jump to navigation

អត្ថបទ​ប្រែ ៖ “នាយក​រដ្ឋ​មន្ត្រី” មក​ពី​ណា​? ហេតុ​អ្វី​ហៅ​ថា “នាយក​រដ្ឋ​មន្ត្រី”? ថ្ងៃចន្ទ 5 ខែវិច្ឆិកា 2018

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា.
2 comments

កកន ៖ កាល​​ពី​ថ្ងៃ​អាទិត្យ​ ទី​២១ ខែ​តុលា កន្លង​មក​នេះ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ដែល​មាន​ចំណង​ជើង​ថា “នាយក​រដ្ឋ​មន្ត្រី” មក​ពី​ណា​? ហេតុ​អ្វី​ហៅ​ថា “នាយក​រដ្ឋ​មន្ត្រី”? អត្ថបទ​នេះ ជា​ភាសា​ថៃ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม) កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៨​ (“นายกรัฐมนตรี” มาจากไหน? ทำไมเรียกว่า “นายกฯ” ? )​។

ដើម្បី​ទុក​ជា​ឯកសារ​ខ្ញុំ​​សូម​ធ្វើ​ការ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​មក​ជា​ខេមរ​ភាសា និង​ដាក់​នៅ​ទី​នេះ​​ទុក​ជូន​ប្រិយ​មិត្ត​ដែល​ចង់​អាន តែ​មិន​ចេះ​ភាសា​ថៃ​ ដើម្បី​ធ្វើ​ការ​ស្វែង​យល់ ដូច​ត​ទៅ​នេះ​។

(ជួរ​មុខ​អ្នក​ទី​៣ ) លោក​ពចន៍ សារសិន នាយក​រដ្ឋ​មន្ត្រី​ទី​៩ ថត​រូប​ជាមួយ​គណៈ​រដ្ឋមន្ត្រី (​រូប​ពី wwwwikiwand.com)

“នាយក​រដ្ឋ​មន្ត្រី” មក​ពី​ណា បារាំង​ជា​ដើម​កំណើតនៃ​ពាក្យ​ថា “នាយក​រដ្ឋ​មន្ត្រី” ប្រែ​ថា អ្នក​ដែល​ចូល​ទៅ​ដល់​ព្រះ​រាជា​មុន​គេ​។ ចំណែក​ឯ​ប្រទេស​ថៃ​ចំពោះ​ពាក្យ​នេះ នរណា​ជា​អ្នក​បញ្ញត្តិ​?

“នាយក​រដ្ឋ​មន្ត្រី” ឬ «​ប្រធាន​អ្នក​ដឹក​នាំ​ប្រទេស​» មាន​មក​តាំង​ពី​អតីត គ្រាន់​តែ​មិន​មាន​អ្នក​គិត​តំណែង “នាយក​រដ្ឋ​មន្ត្រី” ប្រើ​ប៉ុណ្ណោះ ដូច​ជា​ចិន​ប្រើ​ពាក្យ​ថា «​ចៃសៀង» ឬ «​មហា​ឧបរាជ​»​។ នៅ​ក្នុង​រឿង​សាមកុក ចូឆូ ជា​អ្នក​កាន់​តំណែង​នេះ​, នៅ​ឥណ្ឌៀ នៅ​ក្នុង​រឿង​កាមនិត – វាសិដ្ឋី ប្រើ​ពាក្យ​ថា «​ប្រធាន​មន្ត្រី​» ថៃ​យើង​ក៏​ប្រើ​ពាក្យ​ថា​អគ្គ​មហា​សេនា​បតី, អគ្គ​មហា​សេនាភិមុខ, សមុហនាយក​, ប្រធាន​កម្មការ​រាស្ដ្រ​។ល។

ចុះ​ពាក្យ​ថា “នាយក​រដ្ឋ​មន្ត្រី” កើត​ឡើង​ពេល​ណា នរណា​ជា​អ្នក​បញ្ញត្តិ​ពាក្យ​នេះ​ឡើង​!!

ខារឌិណាល ឌឹ រិឆែលិអេ (រូប​ពី http://www.wikipedia.org)

ប្រទេស​ដំបូង​ដែល​គិត​តំណែង “នាយក​រដ្ឋ​មន្ត្រី” គឺ​បារាំង នៅ​ក្នុង​សម័យ​ស្ដេច​ល្វីស​ទី​១៣ ឡើង​គ្រង​រាជ្យ ឆ្នាំ​១៦២០ ទ្រង់​មាន​ព្រះ​រាជ​តម្រិះ​ឲ្យ​រក​អ្នក​ដែល​ស័ក្ដិសម​ទទួល​បាន​ការ​ទុក​ព្រះ​ទ័យ​ឲ្យ​ជួយ​មើល​ព្រះ​រាជ​ភារកិច្ច​ជំនួស​ព្រះ​អង្គ​ ទើប​ទ្រង់​តែងតាំង​សម្ដេច​ព្រះ​សង្ឃរាជ​រង ខារឌិណាល ឌឹ រិឆែលិអេ (Cardinal de Richelieu) ជា​ជំនួយ​ការ​ក្នុង​ការ​ដឹក​នាំ​រាជការ​ផែន​ដី​ទូទាំង​ប្រទេស​ក្នុង​នាម​រដ្ឋបាល​របស់​ព្រះ​ចៅ​ល្វីស​ទី​១៣ រួច​ឲ្យ​ហៅ​តំណែង​នេះ​ថា Premiers ប្រែ​ថា​អ្នក​ដែល​អាច​ចូល​ដល់​ព្រះ​អង្គ​យ៉ាង​ជិត​បំផុត​ទី​១ គ្រប់​ពេល​វេលា​។ ពាក្យ​ថា Premiers មក​ពី​ភាសា​ឡាតាំង Primus ប្រែ​ថា មុន​ ជា​អ្នក​ទី​១​។

រួច​ក្លាយ​មក​ជា “នាយក​រដ្ឋ​មន្ត្រី” នៅ​ក្នុង​ភាសា​ថៃ​បាន​យ៉ាង​ដូច​ម្ដេច​?

រឿង​មាន​ដូច្នេះ​ថា នៅ​ពេល​គណៈ​រាស្ត្រ​ផ្លាស់​ប្ដូរ​ការ​គ្រប់​គ្រង​ជា​របប​ប្រជា​ធិបតេយ្យ​ហើយ បាន​ដំណើរ​ការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ច្បាប់​អចិន្ត្រៃយ៍​ដែល​កំណត់​ថា​ឲ្យ​រួច​រាល់​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​​១៩៣២​។ មួយ​ក្នុង​ចំណោម​នោះ​គឺ «​ព្រាង​ច្បាប់​ផ្លាស់​ប្ដូរ​ឈ្មោះ​សេនាបតី​ជា​រដ្ឋមន្ត្រី​» ដែល​មាន​ការ​អភិប្រាយ​នៅ​ក្នុង​ការ​ប្រជុំ​សភា​ព្រាង​រដ្ឋ​ធម្មនុញ្ញ ឯកភាព​ឲ្យ​ប្ដូរ «​សេនា​បតី​» និង «​កម្មការ​រាស្ត្រ​» មក​ប្រើ​ជា «​រដ្ឋមន្ត្រី​» វិញ​។

ពញា​មនោបករណ៍​និតិធាតា នាយក​រដ្ឋមន្ត្រី ទី​១​របស់​ថៃ (រូប​ពី http://www.wikipedia.org)

ចំណែក​ពាក្យ​ថា «​ប្រធាន​កម្មការ​រាស្ត្រ​» នៅ​មិន​ទាន់​បាន​កំណត់​ថា​គួរ​ប្រើ​បែប​ណា ទើប​ប្រគល់​ឲ្យ​ពញា​មនោបករណ៍​និតិធាតា (​កន ហុតៈសិង្ហ) ដំណើរ​ការ​ត​។ ពញា​មនោបករណ៍ សុំ​ឲ្យ​ហ្លួង​ប្រតិដ្ឋមនូធម្ម (​ប្រីតី ភ្នំយង្គ​) ជួយ​រក​ព័ត៌មាន​រឿន​នេះ​ពី​រដ្ឋ​ធម្មនុញ្ញ​បរទេស និង​ឲ្យ​ព្រះ​ធម្ម​និទេស​ទួយហារ (​អ្យូ ឧត្ដមសិល្ប) តំណែង​សាស្ត្រាចារ្យ​រង ប្រែ​ជា​ភាសា​ថៃ​។

ហ្លួង​ប្រតិដ្ឋ សរសេរ​ក្នុង​កំណត់​ហេតុ​ខ្លី​ៗ​ថា «បាន​ឃើញ​រដ្ឋ​ធម្មនុញ្ញ​បារាំង​គេ​ហៅ​ប្រធាន​ដឹក​នាំ​ប្រទេស​របស់​គេ​ថា ‘Premier’ ចំណែក​ឯ​អង់គ្លេស ហៅ​ថា ‘Prime-Minister’ អាល្លឺម៉ង់​ហៅ​ថា ‘Chancellor’ នឹង​ធៀប​ជាមួយ​ពាក្យ​ថៃ​យ៉ាង​ដូច​ម្ដេច តាម​តែ​ព្រះ​គុណ​ម្ចាស់​ពិចារណា​»​

ព្រះ​ធម្ម​និទេស​ទួយហារ (អ្យូ ឧត្ដម​សិល្ប​) (រូប​ពី គេហ​ទំព័រ​កង​សាស្ត្រាចារ្យ​រង ក្រុម​យុទ្ធសិក្សា​ទាហាន​ជើង​គោក)

ព្រះ​ធម្មនិទេស បាន​ធៀប​ពាក្យ​ដូច​នេះ Premier សរុប​បាន​ថា «​នាយក​» ជា​ពាក្យ​បាលី និង​សំស្ក្រឹត​ផង មក​ពី​ឫស​ពាក្យ​ថា នី ប្រែ​ថា ដំបូង ដែល​ស្មើ​គ្នា​នឹង​ពាក្យ​ថា Premier ដែល​ប្រែ​ថា បឋម ឬ​ប្រធាន​។ ពាក្យ​ថា «​រដ្ឋ​» ជា​ភាសា​បាលី ប្រែ​ថា អាណា​ខេត្ត​, ដែន​ដី​។ ពាក្យ​ថា «​មន្ត្រី​» ជា​ពាក្យ​សំស្ក្រឹត ប្រែ​ថា ទី​ប្រឹក្សា​។ ហេតុ​ដូច​នេះ ពាក្យ​ថា «​នាយក​រដ្ឋមន្ត្រី​» គឺ​អ្នក​ដែល​នៅ​លើ ឬ អ្នក​ដឹក​នាំ​គណៈ​មន្ត្រី​របស់​ប្រទេស​។

គណៈ​កម្មការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​​សំខាន់​ចំនួន​៣​រូប​គឺ ពញា​មានវរាជសេវី (​ប្លត វិជៀរ ណ សងខ្លា​), ហ្លួង​ប្រតិដ្ឋ និង​ចៅ​ពញា​ធម្ម​ស័ក្ដិ៍​មន្ត្រី (​ស្ន័ន ទេពហ័ស្ដិន ណ អយុធ្យា​) បោះ​ឆ្នោត​ឲ្យ​ប្រើ​ពាក្យ​ថា «​នាយក​រដ្ឋមន្ត្រី​» ជំនួស​ពាក្យ​ថា «​ប្រធាន​គណៈ​កម្មការ​រាស្ត្រ​» ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​​១៩៣២ មក​។

(ពី​ឆ្វេង​ទៅ​ស្ដាំ) ពញា​មានវរាជសេវី, ហ្លួង​ប្រតិដ្ឋ​មនូធម្ម​, ចៅ​ពញា​​ធម្ម​ស័ក្ដិ​មន្ត្រី​ (​រូប​ពី http://www.wikipedia.org)

ថៃ​ជា​ប្រទេស​ដំបូង​ដែល​កំណត់ និង​ប្រើ​ពាក្យ​ថា «​នាយករដ្ឋមន្ត្រី​» សម្រាប់​តំណែង​ប្រធាន​ដឹក​នាំ​ប្រទេស​។ បន្ទាប់​មក​កម្ពុជា​ជា​ប្រទេស​ទី​២ ដែល​ប្រើ នៅ​ពេល​សម្ដេច​ព្រះ​នរោត្ដម សីហនុ ចូល​កាន់​តំណែង «​នាយក​រដ្ឋមន្ត្រី​» កាល​ពី​ឆ្នាំ​​១៩៤៥ និង​លាវ​ជា​ប្រទេស​ទី​៣ ឆ្នាំ​១៩៤៥ នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​ពេជ្ររាជ កាន់​តំណែង​ប្រធាន​ដឹក​នាំ​ប្រទេស​។

សរុប​បាន​ថា «​នាយករដ្ឋមន្ត្រី​» មក​ពី​ការ​បោះ​ឆ្នោត និង​រដ្ឋ​ប្រហារ ចំណែក​ពាក្យ​ថា «​នាយករដ្ឋមន្ត្រី​» នោះ​មក​ប្រភព​មក​ពី​បារាំង​។


យោង ៖ ប. កវី ឥស្សរិវណ្ណ «​កំណើត​តំណែង​នាយក​រដ្ឋមន្ត្រី​»​, ទស្សនាវដ្ដី​សិល្បវឌ្ឍនធម្ម ច្បាប់​ខែ​កក្កដា ឆ្នាំ​១៩៨៨

_______________________________________
អានផងដែរ
១. “នាយក​រដ្ឋ​មន្ត្រី” មក​ពី​ណា​? ហេតុ​អ្វី​ហៅ​ថា “នាយក​រដ្ឋ​មន្ត្រី”?

Advertisements
%d bloggers like this: