល័ង្ក ក្នុងថ្ងៃបរមរាជាភិសេកព្រះរាជពិធីដង្ហែព្រះមហាក្សត្រិយ៍អង្គថ្មីជុំវិញព្រះនគរ

នៅវេលាម៉ោង៩ព្រឹក បន្ទាប់ពីព្រះរាជពិធីថ្វាយព្រះសិទ្ធរសតាមបូរាណខត្តិយរាជបវេណីហើយ ព្រះករុណា ទ្រង់គ្រឿងសម្រាប់ព្រះមហាក្សត្រាធិរាជ តាមក្បួនហែធំមកព្រះទីន័ងទេវាវិនិច្ឆ័យ ដោយមានសម្ដេចព្រះឥសីភទ្រាធិបតីនាំក្បួនផង។ បន្ទាប់ពីពិធីថ្វាយគំនាប់ និងថ្វាយបង្គំព្រះពុទ្ធរូប និងព្រះទេវរូប រួចទ្រង់ថ្វាយគ្រឿងទេយ្យទានព្រះភិក្ខុសង្ឃរួចរាល់ហើយ ព្រះរាជពិធីរាជាភិសេកក៏បានប្រារព្ធឡើង។

ឧកញ៉ាពិនិចវិនិច្ឆ័យ ចាងហ្វាងក្រុមព្រះអាលក្សណ៍ ផ្ដើមសូត្រព្រះសុវណ្ណប័ដថ្វាយព្រះនាម គឺ៖ «ព្រះករុណា ព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះចៅក្រុងកម្ពុជាធិបតី»។ បន្ទាប់មកឧកញ៉ាមហាមន្ត្រី ចាងហ្វាងក្រុមមឿង សូត្រថ្វាយព្រះមហាមកុដរាជ ជាមួយនឹងរាជ្យសម្បត្តិសួយសាអាករព្រះនគរក្រុងកម្ពុជាធិបតី ទាំងអស់ថ្វាយព្រះមហាក្សត្រិយ៍ រួចរាល់។ ព្រះករុណា ទ្រង់មានព្រះរាជឱង្ការ នូវព្រះបន្ទូលសូរសីហនាទ ព្រះរាជទានសាធុការពរ និងទ្រង់ព្រះរាជទានត្រឡប់មកវិញនូវសួយសាអាករព្រះនគរក្រុងកម្ពុជាធិបតីទាំងអស់ជូនព្រះរាជវង្សានុវង្ស អគ្គមហាសេនា សេនាបតី ខ្ញុំរាជការ និងអាណាប្រជានុរាស្ត្រទាំងអស់វិញ។

បន្ទាប់មក លោកអគ្គទេសាភិបាលឥណ្ឌូចិន និងលោករេស៊ីដង់ស៊ុប៉េរីយឺរនៃប្រទេសខ្មែរ បានអញ្ជើញ និងហែស្ដេចឡើងប្រថាប់លើព្រះបល្ល័ង្ករតន៍ ក្រោមព្រះមហាស្វេតច្ឆត្រ៩ជាន់ កាំភ្លើងធំបាញ់២១ណាត់។ បន្ទាប់មកលោកអគ្គទេសាភិបាលឥណ្ឌូចិនថ្វាយព្រះមហាមកុដរាជ្យ ឯលោករេស៊ីដង់ស៊ុប៉េរីយឺរថ្វាយព្រះខ័ឌ្ដរាជ្យ និងសេនាបតី និងចៅក្រុមក្រសួងនានាថ្វាយធារព្រះករ ព្រះសុព័ណ៌បាទុកា ព្រមទាំងគ្រឿងសម្រាប់រាជ្យឯទៀតតាមទំនៀម ចប់ស្រេចព្រះរាជពិធីរាជាភិសេក។

នៅថ្ងៃបន្ទាប់ គឺថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា គ.ស.១៩២៨   ស្ដេចយាងប្រទក្សិណព្រះនគរ (អានផងដែរ៖ ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក) ដែលជាទំនៀមតាមបូរាណខត្តិយរាជបវេណីខ្មែរ ក្នុងព្រះរាជពិធីបរមរាជាភិសេក ស្រេចបរិបូណ៍នៃព្រះរាជពិធីបរមរាជាភិសេកព្រះអង្គ៕៚

_______________________________________
អានផងដែរ
១. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
២. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
៣. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស
៤. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស
៥. ទំនៀមពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីបរមរាជាភិសេក
៦. ព្រះរាជពិធីថ្វាយព្រះសុគន្ធវារី នាឱកាសបរមរាជាភិសេក
៧. ទំនៀម «ព្រះសុវណ្ណប័ដ» នៅក្នុងក្រុងកម្ពុជា និងសៀម

Advertisements
%d bloggers like this: