jump to navigation

វិវាទ «​ពិស​ស្នេហ៍» ពីរ​នគរ ថ្ងៃអង្គារ 8 ខែតុលា 2019

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​មាន​ការ​ផ្ទុះ​សង្គ្រាម​ក្ដារ​ចុច​ជា​ថ្មី​ម្ដង​ទៀត​រវាង​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​ថៃ និង​នៅ​កម្ពុជា​។ វិវាទ​មិន​ចប់​មិន​ហើយ នោះ​គឺ​វិវាទ «​វប្បធម៌​»​។ ការ​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត នូវ «​វិវាទ​» ដណ្ដើម​វប្បធម៌​នេះ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ស្ថានីយ​ទូរទស្សន៍​កង​យុទ្ធពល​ខេមរភូមិន្ទ (​ប៉ុស្តិ៍​លេខ​៥​) បាន​ចាក់​ផ្សាយ​នូវ​កម្រង​រឿង​ភាគ​ទើប​ផលិត​ថ្មី ដែល​គេ (​ថៃ​) អះ​អាង​ថា​បាន​ចម្លង​ទាំង​ស្រុងចេញ​ពី​រឿង​ភាគ​ដ៏​ល្បី​មួយ​របស់​ថៃ ដែល​បាន​ចាក់​បញ្ចាំង​នា​ពេល​កន្លង​ទៅ ឈ្មោះ​ថា «​พิษสวาท»​។

អ្នក​លេង​បណ្ដាញ​សង្គម ព្រម​ទាំង​សារព័ត៌មាន​ថៃមួយ​ចំនួន​ផង បាន​ធ្វើ​ការ​វិភាគ ព្រម​ទាំង​ថត​យក​រូបភាព​លម្អិត​ឈុត​ឆាក​មួយ​ៗ ក្នុង​បំណង​ប្រៀប​ធៀប​​ការ​លួច​ចម្លង​ទាំង​ស្រុង​របស់​ផលិត​ករ «​ខ្មែរ​» ដែល​ផលិត​រឿង «​ពិស​ស្នេហ៍​» និង​រឿង «​พิษสวาท» របស់​ថៃ​នោះ​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង​ពី​អ្នក​ទាំង​នោះ​ (​ថៃ​) អំពី​ការ​លួច​ចម្លង «​វប្បធម៌​» ថៃ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ឥត​អៀន​ខ្មាស​របស់​ជន​ជាតិ​ខ្មែរ ព្រម​ជាមួយ​ពាក្យ​ប្រទេច​ផ្ដាសា​​ជា​ច្រើន​ផង​។

ដោយ​ឡែក​ ចំពោះ​អ្នក​លេង​បណ្ដាញ​សង្គម​ខ្មែរ​ឯណេះ​វិញ​ក៏​ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​ភាគ (​ពិស​ស្នេហ៍​) នេះ​ដែរ ដោយ​នាំ​គ្នា​យល់​ស្រប​ថា ពិត​ជា​បាន​ចម្លង​ចេញ​ពី​រឿង «​พิษสวาท»​ របស់​ថៃ​មែន ហើយ​ថែម​ទាំង​បាន​បន្ទោស​ដល់​អ្នក​ផលិត​ថា​បាន​ធ្វើ​ឲ្យ​អាប់​ឱន​ដល់​កិត្តិយស​ជាតិ និង​ជំរុញ​ឲ្យ​ថៃ​ធ្វើ​ការ​ប្ដឹង​ផង​។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រសិន​បើ​យើង​ពិនិត្យ​មើល​​ការគ្រប់​គ្រង​របស់​ស្ថានីយ​ទូរទស្សន៍​មួយ​នេះក៏​ដូច​ជា​អ្នកផលិត​រឿង​ភាគ​មួយ​នេះ (ពិស​ស្នេហ៍​) ទាំង​អ្នក​ដឹក​នាំ​រឿង​សម្ដែង​, អ្នក​ថត​, អ្នកបច្ចេក​ទេស​ភ្លើង​…។ល។ គឺ​សុទ្ធ​សឹង​តែ​មាន​ចំណែក​រួម​របស់​ជន​ជាតិ​ថៃ​ (​ខ្លួន​ឯង​) ទាំង​អស់​។ ហេតុ​ដូច​នេះ ប្រសិន​បើ​ចង់ដឹង​ថា រឿង​ពិស​ស្នេហ៍​ បាន​ទិញ​សិទ្ធិ ឬ​បាន​ចម្លង​ចេញ​ពី​រឿង «​พิษสวาท» របស់​ថៃ​មែន​ឬ​យ៉ាង​ណាឬក្នុង​ហេតុ​ផល​អ្វី​ឲ្យ​ប្រាកដ​នោះ មាន​តែ​ពួកគាត់​ទេ​ដែល​អាច​ផ្ដល់​ចម្លើយ​​ដល់​សាធារណ​ជន​ទូទៅ ទាំង​ខ្មែរ ទាំង​ថៃ​បាន​។ វា​ប្រហែល​ជា​មិនយុត្តិធម៌​ទេ ដែល​ចុង​ក្រោយ​ថៃ​ចម្លង​ថៃ បែ​កំហុស​ធ្លាក់​មក​លើ​ខ្មែរ​នោះ​។

ទោះ​ក្នុង​ហេតុ​ផល​យ៉ាង​ណា ហេតុ​អ្វី​បានជា​សង្គម​ថៃ​មិន​គួរ​ជ្រួល​ច្របល់​ក្នុង​រឿង​នេះ​?

នរណា​ៗ​ក៏​ដឹង​ហើយ ដោយ​ឥត​ប្រកែក​បាន ថា​សង្គម​ខ្មែរ​បាន​ទទួល​ឥទ្ធិពល​ទាំង​ស្រុង​ពី​វប្បធម៌​ថៃ​។ រាប់​តាំង​ពី​ការ​ដេក​ ដើរ ឈរ អង្គុយ ស៊ី​ ចុក បុក ទំពារ ប្រជាជន​ខ្មែរ​បាន​ទទួល​ឆ្លង​ពី​ប្រជាជន​ថៃ គ្រប់​ស្រទាប់​វណ្ណៈ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ស្រែ​។ ហេតុ​ដូច​នេះ ប្រជាជន​ថៃ​គួរ​តែ​មាន​មោទនភាព​ចំពោះភាព​ទាក់​ទាញ​នៃ​វប្បធម៌​របស់​ខ្លួន​។

អរិភាព​នៃ​ប្រជាជន​ទាំង​ពីរ និង​ការ​ខឹង​សម្បារ​របស់​ជន​ជាតិ​ថៃ​ក្នុង​រឿង​នេះ មាន​មិន​បាន​ធ្វើ​ឲ្យ​ចំណេញ​ដល់​ប្រជាជន និង​ប្រទេស​ថៃ​ទេ តែ​វា​ត្រឹម​បាន​​​ភាព​ផ្ទុយពី​នេះ​ទៅ​វិញ​។ យើង​នៅ​ចាំ​បាន​ រឿង​រ៉ាវ​ផ្ទុះ​ការ​តវ៉ា និង​ឈាន​ទៅ​ដល់​ការ​ដុត​ស្ថានទូត​ថៃ​នា​ក្រុង​ភ្នំពេញ​ម្ដង​ហើយ​ ហើយ​ដោយ​ក្រោយ​មក​បណ្ដា​រឿងភាគ​ថៃ ត្រូវ​បាន​អវត្តមាន​ពី​កញ្ចក់​ទូរទស្សន៍​ខ្មែរ​អស់ជា​ច្រើន​ឆ្នាំ បូក​រួម​ទាំង​ផល​ប្រយោជន៍​ផ្សេង​ទៀតរបស់​ថៃ ត្រូវ​បាន​រសាត់ចេញ​ពី​កម្ពុជា​ផង ដែល​ទាំង​នេះ​ «អ្នក​ខាត» ​គឺ​ពិត​ណាស់​គឺ​ភាគី​ថៃ​។

រឿង​រ៉ាវ​ការ​ឆ្លង​វប្បធម៌​របស់​ខ្មែរ និង​ថៃ​នេះ គឺ​ជា​រឿង​​ពុក​ស្រួយ ដែល​តម្រូវឲ្យ​មាន​ការ​លូក​ដៃ​ដោយ​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​។ ប្រជាជន​ថៃ​គួរតែ​គិតក្នុង​ន័យវិជ្ជមាន​ទៅ​វិញ​ថា ការ​ដែលជន​ជាតិ​ខ្មែរ​ខិត​ខំ​ធ្វើ​ត្រាប់​តាម ឬ​ចម្លង​ពី​អ្វី​ៗ​ជា​របស់​ថៃ​នោះ គឺ​ជា​ការ​សម្ដែង​ឲ្យ​ឃើញ​ពី​ភាព​អស្ចារ្យ​នៃរបស់​ខ្លួន (​ថៃ​) ដែល​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ជន​ជាតិ​ដទៃ​ចង់​ធ្វើ​តាម ចង់​បាន ចង់…​។ល។ ហើយ​ដែល​ការ​ពិត​ពួក​គេ​ពិតជា​មិនអាច​យក​បាន​នូវ​អ្វី​ដែល​ជា​ចំណង់​នោះ​ទេ​។ របស់​ថៃ​នៅ​តែ​ជា​របស់​ថៃ​​។

សរុប​សេចក្ដី​មក រឿង​រ៉ាវ «​ពិស​ស្នេហ៍​» នា​ពេល​នេះ​វា​អាច​បង្ក​ទៅ​​ជា​អរិភាព​ផ្នែក «​វប្បធម៌​» និង «​ប្រជាជាតិ​» នៃ​ប្រជាជន​ទាំង​ពីរ​បាន (​ថៃ​ និង​ខ្មែរ​) ប្រសិន​បើ​មិនមានការ​បកស្រាយ​ឲ្យ​បានច្បាស់​លាស់​ពី​សំណាក់​​ក្រុម​អ្នក​ផលិតនោះ​។ ទាំង​ប្រជាជន​ខ្មែរ ទាំង​ប្រជាជន​ថៃ ចង់​ដឹង​ពី​ហេតុផល​ពិត​ប្រាកដ​នៃ​ការ​ផលិតរឿង​នេះ​ឡើង ព្រម​ទាំង​ឈុត​ឆាក ដែល​ដូច​គ្នាទាំង​ស្រុង ឬ​ដែល​គេ​ហៅ​ថា​ចម្លង​នោះ ថា​តើ​ពិត​ជា​បាន​ទិញ​សិទ្ធិ​ ឬ​ពិត​ជា​បាន​ចម្លង​ទាំង​ស្រុងប្រាកដ​មែន​។ ពួក​គេ (​អ្នក​ផលិត​) គួរ​តែ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​។

ចំពោះ​អ្នក​លេង​បណ្ដាញ​សង្គម​ថៃ គួរតែ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​ដំណើរ​ដើម​ទង​នៃ​ការ​ផលិត​រឿង (​ពិស​ស្នេហ៍​) នេះ ដោយ​មិន​គួរ​ច្រឡោតតោតតូង និង​រាល​ដាល​ដល់​រឿង​ដទៃ​ទៀត ដែល​ចុង​ក្រោយ​ធ្វើ​ឲ្យ​គេ (​ថៃ​) ទេ ដែល​ជា​អ្នក​ខាត​ក្នុង​រឿង​នេះ​នោះ​។ ចំពោះ​អ្នក​លេង​បណ្ដាញ​សង្គម​ខ្មែរ​វិញ ក៏​គួរ​សិក្សា​ស្វែង​យល់​ដូច​គ្នា​ និង​រៀន​ទទួល​ស្គាល់​តថភាព​របស់​សង្គម​ខ្លួន​។ សិល្បករខ្មែរ ទាំង​អ្នក​ផលិត​ចម្រៀង អ្នក​ផលិត​ភាព​យន្ត វិចិត្រករ​​….។ល។ គួរ​តែ​ងាក​មក​ធ្វើ​អ្វីជា​របស់ខ្លួន​ឲ្យ​បាន​ច្រើន​ឡើង ចៀសវាង​ទៅចម្លង​គេ​ហើយ ដល់​គេ​ជេរ​បែរ​ជា​ខឹង​គេ​ទៅ​វិញ​នោះ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: