jump to navigation

មហា​ក្សត្រិយ៍​ថៃ​យាង​បើក​កិច្ច​ប្រជុំ​សភា លើក​ដំបូង ថ្ងៃសុក្រ 24 ខែ​ឧសភា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
7 comments

61158750_2025824280855034_5765795279060074496_o

នានាប្រទេស៖ ក្រុងទេពមហានគរ, រាជអាណាចក្រថៃ – ទី​បំផុត​ទៅ​នៅ​រសៀល​ថ្ងៃ​នេះ (​២៤ ឧសភា ២០១៩​) រដ្ឋ​សភា​ថៃ (​សភា​តំណាង​រាស្ត្រ រួម​ព្រឹទ្ធ​សភា​) បាន​បើក​ប្រជុំ​ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​ឆ្នាំ​២០១៩ ដែល​ជា​ការ​បោះ​ឆ្នោត​លើក​ទី​មួយ​បន្ទាប់​ពី​ ​រដ្ឋប្រហារ​ឆ្នាំ​២០១​៤ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​មក​នេះ​។

នៅ​វេលា​ប្រមាណ​ម៉ោង​៣.១៥​នាទី រសៀល​ថ្ងៃ​នេះ ព្រះ​ករុណា ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះ​បាទ​ សម្ដេច​ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី​ទ្រង់ ស្ដេច​​បាន​យាង​ធ្វើ​ជា​ព្រះ​រាជធិបតីភាព​នៃ​ការ​បើក​ប្រជុំ​រដ្ឋ​សភា​សម័យ​ដំបូង នៅ​​ឯ​បន្ទប់​ប្រជុំ​វិទេស សមោសរ នៃ​ក្រសួង​ការបរទេស​ថៃ​។

មាន​ព្រះ​រាជ​ឱង្កា​ក្នុង​ឱកាស​នោះ ព្រះ​មហា​ក្សត្រិយ៍​ថៃ ទ្រង់​បាន​អំពាវ​នាវ​ឲ្យ​​សមាជិក​សភា ដែល​មាន​វត្ត​មាន​ក្នុង​ឱកាស​នោះ ធ្វើ​ការ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ចំពោះ​តួនាទី និង​ជូន​ពរ​ឲ្យ​សភា​ថ្មី​របស់​ថៃ​ដំណើរ​ការ​ដោយ​ភាព​រលូន ដើម្បី​ជា​ប្រយោជន៍​សុខ​របស់​ប្រជា​រាស្ត្រ និង​ប្រទេស​ថៃ​​។

បើ​ទោះ​បី​ជា​រដ្ឋ​សភា​បាន​បើក​ដំណើរ​ការ​ប្រជុំ​លើក​ទី​១​របស់​ខ្លួន​ទៅ​ហើយ​ក្ដី នយោបាយ​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ហាក់​ដូច​ជា​មិន​មាន​ភាព​ធូរ​ស្រាល​នៅ​ឡើយ ដោយ​មក​ដល់​ពេល​នេះ គណៈបក្ស​នានា​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​នៅ​មិន​ទាន់​ឯកភាព​បង្កើត​បាន​នូវ​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ឡើយ​។ ការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ជា​ថ្មី​ពី​ការ​ប្រេះ​ឆា​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​នយោបាយ​ថៃ បើ​ទោះ​បី​​ការ​ដឹក​នាំ​ដោយ​របប​យោធា​ជាង​៥​ឆ្នាំ​មក​នេះ​ក្ដី ក៏​មិន​មាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​ផ្សះ​ផ្សារ​សង្គម​ថៃ​នៅ​ឡើយ​​។

រដ្ឋាភិបាល​ថ្មី​​ដែល​នឹង​កើត​ចេញ​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​មាន​អាយុ​ខ្លី ដោយ​សារ​ហេតុ​នៃ​រដ្ឋធម្មនុញ​ដែល​បាន​គូស​វាស​ឡើង​ដោយ​ក្រុម​រដ្ឋ​ប្រហារ ហើយ​ថា​ការ​បោះ​ឆ្នោត​ថ្មី​មួយ ទំនង​ជា​អាច​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៩ ឬ​ដើម​ឆ្នាំ​២០២០ ខាង​មុខ​នេះ​ក៏​អាច​ថា​បាន​៕

__________________________________________________________
អាន​ផង​ដែរ​ ៖
១. របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ
២. លទ្ធផល​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថៃ បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល
៣. គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ
៤. លទ្ធផល​សំឡេង​ឆ្នោត​ (មិន​ផ្លូវ​ការ​) នៅ​ថៃ ឆ្នាំ​២០១៩
៥. ថៃ​ចាត់​បោះ​ឆ្នោត​សាកល​លើក​ដំបូង​ក្រោយ​រដ្ឋ​ប្រហារ
៦. មហា​ក្សត្រិយ៍​ថៃ​តែង​តាំង​លោក ប្រយុទ្ធ ជា​នាយក​រដ្ឋមន្ត្រី​​អណត្តិ​ទី​២

Advertisements
%d bloggers like this: