jump to navigation

អំពី​ការ​តែង​តាំង​រាជ​ទូត​នៅ​នគរ​សៀម ថ្ងៃសៅរ៍ 21 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in វីដេអូ, ภาษาไทย.
1 comment so far

Untitled-2

ទំនៀម​នៃ​ការ​តែង​តាំង​ឯក​អគ្គ​រាជ​ទូត​ថ្មី​របស់​ប្រទេស​ថៃ នា​ពេល​បច្ចុប្បន្ន​មាន​ភាព​ប្រណីត​ទំនង​ជា​តំណ​មក​ពី​ប្រវេណី​បូរាណ​នគរ​ថនេះ​។ ការ​តែង​តាំង​ឯក​អគ្គ​រាជ​ទូត​ថ្មី​របស់​ប្រទេស​ថៃ​សម្រាប់​ទៅ​កាន់​តំណែង​នៅ​ក្រៅ​ប្រទេស​នោះ ត្រូវ​បាន​ប្រោស​ព្រះ​រាជ​ទាន​ផ្ទាល់​ពី​ព្រះ​មហា​ក្សត្រិយ៍​មុន​ពេល​ដែល​ឯក​អគ្គ​រាជ​ទូត​ទាំង​អស់​ចេញ​ទៅ​បម្រើ​ការ​ងារ ក្នុង​នាម​ជា​តំណាង​នៃ​ព្រះ​មហា​ក្សត្រិយ៍ ប្រជារាស្ត្រ និង​នគរ​ថៃ​ទាំង​មូល​។

ការ​តែង​តាំង​នេះ មាន​និតិ​វិធី ដូច​ខាង​ក្រោម​នេះ ជា​បន្ត​បន្ទាប់ ៖

ការ​តែង​តាំង​ត្រូវ​បាន​ធ្វើ​ឡើង​ព្រម​គ្នា​ជា​គណៈ​។ ដោយ​ឯក​អគ្គ​រាជ​ទូត​ទាំង​អស់​ត្រូវ​មក​ចូល​គាល់​ព្រះ​មហា​ក្សត្រិយ៍ ដោយ​អង្គុយ​បត់​ជើង​ព្រម​គ្នា​។ គ្រប់​ឯក​អគ្គ​រាជ​ទូត​ទាំង​អស់​ត្រូវ​​គ្រង​ឈុត​រាជការ​ពណ៌​ស​។ ការ​ចូល​គាល់​នេះ​ត្រូវ​ដឹក​នាំ​ដោយ​មន្ត្រី​មួយ​រូប​មក​ពី​ក្រសួង​ការ​បរទេស​។

នៅ​ពេល​ព្រះ​មហា​ក្សត្រិយ៍​យាង​មក​ដល់ ឯក​អគ្គ​រាជ​ទូត​ទាំង​អស់​ក្រាប​គោរព​។

មន្ត្រី​ក្រសួង​ការបរទេស​ក្រាប​បង្គំ​ទូល​​រាយការណ៍​អំពី​ឈ្មោះ ​មុខ​តំណែង តួនាទី​នៃ​ឯក​អគ្គ​រាជ​ទូត​នីមួយ​ៗ​ដែល​នឹង​ត្រូវ​ទៅ​បំពេញ​កិច្ច​ការ​នៅ​ក្រៅ​ប្រទេស​​។

បន្ទាប់​មក​ឯក​អគ្គ​រាជ​ទូត​ (​ម្ដង​ម្នាក់​ៗ​) ក្រាប​បង្គំ​អង្គ​ព្រះ​មហា​ក្សត្រិយ៍ បើក​គម្រប​​ពាន​សក្ការៈ រួច​លូន​​ចូល​ទៅ​ជិត​ព្រះ​បាទា​នៃ​ព្រះ​មហា​ក្សត្រិយ៍ ក្រាប​បង្គំ​ម្ដង​ទៀត ថ្វាយ​ពាន​ទៅ​អង្គ​ព្រះ​មហា​ក្សត្រិយ៍​ ដោយ​ដៃ​ស្ដាំ ឯ​ដៃ​ឆ្វេង​ច្រត់​​កម្រាល​។ ព្រះ​មហា​ក្សត្រិយ៍​ទទួល​។

ទទួល​ពាន​រួច​ហើយ ព្រះ​មហា​ក្សត្រិយ៍​ប្រទាន​ទឹក​ស័ង្ខ​ ដោយ​ច្រូច​លើ​ក្បាល​ឯក​អគ្គ​រាជ​ទូត​​ថ្មី រួច​ប្រទាន​ស្លឹក​​ព្នៅ​។ ឯក​អគ្គ​រាជ​ទូត​​ថ្មី​ទទួល​ពី​ព្រះ​មហា​ក្សត្រិយ៍ រួច​យក​មក​សៀត​នឹង​ត្រចៀក​ស្ដាំ​។ បន្ទាប់​មក​ព្រះ​មហា​ក្សត្រិយ៍​ប្រទាន​សារតាំង​ជា​ផ្លូវ​ការ​។ ឯក​អគ្គ​រាជ​ទូត​​ដែល​បាន​តែង​តាំង​ក្រាប​បង្គំ​​លូន​ត្រឡប់​ថយ​ក្រោយ​ទៅ​វិញ​។

ព្រះ​មហា​ក្សត្រិយ៍​ប្រកប​ព្រះ​រាជ​ពិធី​បែប​នេះ​រហូត​គ្រប់​ឯក​អគ្គ​រាជ​ទូត​​ថ្មី​ដែល​ត្រូវ​បាន​តែង​តាំង​ក្នុង​មួយ​លើក​ៗ​។

បន្ទាប់​ពី​ចប់​គ្រប់​អស់​ហើយ​ព្រះ​មហា​ក្សត្រិយ៍​ស្ដេច​ប្រោស​ប្រទាន​ព្រះ​រាជ​ឱវាទ និង​ប្រទាន​ពរ​ដល់​ឯក​អគ្គ​រាជ​ទូត​ដែល​ទើប​តែង​តាំង​ថ្មី​ទាំង​អស់​។ ចប់​ស្រេច​ព្រះ​រាជ​ពិធី​តែង​តាំង​ឯក​អគ្គ​រាជ​ទូត​ថ្មី​នៅ​នគរ​ថៃ​នា​ពេល​បច្ចុប្បន្ន​៕

Untitled-3Untitled-4

%d bloggers like this: