jump to navigation

ព្រះ​រាជ​ពិធី​ដាក់​រាជ្យ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន ថ្ងៃអង្គារ 30 ខែ​មេសា 2019

Posted by សុភ័ក្ត្រ in 日本語.
3 comments

នានាប្រទេស៖ ក្រុងតូក្យូ, ប្រទេស​ជប៉ុន – ព្រះ​ចៅ​អធិរាជ​ជប៉ុន​អាគីហ៊ិតុ​ទ្រង់​បាន​ប្រកាស​ដាក់​រាជ្យ​សម្បត្តិ​ជា​ផ្លូវ​ការ​ហើយ​នា​រសៀល​ថ្ងៃ​នេះ (​៣០ មេសា ២០១៩​) ដើម្បី​ផ្ទេរ​ព្រះ​រាជ​បល្ល័ង្ក​ទៅ​ឲ្យ​រជ្ជ​ទាយាទ​ទ្រង់​គឺ​ព្រះ​អង្គ​ម្ចាស់ ​ណារុហ៊ិតុ ដែល​នឹង​ត្រូវ​ឡើង​គ្រង​រាជ្យ​បន្ត​នៅ​វេលា​ថ្ងៃ​ស្អែក​នេះ​។

​ព្រះ​ចៅ​អធិរាជ​ជប៉ុន ដែល​បច្ចប្បន្ន​ទ្រង់​មាន​ព្រះ​ជន្ម​៨៥​ព្រះ​វស្សា​​នោះ នឹង​នៅ​កាន់​តំណែង​ជា​ប្រមុខ​ប្រទេស​រហូត​ដល់​រាត្រី​នេះ មុន​នឹង​បញ្ចប់​រជ្ជ​សម័យ «​ហេសេ» ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៨៩​មក​នោះ​។ បន្ទាប់​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា នឹង​ត្រូវ​ចាប់​ផ្ដើម​សករាជ​ថ្មី​របស់​ជប៉ុន គឺ «​រេវ៉ៈ​»​។

នៅ​ក្នុង​ព្រះ​រាជ​ពិធី​ដាក់​រាជ្យ​នេះ ទ្រង់​បាន​មាន​ព្រះ​រាជ​បន្ទូល​ចុង​ក្រោយ​ថា​ ទ្រង់​បាន​ប្រើ​ប្រាស់​ពេល​វេលា​ក្នុង​រជ្ជកាល​របស់​ទ្រង់​ចំនួន​៣០​ឆ្នាំ បដិបត្តិ​ព្រះ​រាជ​ករណី​កិច្ច ដោយ​ផ្ដល់​កិត្តិយស និង​ស្រឡាញ់​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​ជា​អនេក រាប់​ថា​ជា​ការ​ផ្ដល់​ពរ​ដ៏​ប្រសើរ ហើយ​ព្រះ​អង្គ​សូម​អរគុណ​ដល់​ប្រជា​រាស្ត្រ​ជប៉ុន​ដែល​គោរព​ស្រឡាញ់​​ព្រះ​អង្គ​ក្នុង​ឋានៈ​ជា​និមិត្ត​រូប​នៃ​ប្រទេស​។

ព្រះ​រាជ​ពិធី​ដាក់​រាជ្យ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​សាមញ្ញ​ដោយ​ប្រើ​ថិរវេលា​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ នៅ​វេលា​ម៉ោង​១៧.០០ នា​ថ្ងៃ​នេះ ម៉ោង​នៅ​ជប៉ុន ដែល​ត្រូវ​នឹង​ម៉ោង​១៥.០០ ម៉ោង​នៅ​កម្ពុជា នា​ព្រះ​រាជ​វាំង​ព្រះ​ចៅ​អធិរាជ​។ នៅ​ក្នុង​ព្រះ​រាជ​ពិធី​នោះ ព្រះ​ចៅ​អធិរាជ​ស្ដេច​ប្រគល់​ព្រះ​រាជ​លញ្ជករ និង​គ្រឿង​រាជ​កកុធភណ្ឌ មាន​ដូច​ជា ព្រះ​ឆាយ ព្រះ​ខឌ្គ និង​អញ្ញមណី​។

ព្រះ​រាជ​ពិធី​នេះ​មាន​ការ​យាង​ និង​អញ្ជើញ​ចូល​រួម ដោយ​សម្ដេច​ព្រះ​ចៅ​អធិរាជ​ជប៉ុន និង​អធិរាជនី ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស នាយករដ្ឋមន្ត្រី ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ជប៉ុន​ជា​ច្រើន​រូប​ទៀត​៕៚

_106647181_akihito3captureUntitled-2yq-akihito5-30042019_0

_______________________________________________________
អាន​ផង​ដែរ ៖
១. ប្រមុខ​​​១៩៥​ប្រទេស​ ​ចូល​រួម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក អធិរាជ​ជប៉ុន
២. ជប៉ុន​ប្រកាស​រជ្ជ​ស័ក​ថ្មី «​រេវ៉ៈ​»
៣. ព្រះ​រាជ​ពិធី​គ្រង​សិរី​រាជ​សម្បត្តិ​នៃ ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​អង្គ​ថ្មី
៤. ពល​រដ្ឋ​ជប៉ុន​ចេញ​មក​ថ្វាយ​ព្រះ​ពរ​ព្រះ​ចៅ​អធិរាជ​ថ្មី
៥. អំពី​គ្រឿង​ត្រី​រាជ​កកុធ​ភណ្ឌ​ជប៉ុន

Advertisements
%d bloggers like this: