jump to navigation

អត្ថបទ​ប្រែ ៖ ខួង អភ័យវង្ស រំឭក​ហេតុការណ៍​បុព្វ​ជន​ភៀស​ខ្លួន​មក​ប្រទេស​សៀម បន្ទាប់​ពី​គ្រប់​គ្រង​ខេត្ត​បាត់ដំបង​​ ៥​រជ្ជកាល ជាង​១១២​ឆ្នាំ ថ្ងៃអាទិត្យ 19 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
5 comments

កកន ៖ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ កន្លង​មក​នេះ ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា ควง อภัยวงศ์ เล่าเหตุการณ์ต้นตระกูลอพยพกลับสยาม หลังปกครองพระตะบองนาน 5 แผ่นดิน กว่า 112 ปี ឬ​ប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ថា ខួង អភ័យវង្ស រំឭក​ហេតុការណ៍​បុព្វ​ជន​ភៀស​ខ្លួន​មក​ប្រទេស​សៀម បន្ទាប់​ពី​គ្រប់​គ្រង​ខេត្ត​បាត់ដំបង​​ ៥​រជ្ជកាល ជាង​១១២​ឆ្នាំ​។

ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​អនុញ្ញាត​បក​ប្រែ​ជា​ភាសា​ខ្មែរ​ក្រៅ​ផ្លូវ​ការ ដោយ​មិន​បញ្ចេញ​បញ្ចូល​បន្ថែម ដើម្បី​ទុក​ជូន​ជា​គតិ និង​ឯកសារ​ប្រវត្តិ​សាស្ត្រ នៅ​ទី​នេះ ដូច​ត​ទៅ​។

ខួង អភ័យវង្ស

លោក ខួង អភ័យវង្ស អតីត​នាយក​រដ្ឋ​មន្ត្រី​៤​អណត្តិ​របស់​ប្រទេស​ថៃ កូន​ប្រុស​របស់​ចៅ​ពញា​អភ័យ​ភូបេស្រ (​ឈុំ​ អភ័យ​វង្ស​) ​ជា​ម្ចាស់​គ្រប់​គ្រង​ខេត្ត​បាត់ដំបង​ចុង​ក្រោយ បាន​រំឭក​ពី​ហេតុការណ៍​ខណៈ​ដែល​គ្រួសារ​របស់​លោក​កំពុង​ភៀស​ខ្លួន និង​សៀម (​ប្រទេស​ថៃ​កាល​ណុះ​) យល់​ព្រម​បោះ​បង់​ប្រទេស​រាជ ដែលសៀម​ហួង​ហែង​បំផុត​ទៅ​ឲ្យ​អ្នក​ដទៃ (​កកន​៖ សំដៅ​លើ​បារាំង​)​។

“ពួក​យើង [សំដៅ​ដល់​បុព្វ​ជន​របស់​លោក] បាន​ជួន​គ្នា​រក្សា​ព្រះ​រាជ​អាណាចក្រ​ឲ្យ​បាន​គង់​វង្ស​រហូត​មក​ដល់​ក្រោយ​មក​ខ្មែរ​ក៏​ក្លាយ​ជា​ប្រទេស​​ក្រោម​អាណា​ព្យាបាល​បារាំង​សែស​។ បារាំង​សែស​ព្យាយាម​យក​ផែន​ដី​នេះ​ត្រឡប់​ទៅ​វិញ ទើប​សុំ​បង្កើត​កុលស៊ុល​ឡើង​នៅ​ខេត្ត​បាត់ដំបង (កកន​៖ សូម​អាន រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម) ហើយ​ក៏​ផ្ដើម​រក​រឿង​។ ត្រកូល​របស់​ខ្ញុំ​​ក៏​ជួយ​ដោះ​ស្រាយ​រហូត​មក​។ នៅ​ក្រោយ​សន្ធិ​សញ្ញា ឆ្នាំ​១៩០៤ ភាគី​យើង​ចរចា​ជាមួយ​​គ្នា រហូត​បារាំង​សែស​ព្រម​ដក​ទាហាន​ពី​ចន្ទបុរី តែ​បែ​ជា​ទៅ​រឹប​អូស​យក​ខេត្ត​ត្រាត​ជំនួស​វិញ​ និង​សុំ​ចរចា​រឿង​មណ្ឌល​បូព៌ា (​ខ្មែរ​ផ្នែក​ខាង​ក្នុង​) បន្ត​ទៀត​។ ភាគី​យើង​ក៏​មិន​មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​នេះ គឺ​ត្រូវ​យក​​កំពឹស​​ប្ដូរ​ត្រី​ប្រា​។

តាម​ដែរ​ចាស់​ៗ​និយាយ​ឲ្យ​ខ្ញុំ​ស្ដាប់​នោះ បាន​មាន​ព្រះ​បរម​រាជ​ឱង្ការ​ហៅ​ឲ្យ​លោក​ឪពុក​ខ្ញុំ​ចុះ​មក​បាងកក​ រួច​ព្រះ​អង្គ​បាន​សាក​សួរ​គំនិត​​យោបល់ ឪពុក​របស់​ខ្ញុំ​ក៏​ក្រាប​បង្គំ​ទូល​ថា យើង​គួរ​តែ​យក​ខេត្ត​ដែល​ជា​របស់​ថៃ​ទុក ចំណែក​ឯ​ខេត្ត​ខ្មែរ​ បើ​ចាំ​បាច់ត្រូវ​បាត់​បង់ ក៏​គួរ​យល់​ព្រម​បោះ​បង់​ខេត្ត​ដែល​ជា​ខ្មែរ​ រក្សា​ទុក​ខេត្ត​ថៃ​ល្អ​ជាង​ ហេតុ​នេះ​ហើយ​ក៏​មាន​ការ​ធ្វើ​សន្ធិ​សញ្ញា​ប្រគល់​មណ្ឌល​បូព៌ា​ឲ្យ​ទៅ​ខ្មែរ​ទៅ​។ ចំពោះ​ការ​ចរចា​បន្ត​មក​ទៀត បារាំង​សែស​បាន​ប្រាប់​ថា ចំពោះ​លោក​ឪពុក​ខ្ញុំ​នោះ បើ​ចង់​បន្ត​នៅ​ខេត្ត​បាត់​ដំបង​ទៀត​ក៏​បាន គេ​អង្វរ​​ឲ្យ​នៅ ចំពោះ​កិត្តិយស​កិត្តិសព្ទ​ដែល​ធ្លាប់​មាន​ទាំង​ប៉ុន្មាន​ក៏​ឲ្យ​បន្ត​រក្សា​ទុក​នៅ​ដដែល​។

ព្រះ​បាទ​សម្ដេច​ព្រះ​ចៅ​យូហួ រជ្ជកាល​ទី​៥ ក៏​បាន​ហៅ​មក​ចូល​គាល់​និង​សួរ​ថា នៅ​ទី​នោះ ឬ​យ៉ាង​ណា​? តែ​លោក​ឪពុក​ខ្ញុំ​បាន​ក្រាប​បង្គំ​ទូល​ថា ខ្ញុំ​ព្រះ​បាទ​មាន​តែ​ម្ចាស់​មួយ​គត់ សុំ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ពួក​យើង​ក៏​ភៀស​ខ្លួន​មក​ក្នុង​វេលា​នោះ​… ហើយ​ពិត​ណាស់​ការ​ដែល​យើង​ទៅ​នៅ​ស្រុក​ខ្មែរ​មក​តាំង​តែ​ពី​រជ្ជកាល​ទី​១ រហូត​ដល់​ចុង​រជ្ជកាល​ទី​៥​នោះ ការ​លាយ​ឡំ​គ្នា​រវាង​ខ្មែរ​ជាមួយ​ពួក​ខ្ញុំ​នេះ​មាន​ច្រើន​ណាស់ មិន​ដឹង​នរណា​ជា​នរណា​ ហើយ​ឥឡូវ​នេះ​សូម​អស់​លោក​ក៏​ពិចារណា​ខ្លួន​ឯង​ចុះ​ថា​ខ្ញុំ​ជា​ខ្មែរ​ឬ​ជា​ថៃ


ដក​ស្រង់​ចេញ​មួយ​ផ្នែក​ពី​អត្ថបទ ទស្សនាវដ្ដី «​អ្នក​ដាក់​អាណានិគម​» ហេតុម្ដេច​រជ្ជកាល​ទី​៥ បោះ​បង់​ នគរ​វត្ត​? អាន​អត្ថបទ​ពេញ​នៅ​ទី​នេះ

_________________________________________
អាន​បន្ថែម
១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
២. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ
៣. ควง อภัยวงศ์ เล่าเหตุการณ์ต้นตระกูลอพยพกลับสยาม หลังปกครองพระตะบองนาน 5 แผ่นดิน กว่า 112 ปี
៤. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ
៥. សាវតារ​ត្រកូល «អភ័យវង្ស»
៦. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរាជក្រឹត្យចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២

Advertisements
%d bloggers like this: