jump to navigation

ឆ្នាំ​ទី​៥ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃសុក្រ 12 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

ខែ​កក្កដា ឆ្នាំ​២០១៩ នេះ គឺ​ជា​ខួប​ឆ្នាំ​ទី​៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​អដ្ឋិ នៃ​​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរ​ក្សត្រិយ៍​ ព្រះ​បរម​រតន​កោដ្ឋ​។ ​ព្រះ​រាជ​ពិធី​នៃ​ចូល​ពី​​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​អាសាឍ ឆ្នាំ​មមី ឆ​ស័ក ព.ស.​២៥៥៨ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កក្កដា គ.ស.​២០១៤ ជា​ថ្ងៃ​ទី​១ និង​បញ្ចប់​នៅ​​​ថ្ងៃ​សៅរ៍ ១​រោច ខែ​អាសាឍ ឆ្នាំ​មមី​ ឆ​ស័ក ព.ស.​២៥៥៨ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ​កក្កដា គ.ស.​២០១៤ គម្រប់​៣​ថ្ងៃ​៣​យប់ យ៉ាង​សម​ព្រះ​កិត្តិយស​។

សម្រាប់​ព្រះ​រាជ​ពិធី​នា​ថ្ងៃ​ទី​១ នៅ​​ឯ​​ខាង​មុខ​ព្រះ​ទីន័ង​ចន្ទ្រ​ឆាយា នៃ​ព្រះ​បរម​រាជ​វាំង មាន​ចាត់​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ ឯ​នៅ​រាជានុស្សាវរីយ៍ ព្រះ​បរម​រូប ខាង​កើត​វិមាន​ឯករាជ្យ​ឯណុះ​វិញ មន្ត្រី​រាជការ​នានា​បាន​នាំ​គ្នា​អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​ព្រះ​បរម​រូប​តាម​លំដាប់​លំដោយ​។ នៅ​រសៀល​ថ្ងៃ​នោះ​ផង​ នៅ​ខាង​មុខ​ព្រះ​ទីន័ង​ចន្ទ្រ​ឆាយា នៃ​ព្រះ​បរម​រាជ​វាំង ក៏​មាន​ព្រះ​សង្ឃ​ជា​ច្រើន​ពាន់​អង្គ រួម​ទាំង​តា​ជី ដូន​ជី ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​រួម​គ្នា​ធ្វើ​សមាធិ ថ្វាយ​ព្រះ​រាជ​កុសល​រហូត​ដល់​ម៉ោង​ជាង​១៨​​។ បន្ទាប់​មក​ក៏​មាន​ក្រុម​របាំ​សម្ដែង​ដោយ​សិស្ស​ និស្សិត​សាលា​របាំ​ខ្មែរ​សម្ដែង​របាំ​ថ្វាយ​ផង​ដែរ​។

នៅ​ឯ​ខាង​ក្នុង​ព្រះ​បរម​រាជ​វាំង​វិញ នៅ​វេលា​ម៉ោង​២១ មាន​ព្រះ​រាជ​ពិធី​យាង​ព្រះ​កោដ្ឋ​ព្រះ​បរម​អដ្ឋិ​ចុះ​ពី​ព្រះ​មហា​បញ្ចា​ក្នុង​ព្រះ​ទីន័ង​មហា​មន្ទីរ ទៅ​តម្កល់​លើ​ព្រះ​បល្ល័ង្ក​នៅ​មុខ​ព្រះ​មហា​ស្វេតច្ឆត្រ ដោយ​មាន​ព្រះ​សង្ឃ​៩០​អង្គ​ថ្វាយ​ព្រះ​សត្តប្បករណ៍​ផង​ដែរ​​។

ថ្ងៃ​ទី​ពីរ​ នៃ​ព្រះ​រាជ​ពិធី គឺ​វេលា​​ព្រឹកថ្ងៃសុក្រ ១៥កើត ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា គ.ស.២០១៤ ព្រះ​បរម​អដ្ឋិ ត្រូវ​បាន​ធ្វើ​ព្រះ​រាជ​ពិធី​យាង​ដង្ហែ​ចេញមកតម្កល់ឯព្រះវិហារព្រះកែវមក៌តរតនារាម​។

ចាប់តាំងពីម៉ោង៤ទាបភ្លឺអ្វីៗទាំងអស់ត្រូវបានរៀបចំជាស្រេច។ បណ្ដាខ្ញុំរាជការតូចធំ អាណាប្រជានុរាស្ត្រខ្មែរដែលមានស្វាមីភ័ក្ដិចំពោះអង្គព្រះមហាវីរក្សត្រិយ៍ខ្លួន បាននាំគ្នាប្រុងប្រៀបអង្គុយ និងឈរជាជួរៗតាមដងវិថីនានាដែលក្បួនដង្ហែឆ្លងកាត់។ ម៉ោង៧ និង២០នាទីព្រឹក អង្គក្បួនដង្ហែក៏បានចាប់ផ្ដើមឡើងតាមការកំណត់ ដោយមានការបាញ់កាំភ្លើងធំ១០១ណាត់ផងដែរ។

នៅម៉ោង១០ព្រឹកក្បួនព្រះរាជពិធីដង្ហែក៏បានមកដល់ខ្លោងទ្វារចូលព្រះវិហារព្រះកែវមក៌ត។ ចំណែកឯព្រះបរមអដ្ឋិក៏ត្រូវបានអញ្ជើញយកទៅតម្កល់ក្នុងព្រះវិហារ ដើម្បីធ្វើបុណ្យរហូតដល់ថ្ងៃស្អែក ដែល​ជា​ថ្ងៃ​ទី​៣ ទើបដង្ហែយកទៅតម្កល់ឯព្រះចេតិយគន្ធបុប្ផា។

ព្រឹក​​ថ្ងៃ​ទី​៣ ត្រូវ​នឹង​ ថ្ងៃ​សៅរ៍ ១​រោច ខែ​អាសាឍ ឆ្នាំ​មមី​ ឆ​ស័ក ព.ស.​២៥៥៨ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ​កក្កដា គ.ស.​២០១៤ មាន​ចាត់​ព្រះ​រាជ​ពិធី​​​បញ្ចុះ​ព្រះ​កោដ្ឋ​ព្រះ​បរម​អដ្ឋិ​ទៅ​ក្នុង​ព្រះ​ចេតិយ​ព្រះ​គន្ធ​បុប្ផា ស្ថិត​ក្នុង​បរិវេណ​នៃ​ព្រះ​ឧបោសថ​រតនារាម​ព្រះ​កែវ​មរកត នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​ ទៅ​តាម​ព្រះ​រាជ​បណ្ដាំ​ចុង​ក្រោយ​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​។

បន្ទាប់​ពី​ព្រះ​សង្ឃ​៩០​អង្គ​ថ្វាយ​ព្រះ​សត្ត​ប្បករណ៍ និង​ពិធី​នានា​ខាង​សាសនា​រួច​មក ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ដែល​អម​ព្រះ​រាជ​ដំណើរ ដោយ​ព្រះ​រាជ​វង្សា​នុវង្ស បាន​យាង​ព្រះ​កោដ្ឋ ព្រះ​បរម​អដ្ឋិ​ហែ​ចេញ​ពី​ព្រះ​វិហារ​ព្រះ​កែវ​មរកត មក​ដង្ហែ​ប្រទក្សិណ​ជុំ​វិញ​ព្រះ​ចេតិយ​គន្ធបុប្ផា​។ ក្រោយ​ពេល​ដង្ហែ​ប្រទក្សិណ​៣​ ជុំ​ព្រះ​ចេតិយ​រួច​មក ក្បួន​ដង្ហែ​ក៏​បាន​ឈប់​នៅ​ជណ្ដើរ​ខាង​កើត​ព្រះ​ចេតិយ​គន្ធ​បុប្ផា បន្ទាប់​មក​ព្រះ​ករុណា​ព្រះ​មហាក្សត្រិយ៍ និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​សម្ដេច​ព្រះ​រាជ​វង្សា​នុវង្ស ស្ដេច​យាង​ព្រះ​កោដ្ឋ ព្រះ​បរម​អដ្ឋិ ព្រះ​ករុណា «ព្រះ​បរម​រតន​កោដ្ឋ»ទៅ​តម្កល់​ក្នុង​ព្រះ​ប្រាង្គ នៃព្រះ​ចេតិយ​គន្ធ​បុប្ផា​។ បន្ទាប់​មក​ក៏​មាន​ពិធី​រាប់​បាត្រ​ប្រគេន​ព្រះ​សង្ឃ​ចំនួន​៩០​អង្គ នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​ផង​ដែរ​​​។

ដោយ​ឡែក​នៅខាង​មុខ​ព្រះ​បរម​រាជ​វាំង ស្រប​ពេល​ដែល​ព្រះ​រាជ​ពិធី​តម្កល់​ព្រះ​បរម​អដ្ឋិ «​ព្រះ​បរម​រតន​កោដ្ឋ» ក្នុង​ប្រាង្គ​នៃ​ព្រះ​ចេតិយ​គន្ធ​បុប្ផា​នោះ ក៏​មាន​ពិធី​បាញ់​កាំភ្លើង​១០១​ណាត់ និង​ពិធី​រាប់​បាត្រ​ប្រគេន​ព្រះ​សង្ឃ​ចំនួន​៣​៦០០ អង្គ​ផង​ដែរ​។ បន្ទាប់​មក ចាប់​ពី​ម៉ោង​១១​ដល់​ម៉ោង​៣​រសៀល​​ ក៏​មាន​ការ​អនុញ្ញត​ឲ្យ​ប្រជា​ពលរដ្ឋ ចូល​ថ្វាយ​ព្រះ​បង្គំ​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា «ព្រះ​បរម​រតន​កោដ្ឋ» នៅ​ក្នុង​ព្រះ​ឧបោសថ​រតនា​រាម ព្រះ​កែវ​មរកត​ផង​ដែរ​​។

ចំណែក​ឯ​នៅ​ពេល​រសៀល​វិញ ព្រះ​ករុណា ព្រះ​មហា​ក្សត្រិយ៍ និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ស្ដេច​និមន្ត​ព្រះ​សង្ឃ​៣៣​អង្គ ចម្រើន​ព្រះ​បរិត្ត និង​ព្រះ​ធម៌​ទេសនា ថ្វាយ​ព្រះ​រាជ​កុសល​ព្រះ​វិញ្ញាណ​ក្ខន្ធ ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ដែល​ជា​កិច្ច​បង្ហើយ​ព្រះ​រាជ​ពិធី​តម្កល់ ព្រះ​បរម​អដ្ឋិ ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ នៅ​ក្នុង​ព្រះ​ចេតិយ​គន្ធបុប្ឆា​ ចប់​សូរេច​ព្រះ​រាជ​ពិធី​ទាំង​បី​ថ្ងៃ​បី​យប់​៕​៚








%d bloggers like this: