jump to navigation

Repost : សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ ថ្ងៃពុធ 19 ខែមិថុនា 2019

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

***ប្រកាស​នេះ​បាន​ដាក់​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤

កកន​៖ មាន​ប្រជាជន​ខ្មែរ​មួយ​ចំនួន រួម​ទាំង​នា​ពេល​ថ្មី​ៗ​នេះ​​រហូត​ដល់​ទៅ​អ្នក​សារព័ត៌មាន​​បាន​សរសេរ​ថា​រូប​សំណាក​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ដែល​តាំង​នៅ​ខាង​មុខ​ព្រះ​ធាតុ​ហ្លួង​ឯ​នគរ​ហ្លួង​វៀងចន្ទន៍ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (សបប​. លាវ) បច្ចុប្បន្ន​នេះ គឺ​ជា​អតីត​ស្ដេច​ខ្មែរ​ព្រះ​បាទ​ជ័យ​ជេដ្ឋា ដែល​ភៀស​ព្រះ​កាយ​ទៅ​នៅ​ស្រុក​លាវ​ផង​ទៀត​​។ តើ​នេះ​ជា​ការ​ពិត​? ឬ​ការ​ប្រឌិត​​, កុហក, បំភ្លៃ ​ឬ​យ៉ាង​ណា​? ខ្ញុំ​សូម​មិន​អត្ថាធិប្បាយ និង​សូម​​រៀប​រាប់​អំពី​សាវតារ​ក្សត្រិយ៍​អង្គ​នេះ​តាម​សំណេរ​ប្រវត្តិសាស្ត្រ​លាវ​ដូច​ត​ទៅ​នេះ​៖

ជា​ការ​ពិត​ទៅ​ឈ្មោះ​ថា ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ (លាវ​៖ ໄຊເສດຖາ, ເສດຖາທິຣາດ​) [លាវ​បញ្ចេញ​សំឡេង​ថា​៖ សៃសេតថ៎ា​, សេតថ៎ាធិរ៉ាត ឬ ធិល៉ាត] គឺ​ជា​ព្រះ​នាម​របស់​ព្រះ​មហា​ក្សត្រិយ៍​លាវ​ជា​ច្រើន​ព្រះ​អង្គ (​កកន​៖ ស្រដៀង​នឹង​ខ្មែរ​យើង​ដែល​សន្មត​ព្រះ​នាម​ក្សត្រិយ៍ ជយ​វរ្ម័ន​ទី​១​​, ទី​២​, … ជា​ដើម​) ដែល​បាន​មក​ពី​ព្រះ​នាម​របស់​សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធ​បវរ ជ័យ​ជេដ្ឋាធិរាជ ជា​ព្រះ​មហា​វីរ​ក្សត្រិយ៍​ដ៏​សំខាន់​បំផុត​មួយ​ព្រះ​អង្គ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​លាវ​។ ប្រវត្តិ​វិទូ​លាវ​បាន​កំណត់​ថា មាន​ទាំង​អស់​៣​ព្រះ​អង្គ គឺ​៖

  • សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធ​បវរ ជ័យ​ជេដ្ឋាធិរាជ គឺ​ជា​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ទី​១
  • ព្រះ​ជ័យ​អង្គ​វេ ជា​​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ទី​២ និង
  • ព្រះ​ចៅ​អនុវង្ស ជា​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ទី​​៣

ដោយ​ឡែក​នៅ​ក្នុង​សៀវភៅ​លំដាប់​ព្រះ​មហា​ក្សត្រិយ៍​លាវ របស់​​សុរស័ក្ដិ៍ ឝ្រីសំអាង ដោយ​សំអាង​លើ​ព័ត៌មាន​ពី​សិលាចារឹក និង​ពង្សាវតារ​លាវ​នានា​មក មាន​រួម​ទាំង​អស់​៥​ព្រះ​អង្គ គឺ​៖

  • សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធ​បវរ ជ័យ​ជេដ្ឋាធិរាជ គឺ​ជា​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ទី​១
  • ព្រះ​ជ័យ​អង្គ​វេ ជា​​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ទី​២
  • ព្រះ​ចៅ​សិរិបុណ្យសារ ជា​​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ទី​​៣
  • ព្រះ​ចៅ​ឥន្ទ្រវង្ស ជា​​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ទី​​៤ និង
  • ព្រះ​ចៅ​អនុវង្ស ជា​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​ទី​​៥

ជា​បន្ត​ទៅ​ទៀត​នេះ​សូម​ជូន​អំពី​ប្រវត្តិ​នៃ​សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ​ ឬ​គ្រប់​គ្នា​ (ជន​ជាតិ​លាវ​) ស្គាល់​ច្បាស់​ថា​ជា​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​​​។

សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ​ រាប់​ថា​ជា​ក្សត្រិយ៍​ដែល​អស្ចារ្យ​មួយ​ព្រះ​អង្គ​របស់​ជន​ជាតិ​លាវ​។ ព្រះ​អង្គ​គឺ​ជា​ប្រមុខ​នៃ​អាណាចក្រ​លាន​ជាង​។ ជា​ស្ថាបនិក​​ក្រុង​ឝ្រី​សត្តនាគ​នហុត ឲ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​​នៃ​អារ្យ​ធម៌​, វប្បធម៌ និង​សិល្បៈ​របស់​អាណាចក្រ​លាន​ជាង​។ អ្នក​ប្រវត្តិ​វិទូ​បាន​សន្និដ្ឋាន​ថា​ព្រះ​អង្គ​គឺ​ជា​ព្រះ​ញាតិ ឬ​ជា​ព្រះ​នត្តា នៃ​ព្រះ​នាង​ចិរប្រភា នៃ​អាណាចក្រ​ល៉ា្នន៉ា (លាន​នា)​ និង​ព្រះ​រាជ​សម្ភព​កាល​គ្រា​ព.ស.​២០៧៧ ឬ​ប្រមាណ​គ.ស.​​១៥៣៤ នា​នគរ​ហ្លួង​ព្រះ​បាង​ នៃ​អាណាចក្រ​លាន​ជាង​។

រូប​សំណាក​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ដែល​តម្កល់​ខាង​មុខ​ព្រះ​ធាតុ​ហ្លួង​នា​ក្រុង​វៀងចន្ទន៍​បច្ចុប្បន្ន

នៅ​ក្នុង​រជ្ជ​សម័យ​របស់​ព្រះ​ចៅ​ពោធិសារ​រាជ (​គ.ស.​១៥២០-១៥៤៧​) ព្រះ​អង្គ​ជា​អ្នក​តឹង​រឹង​ខាង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះ​រាជ​ឱង្ការ​ឲ្យ​ប្រជា​រាស្ត្រ​បញ្ឈប់​ប្រណិប័តន៍​ជំនឿ​លើ​អារក្ស​អ្នក​តា​នានា​ទូ​ទាំង​ព្រះ​រាជ​អាណាចក្រ​។ ក្រៅ​ពី​នោះ​ព្រះ​អង្គ​បញ្ជា​ឲ្យ​រើ​ខ្ទម​អ្នក​តា​នានា បញ្ឈប់​ការ​ចូល​រូប​ជាន់​ព្រលឹង​។ល។ និង​ឲ្យ​ប្រជា​រាស្ត្រ​មក​គោរព​ព្រះ​ពុទ្ធ​សាសនា​វិញ​។ ទ្រង់​​បាន​សាង​វត្ត​សុវណ្ណ​ទេវ​លោក ដើម្បី​ជា​និមិត្តរូប​នៃ​ព្រះ​ពុទ្ធ​សាសនា​។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​ទំនៀម​ទម្លាប់​និង​ប្រពៃណី​នៃ​ជំនឿ​បុរាណ​ចាក់​ឫស​យ៉ាង​ខ្លាំង​ក្លា​​នៅ​ក្នុង​ផ្នត់​គំនិត​ប្រជាជន​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បញ្ឈប់​ប្រណិប័តន៍​នេះ​ពិបាក​និង​សម្រេច​ណាស់​។

នៅ​សម័យ​ក្រោយ​មក​អាណាចក្រ​​អាណាចក្រ​ល៉ា្នន៉ា មិន​មាន​ក្សត្រិយ៍​គ្រប់​គ្រង​ទើប​មាន​ការ​ដង្ហែ​ចៅ​ជ័យ​ជេដ្ឋោ ឬ​ជេដ្ឋវាំង​សោ ព្រះ​ឱរស​នៃ​ព្រះ​ចៅ​ពោធិសារ ទៅ​គ្រង​នគរ​ល៉ា្នន៉ា នា​ព.ស.​២០​៨៩ ឬ​ប្រមាណ​គ.ស.​១៥៤៦​ មក​គ្រង​រាជ្យ​ជា​ក្សត្រិយ៍​អង្គ​ទី​១៥​។ នៅ​ពេល​ដែល​ព្រះ​ចៅ​ពោធិសារ​សោយ​ព្រះ​ទិវង្គត​​នៅ​គ.ស.​១៥៤៧ (​ព្រះ​អង្គ​រង​ឧប្បត្តិ​ដំរី​ដួល​សង្កត់​ខណៈ​ប្រពាស​ព្រៃ និង​សោយ​ព្រះ​ទិវង្គត​៣​សប្ដាហ៍​ក្រោយ​មក​) ព្រះ​ឱរស​ទាំង​ហ្លាយ​បាន​នាំ​គ្នា​ដណ្ដើម​រាជ្យ​សម្បត្តិ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាណាចក្រ​បែក​ជា​២ គឺ​ផ្នែក​ខាង​ជើង និង​ផ្នែក​ខាង​ត្បូង​។ ព្រះ​ចៅ​ជ័យ​ជេដ្ឋោ​នៃ​ល៉ា្នន៉ា ទើប​លើក​ទ័ព​មក​វាយ​ក្រុង​លាន​ជាង ព្រម​ទាំង​បាន​ដង្ហែ​ព្រះ​កែវ​មរកត ដែល​ប្រតិស្ឋាន​ឯ​វត្ត​បុប្ផារាម ជៀងហ្ម៉ៃ រួម​ទាំង​ព្រះ​ពុទ្ធ​សិហិង្គ (​ព្រះ​សិង្គ​) និង​ព្រះ​កែវ​ស​ទៅ​ជាមួយ​ផង​។ ទ្រង់​បាន​ដណ្ដើម​រាជ្យ​សម្បត្តិ​ពី​ស្ដេច​គ្រង​នគរ​ទាំង​ពីរ​បាន និង​បាន​ដាក់​ឈ្មោះ​ក្រុង​ថ្មី​ថា ក្រុង​ឝ្រី​សត្តនាគ​នហុត ព្រម​ទាំង​បាន​ឡើង​គ្រង​រាជ្យ​​សម្បត្តិ​ជា​មហា​រាជ​អង្គ​ទី​២​របស់​លាវ និង​មាន​ព្រះ​នាម​​ថា «​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​»​​។ អាន​ភាគ​បន្ត

___________________________________________
ប្រកាស​ប្រហាក់​ប្រហែល​៖
១. លាវ​សាង​អនុស្សាវរីយ៍​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​មួយ​ទៀត​នៅ​ភាគ​ខាង​ត្បូង​ជាប់​កម្ពុជ​ប្រទេស
២. លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ
៣. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ (​ត​ចប់​)
៤. លាវ​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ ហោ​ព្រះ​កែវ វៀងចន្ទន៍

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: