jump to navigation

ទាហាន​ថៃ​ចាត់​សម​ក្បួន​​​ព្យុហ​យាត្រា​​ស្ថលមាគ៌​​ប្រទក្សិណ​ព្រះ​នគរ ថ្ងៃសុក្រ 29 ខែ​មីនា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
4 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ (​២៨ មីនា ២០១៩​) ម្សិល​មិញ​នេះ អនុ​គណៈ​កម្មការ​ចាត់​ក្បួន​​ព្យុហ​យាត្រា​​ស្ថលមាគ៌​​ សម្រាប់​ព្រះ​រាជ​ពិធី​ប្រទក្សិណ​ព្រះ​នគរ ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក នៃ​សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬ​រាមា​ទី​១០​របស់​ថៃ​ បាន​ចាត់​សម​ជា​ថ្មី​ម្ដង​ទៀត​គ្រប់​ផ្នែក​ទាំង​អស់ មុន​នឹង​ពិធី​សម​ធ្វើ​នៅ​កន្លែង​ពិត​ដែល​កំណត់​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

ក្រុម​កង​ទាហាន​ដែល​មក​ពី​កង​ពិសេស​ទាហាន​មហាត្លិក​រក្សា​ព្រះ​អង្គ​៩០៤ ក្រុម​សព្វាវុធ​ទាហាន​ជើង​គោក ក្រុម​ពលាធិការ​ទាហាន​ជើង​គោក កង​បញ្ជាការ​ការពារសុវត្ថិភាព​អាកាស​យាន ក្រុម​ដឹក​ជញ្ជូន​ទាហាន​ជើង​គោក សិស្ស​ត្រៀម​ទាហាន គ្រប់​ផ្នែក បាន​រួម​គ្នា​ហ្វឹក​សម​ក្បួន​ព្យុហយាត្រា​ស្ថល​មាគ៌​ប្រទក្សិណ​ព្រះ​នគរ ដោយ​បាន​ធ្វើ​ការ​ចម្លង​ទី​តាំង​ដូច​ពិត ដើម្បី​ស្វែង​យល់ និង​បញ្ជៀស​រាល់​បញ្ហា​នានា​ដែល​អាច​កើត​មាន​ឡើង​ផង​។

ក្រៅ​ពី​នេះ​ក៏​នៅ​មាន​កំណត់​ចំណុច​សំខាន់​ៗ​សម្រាប់​ត្រៀម​កម្លាំង តាម​វិថី​ដែល​ក្បួន​ឆ្លង​កាត់ និង​ការ​ហ្វឹក​ហាត់​ប្ដូរ​កម្លាំង​សែង​ព្រះ​រាជ​យាន ដែល​នឹង​ត្រូវ​ប្ដូរ​គ្រប់​ៗ​៥០០​ម៉ែត្រ​ផង​។

ក្បួន​ព្យុហយាត្រា​ស្ថល​មាគ៌​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជភិសេក ព្រះ​មហា​ក្សត្រិយ៍​ថៃ រាមា​ទី​១០​គ្រា​នេះ នឹង​ធ្វើ​ឡើង​ក្នុង​ការ​ស្ដេច​យាង​ព្រះ​រាជ​ដំណើរ​ទៅ​កាន់​វត្ត​ចំនួន​៣​របស់​ព្រះ​នគរ គឺ វត្ត​បវរ​និវេសរាជ​វរវិហារ​ វត្ត​រាជ​បពិធ​ស្ថិត​មហា​សីមារាម​រាជវរវិហារ និង​វត្ត​ព្រះ​ជេតុពន​វិមលមង្គលារាម​រាជ​វរ​មហាវិហារ​៕​៚

_______________________________________________
អានផងដែរ៖
១. ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
២. ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ
៣. ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
៤. ទី​តាំង​ទាំង​១៧ ក្នុង​ការ​ធ្វើ​ពិធី​ចម្រើន​ទឹក​ព្រះ​ពុទ្ធ​មន្ត និង​ទឹក​ពេទ​មន្ត ​សម្រាប់​ព្រះ​រាជ​ពិធី​មុទ្ធាភិសេក ព្រះ​មហា​ក្សត្រិយ៍​ថៃ
៥. អារាម​បី​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០
៦. ថៃ​ចាត់​សម​ក្បួន​ព្យុហ​យាត្រា​ស្ថល​មាគ៌​នៅ​ទី​តាំង​ពិត​លើក​ទី​១

Advertisements
%d bloggers like this: