jump to navigation

អត្ថបទ​ប្រែ ៖ “ខម” គឺ​ជា​នរណា​? ស្រីស័ក្រ វិល្លិភោតម ធ្វើ​វិចារណ៍ ចិត្រ ភូមិស័ក្ដិ៍ (​ភាគ​២) ថ្ងៃអង្គារ 27 ខែវិច្ឆិកា 2018

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, ภาษาไทย.
trackback

ត​ពី​ភាគ​ទី​១ ចុច​ទី​នេះ

ภาพจากปราสาทบายน ถ่ายเมื่อ 24 พฤศจิกายน 2007 (AFP PHOTO / VOISHMEL)
រូប​ភាព​ពី​ប្រាសាទ​បាយ័ន ថត​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០០៧ (AFP PHOTO / VOISHMEL)

នៅ​ពេល​យល់​បែប​នេះ​ហើយ​ទើប​ងាក​មក​ស៊ើប​សួរ​រឿង​រ៉ាវ​ស្រុក​ទេ និង​ដែន​ដី​កំណើត​របស់​ក្រុម​ដែល​ហៅ​ថា ក្រោម នៅ​ក្នុង​តំណាល​សុវណ្ណគោម​គាំ និង​តំណាល​សិង្ហនុវ័ត្តិ ចិត្រ បាន​វិភាគ​ស្រុក​ទេស​របស់​ពួក​ក្រោម​ជា ៣​ដំណាក់​កាល គឺ​ដំណាក់​កាល​ក្រុង​ពោធិសារហ្លួង ដំណាក់​កាល​ក្រុង​ឥន្ទ្របត្ថ និង​សុវណ្ណគោម​គាំ និង​ដំណាក់​កាល​ក្រុង​ឧមោង្គសេលា​។

នៅ​ក្នុង​ការ​ពិនិត្យ​មើល​រឿង​រ៉ាវ​នេះ ចិត្រ​បាន​ត្រួត​ពិនិត្យ​ប្រៀប​ធៀប​ជាមួយ​ភ័ស្ដុតាង​ឯកសារ​ផ្សេង​ៗ​ទៀត ដែល​ទាក់​ទង រួច​សរុប​ឲ្យ​ឃើញ​ថា ពួក​ក្រោម​នោះ​រស់​នៅ​ចាប់​តាំង​ពី​មាត់​ទន្លេ​មេគង្គ រហូត​ទៅ​ដល់​តំបន់​យូណាន​របស់​ប្រទេស​ចិន​។

នៅ​ក្នុង​ដំណាក់​កាល​ក្រុង​ពោធិសារ​ហ្លួង ដែល​មាន​ទី​តាំង​នៅ​ក្នុង​តំបន់​មេគង្គ​កណ្ដាល​នោះ គឺ​ពួក​ហ្វូណន​ដែល​មាន​និយាយ​នៅ​ក្នុង​កំណត់​ហេតុ​ចិន​។ នៅ​ក្នុង​តំណាល​ថៃ​បាន​ហៅ​ពួក​ក្រោម​ពួក​នេះ​ថា​ពួក​មេ​អំបៅ​។ ចំណែក​ឯ​ដំណាក់​កាល​ក្រោយ គឺ​ដំណាក់​កាល​ក្រុង​ឥន្ទ្របត្ថ ត្រូវ​គ្នា​នឹង​ពួក​ចេនឡា ជា​យុគ​ដែល​មាន​ការ​ឈ្លោះ​គ្នា ធ្វើ​ឲ្យ​ពួក​ក្រោម​មួយ​ចំនួន​ភៀស​ខ្លួន​ពី​តំបន់​មេគង្គ​កណ្ដាល​ឡើង​មក​តំបន់​មេគង្គ​លើ​។ ពួក​ដែល​ភៀស​ខ្លួន​ឡើង​មក​លើ​នោះ​បាន​កសាង​ក្រុង​សុវណ្ណគោម​គាំ​ឡើង នៅ​ឯ​កោះ​ធំ​មួយ​ក្បែរ​ទន្លេ​មេគង្គ ផ្នែក​ប្រទេស​លាវ​ដែល​ទល់​គ្នា​នឹង​ទន្លេ​កុក​ក្នុង​ប្រទេស​ថៃ​។

ចំណែក​ពួក​ដែល​មាន​អំណាច​រស់​នៅ​តាម​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​នោះ នៅ​ក្នុង​តំណាល​ថៃ​ហៅ​ថា​ពួក​នាគ​។ ពួក​នេះ​ជា​ពពួក​បុព្វ​បុរស​ដោយ​ផ្ទាល់​​របស់​ក្រុម​ជន​ដែល​ហៅ​ថា​ជន​ជាតិ «​ខ្មែរ​»​។ នៅ​សម័យ​ក្រោយ​ៗ​មក តាម​ភ័ស្តុតាង​​ផ្នែក​ចារឹក និង​បុរាណ​វិទ្យា​​ជន​ក្រុម​នេះ​ដំបូង​ឡើង​តាំង​ស្រុក​ទេស​នៅ​ក្រុង​ចម្ប៉ាស័ក្ដិ នៅ​ក្នុង​តំបន់​ប្រទេស​លាវ និង​ក្សត្រិយ៍​អង្គ​សំខាន់​គឺ​ព្រះ​ចៅ​ភវវរ្ម័ន ដែល​បាន​រៀប​ការ​ជាមួយ​ព្រះ​នាង​កម្ពុជ​រាជលក្ស្មី​។ រឿង​ក្សត្រិយ៍​ទាំង​ពីរ​ព្រះ​អង្គ​នេះ​បន្ត​ត​មក​នៅ​ក្នុង​រឿង​និទាន​ព្រះ​ថោង​នាង​នាគ​។

នៅ​ក្នុង​ដំណាក់​កាល​ទី​៣ គឺ​សម័យ​ក្រុង​ឧមោង្គសេលា គឺ​ជា​យុគ​របស់​ពួក​ក្រោម​ខ្មៅ ដែល​ជា​ពួក​មេ​អំបៅ​ដែល​ភៀស​ខ្លួន​ពី​ទន្លេ​មេគង្គ​ជំនាន់​ក្រោយ បាន​សាង​ក្រុង​ឧមោង្គសេលា​ឡើង​នៅ​បរិវេណ​ទន្លេ​កុក​។ ពួក​ក្រោម​ក្រោយ​នេះ​បាន​រាល​ដាល​ទៅ​ដល់​តំបន់​យូណាន​ខាង​ត្បូង និង​រដ្ឋ​ឆាន​ក្នុង​ប្រទេស​ភូមា​។

ក្រៅ​ពី​ការ​រុក​រក​សាវតារ​របស់​ពួក​ខម ឬ​ក្រោម​នៅ​ក្នុង​តំណាល​ថៃ​លាន្នា​ទាំង​នោះ​ហើយ ចិត្រ​បាន​ពិនិត្យ​មើល​រឿង​រ៉ាវ​របស់​ពួក​ខម​នៅ​ក្នុង​ភ័ស្តុតាង​មន និង​ភូមា ប្រទះ​ឃើញ​ពាក្យ​ហៅ​ក្រុម​ជន​ដែល​រស់​នៅ​តាម​ទន្លេ​ចៅ​ពញា​ថា «​ក្រោម​» នៅ​ក្នុង​ភាសា​មន និង​ពាក្យ «គ្យួន» ក្នុង​ភាសា​ភូមា​។ នៅ​ពេល​ប្រៀប​ធៀប​ការ​បញ្ចេញ​សំឡេង និង​ឫស​គល់​របស់​ពាក្យ រហូត​ដល់​ភ័ស្តុតាង​នៅ​ក្នុង​តំណាល​ហើយ ចិត្រ​បាន​សន្និដ្ឋាន​ថា ទាំង «​ក្រោម​» និង «គ្យួន» គឺ​សំដៅ​ដល់ «ខម​» នោះ​ឯង​។

ពី​ភស្តុតាង​ទាំង​នេះ​ធ្វើ​ឲ្យ​ចិត្រ​សំឡឹង​មើល​ធំ​ជាង​នេះ​ទៅ​ទៀត គឺ​ថា​ពួក «​ខម» ឬ «​ក្រោម​» នោះ​មិន​មែន​មាន​តែ​នៅ​តំបន់​ទន្លេ​មេគង្គ​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​រាយ​ប៉ាយ​នៅ​បរិវេណ​ទន្លេ​ចៅ​ពញា​ផង​ដែរ​។

ចាប់​ផ្ដើម​ពី​ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ចិត្រ​ត្រូវ​ងាក​មក​ពិនិត្យ​រក​មើល​រឿង​រ៉ាវ​ពី​តំណាល​ពង្សាវតារ​សិលា​ចារឹក និង​ភស្តុតាង​​ផ្នែក​បុរាណ​វិទ្យា​នៅ​ក្នុង​តំបន់​កណ្ដាល​បន្ថែម​ទៀត​។ នៅ​ក្នុង​រឿង​នេះ​ចិត្រ​មាន​ការ​ចាប់​អារម្មណ៍​ពាក្យ​ថា «​កម្ពោជ» ជា​ខ្លាំង​ ព្រោះ​ពាក្យ​នេះ​ប្រទះ​ឃើញ​ក្នុង​ការ​ហៅ​ឈ្មោះ​ក្រុង​លព​បុរី ឬ​ល្វ​។ អ្នក​ប្រាជ្ញ​ភាគ​ច្រើន​សន្និដ្ឋាន​ថា «​កម្ពោជ» សំដៅ​ដល់ «​កម្ពុជា​» ឬ​ខ្មែរ​ពី​ក្រុង​នគរ​ធំ​ដែល​បាន​មក​រស់​នៅ និង​មាន​ឥទ្ធិពល​នៅ​តំបន់​ទន្លេ​ចៅ​ពញា​។ តែ​ចិត្រ​ត្រឡប់​ជា​រក​ឃើញ​ថា​ពួក «​កម្ពោជ» ឬ «​គ្យួន​» ដែល​ដំដៅ​ដល់​ «​ខម» នោះ មិន​មែន​ពួក​ដូច​គ្នា​ជាមួយ​នឹង​ពួក​ខ្មែរ​មក​ពី​នគរ​ធំ​នោះ​ឡើយ ព្រោះ​មាន​ភស្តុតាង​ឲ្យ​ឃើញ​ថា ពាក្យ​ដែល​ទាក់​ទង​នឹង​បណ្ដា​ស័ក្ដិ៍​របស់​ក្រុម​ជន​តាម​ទន្លេ​ចៅ​ពញា ដូច​ជា​ពាក្យ​ថា ឧកព្រះ ឧកញ៉ា នោះ មិន​ធ្លាប់​ប្រទះ​ឃើញ​នៅ​ក្នុង​ចារឹក​ខ្មែរ​សម័យ​នគរ​ធំ​ឡើយ​។

​ចិត្រ​ជឿ​ថា ជនជាតិ​ថៃ​បាន​មក​តាំង​លំនៅ​តាម​តំបន់​ទន្លេ​ចៅ​ពញា​យូរ​ណាស់​មក​ហើយ ដែល​មាន​ភស្តុតាង​របស់​មន និង​ភូមា និយាយ​ដល់​នៅ​ក្នុង​ពុទ្ធ​សតវត្សរ៍​ទី​១៦ ដែល​មិន​មែន​ទើប​តែ​ចុះ​មក​ក្នុង​សម័យ​ក្រោយ​ៗ​នោះ​ទេ​។

มุมหนึ่งภายในปราสาทบายน ถ่ายเมื่อ 24 พฤศจิกายน 2007 (AFP PHOTO / VOISHMEL) / VOISHMEL
ជ្រុង​មួយ​ក្នុង​បរិវេណ​ប្រាសាទ​បាយ័ន ថត​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០០៧ (AFP PHOTO / VOISHMEL) / VOISHMEL

ទោះ​បី​យ៉ាង​នេះ​ក្ដី ចិត្រ​យល់​ថា «​ខម» ឬ «ខ្មែរ​» ពី​ក្រុង​នគរ​ធំ ដែល​នៅ​ក្នុង​តំណាល​ហៅ​ថា «​ឥន្ទ្របត្ថនគរ» នោះ ធ្លាប់​បាន​ផ្សព្ធ​ផ្សាយ​ឥទ្ធិពល​ចូល​មក​ក្នុង​តំបន់​ទន្លេ​ចៅ​ពញា​នេះ ក្នុង​អំឡុង​កណ្ដាល​ពុទ្ធ​សតវត្សរ៍​ទី​១៥ ព្រោះ​ប្រទះ​ឃើញ​សិលា​ចារឹក​ដែល​និយាយ​ដល់​ព្រះ​នាម​មហា​ក្សត្រិយ៍​ខម ដូច​ជា​យសោ​វរ្ម័ន​ទី​១ (គ.ស.​៨៨៩​- ៩០០​) នៅ​ឯ​ចន្ទ​បុរី និង​ប្រាសាទ​ថ្ម​របស់​ខម​នៅ​វត្ត​កំពែង​លែង ឯ​ក្រុង​ពេជ្រ​បុរី​។

ភស្តុតាង​មួយ​ប្រភេទ​ទៀត​ដែល​ចិត្រ​យក​មក​អះ​អាង​នោះ​គឺ​ឈ្មោះ​ទី​កន្លែង​នានា ឬ​ឈ្មោះ​ភូមិ​ស្រុក​ដែល​ជា​ភាសា​ខ្មែរ នៅ​ក្នុង​តំបន់​ទន្លេ​ចៅ​ពញា តួយ៉ាង​ដូច​ជា​ក្រុង​ព្រះ​ប្រតែង (កកន៖ ថៃ​សរសេរ พระประแดง បញ្ចេញ​សំឡេង​ថា ផ្រៈ ប្រៈ ឌែង) ជា​ពាក្យ​ដែល​ក្លាយ​មក​ពី​យស​មន្ត្រី​ខម ដែល​ហៅ​ថា «​ផ្ដែង» ជា​ដើម​។

ការ​ដែល​ខម ឬ​ខ្មែរ​មក​ពី​នគរ​ធំ​ធ្លាប់​មាន​អំណាច​មក​ដល់​ទន្លេ​ចៅ​ពញា​នេះ​ឯង ទើប​ធ្វើ​ឲ្យ​ប្រជាជន​លាន្នា ហៅ​ឈ្មោះ​ក្រុម​មនុស្ស​ដែល​នៅ​តាម​ទន្លេ​ចៅ​ពញា​ថា «ខម» និង «​កម្ពោជ» ដូច​មាន​ពាក្យ​អស់​ទាំង​នេះ​នៅ​ក្នុង​តំណាល​របស់​ជន​ជាតិ​ភាគ​ខាង​ជើង ជា​ពិសេស​តំនាល​ជិនកាលមាលីបករណ៍ មូល​សាសនា និង​ចាម​ទេវីវង្ស ដែល​និយាយ​ពណ៌នា​ពី​សម្ព័ន្ធ​ភាព​រវាង​ស្រុក​ទេស​នៅ​តាម​ទន្លេ​ចៅ​ពញា ជាមួយ​លាំពូន នៅ​ក្នុង​ពុទ្ធ​សតវត្សរ៍​ទី​១៥​។ តំណាល​អស់​ទាំង​នេះ​បាន​សរសេរ​ឡើង​នៅ​ប្រមាណ​ពាក់​កណ្ដាល​ពុទ្ធ​សតវត្សរ៍​ទី​២១ ដែល​រាប់​ថា​ជា​ភស្តុតាង​​ដ៏​ល្អ​មួយ​ថា មនុស្ស​នៅ​សម័យ​នោះ​របស់​លាន្នា ហៅ​មនុស្ស​ដែល​រស់​នៅ​តាម​ទន្លេ​ចៅ​ពញា​នៅ​សម័យ​ពុទ្ធ​សតវត្សរ៍​ទី​១៥​ថា កម្ពោជ និង​ខម​។

ស្រដៀង​គ្នា​នេះ​ដែរ​នៅ​តំបន់​លាន្នា និង​លាន្ជាង ​ដែល​មាន​តំណាល​សុវណ្ណ​គោម​គាំ និង​សិង្ហនុវ័ត្តិ​កុមារ​និយាយ​ថា ធ្លាប់​ជា​ដែន​ដី​ដែល​ពួក​ក្លម ឬ​ខម​រស់​នៅ​ពី​មុន​នោះ ជន​ក្រុម​ផ្សេង​ដែល​រស់​នៅ​ក្រៅ​តំបន់​ដែន​ដី​នេះ​ក៏​តែង​តែ​ហៅ​ពួក​ដែល​រស់​នៅ​ខាង​ក្នុង​ថា ពួក​ខម ឬ​កម្ពោជ ផង​ដែរ​។

ក្នុង​រឿង​នេះ​ចិត្រ​បាន​រក​ភស្តុតាង​ផ្នែក​ឯកសារ និង​ភាសា​ហៅ​នា​បច្ចុប្បន្ន​របស់​ទី​កន្លែង​ក្នុង​បរិវេណ​ទាំង​នោះ​មក​បង្ហាញ​ឲ្យ​ឃើញ​។

ទោះ​បី​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​ការ​នឹក​ដល់​របស់​មនុស្ស​សម័យ​បច្ចុប្បន្ន​ជា​ពិសេស​ពួក​លាវ​នៅ​តាម​តំបន់​ទន្លេ​មេគង្គ​នោះ ពាក្យ​ថា ខម​នា​បច្ចុប្បន្ន​នោះ​សំដៅ​ដល់​ពួក​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ចម្បង​។ ហេតុ​ដូច​នេះ​ចិត្រ​ទើប​ធ្វើ​ការ​សរុប​លទ្ធផល​ការ​ស្វែង​រក​ការ​ពិត​ស្ដី​អំពី​ជន​ជាតិ​ខម​ថា ខម​នៅ​ក្នុង​អត្ថន័យ​ចម្បង​នោះ​សំដៅ​ដល់​ជន​ក្រុម​នៅ​នគរ​ធំ និង​តាម​ដង​ទន្លេ​មេ​គង្គ​ជា​សំខាន់ តែ​ប្រសិន​បើ​មើល​ឲ្យ​ធំ​ជាង​នេះ​ទៀត ពាក្យ​ថា​ខម​នេះ​សំដៅ​រហូត​ដល់​ទៅ​ជន​ក្រុម​ផ្សេង​ៗ​ទៀត​ដែល​នៅ​បរិវេណ​ទន្លេ​ចៅ​ពញា និង​មេគង្គ​លើ​ដូច​ជា​នៅ​រដ្ឋ​ឆាន​ផង​ដែរ​

តាម​មតិ​យោបល់​របស់​ខ្ញុំ​ក្នុង​ការ​វិចារណ៍​ការងារ​រឿង​នេះ​របស់​ចិត្រ ភូមិស័ក្ដិ៍ ឃើញ​ថា​ជា​ការងារ​ដែល​មាន​គុណ​តម្លៃ​ចំពោះ​ការ​សិក្សា​យ៉ាង​ខ្លាំង​។ ចិត្រ​បាន​ស្វែង​រក​យ៉ាង​ទូ​លំ​ទូលាយ និង​មាន​ភាព​លម្អិត​ដែល​មិន​ធ្លាប់​មាន​អ្នក​សិក្សា​ណា​ពី​សម័យ​មុន​ធ្វើ​មិន​បាន ជា​ពិសេស​ការ​ប្រើ​ប្រាស់​វិធី​ការ​សិក្សា​ក្នុង​ការ​បញ្ចេញ​សំឡេង និង​ឫស​គល់​របស់​ពាក្យ រហូត​ដល់​ការ​បង្ហាញ​ឲ្យ​ឃើញ​​អត្ថន័យ​របស់ «​ខម» តាំង​ពី​អតីត​រហូត​ដល់​បច្ចុប្បន្ន​។

រឿង​ជន​ជាតិ​ខម​នោះ​នៅ​មិន​ទាន់​បញ្ឈប់​ត្រឹម​នេះ​ទេ តែ​វា​ជា​ការ​នាំ​មក​បង្ហាញ​នូវ​គោល​គំនិត​ថ្មី​ៗ ឲ្យ​ទូលំ​ទូលាយ​ដើម្បី​ការ​រុក​រក​ក្នុង​លក្ខណៈ​ស៊ី​ជម្រៅ និង​ផ្ដល់​ការ​ពិត​ច្រើន​ឡើង​បន្ថែម​ទៀត​។

ទាំង​វិធី​ការ​ផ្នែក​វិទ្យា​សាស្ត្រ ឬ​ផ្នែក​និរុត្តិសាស្ត្រ​ក្ដី ដែល​ចិត្រ​នាំ​យក​មក​ប្រើ​ក្នុង​ការ​សិក្សា​ស្វែង​រក​ការ​ពិត​ទាក់​ទង​នឹង​ពាក្យ​ថា​ខម​នោះ ជា​ការ​ប្រឈម​នឹង​បណ្ដា​បញ្ញវ័ន្ត​ដែល​ធ្លាប់​រៀន​មក​រហូត​ក្លាយ​ជា​អ្នក​ជំនាញ​នៅ​សម័យ​នេះ​យ៉ាង​ខ្លាំង​។ វា​គួរ​តែ​មាន​ការ​ពិសោធន៍​គ្នា​ថា​វិធីការ​ដែល​ចិត្រ​ប្រើ​នោះ​មាន​ភាព​ជឿ​ជាក់​បាន​កម្រិត​ណា​។

ខ្ញុំ​គិត​ថា​បណ្ដា​អ្នក​ប្រវត្តិ​សាស្ត្រ​ក៏​នឹង​មាន​ភាព​តឹង​តែង​មិន​តិច​ទេ ប្រសិន​បើ​ត្រូវ​យក​ការងារ​របស់​ចិត្រ ភូមិស័ក្ដិ៍ ទៅ​អះ​អាង​ក្នុង​ឋានៈ​ជា​ភស្តុតាង​ប្រវត្តិ​សាស្ត្រ តែ​វា​នឹង​បាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ពី​ការ​ដែល​ចិត្រ​រក​ព័ត៌មាន​យ៉ាង​ទូលំ​ទូលាយ​។

ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​គិត​ថា ការងារ​របស់​ចិត្រ ភូមិស័ក្ដិ៍ រឿង​នេះ​មាន​ប្រយោជន៍​ចំពោះ​ការ​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​តំបន់​យ៉ាង​ច្រើន ព្រោះ​ចិត្រ​បាន​ព្យាយាម​បង្ហាញ​ឲ្យ​ឃើញ​ថា​​មនុស្ស​បច្ចុប្បន្ន​នៅ​តាម​តំបន់ ឬ​ភូមិ​ភាគ​នីមួយ​ៗ មាន​ការ​យល់​ឃើញ​ទាក់​ទង​នឹង​ខម​យ៉ាង​ដូច​ម្ដេច​។

ការ​អាង​ដល់​រឿង​រ៉ាវ​ក្នុង​តំណាល​របស់​ជន​ជាតិ​ខាង​ជើង​ដូច​ជា​ជិនកាលមាលីបករណ៍ ចាម​ទេវីវង្ស និង​មូលសាសនា ដែល​ជា​រឿង​របស់​អ្នក​នៅ​ពុទ្ធ​សតវត្សរ៍​ទី​២១ នោះ​ចាត់​ក្នុង​លក្ខណៈ​ដែល​អាច​ជឿ​ជាក់​បាន តែ​ការ​អាង​ដល់​រឿង​រ៉ាវ​នៅ​អតីត​ដែល​ឆ្ងាយ​ពី​នេះ ដូច​ជា​រឿង​ក្រុង​ពោធិសារ​ហ្លួង ក្រុង​សុវណ្ណ​គោមគាំ និង​ឧមោង្គសេលា ពី​តំណាល​សុវណ្ណ​គោម​គាំ និង​សិង្ហនុវត្តិ​កុមារ​នោះ គ្រាន់​ជា​រឿង​និទាន​តៗ​គ្នា ឬ Myth ដែល​អ្នក​ដែល​នៅ​ក្នុង​យុគ​ដែល​មាន​ការ​សរសេរ​តំណាល​ទាំង​នោះ​បាន​ដឹង​មក​។ ទោះ​បី​ជា​ចិត្រ​នឹង​អាង​ភស្តុតាង​ផ្នែក​បុរាណ​វិទ្យា និង​ឯកសារ​មក​ពី​ខាង​ក្រៅ​មក​ការពារ​យ៉ាង​ណា ក៏​មិន​អាច​ប្រណី​ប្រណម​គ្នា​បាន ជា​ពិសេស​តំណាល​រឿង​សុវណ្ណគោម​គាំ និង​ឧមោង្គសេលា​។

ក្រុង​សុវណ្ណគោមគាំ ដែល​ចិត្រ​អាង​ថា​នៅ​លើ​កោះ​កណ្ដាល​ទន្លេ​មេគង្គ​ផ្នែក​ប្រទេស​លាវ​ចុះ​ទៅ​មាត់​ទន្លេ​កុក​នោះ តាម​រូប​ថត​ពី​លើ​អាកាស​ឃើញ​មាន​ទី​តាំង​ក្រុង​ពិត​មែន តែ​មិន​បាន​នៅ​លើ​កោះ តែ​នៅ​លើ​ផ្នែក​ទន្លេ​មេគង្គ​ជិត​កូន​ភ្នំ ជា​ក្រុង​រូប​បួន​ជ្រុង​មាន​គូ​ទឹក តែ​រូប​បែប និង​រហូត​ទៅ​ដល់​បុរាណ​វត្ថុ​ដែល​រក​ឃើញ​នៅ​ក្នុង​បរិវេណ​ក្រុង​នេះ​ជា​រូប​បែប​ចុង​សម័យ​ជៀងសែន រហូត​មក​ដល់​ពុទ្ធ​សតវត្សរ៍​ទី​២០ ចុះ​មក​ប៉ុណ្ណោះ​ឯង​។

ចំណែក​ឯ​ក្រុង​ឧមោង្គសេលា ដែល​ថា​នៅ​បរិវេណ​ទន្លេ​កុក​នោះ​ក៏​ឃើញ​ថា​មាន​ក្រុង​បុរាណ​ជា​ច្រើន​កន្លែង​នៅ​បរិវេណ​នេះ តែ​បុរាណ​វត្ថុ​ដែល​ប្រទះ​ឃើញ​ក៏​មិន​មាន​អ្វីដែល​មាន​អាយុ​លើស​ពុទ្ធ​សតវត្សរ៍​ទី​១៩-២០​ឡើង​ទៅ​ដែរ​។

មួយ​វិញ​ទៀត​ដែល​ចិត្រ​អាង​ពី​ឥទ្ធិពល​របស់​ខ្មែរ​មក​ពី​នគរ​ធំ ពាក់​កណ្ដាល​ពុទ្ធ​សតវត្សរ៍​ទី​១៥ គ្រប​ដណ្ដប់​បរិវេណ​ឈូង​សមុទ្ទ​ថៃ​តាំង​ពី​ចន្ទ​បុរី​រហូត​ដល់​ពេជ្រ​បុរី ដោយ​និយាយ​ថា​ប្រទះ​ឃើញ​សិលា​ចារឹក​របស់​ព្រះ​ចៅ​យសោវរ្ម័ន​ទី១ និង​នៅ​ក្រុង​ពេជ្រ​បុរី​មាន​ប្រាសាទ​ថ្ម​នៅ​វត្ត​កំពែង​លែង​អាយុ​ស្ថិត​ក្នុង​ប្រមាណ​ពុទ្ធ​សតវត្សរ៍​ទី​១៥​នោះ នៅ​មាន​ភាព​មិន​ច្បាស់​លាស់​ពី​ការ​ពិត ព្រោះ​ប្រាសាទ​ថ្ម​បាយ​ក្រៀម​ឯ​វត្ត​កំពែង​លែង​នោះ បច្ចុប្បន្ន​អ្នក​បុរាណ​វិទ្យា​ប្រវត្តិ​សាស្ត្រ​លិល្បៈ​បាន​សន្និដ្ឋាន​ថា​មាន​អាយុ​ប្រមាណ​ពុទ្ធ​សតវត្សរ៍​ទី​១៨១-៩ ប៉ុណ្ណោះ​ឯង ហើយ​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ក៏​និយាយ​ថា​ជា​របស់​ដែល​សាង​ឡើង​នៅ​ក្នុង​សម័យ​ព្រះ​ចៅ​ជ័យ​វរ្ម័ន​ទី​៧​។

ខ្ញុំ​យល់​ស្រប​ជាមួយ​ចិត្រ​នៅ​ក្នុង​បរិបទ​នេះ​ ដែល​ថា​ពាក្យ «​ខម» នោះ​មាន​អត្ថន័យ​ទាំង «​ទូលំ​ទូលាយ» និង «​ចង្អៀត​»​។

ដែល​និយាយ​ថា «​ចង្អៀត​» នោះ​មាន​ន័យ​ដល់​ការ​ផ្ដល់​ភាព​សំខាន់​ទៅ​​លើ​ខ្មែរ​នៅ​ក្រុង​ព្រះ​នគរ (​កកន​ ៖ ក្រុង​ព្រះ​នគរ​ទី​នេះ ថៃ​សំដៅ​ដល់​នគរ​ធំ ឬ​ខ្មែរ​នៅ​កម្ពុជា​បច្ចុប្បន្ន​)​​។ ដ្បិត​នៅ​ក្នុង​ព្រះ​រាជ​ពង្សាវតារ​ក្រុង​ស្រី​អយុធ្យា​មាន​ការ​និយាយ​ដល់ «​ខម​ប្រែ​ភ័ក្ត្រ​» ដែល​ជា​ភស្តុតាង​មក​បញ្ជាក់​មក​ហើយ​។

ចំណែក​អត្ថន័យ​ដែល​ថា «​ទូលំទូលាយ​» នោះ ពាក្យ​ថា​ខម​មិន​កំណត់​តែ​ត្រឹម​នៅ​ប្រទេស​កម្ពុជា​ទេ​។ វា​មាន​ការ​រាយប៉ាយ​ទៅ​ធំ​ជាង​នេះ រួម​ទាំង​ស្រុក​ភូមិ​នៅ​ក្នុង​តំបន់​ទន្លេ​ចៅ​ពញា​ផង​។ តែ​ការ​ផ្សាយ​ឥទ្ធិពល​របស់​ជន​ជាតិ​ខម​នេះ​មិន​សំដៅ​ខ្លាំង​ចំពោះ​ជន​ជាតិ​ទេ តែ​សំដៅ​ខ្លាំង​លើ​ផ្នែក​វប្បធម៌ និង​ការ​ដែល​ក្រុម​ជន​នៅ​ក្នុង​តំបន់​ដែល​ទាក់​ទង មាន​អ្វី​រួម​គ្នា​នៅ​ក្នុង​ផ្នែក​វប្បធម៌​ជា​រឿង​ដែល​សំខាន់​។

ខ្ញុំ​គិត​ថា​អ្វី​ដែល​ជា​ការ​ពិត​របស់​វប្បធម៌​ខម​នោះ​ក៏​គឺ​សាសនា​ហិណ្ឌូ និង​ពុទ្ធ​សាសនា​លទ្ធិ​មហា​យាន ដែល​អភិវឌ្ឍ​ឡើង​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ តាំង​ពី​សម័យ​នគរ​វត្ត ហើយ​ឥទ្ធិពល​របស់​វប្បធម៌​នេះ​បាន​ផ្សព្ធ​ផ្សាយ​ចូល​មក​ក្នុង​តំបន់​ទន្លេ​ចៅ​ពញា ដែល​មាន​មូល​ដ្ឋាន​ជា​វប្បធម៌​ទ្វារវតី (​ឈ្មោះ​សន្មត) ដែល​មាន​ពុទ្ធ​សាសនា​ហិនយាន​ជា​គោល​មក​ពី​ដើម​។

ខ្ញុំ​គិត​ថា​សម្ព័ន្ធ​ភាព​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​រវាង​តំបន់​ទន្លេ​មេគង្គ ទន្លេ​ចៅ​ពញា ទន្លេ​ឥរវតី និង​ឈូង​សមុទ្ធ​ម៉ាឡាយូ កើត​ឡើង​ពី​ការ​ជួញ​ដូរ​ជាមួយ​បរទេស ជា​ពិសេស​ចិន តាំង​តែ​ពី​ប្រមាណ​ពុទ្ធ​សតវត្សរ៍​ទី​១៥​មក​នោះ ធ្វើ​ឲ្យ​តំបន់​អស់​ទាំង​នេះ​មាន​ទំនាក់​ទំនង​ផ្នែក​វប្បធម៌ ក្នុង​រយៈ​នេះ​ពុទ្ធ​សាសនា​គតិ​មហា​យាន​ក៏​បាន​បន្តិច​ម្ដង​ៗ​ចូល​មក​ជា​ទី​រាប់​អាន​យ៉ាង​ទូ​លំទូលាយ​នៅ​ក្នុង​ដែន​ដី​ថៃ​។

សិលា​ចារឹក​សាល​សូង ដែល​និយាយ​ពី​ព្រះ​នាម​ព្រះ​ចៅ​សុរិយ​វរ្ម័ន​ទី​១ ឬ​នៅ​មួយ​កន្លែង​ទៀត​ដែល​និយាយ​ពី​ការ​មាន​សាសនស្ថាន​ទាំង​របស់​ហិណ្ឌូ និង​របស់​ពុទ្ធ​សាសនា (​មហា​យាន​) នៅ​ក្រុង​ល្វ សុទ្ធ​តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់​ទំនង​ផ្នែក​វប្បធម៌​ស្រដៀង​គ្នា​នេះ​រវាង​ទន្លេ​ចៅ​ពញា ជាមួយ​នឹង​ក្រុង​ព្រះ​នគរ​ទាំង​អស់​។

ជា​លទ្ធផល​តាម​មក​ក៏​គឺ​សិល្បកម្ម​ពី​កម្ពុជា​បាន​ចូល​មក​ផ្សែ​ផ្សំ​ជាមួយ​សិល្បកម្ម​របស់​អ្នក​ស្រុក បាន​ធ្វើ​ឲ្យមាន​កំណើត​សិល្បៈ​បែប​លព​បុរី​ឡើង​នា​សម័យ​ក្រោយ​មក​។

ពុទ្ធ​សាសនា​គតិ​មហា​យាន​ពី​ក្រុង​ព្រះ​នគរ បាន​ចូល​មក​ផ្សព្ធ​ផ្សាយ និង​រីក​ចម្រើន​រហូត​ដល់​កំពូល​​នៅ​ក្នុង​ដែន​ដី​ថៃ ជា​ពិសេស​​នៅ​ក្នុង​តំបន់​ទន្លេ​ចៅ​ពញា ភូមិ​ភាគ​ឦសាន​ និង​ទន្លេ​មេគង្គ​លើ​តាំង​ពី​រជ្ជ​កាល​របស់​ព្រះ​ចៅ​ជ័យ​វរ្ម័ន​ទី​៧ គឺ​ប្រមាណ​ពុទ្ធ​សតវត្សរ៍​ទី​១៨ ចុះ​មក ទើប​ធ្វើ​ឲ្យ​មាន​ការ​សាង​ពុទ្ធ​ស្ថាន​ក្នុង​លទ្ធិ​មហាយាន​បែប​នគរ​ធំ ឬ​ក្រុង​ព្រះ​នគរ​ផ្សព្ធ​ផ្សាយ​ទៅ​តាម​ភូមិ​ស្រុក​នានា នៅ​ក្នុង​ដែន​ដី​ថៃ​ដូច​ដែល​បាន​រៀប​រាប់​មក​ហើយ​។

ខ្ញុំ​គិត​ថា​ក្រុម​ជន​ដែល​កាន់​ពុទ្ធ​សាសនា​គតិ​មហា​យាន​បែប​ក្រុង​ព្រះ​នគរ​នេះ​ហើយ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ពួក «​ខម​» ដោយ​មនុស្ស​នៅ​សម័យក្រោយ​ៗ​មក​ចុះ​មក​ងាក​មក​កាន់​ព្រះ​ពុទ្ធ​សាសនា​ថេរវាទ​បែប​លង្កាវង្ស​។

ហេតុ​ដូច​នេះ​ខ្ញុំ​សូម​សរុប​នៅ​ទី​នេះ​ដែល​មាន​ការ​ស្រដៀង និង​ខុស​គ្នា​ពី​ចិត្រ ភូមិស័ក្ដិ៍ ដូច​ត​ទៅ

ពួក​ខម​នោះ​បើ​និយាយ​ឲ្យចង្អៀត គឺ​សំដៅ​ដល់​ជន​ជាតិ​ខ្មែរ​សម័យ​ក្រុង​ព្រះ​នគរ ដែល​កាន់​សាសនា​ហិណ្ឌូ និង​ព្រះ​ពុទ្ធ​សាសនា​គតិ​មហា​យាន តែ​នៅ​ក្នុង​អត្ថន័យ​ដែល​ទូលំ​ទូលាយ​ជាង​នេះ​នោះ គឺ​សំដៅ​រួម​ទៅ​ដល់​ក្រុម​ជន​នៅ​តាម​ដង​ទន្លេ​ចៅ​ពញា និង​ទន្លេ​មេគង្គ​លើ ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​គតិ​មហា​យាន​បែប​ក្រុង​ព្រះ​នគរ ដែល​អភិវឌ្ឍ​ឡើង​នៅ​សម័យ​​ព្រះ​ចៅ​ជ័យ​វរ្ម័ន​ទី​៧ មក​។

អ្នក​ដែល​ហៅ​ក្រុម​ជន​ទាំង​នេះ​ថា​ខម​ក៏​គឺ​ក្រុម​ជំនាន់​ក្រោយ​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​ថេរវាទ​បែប​លង្កា​វង្ស​នោះ​ឯង​។

ជន​ជាតិ​ខម និង​វប្បធម៌​ខម​បាន​ផ្លាស់​ប្ដូរ និង​បាត់​បង់​អស់​ទឹក​ដី​នៅ​សម័យ​ក្រុង​ព្រះ​នគរ​។

អ្វី​ដែល​នៅ​សេស​សល់​ទាក់​ទង​នឹង​ខម​នៅ​សព្វ​ថ្ងៃ​នេះ គឺ​អក្សរ​និង​ភាសា​ខម ហើយ​អ្វី​ដែល​សំខាន់​គឺ​សំណល់​សាសន​ស្ថាន​ដែល​ជា​ប្រាង្គ ឬ​ប្រាសាទ​ដែល​អ្នក​ស្រុក​ទូទៅ​និយាយ​ថា​ជា​របស់​ខម ឬ​ខម​សាង​ទុក​មក​ទាំង​អស់​។


ឯកសារ​យោង ៖ សិល្បវឌ្ឍនធម្ម ច្បាប់​ខែ​វិច្ឆិកា ១៩៨២

_______________________________________________
អានផង​ដែរ ៖
១. អត្ថបទ​ប្រែ ៖ “ខម” គឺ​ជា​នរណា​? ស្រីស័ក្រ វិល្លិភោតម ធ្វើ​វិចារណ៍ ចិត្រ ភូមិស័ក្ដិ៍ (​ភាគ​១​)
២. “ខម” គឺ​ជា​នរណា​? ស្រីស័ក្រ វិល្លិភោតម ធ្វើ​វិចារណ៍ ចិត្រ ភូមិស័ក្ដិ៍

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: