jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អគារ​ថ្មី​ៗ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា ថ្ងៃ​ព្រហស្បតិ៍ 10 ខែមករា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់ ដែល​កាល​ណុះ គឺ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​១៩៦៩ នៅ​ឯ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ក្នុង​ព្រះ​រាជធានី​ភ្នំពេញ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ប្រជាជាតិ​ខ្មែរ ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ស្ដេច​បាន​យាង​ចូល​រួម​ជា​ព្រះ​ធិបតីភាព​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិ​ជា​អាគារ​ថ្មី​ៗ​ជា​ច្រើន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​នេះ​។ បណ្ដា​ព្រះ​រាជ​វង្ស ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​ជា​ច្រើន​បាន​យាង និង​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។

អាគារ​ថ្មី​ដែល​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​យាង​មក​សម្ពោធ​នា​ពេល​នោះ​រួម​មាន ៖

  1. អាគារ​ពីរ​ខ្នង​សម្រាប់​ព្យាបាល​ជំងឺ​របេង ដែល​ក្នុង​មួយ​ខ្នង​ៗ​មាន​គ្រែ​ចំនួន​៨០
  2. អាគារ​មួយ​ទៀត មាន​១១៤​គ្រែ ជា​ជំនួយ​នៃ​សាធារណ​រដ្ឋ​ចិន​ប្រជាមានិតុ និង​អង្គការ​អ៊ុយនីសេហ្វ​ជា​អ្នក​ផ្ដល់​គ្រឿង​បរិក្ខារ​
  3. អាគារ​ទី​៣​ជា​ផ្ទះ​បាយ និង​កន្លែង​បោក​ខោអាវ យ៉ាង​ទំនើប សង់​រួម​គ្នា​ដោយ​មិត្ត​ចិន (​៥.២៧៨.០០០​រៀល​) និង​ថវិកា​ជាតិ (​៧.៨៤៤.០០០​រៀល​)

ដោយ​ឡែក​សម្រាប់​អាគារ​អ្នក​ជំងឺ​ក្អក​របេង​មួយ​ខ្នង មាន​ឈ្មោះ​ថា​អាគារ​ព្រះ​អង្គ​ម្ចាស់​សម្ដេច​ព្រះ​រតនរាជ​ធិតា ពិនតារា សុដារេត ដែល​ជា​នាយិកា​ដ៏​សប្បុរស​។ ព្រះ​អង្គ​ម្ចាស់​​​មុនីពិន សុថារេត ដែល​ជា​ព្រះ​រាជ​បុត្រី​នៃ​សម្ដេច​ពិនតារា សុដារេត ទ្រង់​បាន​យាង​កាត់​ខ្សែ​បូ​សម្ពោធ​អាគារ​ដែល​មាន​ព្រះ​នាម​ព្រះ​មាតា​របស់​លោក​ផង​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រទាន​ប្រាក់​១​សែន​រៀល​ទៅ​លោក​ជំទាវ ទីប ម៉ម រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល និង​សង្គម​កិច្ច ទុក​ជា​មូលនិធិ​សង្គម​កិច្ច​សម្រាប់​បុគ្គលិក​ពេទ្យ​ផង៕​

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

១២៣

%d bloggers like this: