jump to navigation

ខួប​ឆ្នាំ​ទី​៤៤ រំឭក​ថ្ងៃ​សោយ​ព្រះ​ពិរាល័យ សម្ដេច​ព្រះ​មហា​ក្សត្រិយានី ថ្ងៃសៅរ៍ 27 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

58599007_2272297782827728_1167314708814888960_n

សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ព្រះ​អង្គ​ព្រះ​រាជ​សម្ភព​នា​ថ្ងៃ​​ទី​០៩ ខែ​មេសា ឆ្នាំ​១៩០៤។ ព្រះ​អង្គ​គឺ​ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស និង​សម្ដេច​​ព្រះ​អគ្គ​មហេសី មហាក្សត្រី នរោត្ដម កាញ្ចនវិមាន នរលក្ខណ៍ ទេវី។

សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ស្រប​ជាមួយ​នឹង​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត។ ពិធី​រាជាពិសេក បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​១៩៥៥ ដោយ​ទ្រង់​មាន​ព្រះ​បរម​នាម​ថា៖ «សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមនារីរតន៍ សិរីវឌ្ឍនា»។

ក្រោយ​ពី​ព្រះ​សុវណ្ណគត​នៃ​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត នា​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​១៩៦០ មក ព្រះ​អង្គ​បាន​ឡើង​គង់​ជា​និមិត្តរូប​នៃ​ព្រះ​រាជ​បល្ល័ង្ក រហូត​ដល់​សម័យ​រដ្ឋ​ប្រហារ​នា​ឆ្នាំ​១៩៧០ ហើយ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ ណុល បាន​ចាប់​ព្រះ​អង្គ​ឃុំ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន រហូត​ដល់​ខែ​ឧសភា ឆ្នាំ​១៩៧៣។ រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​១៩៧៣ ទើប​របប​សាធារណរដ្ឋ​ខ្មែរ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​និរទេស​ព្រះកាយ​ទៅ​ប្រទេស​ចិន។

សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់​សោយទិវង្គត​​នា​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៧៥ នា​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ចិន​ប្រជាមានិត ក្នុង​ព្រះ​ជន្ម​៧១​វស្សា គឺ​រយៈ​ពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រះ​អង្គ​ត្រូវ​បាន​របប​សាធារណរដ្ឋ​ខ្មែរ​បាន​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ភៀស​ព្រះកាយ​ទៅ​ប្រទេស​ចិន​មក។

ព្រះ​អដ្ឋិ​​ព្រះ​អង្គ ត្រូវ​បាន​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​ត្រូវ​ជា​ព្រះរាជបុត្រ នាំ​ដង្ហែ​យក​មក​បញ្ចុះ​នៅ​ក្នុង​​ព្រះ​ចេតិយ​ជាមួយ​ព្រះអដ្ឋិ​ព្រះ​ករុណា សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត នៅ​ក្នុង​ព្រះ​បរម​រាជវាំង ចតុម្មុខ​មង្គល នា​ឆ្នាំ​១៩៧៥៕

Advertisements
%d bloggers like this: