jump to navigation

ម៉ូដែល​នយោបាយ​ថៃ​ជា​សញ្ញាណ​គ្រោះ​ថ្នាក់​មួយ​សម្រាប់​ប្រជាធិបតេយ្យ​តំបន់ ថ្ងៃចន្ទ 10 ខែមិថុនា 2019

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
trackback

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា កន្លង​មក​នេះ ប្រទេស​ថៃ​រើស​បាន​នាយក​រដ្ឋមន្ត្រី​ថ្មី​មួយ ដែល​ជា​បេក្ខជន​ក្រៅ​សង្វៀន ឬ​បេក្ខ​ជន​ដែល​មិន​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជា​តំណាង​រាស្ត្រ​។ ការ​ទទួល​បាន​នាយក​រដ្ឋមន្ត្រី ដែល​មិន​មែន​ជា​តំណាង​រាស្ត្រ​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត​ទូទៅ​នេះ បាន​ធ្វើ​ឲ្យ​ស្រទាប់​សង្គម​ថៃ ក៏​ដូច​ជា​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ច្រើន​ក៏​តិច​ដែរ​ពី​វិវត្ត​នៃ​នយោបាយ​ប្រទេស​ថៃ ក្នុង​រយៈ​ពេល​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។ មិន​តែ​ប៉ុណ្ណោះ វា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ដើរ​ថយ​ក្រោយ​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ប្រទេស​នេះ (​ថៃ​) ធ្លាប់​បាន​ប្រកាន់​យក​តាំង​ពី​ការ​ផ្លាស់​ប្ដូរ​របប​រាជានិយម​ផ្ដាច់​ការ នា​ទសវត្សរ៍​១៩៣០​មក​។

ចាប់​តាំង​ពី​ឆ្នាំ​១៩៣២​មក ប្រទេស​ថៃ​បាន​ឆ្លង​កាត់​ការ​ធ្វើ​រដ្ឋ​ប្រហារ​ពី​សំណាក់​មេ​ដឹក​នាំ​យោធា​ប្រមាណ​២០​ដង រាប់​ថា​ជា​ប្រទេស​ដែល​មាន​រដ្ឋ​ប្រហារ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​។ រដ្ឋប្រហារ​​ចុង​ក្រោយ​បំផុត​ដែល​ប្រទេស​នេះ​មាន​គឺ​ កាល​ពី​ឆ្នាំ​២០១៤ ដែល​បាន​ធ្វើ​ឲ្យ​លោក ប្រយុទ្ធ ចន្ទ្រអូជា បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​បន្ត​​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​កាន់​តំណែង​សម្រាប់​អណត្តិ​៤​ឆ្នាំ​បន្ត​ទៀត បើ​ទោះ​បី​លោក​មិន​បាន​ចូល​ខ្លួន​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត ដែល​គូស​វាស​ដោយ​របប​យោធា (​របស់​លោក​) កាល​ពី​ខែ​មីនា ឆ្នាំ​២០១៩ កន្លង​មក​នេះ​ក្ដី​។

នៅ​ក្រោយ​​រដ្ឋប្រហារ​​​ឆ្នាំ​២០១៤ របប​យោធា​បាន​គូស​វាយ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​របស់​ប្រទេស​នេះ ដែល​រាប់​ថា​ជា​រដ្ឋ​ធម្មនុញ្ញ​មាន​បញ្ហា​ធំ​បំផុត​មួយ​ចំពោះ​​លទ្ធិ​ប្រជា​ធិតេយ្យ បើ​ទោះ​បី​ជា​រដ្ឋ​ធម្មនុញ្ញ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ការ​ធ្វើ​ប្រជា​មតិ​របស់​ប្រជា​ជន​ថៃ​ក៏​ដោយ​ចុះ​។ ការ​បើក​ផ្លូវ​ឲ្យ​មាន​តំណែង «​នាយក​រដ្ឋមន្ត្រី​» មក​ពី​បេក្ខ​ជន​ខាង​ក្រៅ ដែល​មិន​មែន​ជា​តំណាង​រាស្ត្រ និង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ព្រឹទ្ធ​សមាជិក ដែល​​មិន​មែន​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ពី​ប្រជាជន​ ក្នុង​ការ​ជ្រើស​រើស​បេក្ខជន​នាយក​រដ្ឋមន្ត្រី គឺ​សុទ្ធ​សឹង​ជា​​ដំណើរ​ផ្ទុយ​នឹង​គន្លង​ប្រជាធិបេតយ្យ​ទូទៅ​ ដែល​យ៉ាង​ហោច​ណាស់​​ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន​នាយករដ្ឋមន្ត្រី ពី​តំណាង​របស់​ពួក​គេ ដែល​មាន​ឈ្មោះ​ថា «​តំណាង​រាស្ត្រ​» នោះ​ឯង​។

​​រដ្ឋប្រហារ​​​ឆ្នាំ​២០១៤ ដែល​កាល​ណុះ​ដោយ​ក្នុង​មូលហេតុ​ «​ផ្សះ​ផ្សារ​» ជាតិ​នោះ ប្រទេស​ថៃ​បច្ចុប្បន្ន​មិន​​ទទួល​បាន​​រួប​រួម​សាមគ្គី​គ្នា ដូច​តាម​អ្វី​ដែល​ជា​ហេតុ​ផល​នៃ​រដ្ឋ​ប្រហារ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ សង្គម​ថៃ​បច្ចុប្បន្ន​បាន​នឹង​កំពុង​បន្ត​ការ​បែក​បាក់​ ហួង​ហែង និង​សង្គ្រាម​វណ្ណៈ ព្រម​ទាំង​ការ​ដណ្ដើម​អំណាច កាន់​តែ​ធំ​​ទៅ​ៗ បើ​ទោះ​បី​ជា​មិន​មាន​ការ​ធ្វើ​បាតុកម្ម​ជា​សាធារណៈ (​ក៏​ដោយ​សារ​​ហាម​ប្រាម​តឹង​រឹង​ពី​របប​យោធា​) ឬ​ការ​បែក​ចែក​ពណ៌​រវាង​លឿង​-​ក្រហម​ក្ដី តែ​ធាតុ​ពិត​ការ​ធ្វើ​បាតុកម្ម និង​ការ​បែង​ចែក​ពណ៌​ទាំង​នោះ កំពុង​មាន​នៅ​ឡើយ​នៅ​ខាង​ក្នុង​នៃ​ជន​ជាតិ​ថៃ ហើយ​វា​កំពុង​រង់​ចាំ​ផ្ទុះ​នៅ​ពេល​ណា​មួយ​មិន​ខាន​។

លោក​ប្រយុទ្ធ ចន្ទ្រអូជា ដែល​កាល​ណុះ​បាន​ឲ្យ​ឈ្មោះ​ថា​ជា​អ្នក​មក​បំបែក​អង្គ​ហេតុ​បែក​បាក់ តែ​រយៈ​ពេល​នៃ​ការ​កាន់​តំណែង​របស់​លោក​​បាន​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា​លោក​ជា​អង្គ​ហេតុ​នៃ​ការ​បែន​បាក់​ទៅ​វិញ​។ ការ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ដោយ​ឥត​ប្រកែក​កាន់ ក្នុង​រយៈ​ពេល​ការ​បោះ​ឆ្នោត​​ទូទៅ និង​ការ​រើស​នាយក​រដ្ឋ​មន្ត្រី​នា​ពេល​កន្លង​មក​ដែល​ប្រជាជន​ថៃ​បាន​ស្ថិត​ក្នុង​ជម្រើស​មួយ គឺ ១​. លោក​ប្រយុទ្ធ ចន្ទ្រអូជា ដែល​គេ​ប្រដូច​ជា​របប​ផ្ដាច់​ការ ឬ ២​. មិន​មែន​លោក​ប្រយុទ្ធ ចន្ទ្រអូជា​។

ប្រទេស​ថៃ​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា ភាព​រញ៉េ​រញ៉ៃ ពី​ការ​អនុវត្ត​ច្បាប់ និង​ការ​ប្រើ​ប្រាស់​ច្បាប់​ដើម្បី​យក​ប្រៀប​លើ​គូ​បដិបក្ខ​។ ភាព​មិន​ច្បាស់​លាស់ ក្នុង​ការ​កំណត់​ចំនួន​អាសនៈ​ក្រោយ​ការ​បោះ​ឆ្នោត ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​ប្ដឹង​ផ្ដល់ ការ​ប្រើ​ប្រាស់​ស្ថាប័ន​ព្រះ​មហា​ក្សត្រិយ៍​​​នៅ​ក្នុង​នយោបាយ​…​។ល។ និង​។ល។ បាន​ធ្វើ​ឲ្យ​សង្គម​នេះ​មាន​ភាព​​រញ៉េ​រញ៉ៃ និង​រហូត​ដល់​ទៅ​អសីលធម៌ កើត​ចេញ​ពី​អ្នក​នយោបាយ​ជាន់​ខ្ពស់ និង​តំណាង​រាស្ត្រ ដែល​​សំដៅ​យក​ឈ្នះ​លើ​ភាគី​ម្ខាង​តែ​ប៉ុណ្ណោះ​។

ចំណុច​អវិជ្ជមាន និង​ម៉ូដែល​​នយោបាយ​របស់​ប្រទេស​ថៃ​ដែល​កំពុង​កើត​មាន​ឡើង​នា​ពេល​នេះ កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សញ្ញាណ​គ្រោះ​ថ្នាក់​មួយ​សម្រាប់​តំបន់ ជា​ពិសេស​សម្រាប់​ប្រទេស​ដែល​នៅ​ទន់​ខ្សោយ​ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​។ កន្លង​មក ប្រទេស​ជា​ច្រើ​ន​នៅ​ក្នុង​តំបន់ តែង​តែ​យក​គំរូ​គ្នា​ទៅ​វិញ​ទៅ​មក គំរូ​ដែល​មិន​មែន​ជា​ភាព​វិជ្ជមាន តែ​ជា​គំរូ​អវិជ្ជមាន ក្នុង​ការ​គ្រប់​គ្រង និង​យក​ប្រៀប​លើ​គូ​ប្រជែង​របស់​ខ្លួន នៅ​តាម​ប្រទេស​រៀង​ៗ​ខ្លួន​។ ប្រសិន​បើ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ថៃ​មិន​បាន​ធូរ​ស្រាល​នោះ​ទេ វា​ពិបាក​និង​មើល​ឃើញ​ពី​ភាព​ជោគ​ជ័យ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នេះ​ណាស់​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: