jump to navigation

អំពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ) ថ្ងៃអាទិត្យ 27 ខែមករា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះមេរុ ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​​​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ)​​ ជា​អម្ចាស់​នៃ​ពួង​ខេមរ​ជន​ ​បាន​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៥​ថ្ងៃ ដោយ​ចូល​ពី​ថ្ងៃ​ពុធ ១​កើត ខែ​មាឃ រហូត​ដល់​ថ្ងៃ​អាទិត្យ​៥​កើត ខែ​មាឃ ឆ្នាំច ទោ​ស័ក ព.ស.​ ២៥១៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មករា គ.ស.​១៩៧១​។

ចាប់​តាំង​ពី​ពេល​ដែល​ព្រះ​អង្គ​ចូល​ព្រះ​ទិវង្គត​មក បណ្ដា​ពុទ្ធ​បរិស័ទ​ទាំង​អស់​តែង​តែ​ស្ដាយ​អាឡោះ​អាល័យ​ព្រះ​អង្គ និង​រៀង​រាល់​ថ្ងៃ​ទី​២៥ នៃ​ខែ​នីមួយ​ៗ ពុទ្ធ​បរិស័ទ​ទាំង​អស់​តែង​នាំ​គ្នា​មក​ជួប​ជុំ​កុះករ​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះ​រាជ​កុសល រំ​ឭក​ដល់​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត ដោយ​ចម្រើន​ព្រះ​បរិត្ត ដាក់​បាត្រ ឧទ្ទិស​កុសល ថ្វាយ​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្ដេច​ពុំ​ដែល​លស់ខាន​ឡើយ​។

ព្រះ​បរម​សព​នៃ​ព្រះ​អង្គ​ត្រូវ​បាន​តម្កល់​ទុក​ធ្វើ​បុណ្យ​រយៈ​ពេល​ជាង​១​ឆ្នាំ​នៅ​ឯ​វត្ត​ឧណ្ណាលោម ព្រះ​រាជ​ធានី​ភ្នំពេញ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​១៩៧១ នោះ ទើប​ចាត់​ពិធី​ចេញ​ព្រះ​មេរុ ដង្ហែ​ព្រះ​បរម​សព​ទ្រង់​​យ៉ាង​សម​ព្រះ​កិត្តិយស តម្កល់​លើ​ព្រះ​​មហា​បញ្ចា​៧​ជាន់​ ឯ​​ទី​ព្រះ​មេរុ​ខាង​មុខ​សារមន្ទីរ​ជាតិ​។

ព្រះ​បរម​សព​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​សាសនា​ជាតិ​នៅ​ទី​ព្រះ​មេរុ​រយៈ​ពេល​២​យប់​៣​ថ្ងៃ​ រហូត​មក​ដល់​ថ្ងៃ​ទី​៣ គឺ​​ថ្ងៃ​សុក្រ ៣​កើត ខែ​មាឃ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​មករា ទើប​ចាត់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ នា​ប្រមាណ​ម៉ោង​៤​រសៀល យ៉ាង​ស័ក្តិសម​ជា​ស្ដេច​សង្ឃ​អ្នក​ប្រាជ្ញ​ខ្មែរ​លើស​អស់​សង្ឃ​នានា​ទូទាំង​ព្រះ​នគរ​។

នៅ​ថ្ងៃ​បន្ទាប់​ព្រះ​អង្គា​ត្រូវ​បាន​ដង្ហែ​យក​ទៅ​បំផ្លែង​នៅ​ទន្លេ​ចតុម្មុខ ហើយ​ធ្វើ​អដ្ឋិ​ព្រះ​អង្គ​បន្ត​នៅ​ទី​ព្រះ​មេរុ​។ ថ្ងៃ​ទី​៥ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ នោះ ព្រះ​បរម​អដ្ឋិ ដែល​បាន​បញ្ចុះ​ក្នុង​ព្រះ​កោដ្ឋ​មាស​នោះ ត្រូវ​បាន​ធ្វើ​ពិធី​ដង្ហែ​ចេញ​ពី​ទី​ព្រះ​មេរុ យក​ទៅ​បញ្ចុះ​ឯ​​ព្រះ​មហា​ចេតិយ​នា​វត្ត​ឧណ្ណាលោម រួច​ធ្វើ​បុណ្យ​រហូត​ដល់​ពេល​រាត្រី ស្រេច​បរិបូណ៌​នៃ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​​​៕​៚

24095875634_953bf0a63b_o
ពិធី​ដង្ហែ​ព្រះ​បរម​សព​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ទៅ​ទី​ព្រះ​មេរុ

24095875634_953bf0a63b_o
ទី​ព្រះ​មេរុ​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត

____________________________________________________
អាន​ផង​ដែរ​៖
១. សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត
២. ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ
៣. ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ

%d bloggers like this: