jump to navigation

ប្រពៃណី​បុណ្យ​សរទ​ថៃ ឬ​បុណ្យ​សរទ​ខែ​ភទ្របទ ថ្ងៃចន្ទ 23 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

កកន ៖ ជា​រឿយ​ៗ​ឲ្យ​តែ​ដល់​រដូវ​កាល​បុណ្យ​ភ្ជុំ​បិណ្ឌ​ម្ដង​ៗ តែង​តែ​ឮ និង​ឃើញ​មាន​ការ​វែក​ញែក​ជា​បន្ត​បន្ទាប់​ដដែល​ជា​ដដែល​ពី​រឿង​បុណ្យ​នេះ​។ អ្នក​ខ្លះ​ រហូត​ដល់​បណ្ដាញ​សារព័ត៌មាន​ផង​និយាយ​ថា​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​មាន​តែ​ស្រុក​ខ្មែរ​ទេ ដោយ​សំអាង​គ្មាន​ចែង​ក្នុង​បញ្ញត្ត​​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក (​ខាង​ព្រះ​ពុទ្ធ​សាសនា​)​, ឬ​ហេតុ​អ្វី​មាន​តែ​ប្រេត​នៅ​ស្រុក​ខ្មែរ ស្រុក​គេ​អត់​មាន​ប្រេត …​ ជា​ដើម​។ល។

ស្រែ​ខ្មុក​សូម​មិន​ធ្វើ​ការ​ជជែក​វែក​ញែក​អ្វី​ទេ តែ​សូម​បង្វែ​ប្រិយមិត្រ​មក​ស្វែង​យល់​ជាមួយ​គ្នា​នូវ​ប្រពៃណី​ម្យ៉ាង​របស់​ប្រទេស​ក្បែ​យើង​នេះ (​ប្រទេស​ថៃ​) ដែល​គេ​មាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​របស់​គេ​មួយ​ដែរ ដែល​មាន​ឈ្មោះ​ថា បុណ្យ​​​សរទ​ថៃ ឬ​បុណ្យ​សរទ​ខែ​ភទ្របទ ឬ​ឈ្មោះ​ផ្សេង​ៗ​ទៀត​ដែល​ហៅ​តាម​តំបន់​នានា​នៃ​ប្រទេស​នេះ ទុក​ជា​គំនិត និង​ជា​ការ​សិក្សា​ស្វែង​យល់​បន្ថែម​ដូច​ត​ទៅ​នេះ​។

នៅ​ឯ​ប្រទេស​ថៃ​មាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​មួយ​ហៅ​ថា​បុណ្យ​ស្រាទ្ធ ឬ​​សរទ​ថៃ ឬ​ដែល​សៀម​ហៅ​ក្លាយ​ជា​បុណ្យ​សារទ សរសេរ​ជា สารท និង​អាន​ថា សាទ​។ ពិធី​បុណ្យ​នេះ​ប្រារព្ធ​នៅ​ថ្ងៃ​១៥​រោច ខែ​ភទ្រ​បទ ដែល​ជា​ទេសកាល​ធ្វើ​បុណ្យ​ខែ​ភទ្របទ​របស់​ប្រជាជន​ថៃ​។ សម្រាប់​ឆ្នាំ​២០១៩ នេះ បុណ្យ​សារទ​ថៃ ត្រូវ​​នឹង​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កញ្ញា ត្រូវ​គ្នា​នឹង​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ របស់​ប្រជាជន​ខ្មែរ​យើង​នោះ​ឯង​។

អត្ថន័យ​នៃ​ពាក្យ «​សារទ​»

ពញា​អនុមានរាជធម​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ពិធី​បុណ្យ និង​ប្រពៃណី​ថៃ​ថា ពាក្យ​ថា «​សារទ​» ជា​ពាក្យ​ឥណ្ឌា សំដៅ​ដល់ «​រដូវ​» ដែល​ត្រូវ​គ្នា​នឹង​រដូវ​ក្នុង​ភាសា​អង់គ្លេស​ថា «​អរធម​» ឬ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ ដែល​រដូវ​នេះ​មាន​តែ​នៅ​តំបន់​មួយ​ចំនួន​នៃ​ពិភព​លោក​យើង ដូច​ជា​នៅ​អឺរ៉ុប ចិន និង​ឥណ្ឌា​ខាង​ជើង​តែ​ប៉ុណ្ណោះ​។ រដូវ​នេះ​ជា​រដូវ​ដែល​ផ្លែ​ឈើ​ចាប់​ផ្ដើម​ទុំ​ដែល​ជា​ការ​ផ្ដល់​ផល​លើក​ដំបូង​នៅ​ក្នុង​រដូវ ហេតុ​ដូច​នេះ​ប្រជាជន​មាន​ភាព​រីក​រាយ និង​រាប់​ថា​ជា​ទេសកាល​ដែល​សប្បាយ ទើប​តែង​តែ​មាន​ចាត់​ជា​ពិធី​ផ្សេង​ៗ​ទៅ​តាម​ជំនឿ ដោយ​នាំ​គ្នា​ហៅ​ថា “Seasonal Festival”។

អ្នក​ខ្លះ​យក​ផ្លែ​ផ្កា​ដែល​ប្រមូល​ផល​បាន​​ដំបូង​ ដែល​ហៅ​ថា «​ផល​ដើម​ដៃ​» នេះ​ទៅ​សែន​បូជា​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​ខ្លួន​មាន​ជំនឿ ដើម្បីជា​សិរី​មង្គល និង​សម្ដែង​ការ​គោរព​ដែល​លោក​ជួយ​ឲ្យ​បណ្ដាល​ដំណាំ​ចម្ការ​របស់​ពួក​គេ​​មាន​ផល​ល្អ​ ដូច​ជា​ពិធី​បង្គល នៅ​ឥណ្ឌា​ខាង​ត្បូង ដែល​មាន​ពិធី​ដាំ​បាយ​ជាមួយ​ទឹក​ដោះ ដែល​ហៅ​ថា​បាយ​ទិព្វ បាយ​បាយាស ថ្វាយ​ព្រះ​គណេស ជា​ដើម​។

នៅ​ក្នុង​វចនានុក្រម​ថៃ​ «​សារទ» មាន​អត្ថន័យ​ថា ទេសកាល​បុណ្យ​ក្នុង​ខែ​ភទ្រ​បទ ដោយ​មាន​ការ​នាំ​យក​ភោគ​ផល​ដើម​ដៃ​ដែល​បាន​ប្រមូលផល​មក​ធ្វើ​ជា​បាយ​ទិព្វ និង​បាយ​មធុបាយាស​ថ្វាយ​ព្រះ​សង្ឃ ដែល​ត្រូវ​គ្នា​នឹង​ថ្ងៃ​១៥​រោច ខែ​ភទ្របទ រៀង​រាល់​ឆ្នាំ​ ដែល​ត្រូវ​គ្នា​ចុង​ខែ​កញ្ញា ឬ​ដើម​ខែ​តុលា​។

ដើម​កំណើត​នៃ «​សារទ​ថៃ​»

នៅ​ក្នុង​ប្រទេស​ថៃ ការ​ធ្វើ​បុណ្យ​សារទ មាន​តាំង​តែ​នៅ​ក្នុង​សម័យ​សុខោទ័យ ដូច​ដែល​មាន​ភស្តុតាង ក្នុង​សៀវភៅ​នាង​នពមាស ដោយ​សារ​សាសនា​ព្រាហ្មណ៍​បាន​ចូល​មក​ផ្សព្ធ​ផ្សាយ​ក្នុង​ប្រទេស​ថៃ​។ ជន​ជាតិ​ថៃ​ទើប​ទទួល​ប្រពៃណី​បុណ្យ​សារទ​នេះ​មក​ពី​សាសនា​ព្រាហ្មណ៍ ដោយ​មាន​ភស្តុតាង​ក្នុង​សៀវភៅ​ព្រះ​រាជ​ពិធី​បុណ្យ​១២​ខែ ដែល​ជា​ព្រះ​រាជ​និពន្ធ​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ​ផង​។

ហេតុ​អ្វី​មាន​ពិធី​បុណ្យ​សារទ​ថៃ

ហេតុ​ដែល​មាន​ចាត់​ពិធី​បុណ្យ​សារទ​ថៃ​នេះ ក៏​ដើម្បី​វត្ថុ​បំណង​ដូច​ត​ទៅ​នេះ

  • ជា​ការ​សម្ដែង​កតញ្ញូ​កត​វេទិ​ចំពោះ​បុព្វ​ជន​អ្នក​មាន​គុណ ព្រោះ​ជឿ​ថា ញាតិ​ដែល​មរណ​ទៅ​ហើយ​នឹង​មាន​ឱកាស​មក​ទទួល​ចំណែក​បុណ្យ​ពី​ញាតិ​មិត្រ​ដែល​​នៅមាន​ជីវិត ហើយ​ទទួល​ផល​បុណ្យ​ពេញ​លេញ​មាន​ឱកាស​ផុត​វេន​កម្ម បាន​ទៅ​កើត​នៅ​ភព​ថ្មី ឬ​មាន​សេចក្ដី​សុខ​។
  • បាន​សម្ដែង​ការ​ជួយ​គ្នា​រវាង​មិត្រ​ជិត​ខាង ជា​ការ​ទំនុក​បម្រុង​មេត្រី​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​អ្នក​ស្រុក​នាំ​គ្នា​ធ្វើ​នំ អាហារ​ទុក​ចែក​រំលែក​គ្នា​តាម​ភូមិ​ស្រុក អ្នក​នៅ​ក្បែ​គ្នា​ជា​ដើម​។ល។
  • ជា​ការ​សម្ដែងការ​គោរព​ដឹង​គុណ​ចំពោះ​អ្នក​ចាស់​ទុំ
  • ជា​ការ​ជម្រះ​ចិត្ត​ខ្លួន​ឯង​ឲ្យ​ស្រស់​ស្អាត មិន​ធ្លាក់​ក្នុង​អំណាច​នៃ​ភាព​លោភ
  • ជា​ការ​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​ចម្រើន​រុង​រឿង​
  • ជា​ការ​សម្ដែង​កតញ្ញូ​ចំពោះព្រះ​មែ​ពោសព ឬ ខ្មោច​ស្រែ​ ខ្មោចចម្ការ ដែល​ជួយ​រក្សា​ការពារ​ស្រូវ​ក្នុង​ស្រែ ឲ្យ​មាន​ផល​ល្អ​ដោយ​សារ​សង្គម​ថៃ​ជា​សង្គម​កសិកម្ម ការ​ធ្វើ​ស្រែ​ចម្ការ​ជា​អាជីព​ចម្បង នៅ​ក្នុង​រង្វង់​ខែ​ភទ្រ​បទ​នេះ ស្រូវ​កំពុង​លូត​លាស់​ល្អ និង​រង់​ចាំ​ការ​ប្រមូល​ផល​ពេល​ទុំ ទើប​មាន​ពេល​ទំនេរ​ដើម្បី​ធ្វើ​បុណ្យ ដើម្បី​សម្ដែង​ការ​តប​ស្នង​គុណ​ផង

ពិធី​នានា​នៅ​ថ្ងៃ​បុណ្យ​សារទ​ថៃ

ពិធី​នានា​សំខាន់​ៗ​នៅ​ថ្ងៃ​បុណ្យ​សារទ​ថៃ គឺ​ការ​នាំ​យក​បាយ​ចំណី ហើយ​ដែល​ខាន​មិន​បាន​គឺ​នំក្រយា​សារទ ទៅ​ធ្វើ​បុណ្យ​ដាក់​បាត្រ​នៅ​វត្ត​ ដោយ​ការ​ដាក់​បាត្រ​មាន​ភាព​ខុស​គ្នា​ទៅ​តាម​តំបន់ ដូច​ជា​ ដាក់​បាត្រ​ទឹក​ឃ្មុំ​ចំពោះ​ជន​ជាតិ​ថៃ​ដើម​កំណើត​មន​។ ការ​ធ្វើ​បុណ្យ​ក្នុង​ថ្ងៃ​បុណ្យ​សារទ​ថៃ​នោះ មាន​ជំនឿថា ជា​ការ​ឧទ្ទិស​បុណ្យ​កុសល​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ ក្រៅ​ពីនោះ នៅ​មាន​ការ​ស្ដាប់​ធម៌​ទេសនា កាន់​សីល លែង​សត្វ​ជា​ដើម​ផង​ដែរ​។

ប្រពៃណី​បុណ្យ​សារទ​ថៃ នៅ​តាម​តំបន់​ផ្សេង​ៗ

ការ​ធ្វើ​បុណ្យ​សារទ​ថៃ​នេះ​មាន​នៅ​ក្នុង​តំបន់​នានា ដោយ​មាន​ការ​ហៅ​ឈ្មោះ​ខុស​គ្នា ដូច​ត​ទៅ​នេះ​

  • តំបន់​កណ្ដាល​ហៅ​ថា «​សារទ​ថៃ​»
  • តំបន់​ខាង​ជើងហៅ​ថា «​បុណ្យ​ទាន​យសលាកភត្ត​» ឬ​ «​បុណ្យ​ចាប់​ស្លាក​»
  • តំបន់​ឦសាន​ហៅ​ថា «​បុណ្យ​បាយ​សាក​»
  • តំបន់​ខាង​ត្បូង​ហៅ​ថា «​បុណ្យ​ខែ​ភទ្របទ »​ ឬ​ «​ប្រពៃណី​បុណ្យ​ប្រេត​»

ទោះ​បី​ជា​ការ​ធ្វើ​បុណ្យ​ខែ​ភទ្របទ នៅ​តាម​តំបន់​នានា​មាន​ការ​ហៅ​ផ្សេង​ៗ​គ្នា​ក្ដី តែ​វត្ថុ​បំណង​ដូច​គ្នា​គឺ​ការ​ធ្វើ​បុណ្យ​កណ្ដាល​ឆ្នាំ ដើម្បី​ជា​ការ​សុំ​សិរី​មង្គល​ចំពោះ​ខ្លួន​ឯង​ដែល​មាន​ជីវិត និង​ជា​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ចំពោះ​បុព្វ​បុរស​ដែល​ចែក​ឋាន​ទៅ តែ​អាច​មាន​ការ​និយម​ធ្វើ​បុណ្យ​ខុស​ៗ​គ្នា​ខ្លះ​ៗ ដូច​ត​ទៅ​នេះ ៖

តំបន់​កណ្ដាល

ប្រពៃណី​បុណ្យ​សារទ​ថៃ រាប់​ថា​ជា​ប្រពៃណី​របស់​តំបន់​កណ្ដាល​។ នៅ​ពេល​ជិត​ដល់​ថ្ងៃ​បុណ្យ អ្នក​ស្រុក​នឹង​ធ្វើ​ក្រយាសារទ ដើម្បី​យកទៅ​ដាក់​បាត្រ និង​ចែក​ចាយ​ទៅ​ដល់​អ្នក​ជិត​ខាង​។ នៅ​ថ្ងៃ​បុណ្យ​អ្នក​ស្រុក​នាំ​គ្នា​យក​បាយ​អាហារ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ឲ្យ​ញាតិ​មិត្រ​ដែល​បាន​ចែក​ឋាន​ទៅ និង​កាន់​សីល ស្ដាប់​ធម៌​ទេសនា​។

នៅ​តាម​ទី​កន្លែង​ខ្លះ​គេ​នាំ​គ្នាធ្វើ​​នំ​សម្រាប់​​បូជា​វត្ថុ​ស័ក្ដសិទ្ធិ មែ​ព្រះ​ពោសព ខ្មោច​ស្រែ ខ្មោច​ចម្ការ។ នៅ​ពេល​ថ្វាយ​ព្រះ​សង្ឃ​រួច​រាល់​ហើយ ក៏​នាំ​យក​ទៅ​បូជា​តាម​ស្រែ​ចម្ការ ដោយ​ដាក់​នៅ​តាម​មែក​ឈើ ឬ​ទី​កន្លែង​ដែល​បាន​រៀប​ចំ​ជា​ដើម​។

តំបន់​ខាង​ជើង

ពិធី​បុណ្យ​សារទ​ថៃ​ភាគ​ខាង​ជើង មាន​ឈ្មោះ​ហៅ​ថា «​បុណ្យ​ទាន​យសលាកភត្ត​» ឬ​ «​បុណ្យ​ចាប់​ស្លាក​» និង​មាន​ឈ្មោះ​ផ្សេង​ៗ​ច្រើន​ទៀត មាន​តែ​ភូមិ​ស្រុក​មួយ​ៗ ដូច​ជា តាន​ស្លាក​, ស៊ី​​បាយ​ស្លាក​, ស៊ី​កន្ត្រក​ស្លាក ឬ​ ស៊ី​​ស្លាក … ជា​ដើម​។ល។

ប្រពៃណី​ស៊ី​កន្ត្រក​ស្លាក ជា​ប្រពៃណី​ដែល​មាន​តាំង​ពី​គ្រា​ពុទ្ធ​កាល ដែល​មាន​រឿង​តំណាល​ថា មាននាង​យក្ខណី​មួយ​រូប​តែង​តែ​មក​បៀត​បៀន​មនុស្ស បន្ទាប់​ពី​បាន​ស្ដាប់​ព្រះ​ធម៌​របស់ព្រះ​ពុទ្ធ​អង្គ​ហើយ នាង​ក៏​កើត​មាន​សទ្ធា​ជ្រះ​ថ្លា និស្ស័យ​ដែល​កាច​សាហាវ​នោះ បែរ​ត្រឡប់​ជា​សុភាព​រៀប​សារ រហូត​ដល់​មនុស្ស​នានា​អាណិត​ស្រឡាញ់​នាង រហូត​នាំ​យក​នំ​ចំណី​មក​ឲ្យ​។ តែ​ដោយ​សារ​របស់​របរ​ដែល​ទទួល​បាន​នោះ​មាន​ចំនួន​ច្រើន​ពេក នាង​យក្ខណី​ក៏​យក​របស់​អស់​ទាំង​នោះ​មក​ធ្វើ​ជា​ស្លាក​ភត្ត រួច​ថ្វាយ​ព្រះ​សង្ឃ​-​សាមណេរ ចាប់​ស្លាក​ដោយ​វិធី​អបលោកនកម្ម ដោយ​របស់​ដែល​ថ្វាយ​មាន​​ទាំង​របស់​ដែល​មាន​តម្លៃ​ខ្ពស់ រហូត​ដល់​តម្លៃ​ទាប​តាម​តែ​សំណាង​របស់​អ្នក​ដែល​បាន​ទទួល​។ ការ​ថ្វាយ​បែប​ចាប់​ស្លាក​របស់​នាង​យក្ខណី​នេះ​ទើប​រាប់​ថា​ជា​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ពិធី​បុណ្យ​​ស្លាក​ភត្ត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។

ប្រពៃណី «​ស៊ី​កន្ត្រក​ស្លាក​»«​ស្លាក​ភត្ត​» របស់​ជន​ជាតិ​លាន្នា​និយម​ធ្វើ​ឡើង​ក្នុង​រង្វង់​ពី​ខែ​កញ្ញា រហូត​ដល់​ខែ​តុលា​រាល់​ឆ្នាំ ដោយ​សារ​រដូវ​នេះ ប្រជាជន​លាន្នា បាន​ឈប់​សម្រាក បន្ទាប់​ពី​ធ្វើ​ស្រែ​រួច​រាល់​ហើយ និង​ខណៈ​ដែល​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​មិន​បាន​ចេញ​ទៅ​ណា​ផង​ បូក​រួម​នឹង​ពេល​នេះ​ដំណាំ​ចាប់​ផ្ដើម​ទុំ ដូច​ចា មៀន ភ្ញៀវ ក្រូច​ថ្លុង ជា​ដើម និង​ក៏​ជា​ការ​ជួយ​សង្គ្រោះ​មនុស្ស​ម្នា​អ្នក​យ៉ាក​ក្រ អ្នក​ស្រែ​ដែល​ឋានៈ​មិន​សូវ​មាន​ផង រាប់​ថា​ជា​ការ​ឲ្យ​សង្ឃ​ទាន​ដែល​បាន​កុសល​ច្រើន​។

មុន​ដល់​ថ្ងៃ​បុណ្យ​មួយ​ថ្ងៃ គេ​ហៅ​ថា «​ថ្ងៃ​ដា» ឬ «​ថ្ងៃ​សុកតិប» ជា​ថ្ងៃ​ដែល​អ្នក​ស្រុក​នាំ​គ្នា​ចាត់​ត្រៀម​របស់​របរ មិន​ថា​ជា​របស់​ស៊ី ឬ​របស់​ប្រើ​ផ្សេង​ៗ សម្រាប់​យក​មក​ដាក់​កន្ត្រក​ស្លាក ដូច​ជា អំបិល អង្ករ ខ្ទឹម កាពិ ប្រហិត សាច់​ប្រឡាក់ ងៀត​គោ ស្បែក​ជ្រូក មៀង បុរី ឈើ​គូស ទៀន ថ្នាំ​ជ្រលក់​សំពត់ ផ្លែ​ឈើ​នានា ជា​ដើម​។

ថ្ងៃ​នេះ​ច្រើន​តែ​មាន​ញាតិ​មិត្រ​ដែល​នៅផ្សេង​ៗ​គ្នា​មក​រួម​ធ្វើ​បុណ្យ និង​រួម​ចាត់​ស្លាក​ជាមួយ​គ្នា ដែល​រាប់​ថា​ជា​ប្រពៃណី​ដែល​បាន​បុណ្យ​រួម​គ្នា​។ បុរស​ជា​អ្នក​ធ្វើ​កន្ត្រក​សម្រាប់​ដាក់​របស់​របរ​​ផ្សេង​ៗ​។ កន្ត្រក​បិទ​ភ្ជាប់​ដោយ​ស្លឹក​ចេក ឬ​ស្លឹក​រំដេង​។ នៅពេល​បិទ​មាត់​កន្ត្រក​រួច​រាល់​ហើយ ក៏​មាន​មែក​ឫស្សី​​​បែក​ចេញ​សម្រាប់​ដាក់​ប្រាក់​, ប្រអប់​ឈើ​គូស​, បុរី ដើម្បី​ធ្វើ​ជា​កំពូល​។ កន្ត្រក​ស្លាក​ច្រើន​ឬ​តិច តាម​តែ​កម្លាំង​សទ្ធា​និង​ឋានៈ​។ តែ​បច្ចុប្បន្ន​នេះ​មិន​សូវ​មាន​អ្នក​ធ្វើ​ «​កន្ត្រក​» ទើប​នាំ​គ្នា​ប្រើ​ថង់​ប្លាស្ទិក​ដាក់​របស់​របរ​ជំនួស​វិញ។

អាន​​ត

_____________________________________________________________
អាន​ផង​ដែរ ៖
១. ប្រពៃណី​បុណ្យ​សរទ​ថៃ ឬ​បុណ្យ​សរទ​ខែ​ភទ្របទ (ត​ចប់​)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: