jump to navigation

ទំនៀម​បុណ្យ​ឆ្លង​រដ្ឋ​ធម្មនុញ្ញ​ប្រចាំ​ឆ្នាំ នៅ​នគរ​ថៃ ថ្ងៃចន្ទ 10 ខែធ្នូ 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
2 comments

26490603890_6e977e9f0b_oជា​រៀង​រាល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ នៅ​ឯ​នគរ​ថៃ មាន​រៀប​ចំ​បុណ្យ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​បុណ្យ​ជាតិ​ធំ​មួយ​របស់​ប្រទេស​នេះ​។ ទិវា​រដ្ឋ​ធម្មនុញ្ញ​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​ជា​ការ​រំឭក​ដល់​​ថ្ងៃ​ដែល​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ ដែល​ទ្រង់​បាន​​ប្រទាន​រដ្ឋធម្មនុញ្ញ​ច្បាប់​ដំបូង​បំផុត​របស់​ថៃ នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៣២​។

បើ​ទោះ​បី​ជា​ចាប់​តាំង​ពី​ពេល​នេះ​មក​ដល់​ពេល​បច្ចុប្បន្ន ប្រទេស​ថៃ​បាន​ផ្លាស់​ប្ដូរ​រដ្ឋធម្មនុញ្ញ​អស់​ជា​ច្រើន​លើក​ច្រើន​គ្រា ដោយ​សារ​ហេតុ​ផល​នយោបាយ​នោះ តែ​ប្រទេស​​នេះ នៅ​តែ​ប្រកាន់​យក​ថ្ងៃ​ទី​១០ ខែ​ធ្នូ នេះ ជា​ទិវា​បុណ្យ​រដ្ឋ​ធម្មនុញ្ញ​ដដែល​។ យ៉ាង​ណា​ម៉ិញ​ទំនៀម​សំខាន់​ៗ​នៃ​ទិវា​បុណ្យ​រដ្ឋ​ធម្មនុញ្ញ​នេះ ត្រូវ​បាន​ប្រទេស​ថៃ​ប្រារព្ធ​ជា​ព្រះ​រាជ​ពិធី រដ្ឋ​ពិធី និង​រាស្ត្រ​ពិធី ដូច​ត​ទៅ​នេះ ៖

១០ ធ្នូ គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​ប្រចាំ​ឆ្នាំ សម្រាប់​ជន​ជាតិ​ថៃ​ទូទាំង​ប្រទេស​។ មន្ទីរ​ក្រសួង សាលា​រៀន …​។ល។ របស់​រដ្ឋ​ត្រូវ​បាន​បិទ​ទ្វារ ដើម្បី​ចូល​រួម​អប​អរ​និង​ពិធី​បុណ្យ​ជាតិ​មួយ​នេះ​​។

ដោយ​ឡែក​សម្រាប់​មន្ត្រី​រាជការ​ ចាប់​តាំង​ពី​ថ្នាក់​ព្រឹទ្ធសភា រដ្ឋ​សភា រាជ​រដ្ឋាភិបាល តុលាការ​កំពូល ព្រម​ទាំង​គ្រប់​គណៈបក្ស​នយោបាយ​របស់​ថៃ នៅ​វេលា​ព្រឹក​បាន​នាំ​គ្នា​​ចូល​ទៅ​ដាក់​ក្រពុំ​ឈូក​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​បរម​រាជានុស្សាវរីយ៍ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នា​ខាង​មុខ​រដ្ឋ​សភាជាតិ​ថៃ ក្រុង​បាងកក តាម​បែប​ផែន​ម្ដង​មួយ​ក្រុម​ៗ​។

ចំណែក​ឯ​ព្រះ​ចៅ​ផែន​ដី​ថៃ​វិញ នៅ​វេលា​ល្ងាច ស្ដេច​យាង​ទៅ​ថ្វាយ​បង្គំ​ព្រះ​បរម​រាជានុស្សាវរីយ៍ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នា​ខាង​មុខ​រដ្ឋ​សភាជាតិ​ថៃ ក្រុង​បាងកក ផង​ដែរ ដើម្បី​ថ្វាយ​ក្រពុំ​ឈូក​។ បន្ទាប់​មក​ស្ដេច​យាង​ជា​ព្រះ​រាជាធិបតី​ក្នុង​ពិធី​ឆ្លង​ទិវា​រដ្ឋធម្មនុញ្ញ​នេះ នៅ​ឯ​ព្រះ​ទីន័ង​អនន្ត​សមាគម នៃ​ព្រះ​បរម​រាជ​វាំង​ ដោយ​មាន​មន្ត្រី​រាជការ និង​ប្រធាន​ស្ថាប័ន​កំពូល​ទាំង​បី​របស់​ជាតិ​អញ្ជើញ​ចូល​រួម​ផង​។

ក្នុង​ពិធី​នោះ ព្រះ​ចៅ​ផែន​ដី​ស្ដេច​អុជ​ទៀន​ធូប​គ្រឿង​នមស្ការ ដោយ​មាន​ព្រះ​សង្ឃ​១៥​ព្រះ​អង្គ​ចម្រើន​ព្រះ​ពុទ្ធ​មន្ត​ផង​។ បន្ទាប់​មក​​ស្ដេច​ប្រគេន​ចតុ​បច្ច័យ​​ទេយ្យទាន​ចំពោះ​ព្រះ​សង្ឃ និង​ច្រូច​ទឹក រួច​មក​ព្រះ​សង្ឃ​ថ្វាយ​អនុមោទនា និង​ថ្វាយ​ព្រះ​ពរ​លា ជា​កិច្ច​បញ្ចប់​ព្រះ​រាជ​ពិធី​៕​៚

មហា​ក្សត្រិយ៍​ថៃ​ស្ដេច​យាង​ថ្វាយ​បង្គំ​ព្រះ​បរម​រូប និង​ថ្វាយ​ក្រពុំ​ឈូកពិធី​ឆ្លង​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង
ពិធី​ឆ្លង​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំងពិធី​ឆ្លង​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំងពិធី​ឆ្លង​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំងមន្ត្រី​រាជការ​​ថ្វាយ​បង្គំ​ព្រះ​បរម​រូប និង​ថ្វាយ​ក្រពុំ​ឈូក

__________________________________
អាន​ផង​ដែរ
១. ព្រះ​មហា​ក្សត្រិយ៍​ថៃ​​ឡាយ​​ព្រះ​ហត្តលេខា​លើ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​
២. ជន​ជាតិ​ថៃ​ចេញ​មក​បោះ​ប្រជា​មតិ ទទួល​រដ្ឋ​ធម្មនុញ្ញ​ថ្មី

Advertisements
%d bloggers like this: