jump to navigation

អំពី​ទឹក​នា​រដូវ​បិណ្ឌ​ភ្ជុំ ថ្ងៃសុក្រ 20 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

បើ​និយាយ​ពី​រដូវ​បិណ្ឌ​ភ្ជុំ គេ​តែង​នឹក​ដល់​រឿង​ទឹក​។ ខែ​បិណ្ឌ​ភ្ជុំ​នេះ​ជា​រដូវ​ភ្លៀង រដូវ​ដែល​ទឹក​ឡើង​​។ ពី​ដើម​ៗ​ម៉ិញ​នៅ​ពេល​ដែល​រដូវ​នេះ​ចូល​មក​ដល់ ទឹក​ចាប់​ផ្ដើម​ហូរ​ពេញ​ប្រៀប​ទន្លេ​ចតុម្មុខ ហូរ​ចូល​មក​ទន្លេ​បាសាក់ ឆ្លង​ចូល​ដៃ​ព្រែក ឯ​ម្ដុំ​ច្បារ​អំពៅ កាត់​ផុត​តាម​ទ្វារ​ទឹក បុក​ចូល​ទៅ​ដល់​វិទ្យាល័យ​ច្បារ​អំពៅ​។ វិទ្យាល័យ​ច្បារ​អំពៅ​នេះ​មាន​ព្រែក​ហូរ​កាត់​ចំ​កណ្ដាល​បរិវេណ​សាលា​។

ទឹក​ចាប់​ផ្ដើម​ហូរ​ចេញ​ទៅ​ក្រោយ​បរិវេណ​សាលា​ពេញ​ប្រៀប ទៅ​ដោយ​បឹង​ជា​ច្រើន​រាប់​មិន​អស់ កាល​ណុះ និង​ចួន​កាល​ហូរ​ចូល​បរិវេណ​តារាង​បាល់​ទាត់​របស់​សាលា​លិច ជា​រៀង​រាល់​ឆ្នាំ​ បូក​រួម​ទាំង​ភ្លៀង​មិន​ដាច់​ជា​រៀង​រាល់​ថ្ងៃ​ផង​។

បរិវេណ​ជា​ច្រើន​នៃ​ផ្លូវ​៣៥១​បច្ចុប្បន្ន​សុទ្ធ​តែ​ជា​បឹង ហេតុ​ដូច​នេះ នា​រដូវ​នេះ​ទឹក​ហូរ​ពេញ​បឹង​បង្ក​ឲ្យ​អ្នក​ស្រុក​ប្រើ​ប្រាស់​ទឹក​នេះ​បាន​យ៉ាង​សម​ប្រកប​ផង​។ ចួន​នា​ឆ្នាំ​ខ្លះ​ដែល​ទឹក​ធំ វា​បាន​ហូរ​ចាល​រហូត​ដល់លិច​ផ្លូវ​នេះ ហូរ​កាត់​ផ្ទះ​ផង​ទៀត​សឹង​ក៏​មាន​​។ អ្នក​ស្រុក​នាំ​គ្នា​លុយ​ទឹក​ទៅ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​ឯ​ក្នុង​ភូមិ​ជា​ប្រចាំ​៕

 

Advertisements
%d bloggers like this: