jump to navigation

លទ្ធផល​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថៃ បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល ថ្ងៃចន្ទ 25 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
6 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស ការ​បោះ​ឆ្នោតជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ​នេះ (២៤ មីនា ២០១៩) បាន​បង្ហាញ​លទ្ធផល​គួរ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង និង​ជា​ពិសេស​បង្ហាញ​ពី​ភាព​ជោគ​ជ័យ និង​ភាព​បរាជ័យ ដែល​គណៈ​បក្ស​នានា​របស់​ប្រទេស​នេះ​សង្ឃឹម​​នឹង​ទទួល​បាន​។

តាម​លទ្ធផល​មិន​ផ្លូវ​ការ ក្រោយ​បិទ​​ការ​បោះ​ឆ្នោត​មក គណៈបក្ស​ដែល​គាំទ្រ​អតីត​នាយក​រដ្ឋ​មន្ត្រី​ទក្សិណ ជិនវ័ត្រ​​​​​ គឺ​គណៈបក្ស​ភឿថៃ (พรรคเพื่อไทย) សង្ឃឹម​ថា​នឹង​ទទួល​បាន​យ៉ាង​ហោច​ណាស់​ចំនួន​ ១៤៨​អសនៈ​, គណៈបក្ស​​កម្លាំង​ប្រជាពលរដ្ឋ​ (พรรคพลังประชารัฐ) ដែល​មាន​លោក ប្រយុទ្ធ ចន្ទ្រអូជា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ទទួល​បាន​១៣៩​អសនៈ​, គណៈបក្ស​អនាគត​ថ្មី (พรรคอนาคตใหม่) ដែល​ជា​គណៈបក្ស​ទើប​បង្កើត​ថ្មី​ទទួល​បាន​៨៣​អសនៈ​, គណៈបក្ស​ភូមិ​ចៃ​ថៃ (พรรคภูมิใจไทย) ទទួល​បាន​៥៣​អសនៈ​, គណៈបក្ស​ប្រជាធិបតេយ្យ​ (พรรคประชาธิปัตย์) ទទួល​បាន​៣៧​អសនៈ និង​គណៈបក្ស​ជាតិ​ថៃ​វឌ្ឍនា (พรรคชาติไทยพัฒนา) ទទួលបាន​៩​អសនៈ​។

Untitled-1លទ្ធផល​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការ​ដែល​គណៈបក្ស​នានា​របស់​ថៃ​ទទួល​បាន​អសនៈ​នៅ​ក្នុងរដ្ឋសភា

លទ្ធផល​ការ​បោះ​ឆ្នោត​ជា​បណ្ដោះ​អាសន្ន​នេះ​បាន​បង្ហាញ​នូវ​ការ​ចុះ​ថយ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​​ប្រជា​ពលរដ្ឋ​ថៃ​ចំពោះ​គណៈបក្ស​ភឿ​ថៃ ដែល​ខុស​ពី​ក្ដី​រំពឹង​ទុក នឹង​ការ​ទទួល​បាន​សំឡេង​ឆ្នោត​យ៉ាង​ច្រើន​ចំពោះ​គណៈបក្ស​កម្លាំង​ប្រជា​ពលរដ្ឋ ដែល​គាំទ្រ​លោក​ប្រយុទ្ធ ចន្ទ្រអូជា នោះ​។ ដោយ​ឡែក​គណៈបក្ស​អនាគត​ថ្មី ដែល​ទើប​តែ​បាន​បង្កើត​ឡើង​នា​ពេល​ថ្មី​ៗ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី ដែល​គេ​ជឿ​ថា​ទទួល​បាន​ពី​យុវជន​ជំនាន់​ថ្មី និង​ជា​ពិសេស​អ្នក​ដែល​ទើប​បោះ​ឆ្នោត​ជា​លើក​ទី​១​​។

លទ្ធផល​ការ​បោះ​ឆ្នោត​នេះ​ដែរ ក៏​បាន​បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​មួយ​ទៀត ដែល​គណៈបក្ស​ប្រជាធិបតេយ្យ​ដ៏​មាន​វ័យ​ចំណាស់​មួយ​របស់​ប្រទេស​នេះ មិន​ទទួល​បាន​សំឡេង​គាំទ្រ​គួរ​ឲ្យ​ពេញ​ចិត្ត​ឡើង​ពោល​គឺ​ស្ទើរ​តែ​បាត់​បង់​ការ​គាំទ្រ​ទាំង​ស្រុង​ពី​សំណាក់​ប្រជា​ជន​ថៃ ហើយ​ដែល​​បាន​បង្ខំ​ចិត្ត​ឲ្យ​លោក​អភិសិទ្ធិ វេជ្ជាជីវៈ អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈបក្ស​នេះ​លា​លែង​ពី​តំណែង​ប្រធាន​បក្ស​ភ្លាម​ៗ បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​បឋម​នេះ កាល​ពី​រាត្រី​ម្សិល​មិញ​។

បើ​ទោះ​បី​ជា​លទ្ធផល​ចេញ​មក​យ៉ាង​នេះ​ក្ដី​ការ​បែក​បាក់​នៅ​ក្នុង​សង្គម​ថៃ​មិន​ងាយ​នឹង​បញ្ចប់​ដោយ​ឆាប់​ៗ​នេះ​ទេ​។ លទ្ធផល​បែប​នេះ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ហើយ​ដែល​មាន​ការ​វិភាគ​ថា រដ្ឋាភិបាល​ថ្មី​នឹង​មិន​មាន​អាយុ​វែង​តាម​អាណត្តិ​នោះ​ឡើយ ហើយ​ថា​ការ​បោះ​ឆ្នោត​ថ្មី​មួយ​ទៀត ទំនង​ជា​នឹង​ត្រូវ​ធ្វើ​ឡើង​ផង​ នេះ​មិន​និយាយ​ដល់​រដ្ឋប្រហារ​ថ្មី​ណា​មួយ​ដែល​អាច​នឹង​កើត​ឡើង​ផង​។

អ្វី​ដែល​ជា​រឿង​ចំឡែក​មួយ​ទៀត​នោះ​គឺ​ភាព​ចម្រូង​ចម្រាស់​រវាង​ប្រជាជន​នឹង​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​នេះ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ និង​មិន​យុត្តិធម៌​មួយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ចេញ​មក​តវ៉ា និង​ចុះ​ឈ្មោះ​បណ្ដេញ​សមាជិក​អង្គការ​នេះ​ផង​ដែរ​៕

TSNBg3wSBdng7ijM6HI1SjpJTAg2PxWjBVdh9BNIzwcលោក អភិសិទ្ធិ វេជ្ជាជីវៈ ប្រកាស​លា​លែង​ពី​តំណែង​ប្រធាន​បក្ស​ប្រជាធិបតេយ្យ

__________________________________________________________
អាន​ផង​ដែរ​ ៖
១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ
២. ថៃ​ចាត់​បោះ​ឆ្នោត​សាកល​លើក​ដំបូង​ក្រោយ​រដ្ឋ​ប្រហារ
៣. គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ
៤. លទ្ធផល​សំឡេង​ឆ្នោត​ (មិន​ផ្លូវ​ការ​) នៅ​ថៃ ឆ្នាំ​២០១៩
៥. មហា​ក្សត្រិយ៍​ថៃ​យាង​បើក​កិច្ច​ប្រជុំ​សភា លើក​ដំបូង
៦. ថៃ​រើស​បាន​នាយក​រដ្ឋមន្ត្រី​ថ្មី (​ចាស់​)

Advertisements
%d bloggers like this: