jump to navigation

ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស ថ្ងៃពុធ 24 ខែកក្កដា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

ថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ព្រះពុទ្ធសករាជ២៤៧០ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ គឺជាថ្ងៃសុវណ្ណគតនៃព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ចមចក្រពង្ស ជាព្រះវររាជបិតា។ នាថ្ងៃនោះដែរក្រុមប្រឹក្សារាជបល្ល័ង្ក ដែលស្ថិតនៅក្រោមអធិបតីភាពនៃលោក លើហ្វូល Le Fol រេស៊ីដង់ស៊ុប៉េរីយឺរ បានជ្រើសរើសព្រះរាជបុត្រ សិរីសុវត្ថិ មុនីវង្ស ឲ្យឡើងស្នងរាជ្យបន្តពីព្រះរាជបិតា។

ប្រមាណ១ឆ្នាំក្រោយមក គឺនៅខែកក្កដា ឆ្នាំ១៩២៨ ទើបព្រះរាជពិធីបរមរាជាភិសេកផ្លូវការត្រូវបានប្រារព្ធឡើងយ៉ាងឧឡាឫក ចាប់តាំងពីថ្ងៃសុក្រ ទី២០ ដល់ថ្ងៃពុធ ទី២៥ ពោលគឺក្រោយព្រះរាជពិធីបុណ្យព្រះបរមសព និងថ្វាយព្រះភ្លើងព្រះករុណា ព្រះរាជានុកោដ្ឋ ជាព្រះវរបិតាចប់សូរេច។

ព្រះរាជពិធីជាប្រវត្តិសាស្ត្រនៃការអភិសេកឡើងគ្រងរាជ្យនៃព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស ត្រូវបានរៀបចំយ៉ាងអ៊‌ឹកធឹក តាមបូរាណខត្តិយរាជប្រវេណី នៅចំពោះមុខលោកអគ្គទេសាភិបាលឥណ្ឌូចិន និងលោករេស៊ីដង់ស៊ុប៉េរីយឺរនៃប្រទេសខ្មែរ (ដ្បិតកាលណុះនគរយើងស្ថិតនៅចំណុះនគរបារាំងសេស) ព្រមទាំងព្រះចៅមហាជីវិតនៃព្រះរាជអាណាចក្រលាវផងដែរ។

នៅក្នុងពេលឡើងស្នងរាជ្យបន្តពីព្រះវររាជបិតានេះ ព្រះអង្គមានព្រះបរមងារក្នុងព្រះសុវណ្ណប័ដថា៖ «ព្រះករុណា ព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះចៅក្រុងកម្ពុជាធិបតី»។ ព្រះបរមនាមនេះ ដូចគ្នាទៅនឹងព្រះបរមនាមនៃព្រះបិតាព្រះអង្គដែរ។ ព្រះកុរណា ព្រះសិរីសុវត្ថិ មុនីវង្ស ទ្រង់បានគ្រងរាជ្យរហូតដល់រាត្រីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ១៩៤១ ទើបព្រះអង្គចូលព្រះទិវង្គត នៅព្រះរាជដំណាក់ឯភ្នំបូកគោក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ៕

ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
ព្រះរាជពិធីថ្វាយព្រះសិទ្ធរសតាមបូរាណខត្តិយរាជបវេណីលើបុស្បុក៩ជាន់
ព្រះរាជពិធីដង្ហែព្រះមហាក្សត្រិយ៍អង្គថ្មីតាមវិថីនានាក្នុងព្រះរាជធានី

__________________________________________
អានផងដែរ
១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
៣. ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ
៤. ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
៥. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស
៦. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស
៧. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ
៨. ឆ្នាំទី១៤០ ប្រសូតនៃព្រះករុណា ព្រះមុនីវង្ស
៩. ខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស
១០. ព្រះ​រាជ​កំណត់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​រាជាភិសេក ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ច្បាប់​ភាសា​ថៃ
១១. អំពី​ត្រា​សញ្ញា ហ្លួង​មុនីវង្ស

Advertisements
%d bloggers like this: