jump to navigation

អត្ថបទ​សិក្សា ៖ អំពី​ឆ្នាំ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​បរម​កោដ្ឋ ថ្ងៃពុធ 12 ខែមិថុនា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

កកន ៖ ព្រះ​បាទ​សម្ដេច​ស្ដេច​ព្រះ​រាជ​ឱង្ការ ព្រះ​ហរិរក្ស​រាមា​ ឥស្សរាធិបតី ព្រះ​អង្គ ដួង ព្រះ​បរម​កោដ្ឋ ព្រះ​អង្គ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រះ​បរម​បឋម​ក្សត្រិយ៍​ខ្មែរ ក្រោយ​​​​ការ​ត្រួត​ត្រា​ពី​សំណាក់​ប្រទេស​សៀម និង​អណ្ណាម។ ព្រះ​អង្គ​ជា​អង្គ​ក្សត្រិយ៍​មួយ​ដែល​ស្វះ​ស្វែង​គ្រប់​វិធី​ដើម្បី​កម្ពុជា​បាន​ឯករាជ្យ និង​រស់​រាន​មក​ដល់​គ្រា​បច្ចុប្បន្ន​។ ថ្ងៃ​ទី​១២ ខែ​មិថុនា នេះ ឯកសារ​មួយ​ចំនួន​បាន​កំណត់​ថា​ជា​ថ្ងៃ​ប្រសូត​នៃ​ទ្រង់ តាម​ប្រតិទិន​សាកល ហើយ​បើ​តាម​ឯកសារ​ខ្មែរ​ថា ស្ដេច​ប្រសូត​​​នៅ​ថ្ងៃ​អាទិត្យ​ ៩​កើត ​ខែ​អា​សាឍ ឆ្នាំរោង ​អដ្ឋស័ក ព​.ស.​២៣៣៩​។

ទោះ​បី​យ៉ាង​នេះ​ក្ដី ឆ្នាំ​ប្រសូត​ (​ឆ្នាំ​បារាំង​) នៃ​ទ្រង់ មាន​ឯកសារ​សរសេរ​ខុស​ៗ​គ្នា ដោយមិន​ប្រាកដ​មួយ​ណា​ខុស​មួយ​ណា​ត្រូវ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​ជន្ម​នៃ​ព្រះ​អង្គ​ ព្រម​ទាំង​កាល​វិវត្ត​នានា​ក៏​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ​។ ស្រែ​ខ្មុក សូមមិន​លើក​យក​ឆ្នាំ​ប្រសូត​ជា​ពុទ្ធ​សករាជ​ (ព.ស.​) ទេ ដ្បិត​ការ​ប្រើ​​ព.ស.​របស់​ខ្មែរ​យើង​មាន​ការ​ប្រែ​ប្រួល​បែប​ចាស់​ និង​បែប​ថ្មី ដោយ​មាន​ការ​លើក​ព.ស.​ជា​ដើម​។ល។ ធ្វើ​ឲ្យ​ឯកសារ​ចាស់ និង​ឯក​សារ​ថ្មី​មាន​លក្ខណៈ​មិន​ស្រប​គ្នា​។ ហេតុ​ដូច​នេះ សូម​លើក​យក​តែ​ឆ្នាំ​ប្រសូត​ជា គ្រឹស្ត​សករាជ (​គ.ស.​) មក​​ធ្វើ​ការ​សិក្សា​បរិយាយ ដើម្បី​ជា​គតិ​ សំដៅ​ការ​សិក្សា​ស៊ី​ជម្រៅ​បន្ថែម​ទៀត​។

Untitled-2ព្រះ​បាទ​សម្ដេច​ស្ដេច​ព្រះ​រាជ​ឱង្ការ ព្រះ​ហរិរក្ស​រាមា​
ឥស្សរាធិបតី ព្រះ​អង្គ ដួង ព្រះ​បរម​កោដ្ឋ

មាន​ឆ្នាំ​ចំនួន​ពីរ ដែល​អះ​អាង​ពី​ឆ្នាំ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​បរម​កោដ្ឋ នោះ​គឺ ឆ្នាំ​១៧៩៥ និង​១៧៩៦ (​ខុស​គ្នា​មួយ​ឆ្នាំ​)​។ ហេតុ​ដូច​នេះ​​គេ​មិន​អាច​ដឹង​ប្រាកដ​ឡើយ ដោយ​ម្យ៉ាង​សម័យ​នោះ មិន​មាន​ការ​កត់​ត្រា​ឯក​សារ​ប្រាកដ​ជាក់ ហើយ​កាល​គ្រា​នោះ នគរ​ខ្មែរ​យើង ក៏​នៅ​មិន​ទាន់​ប្រើ​ប្រាស់​ឆ្នាំ​បារាំង ឬ​គ្រឹស្ត​សករាជ​នេះ​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​លម្អៀង​។ តែ​បោះ​ទោះ​បី​ជា​មាន​ការ​កត់​ត្រា​តាម​បែប​ចន្ទ​គតិ​វិញ ក៏​ឃើញ​ថា​មិន​អាច​យក​ជា​ការ​ឲ្យ​ប្រាកដ​បាន ដោយ​ការ​កត់​ត្រា​ចេញ​តែ​មក​អំពី​ការ​តំណាល​ត​ៗ​គ្នា ឃ្លាត​អំពី​ប្រភព​ពិត​ជា​ដើម​។ល។

តាម​រយៈ​ឯកសារ​ជា​រូប​ថត ដែល​មាន​តាំង​នៅ​សាល​ពិពរណ៌​ក្នុង​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ ក្រុង​ភ្នំពេញ បាន​សរសេរ​ថា ព្រះ​ករុណា ព្រះ​បរម​កោដ្ឋ ស្ដេច​ប្រសូត​នៅ​ថ្ងៃ​អាទិត្យ ៩​កើត ខែ​អាសាឍ ឆ្នាំ​រោង អដ្ឋ​ស័ក ព.ស.​២៣៣៩ ត្រូវ​នឹង​ខែ សូយេត-អ៊ូត (​កក្កដា-​សីហា) ឆ្នាំ​​១៧៩៥​ (ឯកសារ​លេខ​១​)។ ឆ្នាំ​១៧៩៥ ត្រូវ​បាន​បញ្ជាក់​ម្ដង​ទៀត នៅ​ក្នុង​ឯកសារ​តែមប្រិ៍​ផ្លូវ​ការ​ដែល​បោះ​ដោយ​រាជការ កាល​គ្រា​ទសវត្សរ៍​ឆ្នាំ​១៩៥០​។ ហេតុ​ដូច​នេះ ឆ្នាំ​ប្រសូត​១៧៩៥ ទំនង​ជា​ឆ្នាំ​ផ្លូវ​ការ​។

ទោះ​បី​យ៉ាង​នេះ​ក្ដី ឯកសារ និង​ភស្តុតាង​ផ្សេង​ទៀត បាន​និយាយ​ខុស​ពី​កាល​បរិច្ឆេទ​នេះ​។ ឯកសារ​បរទេស ជា​ពិសេស​បារាំងសែស​​បាន​អះអាង​ថា ស្ដេច​ប្រសូត​នៅ​ឆ្នាំ​១៧៩៦ (​លើស​មួយ​ឆ្នាំ​)​។ ដោយ​ឡែក​សិលា​ចារឹក​ឯ​ព្រះ​ចេតិយ​ទ្រង់​នា​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ និង​ចារឹក​ថ្មី នៅ​ឯ​ព្រះ​បរម​រូប​ កំពង់​ហ្លួង ក៏​បាន​អះ​អាង​ពី​ឆ្នាំ​១៧៩៦​នេះ​ផង​ដែរ បើ​ទោះ​បី​មាន​ភាព​ស្រពិច​ស្រពិល ពី​ការ​រៀប​រាប់​ខុស នៃ​សិលា​ចារឹក​នៅ​ឯ​ព្រះ​ចេតិយ​ក្ដី (​ការ​ដាក់​ឆ្នាំ​​សុវណ្ណ​គត​ជា​ឆ្នាំ​ប្រសូត​)​។ សូម​អាន​ប្រកាស ៖ ចារឹក​លើ​ព្រះចេតិយព្រះអង្គដួង

បើ​យើង​យក​ការ​កំណត់​ឆ្នាំ​១៧៩៥ ​ឬ​១៧៩៦ មក​ប្រៀប​ធៀប​ជាមួយ​នឹង​កាល​បរិច្ឆេទ​ចន្ទ​គតិ ដែល​បាន​អះ​អាង​នៅ​ក្នុង​ឯក​សារ​ខ្មែរ ក៏​ឃើញ​ថា​មិន​ត្រឹម​ត្រូវ​ទៀត​។ ហេតុ​ដូច​នេះ ទាំង​១៧៩៥ និង​១៧៩៦ គឺ​សុទ្ធ​តែ​មិន​អាច​អះ​អាង​បាន​ពី​ឆ្នាំ​ប្រសូត​ពិត​ប្រាកដ​។

ប្រសិន​បើ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា មែន​នោះ ឆ្នាំ​១៧៩៥ គឺ​អាច​មិន​ត្រឹម​ត្រូវ ដោយ​ថ្ងៃ​១២ ខែ​មិថុនា មិន​មែន​ជា​ថ្ងៃ​អាទិត្យ (​ជា​ថ្ងៃ​សុក្រ) ហេតុ​ដូច​នេះ​ឆ្នាំ​១៧៩៦ អាច​ជា​ឆ្នាំ​ពិត ដ្បិត ថ្ងៃ​ទី​១២ ខែ​មិថុនា ជា​ថ្ងៃ​អាទិត្យ​។ ក៏​ប៉ុន្តែ​ប្រសិន​បើ​យើង​ធៀប និង​ពិនិត្យ​មើល​ឆ្នាំ​នក្សត្រ ដែល​អះ​អាង​នោះ​វិញ ឆ្នាំ​១៧៩៦ ទើប​ត្រឹម​ត្រូវ​ជា​ឆ្នាំ​រោង ឯ​ឆ្នាំ​១៧៩៥ ជា​ឆ្នាំ​ថោះ​។ ហេតុ​ដូច​នេះ ឆ្នាំ​ប្រសូត​ក៏​គួរ​តែ​ឆ្នាំ​១៧៩៦ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គ្នា​ចំពោះ​ឯកសារ​លេខ​១​។

ហេតុ​ដូច​នេះ​បើ​តាម​ការ​ប្រៀប​ធៀប​ខាង​លើ ឆ្នាំ​ប្រសូត​របស់​ទ្រង់​អាច​សម​ស្រប​ជាង​គឺ​ឆ្នាំ​១៧៩៦ ដូច​គ្នា​នឹង​ឯកសារ​បារាំង​សែស និង​សិលា​ចារឹក​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​​។ ភាព​ខុស​គ្នា​នៃ​ឆ្នាំ​ប្រសូត​នេះ ក៏​ធ្វើ​ឲ្យ​មាន​ការ​ខុស​គ្នា​ចំពោះ​ឆ្នាំ​សុវណ្ណគត​ផង​ដែរ។ (​សូម​រង់​ចាំ​អាន​ប្រកាស​បន្ត)​

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: