jump to navigation

អត្ថបទ​ប្រែ ៖ “រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ – ការ​រើ​ប្រាសាទ​ខ្មែរ” សម័យ​រាមា​ទី​៤ ថ្ងៃសុក្រ 30 ខែសីហា 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
trackback

កកន ៖ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៩ កន្លង​មក​នេះ ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “เกร็ดประวัติศาสตร์-การรื้อปราสาทขอม” สมัยรัชกาลที่ 4 ឬ​ប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ថា “រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ – ការ​រើ​ប្រាសាទ​ខ្មែរ” សម័យ​រាមា​ទី​៤​។

ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​អនុញ្ញាត​បក​ប្រែ​ជា​ភាសា​ខ្មែរ​ក្រៅ​ផ្លូវ​ការ ដោយ​មិន​បញ្ចេញ​បញ្ចូល​បន្ថែម ដើម្បី​ទុក​ជូន​ជា​គតិ និង​ឯកសារ​ប្រវត្តិ​សាស្ត្រ នៅ​ទី​នេះ ដូច​ត​ទៅ​។

ប្រាសាទ​នគរ​វត្ត​ចម្លង តម្កល់​ឯ​វត្ត​ព្រះ​ស្រី​រតនសាស្ដារាម (​រូប ៖ นนทพร อยู่มั่งมี)

“ព្រះ​រាជ​ពង្សាវតារ​ក្រុង​រតន​កោសិន្ទ្រ រជ្ជ​កាល​រាមា​ទី​៤” ច្បាប់​របស់​ចៅ​ពញា​ទិពាករវង្ស (​ខាំ បុននាគ គ.ស.​១៨១៣-១៨៧០) មាន​រឿង​រ៉ាវ​ចំឡែក និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ទាក់​ទង​នឹង​ការ​រើ​ប្រាសាទ​ខ្មែរ នៅ​កម្ពុជា ដើម្បី​យក​មក​ដាក់​នៅ​ក្នុង​ស្យាម​ប្រទេស​សម័យ​ព្រះ​បាទ សម្ដេច​ព្រះ​ចម​ក្លៅ​ចៅយូហួ រាមា​ទី​៤​។ រឿង​រ៉ាវ​ទាំង​នោះ គឺ​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ មាន​ព្រះ​រាជ​តម្រិះ​ថា​ឲ្យ​ទៅ​រើ​​ប្រាសាទ «​នគរ​វត្ត​» របស់​កម្ពុជា​នៅ​ឯ​ខេត្ត​សៀមរាប (​កកន ៖ ថៃ​ហៅ​ខេត្ត​នេះ​ថា សៀម​រាដ្ឋ​) ​យក​មក​ដាក់​នៅ​ក្រុង​ទេព (​និង​ពេជ្រ​បុរី​) និង​បាន​ឲ្យ “ព្រះ​សុវណ្ណ​ពិសាល ខុនជាតិ​វិជា ចេញ​ទៅ​ទស្សនា​ក្រុង​នគរ​ធំ នគរ​តូច និង​ត្រឡប់​មក​វិញ​ទូល​ថា … មាន​តែ​ប្រាសាទ​ធំ​ៗ​ប៉ុណ្ណោះ នឹង​រើ​​យក​មក​មិន​បាន​ទេ​”​

ច្រក​ផ្លូវ​ចូល​ប្រាសាទ​នគរ​វត្ត រូប​គំនូរ​ដោយគិអូដ៍ ពី​រូប​ព្រាង​របស់​មូហូត៍

ហេតុ​ដូច​នោះ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ក៏​បញ្ជា​ឲ្យ​ទៅ​រើ «​ប្រាសាទ​តាព្រហ្ម​» ដែល​មាន​ខ្នាត​តូច​ជាង​។ ប្រាសាទ​មួយ​នេះ​នា​ពេល​បច្ចុប្បន្ន ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ទេសចរណ៍​ជា​ច្រើន (​ដែល​មក​ថត​រូប​) ព្រោះ​ជា​ប្រាសាទ​ដែល​បារាំង​មិន​បាន​ជួស​ជុល​ដោយ​ទុក​ឲ្យ​គង់​នៅ​សភាព​ដូច​ដើម ដែល​មាន​ដើម​ឈើ និង​ឫស​ឈើ (​ដើម​ស្ពង់​) ចាក់​ឫស​ពេញ​ទាំង​អស់ និង​ជា​កន្លែង​ដែល​ថត​ភាព​យន្ត​រឿង Tomb Raider ដែល​សម្ដែង​​ដោយ​តួ​ល្បី​នាង​អេនចេលីណា ចូលី ផង​។

“ព្រះ​រាជ​ពង្សាវតារ​នេះ​បាន​និយាយ​ទៀត​ថា មាន​ការ​បញ្ជូន​មនុស្ស​ចេញ​ទៅ ចំនួន​៤​កង​ពល ដែល​ក្នុង​មួយ​កង​មាន​ចំនួន​៥០០​នាក់​ និង​ចែក​ចេញ​ជា​កង​រើ​ខ្លះ កង​ដឹក​ជញ្ជូន​ខ្លះ​… ដោយ​មាន​រៀប​ចំ​ពិធី​បួង​សួង​រើ​ប្រាសាទ នៅ​ថ្ងៃ​ទី​៩​កើត ខែ​ពិសាខ​”។

ហេតុការណ៍​រើ​ប្រាសាទ​ដែល​មាន​ចំនួន​ពល​ព្រៃ​រហូត​ដល់​ទៅ​២​ពាន់​នាក់​នេះ កើត​ឡើង​នៅ​ឆ្នាំ​១៨៦៧ ដែល​ត្រូវ​គ្នា​នឹង​រជ្ជ​សម័យ​ក្សត្រិយ៍​កម្ពុជា គឺ​ព្រះ​ចៅ​នរោត្ដម ដែល​គ្រង​រាជ្យ​ក្នុង​ចន្លោះ​ឆ្នាំ ១៨៥៩-១៩០៤​។ សម័យ​នោះ កម្ពុជា​បាន​ធ្លាក់​ដុន​ដាប​រហូត​ក្លាយ​ជា​ «​ប្រទេស​រាជ​» របស់​ទាំង​សៀម និង​វៀតណាម មុន​ពេល​ទៅ​ចុះ​ចូល​ក្លាយ​ជា​ប្រទេស​ក្រោម​​អាណា​ព្យាបាល​របស់​បារាំង​ នា​ឆ្នាំ​១៨៦៧​។ នៅ​សម័យ​នោះ​ខេត្ត​សៀមរាប និង​បាត់ដំបង នៅ​ចំណុះ​ផ្ទាល់​របស់​បាងកក នៅ​ឡើយ ដោយ​មាន​ខុនណាង​តំបន់​ត្រកូល «​អភ័យ​វង្ស​» គ្រប់​គ្រង និង​ព្រះ​សុវណ្ណ​ពិសាល ខុនណាង​ខេត្ត​នេះ​ហើយ ដែល​ទទួល​បញ្ជា​ឲ្យ​ធ្វើ​ជា​ប្រធាន​គ្រប់​គ្រង​ការ​រើ​ប្រាសាទ​តា​ព្រហ្ម​។

យើង​មិន​ដឹង​ពី​ហេតុ​ផល​ឲ្យ​ច្បាស់​លាស់​ពី​ការ​ដែល​ហេតុ​អ្វី​ រាមា​ទី​៤ ស្ដេច​ឲ្យ​រើ​ប្រាសាទ​ថ្ម​ដ៏​មហិមា​នោះ​ពី​កម្ពុជា​ក្នុង​ពេល​នោះ​ទេ​។ សម័យ​នោះ​ចំ​ពេល​ដែល​បារាំង​កំពុង​តែ​ចូល​មក​លុក​លុយ​ដែន​ដី​ឥណ្ឌូចិន ដោយ​បន្តិច​ម្ដង​ៗ​បាន​វៀតណាម កម្ពុជា និង​លាវ ជា​ប្រទេស​អាណា​និគមតាម​លំដាប់ (​សូម​សង្កេត​ពាក្យ «​អាណានិគម​» ជាមួយ​ពាក្យ​ថា «​ប្រទេស​រាជ​» ដែល​ជា​ប្រព័ន្ធ​ខុស​គ្នា​ពី «​លោក​ខាង​លិច​» និង «​លោក​ខាង​កើត​»​) ហើយ​ក៏​ប្រកួត​ជាមួយ​អង់គ្លេស​ដែល​បានចូល​មក​យក​មួយ​ផ្នែក​របស់​ភូមា និង​ម៉ាឡាយូ​ទៅ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​សៀម​ស្ថិត​ក្នុង​ឋានៈ​ជា​កន្លែង​ប្រជល់​គ្នា (buffer)​។

តែ​អ្វី​ដែល​ចាប់​អារម្មណ៍​នោះ​គឺ​ថា ការ​រើ​ប្រាសាទ​ថ្ម​គ្រា​នោះ​ជួប​បរាជ័យ និង​ព្រះ​រាជ​ពង្សាវតារ បាន​សរសេរ​គួរ​ឲ្យ​តក់​ស្លុត​ថា «​មាន​ខ្មែរ​ប្រមាណ​៣០០​នាក់​ចេញ​មក​ពី​ព្រៃ បាន​បាញ់​សម្លាប់​ពួក​រើ​ប្រាសាទ ដោយ​សម្លាប់​ព្រះ​សុវណ្ណ​ពិសាល​១​រូប ព្រះ​វាំង ស្លាប់​១​រូប បុត្រ​ព្រះ​សុវណ្ណ​ណពិសាល​ ស្លាប់​១​រូប និង​ដេញ​សម្លាប់​ព្រះ​មហាត​ថៃ ព្រះ​យោក្ប័ត្រ របួស​ជា​ច្រើន​នាក់ តែ​ពួក​ព្រៃ​នោះ មិន​ធ្វើ​អ្វី​ទៀត រួច​រត់​ចូល​ព្រៃ​អស់​ទៅ​។

«​រាប់​ថា​នៅ​សម័យ​នោះ មាន​ជន​ជាតិ​កម្ពុជា ឬ​ខ្មែរ តាំង​ខ្លួន​ប្រដូច​នឹង «​កង​ចរ​យុទ្ធ​» និង​ខឹង​សម្បារ​ចំពោះ​ការ​លប​ចូល​ទៅ​រ់ើ​ប្រាសាទ​របស់​ពួក​គេ រហូត​ដល់ «​បាញ់​សម្លាប់​» បណ្ដា​ខុន​ណាង ប្រធាន​គ្រប់​គ្រង រហូត​ដល់​ស្លាប់​អស់​ជា​ច្រើន និង​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ រាមា​ទី​៤ ត្រូវ​បញ្ឈប់​គម្រោង​រើ​ប្រាសាទ​ថ្ម​នេះ ដោយ​ឲ្យ​ធ្វើ​ជា​រូប​ចម្លង​ប្រាសាទ​នគរ​វត្ត​តូច​ៗ ដូច​ដែល​ព្រះ​រាជ​ពង្សាវតារ បាន​សរសេរ​ថា ឲ្យ​ជាង​ធ្វើចម្លង​តាម​រូប​ដែល​បាន​ថត​មក​នោះ ដាក់​នៅ​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ​វត្ត​ព្រះ​កែវ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​នោះ​​ឯង​។

ប្រាសាទ​នគរ​វត្ត​ចម្លង

និង​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មក​ទស្សនកិច្ច លោក​នាយក​រដ្ឋ​មន្ត្រី​ជាតិ​ជាយ ជុនហៈវ័ណ កាល​ពី​ឆ្នាំ​១៩៨៩ ក្នុង​ពេល​ការ​ចរចា​នយោបាយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​សមរភូមិ​ឲ្យ​ក្លាយ​ជា​ទី​ជំនួញ របស់​អាស៊ី​អាគ្នេយ៍ ក៏​នៅ​បាន​សុំ​មក​ទស្សនា​ប្រាសាទ​ចម្លង​នេះ​ផង​ដែរ​៕


កំណត់​ចំណាំ អាច​អាន​បន្ថែម​​នៅ ជាញវិទ្យ ក្សេត្រសិរិ វិថី​ថៃ ទេសចរណ៍​វប្បធម៌ ឆ្នាំ​១៩៩៧

“เกร็ดประวัติศาสตร์-การรื้อปราสาทขอม” สมัยรัชกาลที่ 4

អាន​ផង​ដែរ ៖
១. “เกร็ดประวัติศาสตร์-การรื้อปราสาทขอม” สมัยรัชกาลที่ 4
២. សាវតារ​ត្រកូល «អភ័យវង្ស»

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: