jump to navigation

មហា​សង្ក្រាន្ត ឆ្នាំ​កុរ ឯក​ស័ក ចុល្ល​សករាជ ១៣៨១ ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

មហាសង្ក្រាន្តឆ្នាំកុរ ឯក​ស័ក
ចុល្លសករាជ ១៣៨១ – មហាសករាជ ១៩៤១
ពុទ្ធសករាជ ២៥៦៣ – គ្រឹស្តសករាជ ២០១៩

សុភមស្ដុ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅបាន ២៥៦២ ព្រះវស្សា ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំកុរ ឯក​ស័ក ចូលពុទ្ធសករាជ ២៥៦៣ ព្រះ​វស្សា​ត​ទៅ​។

នឹងគណនាឆ្នាំកុរ​ ឥឡូវនេះ សង្ក្រាន្តចូលមក​វេលា​ម៉ោង ១៥:១២​នា​ទី​ រសៀល នៅថ្ងៃ​អាទិត្យ ១០​កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០១៩ នោះព្រះអាទិត្យ​ចរ​ចេញពីមីនរាសីទៅឋិតនៅឯមេសរាសី ដើរ​តាម​គោវិថី គឺផ្លូវកណ្ដាល ទើបមានទេព​ធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម ទុង្សា​ទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម សៀត​ផ្កា​ទទឹម អាភរណៈ​កែវ​បទុមរាគ​ ព្រះហស្តស្ដាំទ្រង់​កង​ចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ​ សោយ​ផ្លែ​ឧទុម្ពរ (​ផ្លែ​ល្វា​) គង់​លើ​សុបណ្ណ​រាជ (​ស្ដេច​គ្រុឌ​) ​​ជាពាហនៈ នាំអស់​ពួក​ទេព​និករ បវរ​កញ្ញា ទាំង​​មួយសែនកោដិ ហោះទៅកាន់​គុហាកែវ ឈ្មោះ​ធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ដែល​ប្រតិស្ថាន​ទុក​ព្រះ​សិរសា​កបិលមហាព្រហ្ម តម្កល់​នៅ​លើពានមាស នាំ​ចេញ​មកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ ជុំ​ចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជា​គម្រប់​៦០នាទី (២៤ម៉ោង) ហើយ​ដង្ហែ​ចូល​ទៅតម្កល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវទាំង៧ ជាមាត់គោ ឧសភរាជទាំង៧ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះហ្ឬទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែលវិស្វកម្មទេវបុត្រនិមិត្តថ្វាយ ហើយបន្ទោរបង់នូវអពមង្គល ឲ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្ដី ជន្មាយុយឺនយូរតរៀងទៅ។

  • ថ្ងៃ​អាទិត្យ ១០​កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា ឆ្នាំ២០១៩ ម៉ោង១៥:១២នាទី រសៀល ជាថ្ងៃចូលឆ្នាំ។
  • ថ្ងៃចន្ទ ១១​​កើត​ ខែចែត្រ​ ត្រូវនឹងថ្ងៃទី១៥ មេសា ឆ្នាំ២០១៩ ជាវារៈវ័នបត។
  • ថ្ងៃអង្គារ ១២​​កើត​ ខែខែត្រ​ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ជាវារៈឡើងស័ក​។

គម្រប់សង្ក្រាន្ត៣ថ្ងៃស្រេចបរិបូណ៌ ចូលជាសកលឆ្នាំកុរ ឯក​​ស័ក ចុល្លសករាជ១៣៨១ និងមហាសករាជ១៩៤១ តទៅ។

ក្នុងឱកាសសង្ក្រាន្តបី ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យ ជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលនូវទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬស្រគាំ ហើយរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះ ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

កំណត់សម្គាល់

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូក៏ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម ៣ ឬ ៥ មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

ទំនាយប្រចាំឆ្នាំ

  • កេណ្ឌព្រះពិរុណសាស្ត្រ៖ ឆ្នាំនេះ ព្រះ​ព្រហស្បតិ៍ ជាអធិបតី មាននាគ៥បង្អុរភ្លៀង៥០០មេ។ ភ្លៀងធ្លាក់នៅចក្រវាឡ២០០មេ ហិមពាន្ត១៥០មេ មហាសមុទ្ទ១០០មេ ជម្ពូទ្វីបមនុស្សលោក៥០មេ​។ ឆ្នាំ​នេះ​ដើម​ឆ្នាំ និង​ចុង​ឆ្នាំ មាន​ភ្លៀង​ច្រើន កណ្ដាល​ឆ្នាំ មាន​ភ្លៀង​តិច មាន​ខ្យល់​ព្យុះ​ច្រើន​។
  • កេណ្ឌធារាទិគុណរ៖ ឆ្នាំនេះមានកេណ្ឌ (១) ត្រូវត្រង់​តេជោ​ធាតុ​ចុះ ទំនាយថា​ភ្លើង​កាច​សាហាវ​ជាង​ឆ្នាំ​មុន​ៗ។
  • ទំនាយទឹកទន្លេ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេមានសំណល់៥ (​ប្រាំ​) ទំនាយថាទឹកទន្លេបឹងបួរ​តូច​ណាស់​តូច​ជាង​ឆ្នាំ​ទាំង​ពួង​។
  • កេណ្ឌធញ្ញាហារ៖ ឆ្នាំនេះមានកេណ្ឌ (០) មានឈ្មោះថាបាប ៖ ទំនាយថា ស្រូវ​ក្នុង​ស្រែ​ចម្ការ ​បាន​ផល​១​ភាគ ខូច​ខាត​អស់​៩​ភាគ។ ស្រូវ​ដុះ​ល្អ​តែ​ដំបូង​នឹង​កើត​ទុរ្ភឹក្ស​ផ្សេង​ៗ​។ ប្រជានុរាស្ត្រ​មាន​សេចក្ដី​ទុក្ខ​លំបាក​ព្រោះ​ធញ្ញាហារ​ថ្លៃ តំបន់​ខ្លះ​កើត​អន្តរាយ​ជា​អនេក ទុក្ខ​លំបាក ខ្សត់​ខ្សោយ ទី​ទ័ល​ក្រ​ព្រោះ​សត្វ​កណ្ដុរ​បំផ្លាញ​ដំណាំ​។
  • ទំនាយការធ្វើស្រែ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស (៤) ទំនាយថា ស្រែដីទំនាប និងស្រែដីទួលគ្រប់ទីកន្លែងបានផលល្អដូចគ្នាទាំងពីរយ៉ាង។
  • កេណ្ឌព្រឹក្សា៖ ឆ្នាំនេះត្រូវចំសេស៥ត្រូវត្រង់ ដើម​រកា​ជា​ស្ដេចមាន​ទំនាយ​ថា មាន​ភ្លៀង​ច្រើន ទឹក​នឹង​លិច​ស្រូវ មនុស្ស​ផង​ទាំង​ឡាយ​ឥតមាន​កល្លិយុគ​ស្រណុក​ជា​ពេក​​។
  • កេណ្ឌព្រះអាទិត្យ៖ ឆ្នាំនេះ​ព្រះ​អាទិត្យ​គឺ​ខ្យល់​ទៅ​ទំនាយ​ថា បន្ទាប់​ពី​ថ្ងៃ​មហា​សង្ក្រាន្ត​ទៅ​ពុំ​មាន​អន្តរាយ​អ្វី​ឡើយ។

ទំនាយតាមថ្ងៃសង្ក្រាន្ត

  • ទំនាយថ្ងៃមហាសង្ក្រាន្ត៖ ថ្ងៃចូលឆ្នាំត្រូវនឹងថ្ងៃអាទិត្យ ទំនាយថា ៖ ឆ្នាំនេះ​នឹង​ការ​ធ្វើ​ស្រែ​មិន​សូវ​ជា​បាន​ផល​ល្អ​ឡើយ។
  • ទំនាយថ្ងៃវ័នបត៖ ថ្ងៃកណ្ដាលត្រូវនឹងថ្ងៃចន្ទ​​ ទំនាយថា ៖ ឆ្នាំនេះ​​អំបិល​នឹង​ឡើង​ថ្លៃ ជំទាវ ខុនណាង និង​ក្ដៅ​ក្រហាយ​ចិត្ត ប្រជា​នុរាស្ត្រ​រមែង​នឹង​កើត​ជំងឺ​គ្រុន​រងា​ច្រើន​ជា​អនេក​​។
  • ទំនាយថ្ងៃឡើងស័ក៖ ថ្ងៃចុងក្រោយត្រូវនឹងថ្ងៃអង្គារ ទំនាយថា ៖ ឆ្នាំនេះ ​រាជ​អាមាត្យ មន្ត្រី​តូច​ធំ នឹង​ប្រកប​ដោយ​សេចក្ដី​សុខ​ត្រជាក់​ត្រជុំ ព្រម​ដោយ​ទ្រព្យ​សម្បត្តិ​បរិបូណ៌ ទោះ​បី​មាន​ការ​ប្រយុទ្ធ​តស៊ូ​ជា​មួយ​បច្ចា​មិត្ត​។

ស្រង់ចេញពីមហា​សង្ក្រាន្ត​របស់​គណៈ​កម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ អន្តរជាតិ​ និង​ មហា​សង្ក្រាន្ត​របស់​​លោក អ៊ឹម បុរិន្ទ

_____________________________________________________
អានផងដែរ៖
១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
៤. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៥. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥
៦. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦
៧. មហាសង្ក្រាន្តឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ២៥៥៧
៨. មហាសង្ក្រាន្តឆ្នាំមមី ឆស័ក ពុទ្ធសករាជ២៥៥៨
៩. មហាសង្ក្រាន្តឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ២៥៥៩
១០. មហាសង្ក្រាន្តឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០
១១. មហា​សង្ក្រាន្ត​ឆ្នាំ​រកា នព្វ​​ស័ក ពុទ្ធសករាជ​២៥៦១
១២. មហា​សង្ក្រាន្ត ឆ្នាំ​ច សំរឹទ្ធិ​ស័ក ចុល្ល​សករាជ ១៣៨០
១៣. អំពី​នាង​ទុង្ស​​ទេវី

Advertisements

មតិ»

1. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

2. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

3. មហា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ឯក​ស័ក ពុទ្ធសករាជ​២៥៥៣ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

4. មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

5. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

6. មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

7. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

8. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

9. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

10. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

11. មហា​សង្ក្រាន្ត ឆ្នាំ​ច សំរឹទ្ធិ​ស័ក ចុល្ល​សករាជ ១៣៨០ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

12. មហា​សង្ក្រាន្ត​ឆ្នាំ​រកា នព្វ​​ស័ក ពុទ្ធសករាជ​២៥៦១ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2019

[…] […]

13. អំពី​នាង​ទុង្ស​​ទេវី | ស្រែ​ខ្មុក - ថ្ងៃសុក្រ 12 ខែ​មេសា 2019

[…] […]


ឆ្លើយ​តប​ទៅ​កាន់ មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤ | ស្រែ​ខ្មុក បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: