jump to navigation

ខួប​ឆ្នាំ​ទី​១០៥ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​មហា​សង្ឃរាជ ព្រះ​នាម ទៀង ថ្ងៃសៅរ៍ 23 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

Nil-Tieng-105a

សម្ដេចព្រះមហាសង្ឃរាជ និល ទៀង ​ទ្រង់​សោយ​ព្រះ​ទិវង្គត នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ត្រូវ​គ្នា​នឹង​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​១៩១៣ ក្នុង​ព្រះ​ជន្ម​គម្រប់​៩០​ឆ្នាំ​ ក្នុង​រាជ្យ​ព្រះ​ករុណា  ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី ព្រះ​បរម​រាជានុ​កោដ្ឋ​។ ប្រាំ​ខែ​ក្រោយ​មក ពោល​គឺក្នុង​ខែ​មីនា ឆ្នាំ​១៩​១៤ ទើប​ចាត់​ឲ្យ​មាន​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​តាម​បវេណី​។

ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​រហូត​ដល់​ទៅ​១៥​ថ្ងៃ ពោល​គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​១៩១៤ ដែល​ត្រូវ​នឹង​ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៦ មហា​សក​រាជ​១៨៣៥ និង​ចុល្ល​សករាជ​១២៧៥​។

តាម​​សៀវភៅ​ព្រះ​រាជ​កំណត់​បុណ្យ ព្រះ​រាជ​ពិធី​នេះ​ក្រៅ​អំពី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​មហា​សង្ឃ​រាជ ក៏​ជា​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ព្រះ​រាជ​វង្សានុវង្ស​មួយ​ចំនួន​អង្គ​ទៀត​ផង​ដែរ​ ដោយ​ចាត់​ក្នុង​ពេល​ព្រម​គ្នា​។

បន្ទាប់​ពី​ព្រះ​អង្គ​សោយ​ទិវង្គត​មក រាជការ​បាន​ចាត់​សាង​ព្រះ​មេរុ​ធំ​មួយ នា​ខាង​ជើង​ព្រះ​បរម​រាជ​វាំង (​កកន ៖ ទំនង​វាល​ព្រះ​មេរុ​បច្ចុប្បន្ន​) តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា និង​ស្រេច​រួច​រាល់​នា​ខែ​មីនា ឆ្នាំ​១៩១៤​​។

មក​ដល់​ថ្ងៃ​សុក្រ ២​រោច ខែ​ផល្គុណ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ មីនា ដែល​ជា​ថ្ងៃ​ទី​១​នោះ ព្រះ​កោដ្ឋ​ព្រះ​សព​ ត្រូវ​បាន​ធ្វើ​ពិធី​រំកិល​ចេញ​ពី​ព្រះ​បញ្ចា ក្នុង​វត្ត​ឧណ្ណាលោម ដោយ​មាន​ព្រះ​សង្ឃ​សរុប​១០០០​អង្គ​សត្តប្បករណ៍​ផង ឆ្ពោះ​មក​កាន់​ទី​ព្រះ​មេរុ ដោយ​មាន​ព្រះ​ករុណា ព្រះ​បរម​រាជានុកោដ្ឋ ម្ចាស់​ផែន​ដី លោក ឡឺ​រេស៊ីដង្គ សូប៉េរីយ៉ើរ ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស ស្ដេច​យាង​ និង​អញ្ជើញ ចូល​រួម​ផង​​។

ព្រះ​សព​ត្រូវ​បាន​តម្កល់​ក្នុង​ព្រះ​មហា​បញ្ចា​៥​ជាន់ និង​បាន​ធ្វើ​បុណ្យ​៦​យប់​៦​ថ្ងៃ​ រហូត​ដល់​ថ្ងៃ​គម្រប់​ទី​៧ គឺ​ថ្ងៃ​​ព្រហស្បតិ៍ ៨​រោច ខែ​ផល្គុណ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែ​មីនា ទើប​ចាត់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​។

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ចាប់​ពី​ម៉ោង​៥​ល្ងាច ដោយ​មាន​ព្រះ​រាជ​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃ​ព្រះ​ករុណា​ជា​អម្ចាស់ជីវិត​លើត្បូង (​រាជានុកោដ្ឋ​) ឡឺ​រេស៊ីដង្គ​សុបេរីយ៉ើរ ព្រម​ទាំង​អ្នក​រាជការ និង​អ្នក​ជំនួញ​បារាំង ព្រះ​រាជ​វង្សានុវង្ស ក្សត្រា​ក្សត្រីយ៍ សេនាបតី​នាម៉ីន​សព្វ​មុខ​មន្ត្រី រាជា​គណៈ​ឋានានុក្រម​សង្ឃ និង​សិស្សានុសិស្ស យាង និង​អញ្ជើញ​ចូល​រួម​ថ្វាយ​ព្រះ​ភ្លើង​រំលាយ​ព្រះ​សម​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្នុង​ព្រះ​កោដ្ឋ​ តាម​ទំនៀម​ផង​។

បន្ទាប់​មក​នៅ​វេលា​ព្រឹក​ថ្ងៃ​បន្ទាប់ ព្រះ​អដ្ឋិ​ត្រូវ​បាន​រើស និង​លាង​ដោយ​ទឹក​ដូង​ទឹក​អប់ រួច​ដាក់​ក្នុង​ព្រះ​កោដ្ឋ​មាស និង​ធ្វើ​ពិធី​ហែ​នៅ​វេលា​ម៉ោង​២​រសៀល ទៅ​តម្កល់​លើ​ព្រះ​បល្ល័ង្ក​ក្នុង​ដំណាក់​ដើម​របស់​ព្រះ​អង្គ ឯ​វត្ត​ឧណ្ណា​លោម​។

រហូត​មក​ដល់​ថ្ងៃ​គម្រប់​ទី​១៤ គឺ​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​ផល្គុណ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែ​មីនា ពោល​គឺ​បន្ទាប់​ពី​ព្រះ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព ព្រះ​រាជ​វង្សានុវង្ស​ដទៃ​ទៀត រួច​រាល់​អស់ ទើប​ធ្វើពិធី​ហែ​ព្រះ​អដ្ឋិ​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​ក្នុង​ព្រះ​កោដ្ឋ ព្រះ​ទាំង​ព្រះ​អដ្ឋិ​ព្រះ​រាជ​វង្ស​ទាំង​អស់ មក​តម្កល់​ក្នុង​ព្រះ​មេរុ​វិញ និង​បាន​សម្ពោធ​ឆ្លង​បុណ្យ​ជា​សូរេច​​៕​៚

______________________________________________________
អានផងដែរ៖
១. និល ទៀង សម្ដេចព្រះសង្ឃរាជ ទីមួយនៃក្រុងកម្ពុជា
២. ខួប​ឆ្នាំ​ទី​១០៥ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​សង្ឃ​រាជា ព្រះ​នាម​ទៀង

Advertisements

មតិ»

1. ខួប​ឆ្នាំ​ទី​១០៥ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​សង្ឃ​រាជា ព្រះ​នាម​ទៀង | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 18 ខែ​ឧសភា 2019

[…] ______________________________________________________ អានផងដែរ៖ ១. និល ទៀង សម្ដេចព្រះសង្ឃរាជ ទីមួយនៃក្រុងកម្ពុជា ២. វត្តព្រះកែវក្រុងទេព និងទំនាក់ទំនងនគរខ្មែរ ៣. ខួប​ឆ្នាំ​ទី​១០៥ ព្រះ​រាជ​ពិធី​បុណ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: