jump to navigation

របាយការណ៍​៖ ចូល​ឆ្នាំ​កុរ ច.ស.​១៣៨១ នៅ​ស្រុក​ខ្មែរ ថ្ងៃ​ព្រហស្បតិ៍ 18 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

បុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ សម្រាប់ឆ្នាំកុរ ឯក​ស័ក ច.ស.​១៣៨១ បានកន្លងទៅហើយ បងប្អូនខ្មែរយើង​មួយ​ចំនួន​ចាប់ផ្ដើមចូលក្រុងវិញ ដើម្បីបម្រើការងារតាមប្រក្រតីហើយ ជា​​ពិសេស​បង​ប្អូន​កម្មករ​នានា​ដែល​ធ្វើ​ការ​នៅ​ភ្នំពេញ​។ តែ​អ្នក​មួយ​ចំនួន​ទៀត ក៏​បន្ត​ឈប់​សម្រាក​លំហែ​កាយ ទំនង​រហូត​ដល់​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​ក្រោយ​ឯណុះ​ទើប​ចូល​ធ្វើ​ការ​វិញ​​។ ឆ្នាំ​នេះ​​ជា​ឆ្នាំ​ទី​២​ហើយ ដោយ​រាជ​ការ​បាន​បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ​ដឹក​ជញ្ជូន​ប្រជា​ពល​រដ្ឋ​ទៅ​ស្រុក និង​មក​ភ្នំពេញ​វិញ តាម​ខេត្ត​ធំ​ៗ​ជា​ច្រើន​ ដោយ​មិន​គិត​​ប្រាក់​ផង​ ដូច​កាល​ពី​ឆ្នាំ​ទៅ​ដែរ​។

ខាងក្រោមនេះ ជារបាយការណ៍សង្ខេបៗ ដែលខ្ញុំកត់សម្គាល់ឃើញនារយៈពេលបុណ្យចូលឆ្នាំខ្មែរ បីបួនថ្ងៃនេះ៖

  • ចូលឆ្នាំខ្មែរតាមប្រពៃណី

ជាថ្មីម្ដងទៀត ឆ្នាំនេះ ប្រជាជនខ្មែរនាំគ្នាបន្តទំនៀមដូនតាខ្លួន ធ្វើចង្ហាន់ទៅវត្តធ្វើបុណ្យដាក់ទានតាមធម្មតា។ តែអ្វីគួរកត់សម្គាល់នោះ គឺថា​មួយ​ឆ្នាំ​ៗ​វត្ត​អារាម​នានា​ស្ងាត់ខ្លាំងណាស់ វត្តខ្លះ មនុស្សទៅធ្វើបុណ្យតែថ្ងៃទី១ និងទី២ទេ ទី៣ បិទវត្តហើយ គ្មានអ្នកទៅធ្វើបុណ្យទៀតទេ។ បើ​និយាយ​ពី​វត្ត​នៅ​តាម​ទី​ជនបទ​វិញ គឺ​ចប់​សេចក្ដី​ហើយ​។ ឆ្នាំ​នេះ​ដោយ​សារ​ទេវតា​ចុះ​នៅ​ម៉ោង​៣​រសៀល ហេតុ​ដូច​នេះ ព្រឹក​ថ្ងៃ​ទី​១ ហាក់​ដូច​ជា​ស្ងប់​ស្ងាត់​បន្តិច​នៅ​តាម​វត្ត​។

  • ប្រជាជននិយមដើរលេង

ក៏​ដូច​ជា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ដែរ អនាគតទៅទេសកាលបុណ្យចូលឆ្នាំទំនងជាមិនមែនការធ្វើបុណ្យទៀតទេ តែជាការសម្រាកហូលីដេយ៍​ ដើម្បីដើរលេងហើយ។ ប្រជាជនមួយចំនួនចាប់ផ្ដើមចេញដំណើរទៅកម្សាន្តនៅបរទេសចំនួន៥ទៅ៧ថ្ងៃ គឺចាប់តាំងពីមុនថ្ងៃចូលឆ្នាំផង។ ជា​ពិសេស​អ្នក​មាន​កម្រិត​ធូរធារ​​។ ឯអ្នកដែលដើរលេងក្នុងស្រុកវិញក៏ដូចគ្នា គឺនាំគ្នាចេញពីផ្ទះអស់ៗ ទៅតាមខេត្តរៀងៗខ្លួន ធ្វើឲ្យភ្នំពេញ បិទទ្វារស្ងាត់ដូចចោរលួចសេះ ឯ​នៅ​តាម​ខេត្ត និង​ទី​រមណីយ​ដ្ឋាន​នានា​នោះ​គឺ​ឃើញ​ថា​មាន​មនុស្ស​ម្នា​ច្រើន​សម្បើម​ណាស់​។

  • ទូរទស្សន៍មាន​តែ​កម្មវិធី​ប្រគុំ​តន្ត្រី និង​រាំ​ច្រៀង

ក្រៅពីកម្មវិធីដែលថតទុក នៅតាមកញ្ចក់ទូរទស្សន៍ស្រុកខ្មែរ គ្មានកម្មវិធីធំដុំអ្វីជាទីកត់សម្គាល់ទេ។ ល្បែងល្បុកកម្សាន្តនានា ដែលបន្សល់ទុកមកគឺថាបាត់អស់តែម្ដង មិនឃើញមានលេងឡើយ ហើយជំនួសមកវិញ គឺរាំតែប៉ុណ្ណោះ នៅតាមទូរទស្សន៍។ អនាគតស្រុកខ្មែរ នឹងសម្បូរណ៍ទៅដោយអ្នករាំច្រើនណាស់។

  • មិន​មាន​ផលិតកម្ម​ផលិត​បទ​ចម្រៀង

សម្រាប់​ឆ្នាំ​នេះ ហាក់​មិន​មាន​ផលិត​កម្ម​ណា​ផលិត​បទ​ចម្រៀង​សម្រាប់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ណេះ និង​ល្បី​រន្ទឺ​ដូច​ឆ្នាំ​កន្លង​មក​ទេ​។ មាន​បទ​ចម្រៀង​ចាស់​ថ្មី​មួយ​ចំនួន​ក៏​បាន​ធ្វើ​ឡើង​ផង តែ​មិន​ល្បី​គួរ​កត់​សម្គាល់​ទេ​។

  • «​សង្ក្រាន្ត» ​គ្រប់​ខេត្ត​​ក្រុង

ឆ្នាំ​នេះ អង្គរ​សង្ក្រាន្ត​ដែល​គេ​ចាត់​ពី​ឆ្នាំ​មុន​ៗ​នោះ មិន​បាន​រៀប​ចំ​ធ្វើ​ទេ​ តែ​គ្រប់​ខេត្ត​ស្រុក​តំបន់​​ឃើញមាន​គេ​ចាត់​ «​សង្ក្រាន្ត​» ​គ្រប់​ទី​កន្លែង​។ មាន​ទាំង​សង្ក្រាន្ត​តាម​ខេត្ត តាម​វត្ត តាម​ភូមិ រហូត​ដល់​តាម​ទី​កន្លែង​ធ្វើ​ការ និង​តាម​សាលា​រៀន​ផង​។ ដូច​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ដែរ ទោះ​បី​ជា​ មាន​ការ​ចាត់​បុណ្យ «​សង្ក្រាន្ត​» ច្រើន​​​យ៉ាង​នេះ​ក្ដី ពាក្យ​នេះ​ (​សង្ក្រាន្ត​) ត្រូវ​បាន​​គេ​ប្រើ​ទាំង​ទទឹង​ទិស ខុស​ៗ​គ្នា​ទៅ​តាម​ខេត្ត​នីមួយ​ៗ មិន​ដឹង​ខុស​ត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ ​ព្រម​ទាំង​គ្មាន​ស្ថាប័ន​ណា​ទទួល​ខុស​ត្រូវ​ទេ​។ អ្វី​ដែល​ជា​ទី​គាត់​សម្គាល់​នោះ ដូច​ឆ្នាំ​មុន​ដែរ នៅ​តាម​បណ្ដាញ​សង្គម​មាន​ការ​ជជែក​វែក​ញែក​មិន​អស់​ចិត្ត​មិន​អស់​ហើយ ពី​រឿង​ «​សង្ក្រាន្ត​» នេះ​ជា​ពាក្យ​ថៃ ឯ​ខ្មែរ​ត្រូវ​ប្រើ​ពាក្យ «​ចូល​ឆ្នាំ​ថ្មី​» ។ល​។ និង​។ល។

  • បើក​ទូលាយ​ការ​លេង​ជះ​ទឹក

ឆ្នាំ​នេះ មាន​ការ​បើក​ទូលាយ​ឲ្យ​ (ប្រពៃណី​) ការ​លេង​ជះ​ទឹក​គ្រប់​ទី​កន្លែង​​ ទាំង​នៅ​តាម​ខេត្ត​ធំ​ៗ ក៏​ដូច​ជា​ទី​ក្រុង​ភ្នំពេញ មាន​វត្ត​ភ្នំ​ជា​ដើម។ ការ​បើក​ឲ្យ​មាន​ការ​លេង​ជះ​ទឹក​ដោយ​ចំហ​នេះ ទំនង​ជា​ដោយ​សារ​ឆ្នាំ​នេះ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង និង​ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​ៗ​មក​ដែល​មាន​ការ​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​លេង​ជះ​ទឹក​បែប​នេះ ដោយ​អ្នក​ខ្លះ​អះអាង​ពី​ការ​ចម្លង​យក​វប្បធម៌​លេង​ទឹក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ ពី​ប្រទេស​ជិត​ខាង​ផង​។

  • ឈ្លោះ​គ្នា​រឿង​ឈ្មោះ​ទេវ​ធីតា

នៅ​តាម​បណ្ដាញ​សង្គម ឃើញ​មាន​ការ​ប្រកែក​គ្នា​ជា​ហូរ​ហែ​មិន​ដាច់​ស្រេច​ពី​រឿង​ឈ្មោះ​នាង​ទេវធីតា​ឆ្នាំ​កុរ នេះ ដោយ​អ្នក​ខ្លះ​ថា​ឈ្មោះ​នេះ ឬ​ឈ្មោះ​នោះ តាម​ហេតុ​ផល​រៀង​ៗ​ខ្លួន​។ ឯ​អ្នក​ខ្លះ​ទៀត​រហូត​អះ​អាង​ពី​ការ​យក​តាម​តម្រា​ថៃ​អ្វី​ជា​ដើម​ផង​។

  • នាំ​គ្នា​គូស​រូប និង​តុប​តែង​ជា​​ទេវធីតា

ឆ្នាំ​នេះ ឃើញ​មាន​ការ​ប្លែក ដោយ​វិចិត្រករ ទាំង​ថ្មី​ទាំង​ចាស់ ជា​ពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ផង នាំ​គ្នា​បញ្ចេញ​ស្នាដៃ​អួត​រៀង​ៗ​ខ្លួន​ដោយ​គូស​រូប​គំនូរ​នាង «​ទុង្សា​ទេវី​» ដែល​ជា​ទេវ​ធីតា​ឆ្នាំ​កុរ​នេះ ឡើង​ព្រោង​ព្រាត ច្រើន​យ៉ាង​សម្បើម​។ អ្នក​ឯ​ខ្លះ​ទៀត​ថែម​ទាំង​គូរ​បែប​កំប្លែង​ដោយ​ឲ្យ​នាង​ទេវធីតា​នេះ​រៀង​ធាត់​ក្រម៉ាប់ ឲ្យ​សម​ស្រប​នឹង​ឆ្នាំ​ជ្រូក​ផង​។ ដោយ​ឡែក​ពពួក​ចូល​ចិត្ត​តុប​តែង និង​សំអាងការ ពួក​ថត​តែង​មួយ​ចំនួន​ក៏​នាំ​គ្នា​ថត​នាង​ទេវធីតា​ជិះ​គ្រុឌ​នេះ ជា​ច្រើន​ប្លែក​ៗ​ហូរ​ហែ​ផង​ដែរ​។

  • អាកាសធាតុ​បន្ត​ក្ដៅខ្លាំង

ឆ្នាំនេះ អាកាសធាតុហាក់ក្ដៅខ្លាំងសម្បើមណាស់ បើប្រៀបធៀបនឹងការចូលឆ្នាំ ឆ្នាំមុនៗ គឺក្ដៅរហូតស្ទើរមិនចង់ចេញពីផ្ទះ។ ហ់ើយ​អ្វី​ដែល​ពិសេស​ជាង​គេ​សម្រាប់​ឆ្នាំ​នេះ គឺការ​បិទ​ចរន្ត​អគ្គីសនី​ដោយ​សារ​មក​ពី​ការ​ប្រើ​ប្រាស់​ហួស​ប្រមាណ ដែល​ជា​វិបាក​នៃ​បញ្ហា​អាកាស​ធាតុ​ក្ដៅ​នេះ​ផង​​។ អាកាសធាតុបែបនេះហើយមើលទៅ ដែលទំនងបង្ខាំងប្រជាជនខ្មែរមួយ​ចំនួន​មិនឲ្យចេញទៅណា ក្នុងរដូវកាលចូលឆ្នាំនេះ។

  • បញ្ចប់សេចក្ដី

មើលទៅបុណ្យចូលឆ្នាំខ្មែរពីមួយឆ្នាំទៅមួយឆ្នាំ ហាក់ដូចជាគ្មានន័យអ្វីទៀតទេ គឺមិនខុសពីថ្ងៃបុណ្យឈប់សម្រាកសៅរ៍អាទិត្យប៉ុន្មានទេ ក្រៅពីការឈប់យូរថ្ងៃនោះ។ ចប់ជាសង្ខេបបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ​កុរ ឯក​ស័ក ច.ស.​១៣៨១​៕

____________________________________________________
អានផងដែរ៖
១. របាយការណ៍៖ ចូលឆ្នាំថោះនៅស្រុកខ្មែរ
២. របាយការណ៍៖ ចូលឆ្នាំមមីនៅស្រុកខ្មែរ
៣. របាយ​ការណ៍​៖ ចូល​ឆ្នាំ​វក​នៅ​ស្រុក​ខ្មែរ
៤. របាយ​ការណ៍​៖ ចូល​ឆ្នាំ​រកា ២៥៦១ ​នៅ​ស្រុក​ខ្មែរ
៥. របាយការណ៍​៖ ចូល​ឆ្នាំ​ច ១៣៨០ នៅ​ស្រុក​ខ្មែរ

Advertisements
%d bloggers like this: