jump to navigation

ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ថ្ងៃចន្ទ 30 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

កាល​ពី​ថ្ងៃ​ទី​២៩ កញ្ញា ១៩៦៩ វេលា​ម៉ោង​១៨ គណៈ​បេសក​កម្ម​អង្គ​ទូត​នៃ​ប្រទេស​នានា មាន​ឯក​ឧត្ដម​រ៉ូហ្សេ​លីម៉ូ ដឺ​ឡារ៉ូសា ព្រឹទ្ធ​អង្គ​ទូត​នៃ​ប្រទេស​ហ្វីលីព្វីន​ប្រចាំ​ប្រទេស​កម្ពុជា ជា​អ្នក​ដឹក​នាំ​បាន​អញ្ជើញ​ទៅ​កាន់​មហា​កុដិ ជា​ទី​តម្កល់​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​អម្ចាស់ ដើម្បី​សម្ដែង​នូវ​វិយោគ​ទុក្ខ និង​មរណ​ទុក្ខ ចំពោះ​សម្ដេច​ព្រះ​មហា​សុមេធាធិបតី សង្ឃ​នាយក ហួត តាត គណៈ​មហា​និកាយ ក្នុង​ពេល​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​អម្ចាស់ ព្រះ​អង្គ​ទ្រង់​បាន​សោយ​ព្រះ​ទិវង្គត​ទៅ​នេះ​។

ក្រោយ​ពី​បាន​អញ្ជើញ​ចូល​ទៅ​ដល់​ហើយ គណៈ​បេសក​កម្ម​អង្គ​ទូត​នានា​ទាំង​នោះ ម្នាក់​ៗ​សុទ្ធ​តែ​បាន​ដាក់​នូវ​បាច់​ផ្កា​ដ៏​មាន​ក្លិន​ពិដោឈ្ងុយ​ឈ្ងប់ ថ្វាយ​នៅ​មុខ​ព្រះ​បរម​កោដ្ឋ​ជា​ទី​តម្កល់ព្រះ​បរម​សព​សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​អម្ចាស់​។

ត​មក​គណៈ​បេសក​កម្ម​អង្គ​ទូត​ទាំង​នោះ​ក៏​បាន​ចូល​ទៅ​ក្រាប​បង្គំ សម្ដេច​ព្រះ​មហា​សុមេធាធិបតី សង្ឃ​នាយក ហួត តាត ដើម្បី​សម្ដែង​នូវ​វិយោគ​ទុក្ខ និង​ចូល​កាន់​មរណ​សញ្ញា​ជាមួយ​ព្រះ​អង្គ ដែល​បាន​និមន្ត​មក​ជា​ព្រះ​អធិបតី​ក្នុង​ឱកាស​នោះ​។

នៅ​មុន​ពេល​អញ្ជើញ​ត្រឡប់​វិញ គណៈ​បេសក​កម្ម​អង្គទូត​ទាំង​នោះ​បាន​ចុះ​ហត្ថលេខា​រៀង​ៗ​ខ្លួន​ ក្នុង​សៀវភៅ​កាន់​មរណ​សញ្ញា​ជា​សំគាល់​ផង​៕

ស្រង់​ចេញ​ពី​ទស្សនា​វដ្ដី​​អ្នក​ជាតិ​និយម ថ្ងៃ​ទី​៥ តុលា ១៩៦៩

អង្គ​ទូត​នៃ​ប្រទេស​នានា​បាន​មក​សម្ដែង​នូវ​វិយោគ​ទុក្ខ និង​មរណ​ទុក្ខ​នៅ​មហា​កុដិ

អ្នក​ការ​ទូត​រូប​នេះ​​ព្រម​ទាំង​ភរិយា បាន​អញ្ជើញ​មក​គោរព​ព្រះ​បរម​សព​ដែរ

នាយ​បេសក​កម្ម​អង្គទូត​ខ្លះ​បាន​ទាំង​បូជា​បាច់​ផ្កា និង​ទៀន​ធូប​នៅ​មុខ​ព្រះ​បរម​កោដ្ឋ​ផង

____________________________________________________
អាន​ផង​ដែរ​៖
១. សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត
២. ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ
៣. ៤៥​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ)

Advertisements

ទៅ​ភ្ជុំ​នៅ​ព្រៃ​វែង ថ្ងៃអាទិត្យ 29 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
5 comments

ម្សិល​មិញ​នេះ (២៨ កញ្ញា ២០១៩​) ជា​ថ្ងៃ​ភ្ជុំ​ធំ ខ្ញុំ​និង​គ្រួសារ​បាន​ទៅ​វត្ត​ជា​លើក​ទី​៣ សម្រាប់​ឆ្នាំ​នេះ គឺ​នៅ​ស្រុក​ពាមរក៍​ខេត្ត​ព្រៃវៃង ដែល​ជា​ស្រុក​កំណើត​តា ខាង​ម្ដាយ​របស់ខ្ញុំ​។

វត្ត​ដែល​ទៅ​ព្រឹក​មិញ​នេះ មាន​ឈ្មោះ​ថា វត្ត​បន្លិច​ប្រាសាទ​។ ខ្ញុំ​ធ្លាប់​ទៅ​វត្ត​នេះ​មិន​ច្បាស់​ថា​ប៉ុន្មាន​ដង​ទេ តែ​ចាំ​ថា​ធ្លាប់​ទៅ​កាល​ពី​ជី​ដូន​របស់​ខ្ញុំ​ធ្វើ​កឋិន​ទៅ​វត្ត​នោះ កាល​ពី​ខ្ញុំ​នៅ​តូច​ៗ អាយុ​មិន​ដល់​១០​ឆ្នាំ​ផង​ដឹង​ ហេហេ​…។

និយាយ​ពី​រឿង​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ព្រឹក​​ម្សិល​មិញ​នៅ​វត្ត​ គឺ​ថា​មាន​មនុស្ស​ម្នា​ច្រើន​សម្បើម​មែន​ទែន ទាំង​ចាស់​ ទាំង​ក្មេង មក​ធ្វើ​បុណ្យ រហូត​រក​កន្លែង​អង្គុយ​ស្ទើរ​គ្មាន​ មើល​ទៅ​គួរ​មោទន​មែន​ទែន។

បន្ទាប់​ពី​ស្ដាប់​លោក​ចប់​ស្រេច​ហើយ ក៏​មក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ផ្ទះ​សាច់​ញាតិ រហូត​ដល់​រសៀល​ម៉ោង​ប្រមាណ​៣​កន្លះ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​។ ចប់​ស្រេច​បរិបូរណ៌​ទេសកាល​បុណ្យ​ភ្ជុំ​បិណ្ឌ ឆ្នាំ​នេះ បាន​៣​វត្ត​នឹង​គេ​ដែរ ហាហា​៕

ទិដ្ឋភាព​វត្ត​នា​ថ្ងៃ​ភ្ជុំ​បិណ្ឌ

20190928_093617[1]20190928_093832[1]20190928_093910[1]20190928_094918[1]20190928_102751[1]20190928_103625[1]20190928_105036[1]20190928_105040[1]20190928_111630[1]

_____________________________________________________
អាន​ផង​ដែរ ៖
១. វត្ត​កោះ​មេត្តា​ពោធិ​វង្ស
២. ថ្ងៃ​នេះ​បិណ្ឌ​១
៣. បិណ្ឌ​ទី​១២ ឯ​ភូមិ
៤. វត្ត​បន្លិច​ប្រាសាទ
៥. អុំ​ទូក​អ្នក​ស្រុក​បន្លិចប្រាសាទ

អនុមោទនា​ភ្ជុំ​បិណ្ឌ (សែន​ដូន​តា​) ព.ស.​២៥៦៣ ថ្ងៃសៅរ៍ 28 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

ben-2018

ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ ថ្ងៃសុក្រ 27 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា គ.ស.​១៩៦៩ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​ស្ដេច​យាង​ទៅ​ក្នុង​ព្រះ​ឋានៈ ជា​ព្រះ​រាជ​តំណាង​នៃ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​ក្នុង​ព្រះ​បរម​កិច្ច​ផ្ទាល់​ព្រះ​អង្គ ជា​ព្រះ​រាជា​ធិបតី ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៅ​ក្នុង​​ឱកាស​ថ្វាយ​គន្ធ​វារី​​។

ក្នុង​ឱកាស​នោះ សម្ដេច​ព្រះ​សុធម្មាធិបតី​សង្ឃ​នាយក​គណៈ​ធម្ម​យុត្តិក​និកាយ សម្ដេច​ព្រះ​ធម្ម​វង្សា​ធិបតី សម្ដេច​ព្រះ​ពោធិ​វង្ស ប្រធាន​សភា​ទាំង​ពីរ នាយក​រដ្ឋ​មន្ត្រី អគ្គ​នាយក​នៃ​ក្រសួង​នានា​ក្នុង​ព្រះ​បរម​រាជ​វាំង ព្រម​ទាំង​ឥស្សរ​ជន​ដទៃ​ទៀត​បាន​ថ្វាយ​គន្ធ​វារី ចំពោះ​ព្រះ​បរម​សព តាម​លំដាប់​លំដោយ​ជា​បន្ទាប់​បន្ត​មក​ពី​សម្ដេច​​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ​៕

ស្រង់​ចេញ​ពី​ទស្សនា​វដ្ដី​​អ្នក​ជាតិ​និយម ថ្ងៃ​ទី​៥ តុលា ១៩៦៩ ទំព័រ​៦

សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ ទ្រង់​ប្រទាន​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ

សម្ដេច​ព្រះ​សុធម្មាធិបតី​សង្ឃ​នាយក​គណៈ​ធម្ម​យុត្តិក​និកាយ ទ្រង់​ប្រទាន​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ
សម្ដេច​ព្រះ​ពោធិ​វង្ស ទ្រង់​ប្រទាន​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ

____________________________________________________
អាន​ផង​ដែរ​៖
១. សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត
២. ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ
៣. ៤៥​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ)

 

បិណ្ឌ​ទី​១២ ឯ​ភូមិ ថ្ងៃ​ព្រហស្បតិ៍ 26 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
3 comments

ម្សិល​មិញ​នេះ (២៥ កញ្ញា ២០១៩​) ជា​វេន​បិណ្ឌ​ទី​១២​ សម្រាប់​​ទេសកាល​បុណ្យ​ដាក់​បិណ្ឌ ភ្ជុំ​បិណ្ឌ ឆ្នាំ​នេះ :)​។ ជា​រៀង​រាល់​ឆ្នាំ បិណ្ឌ​ទី​១២​នេះ ​ជា​វេន​បិណ្ឌ​ប្រចាំ​ភូមិ​​​របស់​ខ្ញុំ នោះ​គឺ​​វេន​បិណ្ឌ​វត្ត​និរោធ​វង្សី  ផ្លូវ​ជាតិ​លេខ​១ ឯ​ខណ្ឌ​ច្បារ​អំពៅ​។

ជា​រៀង​រាល់​ឆ្នាំ​ដែល​ជា​វេន​បិណ្ឌ​ទី​១២ នេះ គឺ​ត្រូវ​ធ្វើ​ពិធី​​បង្សុកុលឧទ្ទិសកុសសជូនជីដូនរបស់ខ្ញុំ និងញាតិការទាំង៧សន្ដាននៅឯចេតិយគាត់តម្កល់នាបរិវេណវត្តនេះស្រាប់ ដែលជាវត្តប្រចាំរបស់គាត់កាលគាត់នៅរស់។

បន្ទាប់ពីធ្វើពិធីស្រេចរួចរាល់ហើយ នៅម៉ោងជាង៩ ក៏បន្តចូលរួមធ្វើបុណ្យវេនទី១២ជាមួយអ្នកភូមិទាំងអស់ឯទៀត មានប្រគេនចង្ហាន់ព្រះសង្ឃ ដាក់បាត្រ ស្ដាប់ធម៏ រហូតដល់ព្រះសង្ឃឆាន់ស្រេច។ ថ្ងៃនេះ មានអ្នកភូមិច្រើនកុះករសម្បើមណាស់ចូលរួមពិធីបុណ្យពេញទាំងសាលាឆាន់តែម្ដង​​។ សម្រាប់ឆ្នាំនេះពិសេសដូចឆ្នាំ​កន្លង​ទៅដែរ គឺនៅស្ដាប់ព្រះសង្ឃរហូតដល់ចប់ និងបានទទួលទានបាយវត្តជាមួយអ្នកភូមិយ៉ាងសប្បាយរីករាយ និងទទួលបានមគ្គផលបុណ្យយ៉ាងច្រើនផងដែរ៕

20190925_082500[1]ពិធីឯចេតិយជីដូន20190925_093231[1]ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ20190925_093240[1]ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ20190925_094740[1]រាប់​បាត្រ20190925_101406[1]ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ20190925_103803[1]ប្រជាជនមកធ្វើបុណ្យដាក់បិណ្ឌ

_____________________________________________________
អាន​ផង​ដែរ ៖
១. វត្ត​កោះ​មេត្តា​ពោធិ​វង្ស
២. ថ្ងៃ​នេះ​បិណ្ឌ​១
៣. ទៅ​ភ្ជុំ​នៅ​ព្រៃ​វែង

ខួប​ឆ្នាំ​ទី​៥០ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត (ជោតញ្ញាណោ) ថ្ងៃពុធ 25 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
1 comment so far

CN50

ថ្ងៃ​ពុធ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ គឺ​ជា​ថ្ងៃ​ខួប​សោយ​ព្រះ​ទិវង្គត​នៃ​បុគ្គល​ជា​ទី​គោរព​ម្នាក់​នៃ​នគរ​កម្ពុជា​គម្រប់​៥០​ឆ្នាំ​គត់​​។ បុគ្គល​ដែល​ស្មោះ​ស្ម័គ្រ​បំផុត​ចំពោះ​សាសនា ចំពោះ​ជាតិ និង​ចំពោះ​រាជ​បល្ល័ង្ក​។ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះ​អង្គ​​ស្ដេច​ចាប់​មាន​អាពាធ និង​សោយ​ព្រះ​ទិវង្គត​នៅ​ឯ​ព្រះ​រាជ​ដំណាក់​ព្រះ​អង្គ នា​វត្ត​ឧណ្ណាលោម នា​យប់​ថ្ងៃ​​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩ វេលា​ម៉ោង​២០ និង​២០​នាទី​។

ក្នុង​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ ព្រះសង្ឃ​ច្រើន​អង្គ មាន​ព្រះ​សិរិវិសុទ្ធ ម៉ី​យ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម ព្រម​ទាំង​លោក ម៉ា អុក គិលានុបដ្ឋាក ក៏​នៅ​កំដរ​ជាមួយ​ដែរ មាន​ចិត្ត​រំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរ​ភាន់​ភាំង​ស្មារតី បាន​ចាត់​ការ​ផ្សាយ​ដំណឹង​ទិវង្គត ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ភ្លាម អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់ សម្ដេច​ព្រះ​ពោធិវ័ង្ស។ ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ ក៏​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន ទៅ​ក្រសួង​ធម្មការ ទៅ​សាលា​ក្រុង ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ភ្លាម លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯ​ទៀត​ៗ​ក្នុង​ក្រុង​ភ្នំពេញ។

នៅ​ម៉ោង​២១​កន្លះ នា​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ១៩៦៩ ក្រោយ​ពេល​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ទ្រង់​សោយ​​ព្រះ​ទិវង្គត​ចំនួន​១​ម៉ោង សម្ដេច​សហ​ជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ (ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​) ទ្រង់​ស្ដេច​យាង​មក​គោរព​ព្រះ​បរម​សព ដោយ​ទ្រង់​ព្រះ​កន្សែង​ស្ដាយ​ស្រណោះ​ដល់​ព្រះ​បរម​កិច្ច​គ្រប់​យ៉ាង​ដែល​សម្ដេច​ព្រះ​សង្ឃ​រាជ​ទ្រង់​បាន​បំពេញ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ចំពោះ​ជាតិ និង​ចំពោះ​រាជ​បល្លង្ក ដោយ​ព្រះ​មហា​វិរិយ​ភាព​ជាប់​មិន​ដាច់ លុះ​ត្រា​អវសាន​នៃ​ព្រះ​ជន្ម​​។

សម្ដេច​សហជីវិន​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ថា សម្ដេច​ជា​ព្រះ​បរម​គ្រូ​នៃ​ខ្ញុំ ព្រះ​អង្គ​ទ្រង់​សោយ​ទិវង្គត ក្នុង​ពេល​កំពុង​ប្រតិបត្តិការ ហាក់​បី​ដូច​ជា​មេ​ទ័ព​បាត់​បង់​ជីវិត​ក្នុង​សមរ​ភូមិ​​។

សម្ដេច​សហ​ជីវិន (​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​) ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​ព្រះ​កន្សែង​ចំពោះ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ និង​ទ្រង់​គោរព​ព្រះ​បរម​សព​ដោយ​ព្រះ​ហឫទ័យ​សោក​ស្ដាយ​ជា​ទី​បំផុត

ដំណាល​គ្នា​នេះ សម្ដេច​ព្រះ​មហាក្សត្រីយានី ជា​អម្ចាស់​ជីវិត ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា ក្នុង​ព្រះ​បរម​រាជ​វាំង ជា​ព្រះរាជ​តំណាង​មក​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ និង​ជា​ហូរ​ហែ​សេនា​មន្ត្រី​រាជការ​ធំ​ៗ​ក្នុង​ព្រះ​នគរ​ក៏​បាន​យាង និង​អញ្ជើញ​ដល់​​វត្ត​ឧណ្ណាលោម ក្នុង​វេលា​រាត្រី​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នោះ សុទ្ធ​តែ​មាន​មុខ​ស្រពោន ក្រៀមក្រំ​គ្រប់​ៗ​គ្នា ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃលែង បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួល​ចំពោះ​ព្រះ​បរម​សព ដោយ​គ្រប់​គ្នា​ទាំង​អស់។

លំដាប់​ត​មក​ទៀត ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣ ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត ទាំង​គ្រហស្ថ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយ​ៗ នាំ​គ្នា​ឈរ​ត្រៀបត្រា ពាស​ពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់ ទាំង​អស់​លោក​អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សព សុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​ៗ​គ្នា ខ្លះ​មាន​ជល​នេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត ពេល​ជា​លំដាប់​មក​ទៀត ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ ទាំង​គ្រហស្ថ បព្វជិត ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម យ៉ាង​ណែនណាន់​តាន់តាប់​រហូត​ទាល់​តែ​ភ្លឺ។

ព្រឹក​ឡើង ថ្ងៃ​១៥​កើត ខែ​ភទ្របទ (២៦ កញ្ញា) អស់​លោក​ឥស្សរជន បាន​ប្រជុំ​តាំង​គណៈ​កម្មការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ចាត់​ការ​បុណ្យ​ព្រះ​បរម​សព​ត​ទៅ និង​​​តម្កល់​ទុក​តាម​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល រួច​បាន​ព្រម​ព្រៀង​យក​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៦៩ ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន មាន​ទេសនា និង​វេរភត្ត រៀង​រាល់​យប់​ថ្ងៃ​ ចំនួន​៦​ខែ ក្រោម​ព្រះរាជ​ធិបតីភាព​នៃ​សម្ដេច​ព្រះ​មហាក្សត្រីយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ រហូត​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ នា​សម័យ​សាធារណ​រដ្ឋ​ខ្មែរ​៕​៚

ព្រះ​បរម​សព​ព្រះ​ទែន​សយនា ក្នុង​ព្រះ​ដំណាក់​វត្ត​ឧណ្ណោលោម ក្រុង​ភ្នំពេញ

____________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ
២. ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ
៣. ៤៥​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ)

 

ទិវា​រដ្ឋ​ធម្មនុញ្ញ ថ្ងៃអង្គារ 24 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
add a comment

Untitled-2

រដ្ឋធម្មនុញ្ញ [អានថា៖ រ័ត-ឋៈ-ធ័ម-មៈ-នុញ] មិនមែនអានថា [រ័ត-ធ័ម-មៈ-នុញ] ទេ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត ច្បាប់ និងឯកសារគតិយុត្តទាំងនោះនឹងអធម្មនុញ្ញភាព។

គួរកត់សម្គាល់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ គិតមកដល់ត្រឹមថ្ងៃនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងមានអាយុ២៦ឆ្នាំហើយ។

អបអរសាទរខួបអនុស្សាវរីយ៍លើកទី២៦ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា!

%d bloggers like this: