jump to navigation

អត្ថបទ​ប្រែ ៖ “ប៉ែន” នាង​​រាំ​ល្ខោន​ស្យាម អ្នក​ដែល​ជិត​ក្លាយ​ជា​រាជិនី​នៃ​កម្ពុជា ថ្ងៃសុក្រ 19 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៩ កន្លង​មក​នេះ ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “แพน” นางละครชาวสยาม ผู้เกือบได้เป็นราชินีแห่งกัมพูชา ឬ​ប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ថា “ប៉ែន” នាង​​រាំ​ល្ខោន​ស្យាម អ្នក​ដែល​ជិត​ក្លាយ​ជា​រាជិនី​នៃ​កម្ពុជា

ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​អនុញ្ញាត​បក​ប្រែ​ជា​ភាសា​ខ្មែរ​ក្រៅ​ផ្លូវ​ការ ដោយ​មិន​បញ្ចេញ​បញ្ចូល​បន្ថែម ដើម្បី​ទុក​ជូន​ជាចំណេះ និង​ឯកសារ ដែល​រៀប​រៀង​ឡើង​ដោយ​ជន​ជាតិ​ថៃ​នេះ ដូច​ត​ទៅ ៖

អ្នក​រាំ​ល្ខោន​ជន​ជាតិ​សៀម រូប​ភាព​គូស​ចេញ​ពី​រូប​ថត​ ដោយ អេ. បូកូរត៍

រឿង​រ៉ាវ​របស់ “ប៉ែន រឿងនន្ទ” (កកន ៖ ថៃ​សរសេរជា แพน เรืองนนท์ ដែល​សមមូល​ជា ពែន រឿងនន្ទ)  នាង​រាំ​ល្ខោន​សៀម ដែលជា​ទី​ពេញ​ព្រះ​រាជ​ហឫទ័យ​នៃ​ព្រះ​ចៅ​ក្រុង​កម្ពុជា ពី​ការ​ឲ្យ​ដឹង​របស់​ទងបៃ រឿង​នន្ទ គ្រូ​ល្ខោន​ជាត្រី (​កកន ៖ ថៃ​ហៅ​ថា ละครชาตรี ជា​ប្រភេទ​ល្ខោន​បូរាណ​មួយ​បែប​) បង​ប្រុស​ឪពុក​តែ​មួយ (​ម្ដាយ​ខុស​គ្នា) ដែល​អេនក នាវិកមូល បាន​យក​មក​ផ្សព្ធ​ផ្សាយ​នៅ​ក្នុង “នាដកម្ម​សៀម” បញ្ជាក់​ថា ប៉ែន ដែល​សម្ដែង​ជា​តួ​នាង​បុស្បា រាំ​ថ្វាយ​មុខ​ព្រះ​ភក្ត្រ​ព្រះ​ចៅ​សិរីសុវត្ថិ មុនីវង្ស ក្សត្រិយ៍​កម្ពុជា ជា​ទី​ពេញ​ព្រះ​រាជ​ហឫទ័យ​នៃ​ព្រះ​អង្គ​ណាស់ ដែល​ទ្រង់​បាន​ឃាត់​ខ្លួន​នាង​ទុក​ក្នុង​ព្រះ​រាជ​សំណាក់​កម្ពុជា និង​តាម​ខ្លួន​បិតា​របស់នាង​មក​ចូល​គាល់ ដើម្បី​ស្ដី​ដណ្ដឹង​មក​ធ្វើ​ជា​ចៅចម​របស់​ព្រះ​អង្គ​ តែ​ក្រោយ​មកទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ត្រឡប់​មក​ប្រទេស​សៀមវិញ ដោយ​ហេតុ​ថា “បើ​បន្ត​នៅ​នឹង​ជួប​គ្រោះ​ថ្នាក់ ចាប់​ពី​ពេល​ន៉ោះ​មក ម៉ែ​ប៉ែន​មិន​បាន​ត្រឡប់​ទៅ​រាជ​សំណាក់​ខ្មែរ​ទៀត​ឡើយ​”​។

ព្រះឆាយា​លក្ខណ៍​របស់​ព្រះ​ចៅ​សិរីសុវត្ថិមុនីវង្ស ផ្សព្ធផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ១៩៣៧ ដោយ AFP PHOTO / FRANCE PRESSE VOIR / Bronberger

អេនក​មិន​បាន​បញ្ជាក់​លម្អិត​ទាក់​ទង​នឹង​ថ្ងៃខែ​ឆ្នាំ ដែល​កើត​ហេតុ ដោយ​និយាយ​ត្រឹម​ថា នាង​អាយុបាន​៦៥​ឆ្នាំហើយ នៅ​ឆ្នាំ​១៩៧៩​។

សុភត្រា ភូមិប្រភាស បាន​និយាយ​នៅ​ក្នុង​អត្ថបទ “ក្សត្រិយ៍​កម្ពុជា នាង​ល្ខោន​ស្យាម និង​ព័ត៌មាន​ដែល​ត្រូវ​ហាម​សរសេរ” ក្នុង​ទស្សនាវដ្ដី​សិល្បៈ​វឌ្ឍនធម្ម ច្បាប់​ខែ​សីហា ឆ្នាំ​២០០៩ ថា ហេតុ​នៅ​គ្រា​នោះ មិន​មាន​នៅ​ក្នុង​កំណត់​ត្រាប្រវត្តិ​សាស្ត្រ​ទាំង​នៅ​ក្នុង​រាជ​សំណាក់​កម្ពុជា និង​ប្រវត្តិ​សាស្ត្រ​សៀម​។

តែ​ដំណឹង​ដែល​ថា​ព្រះ​ចៅ​ក្រុង​កម្ពុជា​មាន​ព្រះ​រាជ​បំណង​រៀបការ​ជាមួយ​នាង​រាំ​ជាតិ​ស្យាម ត្រូវបាន​សរសេរ​នៅ​ក្នុង​​សារព័ត៌មាន​ថៃ​ជា​ច្រើន​ច្បាប់ រួម​ទាំង​សារព័ត៌មាន​ភាសាអង់គ្លេស “The Bangkok Daily Mail” ដែល​ដាក់​ចំណង​ជើង​ថា “Siamese Dancer May Be Cambodia’s Queen”។

អេនឌ្រេវ អេ. ហ្វ្រីមេន (Andrew A. Freeman) និពន្ធ​នាយក The Bangkok Daily Mail បាន​ឲ្យ​ដឹង​ថា គាត់​បាន​ទទួល​ព័ត៌មាន​នេះ​ពី​​អ្នក​សារព័ត៌មាន​ថៃ​ឈ្មោះ ប្រសុត អ្នក​ដែល​សម្ភាស​ម្ដាយ​របស់​ប៉ែន ដែល​និយាយ​ថា ក្សត្រិយ៍​កម្ពុជា​មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​អាលក្ខណ៍​ហ្លួង​រៀប​ចំ​តំណែង​កូន​ស្រី​របស់​នាង​ជា «​ចៅចម​» (Chao Chom) និង​ព្រះ​រាជ​ទាន​នាមថ្មី​ថា “ស៊ីសុវត្ថិ អាំពៃពង្ស” (Srivasti Amphibongse) នាង​ទើប​ច្បាស់​ក្នុង​ចិត្ត​ថា​កូន​ស្រី​របស់​នាង​នឹង​បាន​ជា​រាជិនី​នៃ​កម្ពុជា​។

កំណត់​ហេតុ​របស់​ហ្វ្រីមេន បញ្ជាក់ថា ក្រោយ​ការថ្វាយ​ខ្លួន​បាន​​៣​ថ្ងៃ ក្សត្រិយ៍​កម្ពុជា​ប្រកាស​ថា​នឹង​ស្ថាបនា​នាង​ល្ខោន​សៀម​ជា​ចៅ​ចម នឹង​មាន​ព្រះ​រាជ​តម្រិះ​បន្ថែម​ថា​នឹង​តំឡើង​យស​ជា​ព្រះ​រាជិនី ឬ​ព្រះ​មេហសី​លំដាប់​ទី​១ ពី​ចំនួន​ព្រះ​ជាយា​៥​អង្គ ដែល​មាន​មក​ហើយ បន្ទាប់​ពី​ការ​ចាត់​ព្រះ​រាជ​ពិធី​ព្រះ​បរម​សព​របស់​ព្រះ​រាជ​បិតា ដែល​សុវណ្ណគត កាល​ពី​២​ខែ​មុន​នោះ​។

សុភត្រា​និយាយ​ថា ដោយ​សា​ព្រះ​រាជ​បិតា​ចៅ​សិរីសុវត្ថិ សុវណ្ណគត​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​១៩២៧ ពេល​ដែល​ប៉ែន ទទួល​បាន​ការ​តែង​តាំង​ជា​ចៅ​ចម​គួរ​តែ​បាន​កើត​ឡើង​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​ដដែល​នេះ ដែល​ពេល​នោះ​នាង​មាន​អាយុ​ត្រឹម​តែ​១៣​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ដែល​ចៅ​សិរីសុវត្ថិ មាន​ព្រះ​ជន្ម​៥២​ព្រះ​វស្សា​។

ប៉ែន រឿងនន្ទ ក្នុង​វ័យ៦៥​ឆ្នាំ រូប​ថត​ដោយ អេនក នាវិកមូល កាល​ពី​ឆ្នាំ​១៩៧៩

ក្នុង​ពេល​ជាមួយ​គ្នា​នេះ សុភត្រា បាន​អះអាង​ព័ត៌មាន​ពី​សាន្តិ ភក្ដីគាំ អ្នកជំនាញ​ខាង​ប្រវត្តិ​សាស្ត្រ​ខ្មែរ ថា តំណែង​មហេសី​របស់​ក្សត្រិយ៍​កម្ពុជា មាន​៣​លំដាប់ គឺ លំដាប់ទី​១ ហៅ​ថា សម្ដេច​ព្រះ​អគ្គ​មហេសី លំដាប់​ទី​២ ហៅ​ថា សម្ដេច​ព្រះ​អគ្គ​រាជ​ទេពី និង​លំដាប់​ទី​៣ ហៅ​ថា ព្រះ​អគ្គ​ជា​យា ហើយ​ប្រសិន​បើ​ក្សត្រិយ៍​មាន​ព្រះ​រាជ​បំណង​នឹង​លើកស្ត្រី​ណា​ឲ្យ​ក្លាយ​ជា «​ខត្តិយ​កញ្ញា​» មក​ជា​បាទ​បរិចារិកា​ក៏​នឹង​ផ្ដល់​តំណែង​ «​ចៅ​ចម​» ដែល​មាន​ទាំង​អស់​ចំនួន​៦​លំដាប់​។

មាតា​របស់​ប៉ែន អះ​អាង​ថា កូន​របស់​នាង​ជា​ទី​ពេញ​ព្រះ​រាជ​ហឫទ័យ​នៃ​ក្សត្រិយ៍​កម្ពុជា​រហូត​ដល់​ថ្នាក់​ឲ្យ​នាង​កាន់​កូន​សោរ​ហិប​ទ្រព្យ​សម្បត្តិ​របស់​ព្រះ​អង្គ។ ចាត់ការ​គ្រឿងទ្រង់ គ្រឿង​សោយ និង​កិច្ចការផ្សេង​ៗ ផ្នែក​ខាង​ក្នុង​។ ក្រៅ​ពី​នេះ ប៉ែន នៅ​ហ៊ាន​ជំទាស់​ព្រះ​ទ័យ​ក្សត្រិយ៍កម្ពុជា ដោយ​ជជែស​ថា​នឹង​មិន​កាត់​សក់់​ខ្លី​តាម​បែប​ស្ត្រី​កម្ពុជា​។

ទាំង​នេះ សុភត្រា បាន​បញ្ចេញយោបល់ថា ចំណុច​លម្អិត​ទាក់​ទង​នឹង​ជីវិត​របស់​ប៉ែន ក្នុង​រាជសំណាក់​ភ្នំពេញតាម​ដែរ​ហ្វ្រី​មេន​កត់​ត្រា​សម្ដី​របស់ម្ដាយ​នាង ដែល​ជា​ការ​និយាយ​តែ​ម្ខាងតែ​ចំណុច​ល្អ និង​អាច​ត្រូវ​បាន​តាក់​តែង​ឡើង​ពី​មាត់​របស់​ម្ដាយ​នាង និង​អ្នក​សារព័ត៌មាន​ក៏​ថា​បាន​។

ខណៈ​គ្នា​នេះ​ដែរ កុងស៊ុល​បារាំង​សែស​ម្ចាស់​អាណានិគម​កម្ពុជា​បែរជា​មក​កៀប​សង្កត់​ឲ្យ Bangkok Daily Mail បញ្ឈប់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ទាំង​នោះ ដោយ​អាង​ថា រឿង​រ៉ាវ​ទាំង​អស់​ដែល​ត្រូវ​បាន​រាយការណ៍​នោះ​ជា​រឿង​ប្រឌិតទាំង​ស្រុង ព្រម​ទាំង​បង្គាប់ឲ្យ​សារព័ត៌មាន​នេះ ចុះ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​របស់​កុងស៊ុល ដើម្បី​បក​ស្រាយ​ហេតុការណ៍​ដែល​កើត​ឡើង​។

កុងស៊ុល​បារាំង​សែស​នៅ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ច្បាប់​ទៀត​អាង​ថា ក្សត្រិយ៍​កម្ពុជា​ទ្រង់​មិន​ពេញ​ព្រះ​ទ័យ និង​បដិសេធ​ការរាយការណ៍​ដែល​ខុស​ពី​ការ​ពិត ទើប​ទ្រង់​បញ្ជា​ឲ្យបញ្ជូន​ខ្លួន​ប៉ែន ត្រឡប់​ទៅ​ក្រុង​ទេព​វិញ​ភ្លាម​។

តែ​នៅ​ពេល​ប៉ែន មក​ដល់​ក្រុង​ទេព នាង​បដិសេធ​ថា ត្រូវ​បានបញ្ជូន​ខ្លួន​ត្រឡប់ និង​បាន​អះ​អាង​ថា​នាង​ធ្វើ​ដំណើរ​មក​លេង​ប្អូន​ប្រុស​ដែល​មាន​ជំងឺ​ប៉ុណ្ណោះ​។

«​ខ្ញុំ​សន្យា​ថា​នឹង​មក​តែ​ពីរបី​ថ្ងៃ និង​ប្រញ៉ាប់​ទៅ​រក​ព្រះ​អង្គ​វិញ ខ្ញុំ​នៅ​តែ​ជា​ជាយា​របស់​ព្រះ​អង្គ​»​។

ការ​ផ្ដល់​សម្ភាសន៍​របស់​នាង​បាន​ប្រាកដ​នៅ​ក្នុង​ចំណង​ជើង​របស់ Bangkok Daily Mail ជា​ថ្មី​ម្ដង​ទៀត ហើយ​កុងស៊ុលបារាំង​សែស​ក៏​ប្រញ៉ាប់​ប្រតិកម្មភ្លាម​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​ថា «​នាង​ប៉ែន​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា ក្នុងឋានៈ​ជា​បុគ្គល​ដែលមិន​ស័ក្ដិសម ហើយ​នាង​នឹង​មិន​ត្រូវបានអនុញ្ញាត​ឲ្យ​ត្រឡប់​មក​ភ្នំពេញ​ទៀត​ឡើយ​»​។

មិន​មាន​នរណា​ដឹង​ទេ​ថា​តើ​ហេតុអ្វី​បាន​ជា​ប៉ែន ត្រូវបាន​ខាង​បារាំង​សែស​ហាម​ប្រាម និង​មិន​ព្រម​ឲ្យ​មាន​ការ​រាយការណ៍​ទាំងអស់​ទាក់ទង​នឹង​នាង រហូត​ដល់​ស្នើ​ទៅរដ្ឋាភិបាល​សៀម​បិទ​បាំង​ព័ត៌មាន ដោយ​ខាង​ក្រសួង​ការ​បរទេស​បាន​ហៅ​ហ្វ្រីមេន​ទៅ​ជួប និង​សុំ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​នេះ​ផង​​។

ហ្វ្រីមេន​បាន​បញ្ឈប់​កំណត់ហេតុរបស់ខ្លួន​ទាក់ទង​នឹង​ជតាកម្ម​ជីវិត​របស់​នាង​ល្ខោន​សៀម​ទុក​ថា ក្រោយពី​ក្សត្រិយ៍​កម្ពុជាបាន​ទទួល​យក​ស្ត្រី​ដែល​ខាង​បារាំង​សែស​ទទួល​ស្គាល់​ថា​ជា​រាជិនី ចំណែក​ប៉ែន ក៏​ត្រឡប់​មក​រស់​នៅ​ជា​នាង​ល្ខោន​រួម​ជាមួយ​មាតា​និង​បិតា​របស់​នាង​ដូច​ដើម ហើយ​ហ្វ្រីមេន​នៅ​បាន​និយាយ​ទៀត​ថា

«… ប្រសិន​បើ​ដេលីមែល​មិនបាន​ផ្សព្ធ​ផ្សាយរឿង​រ៉ាវនេះចេញទៅ​នោះ នាង​ប៉ែន និង​ក្សត្រិយ៍​មុនីវង្ស ទំនង​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សេចក្ដី​រហូត​ទៅ​…​»


ឯកសារ​យោង ៖ «​ក្សត្រិយ៍កម្ពុជា នាង​ល្ខោនសផម និង​ព័ត៌មាន​ដែល​ត្រូវហាម​សរសេរ​» ដោយ​សុភត្រា ភូមិប្រភាស នៅ​​សិល្បៈ​វឌ្ឍនធម្ម ច្បាប់​ខែ​សីហា ឆ្នាំ​២០០៩

“แพน” นางละครชาวสยาม ผู้เกือบได้เป็นราชินีแห่งกัมพูชา

_____________________________________________________________|
អាន​ផង​ដែរ ៖
១. “แพน” นางละครชาวสยาม ผู้เกือบได้เป็นราชินีแห่งกัมพูชา

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: