អត្ថបទប្រែ ៖ វិវាទរឿង «ល្ខោនខោល» រវាងថៃ-កម្ពុជា កើតឡើងជាថ្មីម្ដងទៀត!!? សុចិត្ត វង្សទេស បញ្ជាក់ម្ដងទៀត «ល្ខោនខោលជាវប្បធម៌រួម មានឫសគល់រួមគ្នា បំបែកជាផ្នែកៗមិនបានថាជាសម្បត្តិផ្ដាច់មុខរបស់នរណាម្នាក់» ថ្ងៃព្រហស្បតិ៍ 6 ខែកញ្ញា 2018
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ภาษาไทย.3 comments
កកន ៖ កាលពីថ្ងៃទី១ កញ្ញា កន្លងមកនេះ គេហទំព័រសិល្បៈវឌ្ឍនធម្ម (ថ. ศิลปวัฒนธรรม) របស់ថៃបានចុះផ្សាយអត្ថបទមួយស្ដីពីវិវាទរវាងកម្ពុជាថៃ ក្នុងការចុះបញ្ជីល្ខោនខោលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ អត្ថបទដែលមានចំណងជើងថា วิวาทะประเด็น “โขน” ระหว่างไทย-กัมพูชา ก่อตัวขึ้นอีกรอบ!!? สุจิตต์ วงษ์เทศ ชี้อีกครั้ง “โขนเป็นวัฒนธรรมร่วม มีรากเหง้าร่วมกัน จะแยกโดดๆ มิได้ ว่าเป็นสมบัติของใครของมัน” ឬ ប្រែជាខ្មែរថា វិវាទរឿង «ល្ខោនខោល» រវាងថៃ-កម្ពុជា កើតឡើងជាថ្មីម្ដងទៀត!!? សុចិត្ត វង្សទេស បញ្ជាក់ម្ដងទៀត «ល្ខោនខោលជាវប្បធម៌រួម មានឫសគល់រួមគ្នា បំបែកជាផ្នែកៗមិនបានថាជាសម្បត្តិផ្ដាច់មុខរបស់នរណាម្នាក់»។
ដើម្បីទុកជាឯកសារខ្ញុំសូមធ្វើការបកប្រែក្រៅផ្លូវការជាភាសាខ្មែរ ដើម្បីដាក់ជូនប្រិយមិត្រស្វែងយល់ ដូចតទៅនេះ ៖
វិវាទរឿង «ល្ខោនខោល» រវាងថៃ-កម្ពុជា កើតឡើងជាថ្មីម្ដងទៀត!!? សុចិត្ត វង្សទេស បញ្ជាក់ម្ដងទៀត «ល្ខោនខោលជាវប្បធម៌រួម មានឫសគល់រួមគ្នា បំបែកជាផ្នែកៗមិនបានថាជាសម្បត្តិផ្ដាច់មុខរបស់នរណាម្នាក់»
កាលពីថ្ងៃទី៣០ ខែសីហា កន្លងមក មានការកើតរឿងមិនសុខចិត្តនៅក្នុងបណ្ដាញសង្គមរបស់ប្រជាជនកម្ពុជា ទាក់ទងនឹងករណីដែលប្រទេសថៃ តាមរយៈក្រសួងវប្បធម៌ ដាក់សំណើការសម្ដែង «ខោល» (កកន៖ ថៃបញ្ចេញសំឡេង ខូ៎ន ដោយសរសេរថា โขน [ខោន]) ទៅកាន់អង្គការសិក្សាវិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ឬយូណេស្កូ ដើម្បីពិចារណាបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ សម្រាប់ឆ្នាំ២០១៨ នោះ មានអ្នកលេងហ្វេសប៊ុគ និងបណ្ដាញសង្គមរបស់កម្ពុជាជាច្រើនបាននាំគ្នាបញ្ចេញមតិថា ការសម្ដែងខោលជាការសម្ដែង និងវប្បធម៌របស់ប្រជាជនកម្ពុជាមិនមែនរបស់ថៃ។
ដោយនៅបានបន្ថែមថាប្រទេសថៃបាននាំការសម្ដែងខោលពីកម្ពុជា មានការចែកចាយប្រកាសទាំងនោះប្រមាណជាង៥០.០០០ដង។ ក្រៅពីនោះនៅមានអ្នកលេងអនឡាញកម្ពុជាបានចូលទៅសម្ដែងមតិក្នុងហ្វេសប៊ុគរបស់អង្គការយូណេស្កូ សុំឲ្យអង្គការយូណេស្កូពិចារណាថាការសម្ដែងខោល មិនមែនរបស់ប្រទេសថៃ និងសុំឲ្យអង្គការយូណេស្កូផ្អាកការពិចារណានេះ។
សុចិត្ត វង្សទេស (ថ. สุจิตต์ วงษ์เทศ) ធ្លាប់មានយោបល់ស្ដីអំពីប្រភព “ខោល” ថា “ខោលជាការសម្ដែងរឿងរាមាយណៈ ក្នុងពិធីកម្មស័ក្ដិសិទ្ធិរបស់សាសនាព្រាហ្មណ៍ ដំបូងចាស់បំផុត (តាមភ័ស្ដុតាងដែលមានខណៈនេះ) ក្នុងរាជសំណាក់ខមកម្ពុជា ឯទន្លេសាប ក្រុងសៀមរាប”។
“តមក រាជសំណាក់ខមកម្ពុជាបញ្ជូនបែបផែនការសម្ដែងរាមាយណៈឲ្យរាជសំណាក់ខមអយោធ្យា-ល្វ (យុគមុនក្រុងស្រីអយុធ្យា) ទន្លេចៅពញាភាគកណ្ដាល។
រាជសំណាក់ថៃក្រុងស្រីអយុធ្យាបន្ដពីរាជសំណាក់ខមអយោធ្យា-ល្វ ក៏បន្ដការសម្ដែងរាមាយណៈបែបខមទុកផង តែកែលម្អដោយហៅរាមាយណដោយពាក្យថ្មីថារាមកៀរ្តិ៍”។
តែទម្រាំខោលមកជាខោលនៅសព្វថ្ងៃនេះ សុចិត្ត អធិប្បាយថា ការសម្ដែងប្រភេទនេះ អភិវឌ្ឍន៍បន្តិចម្ដងៗមកពីវប្បធម៌ផ្ទៃក្រៅ និងផ្ទៃក្នុងរបស់បណ្ដារាជសំណាក់លក្ខណៈបូរាណក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ពោលគឺ តួសាច់រឿងបានមកពីវប្បធម៌ផ្ទៃក្រៅគឺឥណ្ឌាជាពិសេសឥណ្ឌាខាងត្បូង និងគ្រឿងតែងកាយក៏បានមកពីឥណ្ឌា និងពែរ្ស ដូចជា មង្កុដ ក្បាំង និងកំណាត់សំពត់នានា។
ចំណែកអង្គប្រកបផ្សេងៗ ដែលមកពីវប្បធម៌ផ្ទៃក្នុងនៅអាស៊ីអាគ្នេយ៍នោះប្រកបដោយ ឈ្មោះ “ខោល” មកពីពាក្យតំបន់ត្រកូលជ្វា-ម៉ាឡាយូថា “Lakon” ឬ “Lakun” “Legong” ឬពាក្យបាលី (កកន៖ អានថា បា-លី ជាដែនកោះមួយរបស់ប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្ន) ថា “Legong”។
សុចិត្តអះអាងថា ក្បាច់រាំខោល អាចមកពីការរាំលេងរបស់ប្រជាជាតិតំបន់អាស៊ីអាគ្នេយ៍តាំងពីប្រមាណ៣ពាន់ឆ្នាំមកហើយ ឃើញបានពីគំនូសពណ៌ដែលមានឃើញតាំងពីតំបន់ក្វាងស៊ីនៅប្រទេសចិនភាគខាងត្បូង ចុះមកដល់ភាគឦសាន និងភាគកណ្ដាលរបស់ថៃ។
“ក្បាលខោល” (កកន៖ ខ្មុក) ក៏អភិវឌ្ឍមកពីក្បាំងមុខដែលពាក់បាំងមិនឲ្យឃើញមុខពិតក្នុងពិធីកម្មចូលរូបដើម្បីភ្ជាប់មនុស្សជាមួយអំណាចស័ក្ដិសិទ្ធិលើធម្មជាតិ ដែលសុទ្ធតែមានក្នុងក្រុមជនជាតិដើមគ្រប់កុលសម្ព័ន្ធ។
ចំំណែកប៉ីពាទ្យលេងខោល (កកន៖ ប៉ីពាទ្យ គឺភ្លេងពិណពាទ្យរបស់ថៃ) សុចិត្តពោលថា គ្រឿងតន្ត្រីចម្បងៗ គឺ ប៉ី រនាត ស្គរធំ ជារបស់តំបន់ពីដើមនៃជនជាតិសុវណ្ណភូមិអាស៊ីអាគ្នេយ៍ ជាង៣ពាន់ឆ្នាំមកហើយ។ ការពោលខោលដែលតែងដោយពាក្យនិពន្ធប្រភេទកាព្យបានទទួលបែបផែនមកពីកម្ពុជា។ ចំណែកការចរចាខោលតែងដោយពាក្យរៀលរាប់ជាពាក្យក្រងចួនតំបន់ដើមត្រកូល លាវ-ថៃ។
សុចិត្តបានសន្និដ្ឋានថា “ខោលជាវប្បធម៌រួមរបស់សុវណ្ណភូមិក្នុងភូមិភាគអាស៊ីអាគ្នេយ៍ មានឫសគល់រួមគ្នា បំបែកជាផ្នែកៗមិនបានថាជាសម្បត្តិផ្ដាច់មុខរបស់នរណាម្នាក់ ឬរបស់ទីនោះ ទីនេះ”។
មុនបន្ថែមរឿងរបស់ “ខោល” នៅមានរឿងលម្អិតដែលត្រូវសិក្សាជាច្រើនទៀតលើសកម្លាំងមនុស្សណាម្នាក់ដែលអាចសិក្សាបានគ្រប់ជ្រុងជ្រោយ។ ត្រូវអាស្រ័យអ្នកដឹងអ្នកជំនាញជាច្រើនផ្នែករួមគ្នាសិក្សាស្វែងរកបន្ដទៀត។
ឯកសារយោង
សុចិត្ត វង្សទេស “ខោល មកពីណា” ឯកសារសម្រាប់សិក្ខាសាលា ក្នុងឱកាសបុណ្យសប្ដាហ៍អភិរក្សមរតកថៃ ពុទ្ធសករាជ២៥៥៦ នាសង្គីតសាលា សារមន្ទីរជាតិ ព្រះនគរ ថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០១៣។
https://www.silpa-mag.com/club/news/article_19918
_____________________________________________________
អានផងដែរ៖
១. ชำแหละที่มา “โขนเขมร” มาจาก “ราชสำนักไทย”
២. «ល្ខោន» និង «ខោល»
៣. วิวาทะประเด็น “โขน” ระหว่างไทย-กัมพูชา ก่อตัวขึ้นอีกรอบ!!? สุจิตต์ วงษ์เทศ ชี้อีกครั้ง “โขนเป็นวัฒนธรรมร่วม มีรากเหง้าร่วมกัน จะแยกโดดๆ มิได้ ว่าเป็นสมบัติของใครของมัน”
៤. អត្ថបទប្រែ ៖ “ខោល” វប្បធម៌រួមអាស៊ីអាគ្នេយ៍ យូណេស្កូកាត់ក្ដីវីន-វីន ទាំងថៃ និងកម្ពុជា