jump to navigation

ព្រះ​នាម​ក្សត្រិយ៍​ថៃ​ថ្មី គួរ​ប្រើ​យ៉ាង​ណា​ក្នុង​ភាសា​ខ្មែរ ថ្ងៃអង្គារ 21 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, ภาษาไทย.
add a comment

បន្ទាប់​ពី​​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យ​តេជ (រាមាទី៩) បាន​សោយ​ព្រះ​ទិវង្គត​ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ និង​រជ្ជ​ទាយាទ​របស់​ទ្រង់​ត្រូវ​បាន​ជ្រើស​រើស​ឡើង​គ្រង​រាជ​សម្បត្តិ​បន្ត​​ ទ្រង់​ព្រះ​នាម​ថា “ព្រះ​បាទ​សម្ដេច​ព្រះ​វជិរ​ក្លៅ ចៅ​យូហួ” និង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ត្រូវ​បាន​ចាត់​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លង​មក​នេះ​។

យ៉ាង​ណា​ក៏​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្មែរ​​យើង​​នាំ​គ្នា​ហៅ​ព្រះនាម​ព្រះអង្គ​ខុស​ៗ​គ្នា គឺ​អ្នក​ខ្លះ​ហៅ មហា​ វ៉ា​ជី​រ៉ា ​ឡុ​ង​កន​, វិជ្ជ​រ៉ា​ឡុងកន ឬ វ៉ា​ច​រ៉ា​ឡុងកន …​។ល។ ច្រើន​សណ្ឋាន​ ដែល​ភាគ​ច្រើន​សរសេរ​តាម​អក្សរ​ឡាតាំង​ ដែល​សរសេរ​ជា “Vajiralongkorn”។

ដើម្បី​ឲ្យ​យល់​ច្បាស់​ដូច​គ្នា និង​ឲ្យ​ស្រប​គ្នា​ដែល​ការ​គ្រា​ម្ដង​នោះ ប្រទេស​ថៃ​ក៏​ធ្លាប់​ជជែក​វែក​គ្នា​អំពី​ព្រះនាម​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា​ដែរ​នោះ (​សូម​អាន​ប្រកាស​អត្ថបទ​ប្រែ៖ ព្រះ​នាម​ក្សត្រិយ៍​​កម្ពុជា​ថ្មី គួរ​ប្រើ​យ៉ាង​ណា​ក្នុង​ភាសា​ថៃ) ស្រែ​ខ្មុក សូម​​លើក​យក​មក​បរិយាយ​អំពី​ព្រះ​នាម​ក្សត្រិយ៍​ថៃ​ថ្មី​នេះ តាម​អក្ខរ​វិធី​ខ្មែរ ឬ​ត្រឹម​ត្រូវ​ជាមួយ​ភាសា​ខ្មែរ​បំផុត។

ព្រះនាម​របស់ “​ព្រះ​បាទ​សម្ដេច​ព្រះ​វជិរ​ក្លៅ ចៅ​យូហួ​” សរសេរ​តាម​រូប​ក្នុង​ភាសា​ថៃ​​ថា “วชิราลงกรณ” ត្រូវ​នឹង​តួ​អក្សរ​ខ្មែរ​​ថា “វជិរាលងករណ ឬ​ វជិរាលង្ករណ” បញ្ចេញ​សំឡេង​ជា​ភាសា​ថៃ​​ថា “​​វ៉ៈឈិរ៉ា​លុងកន” សរសេរ​ជា​អក្សរ​ឡាតាំង​ថា “Vajiralongkorn”។

ពាក្យ​ថា ៖ วชิระ (វជិរៈ បញ្ចេញ​សំឡេង​ក្នុង​ភាសា​ថៃ​ថា វ៉ៈជិរ៉ៈ) ជា​ពាក្យ​ឫស​ព្ទ​នៃ​ភាសា​បាលី-​សំស្ក្រឹត ប្រើ​ដូច​គ្នា​ក្នុង​ភាសា​ខ្មែរ​យើង​ដែរ គឺ វជិរៈ ដែល​នៅ​ក្នុង​វចនានុក្រម លោក​ផ្ដល់​និយម​ន័យ​ថា ៖

វជិរៈ ( ន. ) [វៈជិរៈ ] បា. វជិរសំ. វជ្រ)
ពេជ្រ; កាំ​រន្ទះ; ខ្សែ​រស្មី​ផ្លេក​បន្ទោរ; …។ អាវុធ​របស់​ព្រះ​ឥន្រ្ទ (ពួក​ជាង​តាំង​ពី​ព្រេង​នាយ​រៀង​មក គូរ​ឬ​ឆ្លាក់ ធ្វើ​ជា​រូប​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​ផ្កា​ចំប៉ី​រីក ឬ​ចួន​កាល​ធ្វើ​ជា​រូប​ខ្សែ​ស្មើ​ផ្លេក​បន្ទោរ, មាន​ដង​ខ្លី​ដូច​ដង​ព្រះ​ខ័ឌ្គ) ។ គុ. រឹង​ស្រួយ; មាន​លំអ។

ពាក្យ​ថា ៖ อลงกรณ์ (អលងករណ៍ បញ្ចេញ​សំឡេង​ក្នុង​ភាសា​ថៃ​ថា អៈលុងកន) ជា​ពាក្យ​ឫស​ព្ទ​នៃ​ភាសា​បាលី-​សំស្ក្រឹត ប្រើ​ដូច​គ្នា​ក្នុង​ភាសា​ខ្មែរ​យើង​ដែរ គឺ អលង្ករណ៍​ ដែល​នៅ​ក្នុង​វចនានុក្រម លោក​ផ្ដល់​និយម​ន័យ​ថា ៖

អលង្ករណ៍ ( ន. ) [អៈលុង់-ក] បា. អលង្ករណសំ. អលំ–)
គ្រឿង​ប្រដាប់​សម្រាប់​តាក់តែង​ខ្លួន (មាន​ចិញ្ចៀន, កង, ខ្សែ​ដៃ, ខ្សែ​ខ្លួន ជាដើម) : ព្រះ​មហា​ក្សត្រិយ៍​ទ្រង់​តែង​ព្រះ​អង្គ​ដោយ​អលង្ករណ៍​ដ៏​បវរ​អន័គ្ឃ…(ប្រើ​ពាក្យ អលង្ការ  ក៏​បាន)។

ហេតុ​ដូច​នេះ​នៅ​ពេល​សមាស​ពាក្យ​ទាំង​ពីរ​បញ្ចូល​គ្នា វជិរៈ (วชิระ) និង​​ពាក្យ​ថា អលង្ករណ៍ (อลงกรณ์) ទើប​ក្លាយ​មក​ជា วชิราลงกรณ ឬ ​វជិរាលង្ករណ ដែល​ជា​ព្រះនាម​របស់​ព្រះមហាក្សត្រិយ៍​ថៃ​​អង្គ​ថ្មី។ ​នៅ​ក្នុង​វចនានុក្រម​ថៃ​លោក​បាន​ផ្ដល់​ន័យ​សេចក្ដី​ថា ៖ អ្នក​ទ្រង់​គ្រឿង​ពេជ្រ​និល​ចិន្ដា​, អ្នក​ប្រដាប់​ដោយ​កាំ​រន្ទះ, អ្នក​ប្រដាប់​ដោយ​វជិរៈ ហេតុ​ដូច​នេះ​ ​វជិរាលង្ករណ គឺ​ប្រែ​ថា ព្រះ​ឥន្ទ្រ​

សម្រាប់​ករណី​​ព្រះ​នាម​របស់​ក្សត្រិយ៍​ថៃ​​អង្គ​ថ្មី យើង​គួរ​តែ​ប្រើ​ឲ្យ​ត្រឹមត្រូវ​ជាមួយ​ព្រះនាម​របស់​ព្រះអង្គ​គឺ “​វជិរាលង្ករណ” ឬ “​​មហា​វជិរាលង្ករណ”ដែល​គួរ​ត្រូវ​សរសេរ​តាម​រូប​ភាសា​ខ្មែរ​ថា “​វជិរាលង្ករណ” ឬ “​​មហា​វជិរាលង្ករណ” បញ្ចេញ​សំឡេង​ក្នុង​ភាសា​ខ្មែរ​ថា “​វៈជិរៈ លុងក”​។ ឬ គួរ​ហៅ​ព្រះ​នាម​ទ្រង់​ក្នុង​ករណី ជា “​ព្រះ​បាទ សម្ដេច​ព្រះ​មហា​វជិរាលង្ករណ” (​កកន៖ ថៃ​មិន​ប្រើ “​ព្រះ​ករុណា” ទេ​)។

អ្នក​ណា​ជ្រើសរើស​ប្រើ​យ៉ាងណា​ក៏​ទៅ​តាម​ការ​យល់​ឃើញ​ភាព​ងាយស្រួល​របស់​លោក តែ​សម្រាប់​អ្នក​និពន្ធ ហើយ​ស្រឡាញ់​និង​ការ​សរសេរ​ថា “​វជិរាលង្ករណ” ច្រើន​ជាង ព្រោះ​រក្សា​បាន​ទាំង​រូបស័ព្ទ និង​អត្ថន័យ​ក្នុង​ភាសា​ខ្មែរ​បាន​យ៉ាង​គ្រប់គ្រាន់ ដែល​មិន​ចាំ​បាច់​ប្រែ​អត្ថន័យ​ទៀត។

ដើម្បី​ឲ្យ​គ្រប់​ជ្រុងជ្រោយ អ្នក​និពន្ធ​សូម​លើក​យក​ព្រះបរមនាម​របស់​ព្រះបាទ​សម្ដេច​ព្រះ​មហា​វជិរាលង្ករណ ដែល​បានចារឹក​ក្នុង​ព្រះ​សុវណ្ណ​ប័ដ ពី​ភាសា​ថៃ​​មក​ជា​ភាសា​ខ្មែរ ទុក​គ្រាន់​ជា​គតិ​ដូច​ខាង​ក្រោម​។

ព្រះបរមនាម​ក្នុង​ព្រះ​សុវណ្ណ​ប័ដ ​នៃ​ព្រះបាទ​សម្ដេច​ព្រះ​មហា​វជិរាលង្ករណ
ព្រះមហាក្សត្រិយ៍នៃ​រាជ​អាណាច​ក្រ​ថៃ

พระบาทสมเด็จ ពរៈបាទសមតេ៏ច ព្រះ​បាទ​សម្ដេច​
พระปรเมนทร ពរៈបរមេនទរ ព្រះ​បរមេន្ទ្រ
รามาธิบดี រាមាធិបតី រាមាធិបតី
ศรีสินทร ឝរីសិនទរ ស្រីសិន្ទ្រ
มหาวชิราลงกรณ មហាវជិរាលងករណ មហាវជិរាលង្ករណ
มหิศร មហិឝរ មហិស្សរ
ภูมิพลราชวรางกูร ភូមិពលរាជវរាងកូរ ភូមិពលរាជវរាង្កូរ
กิติสิริสมบูรณ កិតិសិរិសមបូរណ កិត្តិសិរិសម្បូរណ
อดุลยเดช អតុលយតេជ អតុលតេជ
สยามินทราธิเบศร សយាមិនទរាធិបេឝរ ស្យាមិន្ទ្រាធិបេស
ราชวโรดม រាជវរោតម រាជវរោត្ដម
บรมนาถบพิตร បរមនាថបពិតរ បរមនាថ​បពិត្រ
พระวชิรเกล้าเจ้าอยู่หัว ពរៈវជិរកេលាចៅអយូហ័វ ព្រះ​វជិរក្លៅ​ចៅ​យូហួ

Advertisements
%d bloggers like this: