jump to navigation

អត្ថបទ​ប្រែ ៖ “ខម” គឺ​ជា​នរណា​? ស្រីស័ក្រ វិល្លិភោតម ធ្វើ​វិចារណ៍ ចិត្រ ភូមិស័ក្ដិ៍ (​ភាគ​១​) ថ្ងៃ​ព្រហស្បតិ៍ 15 ខែវិច្ឆិកា 2018

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, ภาษาไทย.
trackback

កកន ៖ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មក​នេះ ស្រែ​ខ្មុក​បាន​ដាក់​ប្រកាស​មួយ​ដែល​មាន​ចំណង​ជើង​ថា “ខម” គឺ​ជា​នរណា​? ស្រីស័ក្រ វិល្លិភោតម ធ្វើ​វិចារណ៍ ចិត្រ ភូមិស័ក្ដិ៍ ច្បាប់​ភាសា​ថៃ ដែល​ចុះ​ផ្សាយ​ដោយ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)

ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​អនុញ្ញាត​បក​ប្រែ​ជា​ភាសា​ខ្មែរ​ក្រៅ​ផ្លូវ​ការ ដើម្បី​ទុក​ជូន​ជា​ឯកសារ​នៅ​ទី​នេះ ដូច​ត​ទៅ​។

នេន​ខ្មែរ​មួយ​អង្គ​កំពុង​ដើរ​កាត់​រូប​ចម្លាក់​ទេព​អប្សរ ថត​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០០១ (AFP PHOTO / PHILIPPE LOPEZ)

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “​ការ​ពិត​ស្ដី​អំពី​ជន​ជាតិ​ខម​” (​ថៃ ៖ ข้อเท็จจริงว่าด้วยชนชาติขอม) របស់ ចិត្រ ភូមិស័ក្ដិ៍ មួយ​ក្បាល​នេះ ជា​រឿង​រ៉ាវ​ដែល​សរសេរ​បន្ត​ពី​សៀវភៅ “​ដំណើរ​ដើម​ទង​នៃ​ពាក្យ​សៀម ថៃ លាវ និង​ខម និង​លក្ខណៈ​ផ្នែក​សង្គម​របស់​ឈ្មោះ​ជន​ជាតិ” (​ថៃ ៖ ความเป็นมาของคำสยาม ไทย ลาว และขอม และลักษณะทางสังคมของชื่อชนชาติ) ដែល​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ពេល​មុន​មក​។

ការ​វិចារណ៍​សៀវភៅ​មួយ​ក្បាល​នេះ គួរ​ត្រូវ​បាន​ដឹង​ថា ចិត្រ​ ភូមិស័ក្ដិ៍ សរសេរ​រឿង​រ៉ាវ​ទាំង​នេះ​ឡើង​មក​នោះ ដោយ​មិន​បាន​មាន​បំណង​បង្ហាញ​ពី​អារម្មណ៍​ដែល​មាន​ចំពោះ​នយោបាយ ឬ​លទ្ធិ​ការ​គ្រប់​គ្រង​នោះ​ទេ តែ​វា​ជា​ប្រតិកម្ម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ចំណោម​បញ្ញវ័ន្ត​ថៃ​ទាក់​ទង​នឹង​ទៅ​ពាក្យ​ថា សៀម ថៃ លាវ និង​ខម ដែល​មាន​ការ​​ប្រកែក​គ្នា​មក​តាំង​ពី​សម័យ​ដែល​ចិត្រ​នៅ​សិក្សា​ឯ​សាកល​វិទ្យាល័យ​ចុលាលង្ករណ៍​មក​ម្ល៉េះ​។

“ការងារ​របស់​ចិត្រ ភូមិស័ក្ដិ៍ រឿង​នេះ​មាន​ប្រយោជន៍​ចំពោះ​ការ​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​តំបន់​យ៉ាង​ច្រើន​

នៅ​គ្រា​ដែល​ចិត្រ​កំពុង​សិក្សា​នោះ ការ​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ និង​បូរាណ​វិទ្យា​របស់​ថៃ មាន​ភាព​មិន​ទូលំទូលាយ​។ មាន​បញ្ញវ័ន្ត​ចំនួន​ពីរ​ក្រុម​ដែល​តែង​តែ​ប្រឆាំង​ជំទាស់​គ្នា​ជា​រឿយ​ៗ។

หญิงชาวกัมพูชาเร่ขายดอกบัวบริเวณปราสาทหินนครวัด ถ่ายเมื่อ 10 ธันวาคม 2005 (AFP PHOTO / TANG CHHIN SOTHY)
នារី​ខ្មែរ​មួយ​រូប​កំពុង​ដើរ​លក់​ព្រលិត​នា​បរិវេណ​ប្រាសាទ​នគរ​វត្ត ថត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០០៥
(AFP PHOTO / TANG CHHIN SOTHY)

ក្រុម​ទី​១ ជា​ក្រុម​ធំ ដែល​មាន​ដូច​ជា​មន្ត្រី​រាជការ​ថ្នាក់​ខ្ពស់​ក្នុង​ក្រុម​កង និង​សាកល​វិទ្យាល័យ​មាន​កូន​សិស្ស​គោរព​រាប់​អាន​ជា​ច្រើន​។ អ្នក​ទាំង​នោះ​ប្រកាន់​ខ្ជាប់​នូវ​គោល​គំនិត​របស់​សម្ដេច​​ក្រុម​ពញា​តម្រុង​រាជា​នុភាព និង​សាស្ត្រាចារ្យ ហ្សក​ សឺដេស យ៉ាង​ដាច់​ណាត់​។ ជា​រឿយ​ៗ​តែង​តែ​ស្វែង​រក​គំនិត​របស់​បញ្ញវ័ន្ត​បរទេស​ដែល​ស្រប​គ្នា​នឹង​គ្រូ​មេ​ទាំង​ពីរ មាន​អះ​អាង ឬ​បន្ថែម​ជា​និច្ច​។

បើ​មាន​នរណា​ម្នាក់​មាន​គំនិត​ផ្ទុយ​គ្នា​ពី​ក្រុម​ទី​១​នេះ តែង​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ខុស​ជា​និច្ច​​។ ការ​បង្ហាញ​ពី​ក្រុម​នេះ មិន​មាន​សរសេរ​ជា​អត្ថបទ​ឬ​សៀវភៅ​ទេ តែ​ចូល​ចិត្ត​បង្រៀន ឬ​ទៅ​និយាយ​បាថ​កថា​នៅ​តាម​ទី​កន្លែង​ផ្សេង​ៗ​។

ចំណែក​ឯ​មួយ​ក្រុម​ទៀត​នោះ តាម​ពិត​ទៅ​គឺ​សុទ្ធ​តែ​ជា​សិស្ស និង​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​បញ្ជា​របស់​ សម្ដេច​​ក្រុម​ពញា​តម្រុង​រាជា​នុភាព តែ​ជា​ទូទៅ​តែង​តែ​នៅ​ក្រោយ​ជួរ និង​មាន​គំនិត​មិន​ស្រប​តាម​សម្ដេច​​ក្រុម​ពញា​តម្រុង​រាជា​នុភាព និង​សាស្ត្រាចារ្យ ហ្សក សឺដេស ជា​អ្នក​ដែល​ចូល​ចិត្ត​ស្វែង​រក​ព័ត៌មាន​ឆៅ​មក​បញ្ចេញ​គំនិត និង​សរសេរ​ជា​រឿង​ជា​រ៉ាវ​ឡើង ដូច​ជា​ករណី​អត្ថបទ​របស់ ប្រីតា ស្រីជលាល័យ (ថៃ៖ ปรีดา ศรีชลาลัย) ជា​ដើម​។

បញ្ញវ័ន្ត​ក្រុម​ទី​១ តែង​តែ​មើល​ងាយ​ក្រុម​ក្រោយ​នេះ​ថា ជា​ពួក​មិន​មាន​ចំណេះ​ដឹង មិន​បាន​រៀន​សូត្រ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ជា​ពួក «​ជាតិ​និយម​» ព្រោះ​ពេល​សរសេរ​អ្វី​ចេញ​មក​តែង​តែ​អាង​ថា​ថៃ​សំខាន់​ជានិច្ច ជា​ពិសេស​​ពាក្យ​ថា «ខម» មិន​មែន «​ខ្មែរ​» នោះ​ក៏​ព្រោះ​​ត្រូវ​ការ​មិន​ទទួល​ស្គាល់​ថា គ្រា​មួយ​ខ្មែរ​ធ្លាប់​មក​គ្រប់​គ្រង​ស្រុក​ថៃ​នោះ​ឯង​។

ចំពោះ​ពាក្យ​ថា «​ខម» មិន​មែន «​ខ្មែរ​» នោះ​ក៏​ព្រោះ​ត្រូវ​ការ​នឹង​មិន​ទទួល​ស្គាល់​ថា គ្រា​មួយ​ខ្មែរ​ធ្លាប់​មក​គ្រប់​គ្រង​ស្រុក​ថៃ​នោះ​ឯង

បញ្ញវ័ន្ត​ក្រុម​ទី​២​នេះ​ទើប​ឆ្លើយ​តប​ទៅ​វិញ​ក្នុង​ន័យ​ថា​ក្រុម​ទី​១​តែង​តែ​ដើរ​តាម​គូថ​បារាំង​។ ពេល​បារាំង​និយាយ​អ្វី​ជឿ​ទាំង​អស់ មិន​មាន​ការ​ស្វែង​រក​ព័ត៌មាន​ថ្មី​មក​អះ​អាង​ទេ​។

ចិត្រ​ ភូមិស័ក្ដិ៍ ជា​អ្នក​ដែល​មាន​ចំណេះ​ដឹង​ទាក់​ទង​នឹង​រឿង​រ៉ាវ​នេះ ព្រោះ​សិក្សា​ក្នុង​ស្ថាប័ន​ការ​សិក្សា​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​នឹង​ប្រវត្តិសាស្ត្រ និង​បូរាណ​វិទ្យា​ថៃ ជា​ពិសេស​ទៅ​ទៀត ចិត្រ គឺ​ជា​កូន​សិស្ស​របស់​សាស្ត្រាចារ្យ​ឆាំ ថងខាំវណ្ណ (​ថៃ​៖ ฉ่ำ ทองคำวรรณ) អ្នក​ជំនាញ​ខាង​អាន​សិលាចារឹក​ខ្មែរ ហេតុ​ដូច​នេះ​ទើប​មាន​ចំណេះ​ដឹង​ភាសា​ខ្មែរ​ជា​ពិសេស​ជាង​ភាសា​ដទៃ​។

ចិត្រ​ផ្ដល់​ការ​ចាប់​អារម្មណ៍​ក្នុង​រឿង​អស់​ទាំង​នេះ​យ៉ាង​ស្ងាត់​ៗ តាម​ដែល​អាន​អត្ថបទ និង​សៀវភៅ​ដែល​ចិត្រ​សរសេរ​នោះ ចិត្រ​បាន​តាម​ដាន​ស្នាដៃ​របស់​បញ្ញវ័ន្ត​ទាំង​ពីរ​ក្រុម នៅ​ខណៈ​ពេល​ជាមួយ​គ្នា​នោះ​ក៏​ស្វះ​ស្វែង​រក​ព័ត៌មាន​តាម​វិធីការ​ដែល​ខ្លួន​ស្ទាត់ ជា​ពិសេស​ក្នុង​ផ្នែក​និរុត្តិ​សាស្ត្រ និង​ការ​បញ្ចេញ​សំឡេង​របស់​ពាក្យ (phonetics) ហេតុ​ដូច​នេះ​យើង​ឃើញ​ថា ចិត្រ​មាន​ប្រៀប និង​សំឡឹង​មើល​ឃើញ​ទូលំទូលាយ​ជាង​បញ្ញវ័ន្ត​ទាំង​ពីរ​ក្រុម ដែល​កំណត់​តែ​ត្រឹម​សិលាចារឹក រឿង​និទាន និង​ភ័ស្តុតាង​ផ្នែក​សិល្បកម្ម​បូរាណ​ ជា​សំខាន់​។

នៅ​ពេល​បាន​អាន​សៀវភៅ​របស់​ចិត្រ ភូមិស័ក្ដិ៍​ ហើយ ក៏​ឃើញ​ថា​ចិត្រ​មាន​ទាំង​ការ​យល់​ស្រប និង​មិន​យល់​ស្រប​ចំពោះ​បញ្ញវ័ន្ត​ទាំង​ពីរ​ក្រុម ដូច​ត​ទៅ​នេះ

ក្នុង​រឿង​វិធី​ស្វែង​រក​ និង​ប្រើ​ព័ត៌មាន ចិត្រ​មិន​កំណត់​ខ្លួន​ឯង​ដូច​បញ្ញវ័ន្ត​ក្រុម​ទី​១ ដែល​ប្រកាន់​ខ្ជាប់​តែ​ចំពោះ​សិលាចារិក និង​ភ័ស្តុតាង​ខាង​សិល្បកម្ម​បូរាណ ផ្ទុយ​មក​វិញ ចិត្រ​ផ្ដល់​សារ​សំខាន់​ចំពោះ​ការ​សិក្សា​រឿង​និទាន​ខ្លាំង​ជាង​ និង​ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ក៏​ផ្ដល់​សារ​សំខាន់​ក្នុង​ការ​រក​ព័ត៌មាន​ពី​សិលា​ចារិក​ផង​ដែរ​ គឺ​មិន​ជឿ​តែ​ចំពោះ​ការ​អាន និង​ការ​ផ្ដល់​អត្ថន័យ​របស់​អ្នក​អាន​សិលាចារឹក​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ គឺ​ត្រូវ​ព្យាយាម​អាន និង​ធ្វើ​ការ​ប្រៀប​ធៀប​ដោយ​ខ្លួន​ឯង​ផង ចិត្រ​បាន​សរសេរ​ថា

“យើង​នាំ​គ្នា​មើល​ងាយ​រឿង​និទាន​របស់​ខ្លួន​ឯង ហើយ​ងាក​ទៅ​រៀន​រឿង​រ៉ាវ​របស់​យើង​ពី​ស្នាដៃ​ដែល​ពួក​បារាំង និង​អង់គ្លេស​ធ្វើ​ទុក ខណៈ​គ្នា​នេះ​ក៏​ប្រញាប់​ជឿ​ជាក់​រឿង​រ៉ាវ​ដែល​អ្នក​សរសេរ​ប្រវត្តិ​សាស្ត្រ​ជន​ជាតិ​អឺរ៉ុប​សន្និដ្ឋាន និង​ដាក់​ទិស​ដៅ​ទូទៅ​ទុក​ តែ​បើ​នាំ​គ្នា​ស្វះ​ស្វែង​រក​តែ​បន្តិច ក៏​ស្វែង​រក​ទៅ​តាម​ទិស​ដៅ​នោះ តែ​ភាគ​ច្រើន​យើង​មិន​បាន​សិក្សា​ព័ត៌មាន​ឆៅ​ដោយ​ខ្លួន​ឯង ជឿ​ទាំង​ស្រុង​ពី​លទ្ធផល​វិភាគ​របស់​បារាំង​ជា​បន្ទាត់ដៅ​”

ទោះ​បី​ជា​​ចិត្រ ភូមិស័ក្ដិ៍ មិន​យល់​ស្រប​ចំពោះ​ការ​ដើរ​តាម​ក្រោយ​បារាំង​ក្នុង​ការ​ស្វែង​រក​ប្រវត្តិ​សាស្ត្រ និង​បូរាណ​វិទ្យា​ថៃ​របស់​បញ្ញវ័ន្ត​ក្រុម​ទី​១​តាម​ដែល​និយាយ​មក​នេះ តែ​នេះ​ក៏​មិន​មែន​មាន​ន័យថា​ចិត្រ​យល់​ស្រប​ចំពោះ​គោល​គំនិត និង​ការ​យល់​ឃើញ​របស់​ក្រុម​ទី​២ ដែល​ប្រកាន់​ខ្ជាប់​រឿង​រ៉ាវ​ពង្សាវតារ​ជា​ចម្បង​នោះ​។ ដូច​ដែល​ឃើញ​ថា​សៀវភៅ​មួយ​ក្បាល​នេះ​ចិត្រ​បាន​សម្ដែង​មតិ​ជំទាស់​នឹង​ក្រុម​ទី​២ ជា​ច្រើន​ផ្នែក​។

ឧទាហរណ៍ ការ​វិភាគ​រឿង​តំណាល​របស់​ថៃ​លាន្នា​ទាក់​ទង​នឹង​ព្រះ​ចៅ​កម្ពោជរាជ សាស្ត្រាចារ្យ ហ្សក សឺដេស និយាយ​ថា​ក្សត្រិយ៍​អង្គ​នេះ​គឺ​ព្រះ​ចៅ​សុរិយ​វរ្ម័ន​ទី​១ របស់​កម្ពុជា ព្រោះ​ពាក្យ​ថា កម្ពោជរាជ​នោះ​​គឺ​សំដៅ​​ដូច​គ្នា​នឹង​ពាក្យ​កម្ពុជរាជ​របស់​សិលា​ចារឹក​ខ្មែរ​។ អ្វី​ដែល​សំខាន់​ដែល​យក​មក​គាំទ្រ​ការ​ស្នើ​នេះ​គឺ​ការ​រក​ឃើញ​សិលា​ចារឹក​ដែល​និយាយ​ដល់​ព្រះ​នាម​ព្រះ​ចៅ​សុរិយ​វរ្ម័ន​ទី​១ នៅ​ឯ​ក្រុង​ល្វ ហើយ​នៅ​ក្នុង​សិលា​ចារឹក​នោះ​មាន​ពាក្យ​ថា «​កាំតូន» ដែល​សាស្ត្រាចារ្យ​ហ្សក ដេស អះអាង​ថា​មាន​ប្រភព​ពាក្យ​ពី​ពាក្យ «​តួន​» ក្នុង​ភាសា​ម៉ាឡាយូ ដែល​មាន​ន័យ​ថា យាយ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​នឹង​រឿង​តំណាល​ដែល​និយាយ​ថា មាន​ក្សត្រិយ៍​មក​ពី​នគរ​ស្រី​ធម្មរាជ​​លើក​​ទ័ព​មក​វាយ​ជាមួយ​ក្សត្រិយ៍​ល្វ និង​ក្រុង​ហរិភុញ្ញជ័យ​។ ព្រះ​ចៅ​សុរិយ​វរ្ម័ន​ទី​១ អាច​ជា​ព្រះ​រាជ​ឱរស​របស់​ស្ដេច​គ្រង​នគរ​ស្រី​ធម្មរាជ​តាម​ដែល​មាន​និយាយ​នៅ​ក្នុង​តំណាល​នោះ​។

ពី​ហេតុ​ផល​ទាំង​នេះ ធ្វើ​ឲ្យ​សាស្ត្រាចារ្យ​ហ្សក​ សឺដេស នាំ​យក​ពេល​វេលា​ដែល​ព្រះ​ចៅ​សុរិយ​វរ្ម័ន​ទី​១ គ្រង​រាជ្យ ក្នុង​រវាង​ គ.ស.​១០០២-១០៥០ មក​ជា​គ្រឹះ​នៃ​ការ​កំណត់​អាយុ​របស់​ហេតុការណ៍​នៅ​ក្នុង​តំណាល​។

រឿង​រ៉ាវ​របស់​ព្រះ​ចៅ​កម្ពោជរាជ​នៅ​ក្នុង​តំណាល​នោះ និយាយ​ថា​កើត​ឡើង​នៅ​គ.ស.​៩២៧ ហេតុ​ដូច​នេះ​នៅ​ពេល​យក​មក​ប្រៀប​ធៀប​ឲ្យ​ស៊ី​គ្នា​ជាមួយ​សម័យ​របស់​ព្រះ​ចៅ​សុរិយ​វរ្ម័ន​ទី​១ នៅ​ក្នុង​ចារឹក​ខ្មែរ​ហើយ ក៏​ត្រូវ​បន្ថយ​សករាជ​នៅ​ក្នុង​តំណាល​លាន្នា​ចុះ​មក​ប្រមាណ​១០០​ឆ្នាំ​។

ការ​កំណត់​អាយុ​តំណាល​របស់​សាស្ត្រាចារ្យ​សឺដេស​នេះ​ត្រូវ​បាន​គេ​ជឿ​ជាក់​រហូត​មក បើ​ទោះ​បី​ជា​ពេល​ក្រោយ​ៗ​មក​សាស្ត្រាចារ្យ​សឺដេស​បាន​បញ្ឈប់​ការ​ស្នើ​ដែល​ថា​ព្រះ​ចៅ​សុរិយ​វរ្ម័ន​ទី​១ ទ្រង់​មាន​សែ​ស្រឡាយ​ជាមួយ​ក្សត្រិយ៍​នៅ​នគរ​ស្រី​ធម្មរាជ​ក្ដី​។

រឿង​ការ​បន្ថយ​សករាជ​នេះ​មាន​ពួក​បញ្ញវ័ន្ត​ថៃ​នៅ​ក្នុង​ក្រុម​ដែល​ត្រូវ​បាន​ហៅ​ថា «​ជាតិ​និយម​» បាន​ពិនិត្យ​មើល​រឿង​រ៉ាវ និង​សករាជ​ក្នុង​តំណាលថៃ និង​សរសេរ​ជំទាស់​ថា សករាជ​ក្នុង​តំណាល​អាច​ជឿ​ជាក់​បាន ហើយ​ម្យ៉ាង​ទៀត ព្រះ​ចៅ​កម្ពោជរាជ​នៅ​ក្នុង​តំណាល គឺ​ផ្សេង​គ្នា​ពី​ព្រះ​ចៅ​សុរិយ​វរ្ម័ន​ទី​១ ហើយ​ក៏​គ្មាន​ហេតុ​ផល​ដែល​នឹង​ត្រូវ​ទៅ​បន្ថយ​អាយុ​ចុះ​។ ការ​ធ្វើ​បែប​នេះ​មាន​ន័យ​ស្មើ​នឹង​ការ​បន្ថយ​ចុះ​ទាំង​អស់​នៅ​ក្នុង​តំណាល​ទាំង​មូល​ផង​ដែរ​។

ចិត្រ ភូមិស័ក្ដិ៍ យល់​ស្រប​នឹង​អ្នក​បូរាណ​វិទ្យា​ថៃ​ផ្នែក​ជំទាស់​ដែល​យល់​ថា​កម្ពោជរាជ​នៅ​ក្នុង​តំណាល​លាន្នា​ថៃ គឺ​ជា​មនុស្ស​ផ្សេង​គ្នា​ពី​ព្រះ​ចៅ​សុរិយ​វរ្ម័ន​ទី​១ តែ​នៅ​ខណៈ​គ្នា​នេះ​ក៏​មិន​យល់​ស្រប​នឹង​ពួក​ដែល​នៅ​​ប្រណី​ប្រណម​រឿង​ព្រះ​ចៅ​សុរិយ​វរ្ម័ន​ទី​១ ដែល​​បាន​ស្នើ​ថា​មាន​សែ​ស្រឡាយ​ជាមួយ​ក្សត្រិយ៍​នៅ​នគរ​ស្រី​ធម្មរាជ ដែល​គ្រង​ក្រុង​ល្វ​បន្ត​មក​រាប់​រយ​ឆ្នាំ​ទៀត ដោយ​ចិត្រ​ផ្ដល់​ហេតុ​ផល​ថា

“ខ្ញុំ​គិត​ថា នៅ​ពេល​បដិសេធ​រឿង​ស្រី​សុរិយ​វរ្ម័ន​ទី​១ មិន​មែន​កម្ពោជរាជ​ដែល​ជា​ឱរស​ជីវករាជ គ.ស.​៩២៧ នោះ​ហើយ ក៏​មិន​មាន​មូល​ដ្ឋាន​អ្វី​នៅ​សល់​ដែល​ត្រូវ​គិត​ថា​ស្រី​សុរិយ​វរ្ម័ន​​អង្គ​នេះ​មាន​សែ​ស្រឡាយ​របស់​ជីវករាជ​ឯ​ក្រុង​ល្វ​ទេ​។ ហេតុ​ផល​ដែល​សាស្ត្រាចារ្យ​សឺដេស​អះ​អាង​ថា ស្រី​សុរិយ​វរ្ម័ន​ទី​១ ជា​ឱរស​ស្ដេច​ល្វ​នោះ មិន​មែន​មក​ពី​សិលា​ចារឹក​ខ្មែរ តែ​កើត​ឡើង​ព្រោះ​ការ​គិត​ថា ក្សត្រិយ៍​ខ្មែរ​អង្គ​នេះ​គឺ​ជា​ក្សត្រិយ៍តែ​មួយ​ជាមួយ​កម្ពោរាជ​ក្នុង​តំណាល​របស់​ថៃ​លាន្នា​តែ​ប៉ុណ្ណោះ​។ នៅ​ពេល​ដែល​យើង​បដិសេធ​រឿង​នេះ​ហើយ គំនិត​ដែល​ថា​ស្រី​សុរិយ​វរ្ម័ន​ទី​១ រួម​គ្នា​ជាមួយ​ជីវករាជ និង​តាំង​ក្រុង​ឯ​ល្វ​នោះ ក៏​ត្រូវ​រលំ​ដោយ​បរិយាយ​។”

តាម​ដែល​លើក​ជា​ឧទាហរណ៍​មក​នេះ​ក៏​ដើម្បី​បង្ហាញ​ថា ចិត្រ ភូមិស័ក្ដិ៍ គឺ​ជា​បញ្ញវ័ន្ត​ដែល​មាន​មូល​ដ្ឋាន​ខ្លួន​ឯង​។ មាន​លទ្ធភាព​ក្នុង​ការ​វិភាគ និង​វិចារណ៍​ការងារ​របស់​បញ្ញវ័ន្ត​ជំនាន់​មុន​ៗ​យ៉ាង​មាន​ហេតុ​ផល ដែល​រាប់​ថា​ពិ​បាក​រក​នៅ​ក្នុង​រង្វង់​បញ្ញវ័ន្ត​ថៃ​​នា​សម័យ​នោះ​។ ខ្ញុំ​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ពាក្យ​វិចារណ៍​របស់​ចិត្រ​និយាយ​ដល់​សាស្ត្រាចារ្យ​សេដេស​ថា

តាម​ដែល​ខ្ញុំ​ត្រួត​ពិនិត្យ​មើល​វិធី​គិត​របស់​លោក​សឺដេស ចំណុច​ផ្ដើម​សំខាន់​របស់​លោក​អាច​ចាប់​ផ្ដើម​មក​ពី​ការ​ផ្ដល់​និយម​ន័យ​​ពាក្យ​ថា​កម្ពោជរាជ​ក្នុង​តំណាល​។ មើល​ទៅ​ហាក់​បី​ដូច​ជា​លោក​យល់​ថា កម្ពោជរាជ​ក្នុង​តំណាល​ថៃ​មាន​អត្ថន័យ​ស្មើ​នឹង​ក្សត្រិយ៍​កម្ពុជា (roi du Cambodge)​។ លោក​យល់​​ពាក្យ​ថា កម្ពោជ​រាជ​ក្នុង​តំណាល​ថៃ​លាន្នា​ក្នុង​ន័យ​ដូច​គ្នា​ជាមួយ​នឹង​កម្ពុជ​រាជ​របស់​ចារឹក​ខ្មែរ ដែល​ធ្វើ​ឲ្យ​ក្សត្រិយ៍​ល្វ​អង្គ​នេះ​មាន​ឋានៈ​ជា​ក្សត្រិយ៍​ខ្មែរ​នគរ​ធំ​ឡើង​។ នៅ​ពេល​ដូច​នេះ ការ​សិក្សា​តំណាល​ថៃ​របស់​លោក​រមែន​ដំណើរ​ការ​ទៅ​តាម​លក្ខណៈ​យក​​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ជា​ចំណុច​កណ្ដាល និង​កែ​សម្រួល​អត្ថន័យ​តំណាល​ថៃ​ឲ្យ​ស៊ី​គ្នា​។”

ការ​វិភាគ​វិចារណ៍​វិធី​ការ​គិត​ការ​ផ្ដល់​និយម​ន័យ​របស់​បញ្ញវ័ន្ត​បែប​នេះ ជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​ស្ថាប័ន​ដែល​ចិត្រ​កំពុង​សិក្សា​នៅ​សម័យ​នោះ ព្រោះភាគច្រើន​ពួក​លោក​តែង​តែ​អាន​សៀវភៅ​របស់​សាស្ត្រាចារ្យ​សឺដេស ឬ​របស់​អ្នក​បញ្ញវ័ន្ត​ទាំង​នោះ ដោយ​មិន​អាន​អារម្ភកថា ឬ​វិភាគ​វិធី​ការ និង​វិធី​ស្វែង​រក​ព័ត៌មាន​។

រាប់​បាន​ថា​ចិត្រ​ដើរ​ទៅ​ឆ្ងាយ​ជា​បណ្ដា​គ្រូ​បា​អាចារ្យ និង​មិត្រ​រួម​ជំនាន់ យ៉ាង​ពិត​ប្រាកដ​។

អ្វី​ដែល​សំខាន់​មួយ​ទៀត​ដែល​ចិត្រ ភូមិស័ក្ដិ័ បាន​ផ្ដល់​ជា​គំនិត​ដែល​ល្អ ទាក់​ទង​នឹង​វិធី​ការ​សិក្សា​រក​ការ​ពិត​ពី​តំណាល​នោះ​ក៏​គឺ

“ខ្ញុំ​យល់​ថា​ចាមទេវីវង្ស ជិនកាលមាលីបករណ៍ និង​តំណាល​មូល​សាសនា​ជា​តំណាល​ថៃ​លាន្នា​បូរាណ យើង​ត្រូវ​អាន និង​វាយ​តម្លៃ​សព្ទ​របស់​តំណាល​ដោយ​អត្ថន័យ​តាម​បែប​ថៃ​លាន្នា​បូរាណ”

ឃ្លា​ខាង​លើ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ចិត្រ​ព្យាយាម​សំឡឹង​មើល​រឿង​រ៉ាវ​ពី​អតីត​ក្នុង​ក្រសែ​ភ្នែក​របស់​មនុស្ស​ពី​អតីត មិន​មែន​ក្រសែ​ភ្នែករបស់​អ្នក​ដែល​សំឡឹង​មើល​អតីត​ពី​បច្ចុប្បន្ន ដែល​មាន​ពាស​ពេញ​ក្នុង​រង្វង់​បញ្ញវ័ន្ត​ថៃ​សម័យ​នេះ​។

ក្នុង​រឿង​ការ​ស្វែក​រក​ការ​ពិត​ពី​រឿង​ជន​ជាតិ​ខម​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល​នេះ ចិត្រ​ប្រើ​ប្រាស់​តំណាល​ជា​អ្នក​នាំ​មុខ គឺ​តំណាល​ក្រុង​សុវណ្ណគោម​គាំ និង​តំណាល​សិង្ហនុវតិកុមារ ព្រោះ​នៅ​ក្នុង​តំណាល​ទាំង​នោះ​បាន​និយាយពី​ឈ្មោះ​ជន​មួយ​ក្រុម​ដែល​ហៅ​ថា ក្លម ក្រម និង​កៈហ្លម ជា​ក្រុម​ជន​ដែល​ធ្លាប់​គ្រប់​គ្រង​ដែន​ដី​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​មុន​ពេល​ដែល​ជន​ជាតិ​ថៃ​ភៀស​ខ្លួន​ចូល​មក​។

ចិត្រ​បាន​ប្រៀប​ធៀប​ពាក្យ​ទាំង​នេះ​ក្នុង​រឿង​ការ​បញ្ចេញ​សំឡេង និង​ផ្នែក​និរុត្តិសាស្ត្រ ហើយ​បញ្ចេញ​យោបល់​ថា ពាក្យ​ទាំង​នោះ​ដូច​គ្នា​នឹង​ពាក្យ​ថា «​ខម​» នោះ​ឯង​។

ចិត្រ​បាន​រក​ឃើញ​ភ័ស្តុតាង​ថា​នៅ​បច្ចុប្បន្ន​នេះ ពាក្យ​ថា ក្លម និង​កៈហ្លម​នោះ អ្នក​ដែល​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ​លើ​ប្រើ​ហៅ​ជន​ជាតិ​ថៃ ឬ​សៀម​ដែល​នៅ​ផ្នែក​ខាង​ក្រោម​។

អាន​ភាគ​ទី​២

_______________________________________________
អានផង​ដែរ ៖
១. “ខម” គឺ​ជា​នរណា​? ស្រីស័ក្រ វិល្លិភោតម ធ្វើ​វិចារណ៍ ចិត្រ ភូមិស័ក្ដិ៍
២. អត្ថបទ​ប្រែ ៖ “ខម” គឺ​ជា​នរណា​? ស្រីស័ក្រ វិល្លិភោតម ធ្វើ​វិចារណ៍ ចិត្រ ភូមិស័ក្ដិ៍ (​ភាគ​២)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: