jump to navigation

ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០ ថ្ងៃពុធ 2 ខែមករា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
13 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – បន្ទាប់​ពី​រង់​ចាំ​អស់​រយៈ​ពេល​យ៉ាង​យូរ​មក​ ទី​បំផុត​ទៅ ម្សិល​មិញ​នេះ (​០១ មករា ២០១៨​) សំណាក់​ព្រះ​រាជ​វាំង​ថៃ បាន​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​ស្ដី​អំពី​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​នគរ​នេះ​។

សម្ដេចព្រះបរមឱរសាធិរាជ ចៅហ្វាមហាវជិរាលង្ករណ ស្យាមមកុដរាជកុមារ ដែលជាព្រះរាជបុត្រាតែមួយអង្គគត់ បាន​ឡើង​ស្នង​រាជ្យ​​បន្ត​ពី​ព្រះ​រាជ​បិតា​របស់​ទ្រង់ គឺព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ដោយ​មាន​ព្រះបរមាភិធេយ្យថា «សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ»​ ចាប់​តាំង​ពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ផ្លូវ​ការ​នៅ​មិន​ទាន់​បាន​ប្រារព្ធ​ធ្វើ​នៅ​ឡើយ​ទេ​។

យោង​តាម​សេចក្ដី​ប្រកាស ព្រះ​រាជ​ពិធី​បរម​រាជភិសេក​នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

សម្រាប់​ថ្ងៃ​ទី​១ គឺ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ ជា​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក នៅ​ឯ​មហា​សមាគម ដោយ​មាន​ព្រះ​បរម​រាជ​វង្សានុវង្ស គណៈ​អង្គ​មន្ត្រី គណៈ​រដ្ឋមន្ត្រី ចូល​គាល់​ល្អង​ធុលី​ព្រះ​បាទ​ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល បន្ទាប់​មក​គឺ​ព្រះ​រាជ​ពិធី​ឆ្លង​ព្រះ​រាជ​​មន្ទីរ​។

ថ្ងៃ​ទី​២ គឺ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩ គឺ​ជា​ព្រះ​រាជ​ពិធី​ឆ្លង​ព្រះ​បរមាភិធេយ្យ ព្រះ​នាមាភិធេយ្យ និង​ស្ថាបនា​ឋានន្តរ​ស័ក្ដិ​ព្រះ​បរម​រាជ​វង្សានុវង្ស បន្ទាប់​មក​គឺ​ព្រះ​រាជ​ពិធី​ប្រទក្សិណ​ព្រះ​នគរ​ដោយ​ក្បួន​ព្យុហ​យាត្រា​​ស្ថលមាគ៌​។

ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី ស្ដេច​យាង​ចេញ​​នា​សីហបញ្ជរ​ ព្រះ​ទីន័ង​សុទ្ធៃសួគ៌​ប្រាសាទ ដើម្បី​ប្រជា​រាស្ត្រ​ទ្រង់​គាល់​ល្អង​ធុលី​ព្រះ​បាទ​ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល​។ បន្ទាប់​មក នៅ​ព្រះ​ទី​ន័ង​ចក្រី​មហា​ប្រាសាទ គណៈ​ទូតានុទូត និង​កុងស៊ុល​បរទេស​ចូល​គាល់​ល្អង​ធុលី​ព្រះ​បាទ ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គល​។

ដោយ​ឡែក​ព្រះ​រាជ​ពិធី​ប្រទក្សិណ​ព្រះ​នគរ​ដោយ​ក្បួន​ព្យុហយាត្រា​ជល​មាគ៌​វិញ នឹង​ត្រូវ​ចាត់​ធ្វើ​ឡើង​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​អង្គ​កឋិន​ទាន​ព្រះ​រាជ​ទ្រព្យ នា​ចុង​ឆ្នាំ​២០១៩ នេះ​៕៚

____________________________________
អានផងដែរ៖
១. ស្យាមនគរមានព្រះចៅយូហួថ្មី «រាមាទី១០»
២. ព្រះរជ្ជទាយាទថៃទ្រង់ទទួលយល់ព្រមឡើងគ្រងរាជ្យជាព្រះមហាក្សត្រិយ៍ថៃ រាមាទី១០
៣. ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
៤. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ
៥. ទាហាន​ថៃ​ចាត់​សម​ក្បួន​​​ព្យុហ​យាត្រា​​ស្ថលមាគ៌​​ប្រទក្សិណ​ព្រះ​នគរ
៦. សៀវភៅ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ព្រះ​មហា​ក្សត្រិយ៍​ថៃ
៧. អារាម​បី​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
៨. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​ព្រះ​ចៅ​ផែន​ដី
៩. ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បរម​រាជាភិសេក រាមា​ទី​១០
១០. នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក
១១. កំណត់​កម្មវិធី​ផ្សាយ​ផ្ទាល់​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក មហា​ក្សត្រិយ៍​ថៃ
១២. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម

Advertisements
%d bloggers like this: