jump to navigation

ប្រវត្តិ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ឧបល​រ័ត្ន ថ្ងៃសៅរ៍ 9 ខែ​កុម្ភៈ 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

Untitled-2ព្រះ​​អង្គ​ម្ចាស់​ក្សត្រីយ៍​ឧបលរ័ត្ន​រាជ​កញ្ញា សិរិវឌ្ឍនា​ពណ្ណវតី (​ថ. อุบลรัตนราชกัญญา สิริวัฒนาพรรณวดี) ប្រសូត​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​១៩៥១ នៅ​ឯ ឡូសាននេ (អ. Lausanne) ប្រទេស​ស្វីស​។ ព្រះ​អង្គ​គឺ​ជា​ព្រះ​រាជ​ធីតា​ច្បង​នៃ​​​ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ (រាមា​ទី​៩​) និង​ជា​ព្រះ​រៀម​នៃ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (​រាមា​ទី​១០​) ដែល​ជា​ព្រះ​មហា​ក្សត្រិយ៍​​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​។

នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ​ឆ្នាំ​១៩៧២ ព្រះ​អង្គ​បាន​ធ្វើ​​ការ​លា​លែង​ពី​ឋាន្តរ​ស័ក្ដិ​ជា​សែ​រាជ​វង្ស​មក​ធ្វើ​ជា​រាស្ត្រ​សាមញ្ញ និង​ទៅ​ធ្វើ​ការ​រស់​នៅ​សហ​រដ្ឋ​អាមេរិក​ជា​មួយ​ស្វាមី​របស់​ព្រះ​អង្គ​នាម ភែធ័រ ឡាដ្ត ជេនសេន (អ. Peter Ladd Jensen) ដោយ​ប្រើ​ឈ្មោះ​ថា ជូលី ជេនសេន​​។ ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​បាន​បន្សល់​ទុក​នូវ​កូន​ប្រុស​ស្រី​ចំនួន​៣​រូប និង​ត្រូវ​បាន​លះ​លែង​​នៅ​ឆ្នាំ​១៩៩៨ មុន​ពេល​ដែល​ព្រះ​អង្គ​ត្រឡប់​មក​រស់​នៅ​ក្នុង​ប្រទេស​ថៃ​វិញ​។​

កាល​គ្រា​កុមារ ព្រះ​អង្គ​​បាន​ចូល​សិក្សា​នៅ​សាលា​រៀន​ចិត្រលតា និង​បន្ទាប់​ពី​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា ព្រះ​អង្គ​ក៏​បាន​បន្ត​ថ្នាក់​បរិញ្ញា​បត្រ​នៅ​​វិទ្យាស្ថាន​​​បច្ចេក​វិជ្ជា​ម៉ាស្សាជូសេត្តស៍ សហ​រដ្ឋ​អាមេរិក​ ផ្នែក​ជីវ​-​គីមី​។ បន្ទាប់​មក​ព្រះ​អង្គ​ក៏​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​​ស្ថិតិ និង​សុខភាព​សាធារណៈ នៅ​ឯ​​សាកល​វិទ្យាល័យ​កាលីហ្វរញ៉ា រដ្ឋ​​ឡូស អេនជេលេស សហ​រដ្ឋ​អាមេរិក​។

បន្ទាប់​ពី​ការ​លះ​លែង​ស្វាមី​ដាច់​ស្រេច​ហើយ នៅ​ឆ្នាំ​២០០១ ព្រះ​អង្គ​បាន​ត្រឡប់​មក​រស់​នៅ​ក្នុង​ប្រទេស​ថៃ​វិញ​ជា​អចិន្ត្រៃយ៍ និង​បាន​ចូល​រួម​ការងារ​ជា​ច្រើន​តាម​ទំនៀម​រាជ​វង្ស​ថៃ បើ​ទោះ​បី​ជា​ព្រះ​អង្គ​បាន​លា​លែង​ពី​សមាជិក​រាជ​វង្ស និង​​ឋានៈ​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រគល់​ជូន​ព្រះ​អង្គ​វិញ​ក៏​ដោយ​។ ដោយ​ឡែក​ប្រជាជន​ថៃ​នៅ​តែ​គោរព និង​ចាត់​ទុក​ព្រះ​អង្គ​នៅ​តែ​ជា​រាជ​ត្រកូល​ដូច​ធម្មតា​។

ព្រះ​ករណី​កិច្ច​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​លេច​ធ្លោ​នោះ​គឺ​​គ្រោង​ការណ៍​ធូប៊ី​ណាំប៊័រ​វ័ន (អ. TO BE NUMBER ONE) ដែល​ទ្រង់​ធ្វើ​ជា​ប្រធាន​។ គ្រោងការណ៍​នេះ​បើក​ឱកាស​ឲ្យ​ព្រះ​អង្គ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​យុវជន​ថៃ ដោយ​មើល​ការ​ខុស​ត្រូវ​លើ​ការ​ការពារ និង​ដោះ​ស្រាយ​បញ្ហា​គ្រឿង​ញៀន​ក្នុង​ចំណោម​យុវជន​ថៃ​។

ដោយ​សារ​ឯករាជ្យ​ភាព​ដែល​ព្រះ​អង្គ​មាន​តាំង​ពី​យុវវ័យ និង​គោល​គំនិត​បែប​មនុស្ស​សម័យ​ថ្មី ទើប​ធ្វើ​ឲ្យ​ព្រះ​​អង្គ​ម្ចាស់​ក្សត្រីយ៍​ឧបលរ័ត្ន​រាជ​កញ្ញា សិរិវឌ្ឍនា​ពណ្ណវតី ឃ្លាត​ពី​ទំនៀម​រាជ​បវេណី​ថៃ ខុស​ពី​បណ្ដា​ព្រះ​ញាតិ​របស់​ព្រះ​អង្គ​ដទៃ​ទៀត​។ ព្រះ​អង្គ​ចូល​ចិត្ត​ធ្វើ​ខ្លួន​ឲ្យ​សាមញ្ញ ដោយ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ប្រជាជន​ថៃ​តាម​បណ្ដាញ​សង្គម ដើរ​តាម​ផ្សារ ចូល​រួម​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី ធ្វើ​ជា​តារា​សម្ដែង និង​កម្មវិធី​ជា​ច្រើន​ទៀត ដូច​ជន​សាមញ្ញ​ឯ​ទៀត​ៗ​ធ្វើ​។

អ្វី​ដែល​គួរ​ជា​ទី​ភ្ញាក់​ផ្អើល​នោះ​គឺ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ព្រះ​​អង្គ​ម្ចាស់​ក្សត្រីយ៍​ឧបលរ័ត្ន​ ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ​ដោយ​ចំហ ស្ម័គ្រ​ចូល​រួម​ធ្វើ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ថៃ​ក្នុង​នាម​គណៈបក្ស​ថៃ​រក្សា​ជាតិ (​ថ. ไทยรักษาชาติ) ដែល​គេ​ជឿ​ថា​ស្និទ្ធ​និង​​អតីត​លោក​នាយក​​រដ្ឋ​មន្ត្រី ទក្សិណ ជិនវ័ត្រ​​​​​។ ការ​សម្រេច​ចិត្ត​ចូល​ឆាក​នយោបាយ​គ្រា​នោះ​បាន​ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បើ​ទោះ​បី​ជា​ពេល​កន្លង​មក មាន​ការ​លេច​ឮ ព្រម​ទាំង​រូប​ភាព​ជា​សាធារណៈ រវាង​ទំនាក់​ទំនង​នៃ​ព្រះ​អង្គ​ជាមួយ​ក្រុម​គ្រួសារ​ត្រកូល​លោក​ទក្សិណ​ក៏​ដោយ​។

Untitled-2សូម​អរគុណ​ចំពោះ​សេចក្ដី​ស្រឡាញ់ និង​គ្រប់​កម្លាំង​ចិត្ត និង​ការ​គាំទ្រ​ពី​ប្រជាជន​ថៃ​គ្រប់​ៗ​គ្នា​។ នាង​ខ្ញុំ​​រំភើប​ណាស់ និង​ចង់​ប្រាប់​ថា​ចង់​ឃើញ​ពួក​យើង​បាន​មាន​ឱកាស មាន​សិទ្ធិ​​នឹង​មាន​ឱកាស និង​មាន​សេចក្ដី​​សុខ​នៅ​ក្នុង​ប្រទេស​របស់​យើង និង​សូម​បញ្ជាក់​ថា នាង​ខ្ញុំ​បាន​លា​ចេញ​ពី​ឋានន្តរ​ស័ក្ដិ​រាជ​វង្ស និង​ស្ថិត​ក្នុង​ឋានៈ​សាមញ្ញជន​ហើយ ហេតុ​ដូច​នេះ​នាង​ខ្ញុំ​សុំ​ប្រើ​សិទ្ធិ និង​សេរីភាព​ដូច​សាមញ្ញជន​ក្រោម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​។

ហើយ​នាង​ខ្ញុំ​យល់​ព្រម​ឲ្យ​គណបក្ស​ថៃ​រក្សា​ជាតិ​ប្រើ​ឈ្មោះ​ដើម្បី​ស្នើ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ដើម្បី​បង្ហាញ​ពី​សិទ្ធិ សេរីភាព និង​ភាព​មិន​មាន​អភិសិទ្ធិ​អ្វី​ទាំង​អស់​លើ​ពួង​ប្រជាជន​ថៃ​តាម​បទ​ប្បញ្ញត្តិ​រដ្ឋ​ធម្មនុញ្ញ ហើយ​មួយ​វិញ​ទៀត​ចំពោះ​ការ​សម្រេច​ចិត្ត​គ្រា​នេះ នាង​ខ្ញុំ​ធ្វើ​ឡើង​ដោយ​​ភាព​ស្មោះ​សរ និង​ការ​តាំង​ចិត្ត​លះ​បង់​ក្នុង​ការ​សុំ​ឱកាស​នាំ​ប្រទេស​ថៃ​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​រុង​រឿង​។

ខាង​លើ​នេះ​ជា​ប្រតិកម្ម​របស់​ព្រះ​អង្គ​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ បន្ទាប់​ពី​គណបក្ស​​ថៃ​រក្សា​ជាតិ​ដាក់​បេក្ខភាព​របស់​ព្រះ​អង្គ​នៅ​ឯ​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​ថៃ​ ដោយ​មាន​ដាក់​រូប ព្រម​ទាំង​ពាក្យ​ថា «​អរគុណ​ច៎ា​» ផង​។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នៅ​វេលា​ប្រមាណ​ម៉ោង​១០.០០​ យប់​ថ្ងៃ​ដដែល​នោះ សំណាក់​ព្រះ​បរម​មហា​រាជ​វាំង​ថៃ បាន​ចេញ​សេចក្ដី​ប្រកាស ជា​ព្រះ​រាជ​ឱង្ការ​នៃ​ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (​រាមា​ទី​១០​) ករណី​ការ​សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​​របស់​ព្រះ​​អង្គ​ ដោយ​ក្នុង​ន័យ​ហាម​ប្រាម និង​ជា​ការ​ «​មិន​គួរ​»​។

បន្ទាប់​មក​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ព្រះ​អង្គ​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រព័ន្ធ​បណ្ដាញ​សង្គម ថា​ ៖

153062-509x1024សូម​អរគុណ​ប្រជាជន​ថៃ​គ្រប់​ៗ​គ្នា ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ទឹក​ចិត្ត​ដែល​មាន​ចំពោះ​គ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ និង​សូម​អរគុណ​ដែល​ផ្ដល់​កម្លាំង​ចិត្ត និង​ផ្ដល់​ការ​គាំទ្រ​នាង​ខ្ញុំ​រហូត​មក។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ប្រាប់​ម្ដង​ទៀត​ដោយ​ភាព​ស្មោះ​សរ​ថា ចង់​ឃើញ​ប្រទេស​ថៃ​ដើរ​ទៅ​មុខ ជា​ទី​ស្ងើច​សរសើរ និង​ទទួល​ស្គាល់​ពី​បរទេស​។ ចង់​ឃើញ​ប្រជាជន​ថៃ​យើង​គ្រប់​គ្នា​មាន​សិទ្ធិ និង​ឱកាស មាន​ការ​រស់​នៅ ចិញ្ចឹម​ជីវិត​ល្អ និង​មាន​សេចក្ដី​សុខ​គ្រប់​គ្នា និង​សូម​អរគុណ​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ​ណា​ច៎ា​គ្រប់​គ្នា​។ សូម​ជូន​ពរ​ឲ្យ​គ្រប់​គ្នា​សំណាង​ល្អ មាន​សេចក្ដី​សុខ #ILoveYou

__________________________________________________________
អាន​ផង​ដែរ​ ៖
១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: