Repost: អំពីពាក្យថា «ហ្លួង» ថ្ងៃពុធ 1 ខែសីហា 2018
Posted by សុភ័ក្ត្រ in អំពីភាសា, ภาษาไทย, ພາສາລາວ.trackback
ពាក្យថា «ហ្លួង» ដែលសរសេរ ហ ជើង ល ស្រៈ ួ និង ង បែបនេះគឺជាពាក្យដែលមានប្រភពមកពីភាសាសៀម និងលាវ ហេតុដូចនេះហើយទើបបានជាយើងមិនសរសេរ «លួង» បែបនេះទេ។ ភាសាសៀមសរសេរជា «หลวง» ជាអក្សររាយ ឯលាវសរសេរជា «ຫລວງ» ជាអក្សររាយ ឬ «ຫຼວງ» ជាអក្សរតម្រួត។
នៅក្នុងវចនានុក្រមខ្មែរលោកបានផ្ដល់និយមន័យនៃពាក្យនេះថា៖
ហ្លួង ស. ល. ( ន. ) (ហ្ល្វង អ. ថ. ហ្លួ៎ង) ព្រះរាជា (ព្រះករុណាជាម្ចាស់ជីវិត) : ហ្លួងស្តេចចេញប្រទានរង្វាន់ដល់ពួកសិស្សសាលា… (ពាក្យធម្មតា) ។ ប្រើជាពាក្យផ្តើមហៅសម្តេចព្រះអគ្គមហេសីឬសម្តេចព្រះមហាឧបរាជផងក៏បាន : ហ្លួងស្រ្តី, ហ្លួងឧបរាជ ។ ឋានន្តរស័ក្តិឬបណ្ដាស័ក្តិមន្រ្តីថ្នាក់តូចជាងទីព្រះ ធំជាងទីឃុន : ហ្លួងសេនានុរក្ស។
ដោយឡែកនៅនគរថៃដែលជាប្រភពនៃពាក្យនេះវិញ ក៏មានន័យដូចអ្វីដែលខ្មែរយើងយកមកប្រើដែរ។ ប្រជាជនថៃហៅព្រះមហាក្សត្រិយ៍ខ្លួនដោយឥតចេញព្រះនាមថា នៃហ្លួង (ថ. ในหลวง) អានថា ណៃហ្លួង ឬ ផហ្លួង (ថ. พ่อหลวง)។
នៅក្នុងវចនានុក្រមច្បាប់រាជបណ្ឌិត្យស្ថានរបស់ថៃ ច្បាប់ព.ស.២៥៥៤ បានឲ្យនិយមន័យពាក្យនេះ សម្រាយរហូតដល់មានន័យថា អ្វីៗទាំងអស់ដែលជាទីរបស់ព្រះមហាក្សត្រិយ៍, ដែលធំ, ដែលជារបស់សាធារណៈ, បណ្ដាស័ក្ដិខ្ញុំរាជការ និងសម្រាប់ការហៅព្រះភិក្ខុសង្ឃក្នុងន័យគោរពផង ដោយមានតួយ៉ាងជាពាក្យហៅ វាំងហ្លួង (វាំងស្ដេច), ភ្នំហ្លួង (ភ្នំធំ), ផ្លូវហ្លួង (ផ្លូវធំ ថៃប្រើសំដៅផ្លូវជាតិ), ហ្លួងវិចិត្រវាទការ, ហ្លួងបង (ប្រើហៅសម្រាប់ព្រះសង្ឃ)…. ជាដើម។ល។
ខ្មែរយើងប្រើជា «ហ្លួង» នេះរត់មាត់ ដោយអំណាចនៃការឆ្លងវប្បធម៌ក្នុងនាមជាប្រទេសជាតិខាង និងដោយអំណាចនៃបារមីសៀម ដែលធ្លាប់មានឥទ្ធិពលលើខ្មែរពីអតីតកាល។ ដូចតួយ៉ាងយើងហៅព្រះនាមអតីតព្រះមហាក្សត្រិយ៍យើង ជា ហ្លួងនរោត្ដម, ហ្លួងរាជានុកោដ្ឋ… និងបច្ចុប្បន្នសម្ដេចព្រះមហាក្សត្រីយ៍ព្រះអង្គហៅព្រះមហាក្សត្រិយ៍ដែលជា ព្រះរាជបុត្រថា ហ្លួងកូន,និងហ្លួងម៉ែ … ជាដើម។ល។ ក្រៅពីនោះ យើងនៅមានប្រើពាក្យនេះដូចជា ដំណាក់ហ្លួង, ល្ខោនហ្លួង, កំពង់ហ្លួង, ព្រែកហ្លួង, អណ្ដើកហ្លួង…។ល។ គឺឃើញថាមិនខុសឆ្គងអ្វីឡើយ ប្រទេសដែលនៅក្បែរគ្នាតែងតែខ្ចីពាក្យគ្នាប្រើទៅវិញទៅមកដោយចៀសមិនផុត។
ក្រៅអំពីពាក្យ «ហ្លួង» នេះខ្មែរយើងក៏នៅប្រើពាក្យសៀមមួយចំនួនទៀតផងដែរ។ យើងកុំគួរណាឡើយទៅប្រកាន់ថានេះពាក្យសៀម នោះពាក្យសៀម ដ្បិតពាក្យដែលខ្មែរយើង ប្រើប្រាស់សព្វថ្ងៃនេះចាប់ពីពាក្យសាមញ្ញទៅរហូតដល់ពាក្យប្រើប្រាស់ក្នុងភាសារាជការ មួយចំនួនធំរាប់មិនអស់សុទ្ធតែជាពាក្យដែលមានប្រភពពីភាសាបរទេសទាំងអស់។ ការខ្ចីពាក្យប្រើទៅវិញទៅមកធ្វើឲ្យភាសាខ្មែរយើងសម្បូរបែប និងមានសោភ័ណទៅវិញទេ៕
_______________________________________________________________
អានផងដែរ៖
១. ប្រវត្តិពាក្យ «ពញា»
មតិ»
No comments yet — be the first.