ជប៉ុនលើកថ្ងៃចាត់ព្រះរាជពិធីប្រទក្សិណព្រះនគរ ថ្ងៃសៅរ៍ 19 ខែតុលា 2019
Posted by សុភ័ក្ត្រ in 日本語.9 comments
រថយន្តព្រះទីន័ងសម្រាប់ព្រះរាជពិធីប្រទក្សិណព្រះនគរព្រះចៅអធិរាជជប៉ុន
នានាប្រទេស៖ ក្រុងតូក្យូ, ប្រទេសជប៉ុន – រាជរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃសុក្រ (១៨ តុលា ២០១៩) ម្សិលមិញនេះ បានប្រាប់ឲ្យដឹងស្ដីអំពីការលើកថ្ងៃព្រះរាជពិធីប្រទក្សិណព្រះនគរដោយក្បួនរថយន្តព្រះទីន័ង នៃព្រះរាជពិធីអធិរាជាភិសេក ព្រះចៅអធិរាជជប៉ុនដែលបានកំណត់ធ្វើនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះហើយ។
ព្រះរាជពិធីប្រទក្សិណព្រះនគរដោយក្បួនព្យុហយាត្រារថយន្តព្រះទីន័ង នៃព្រះចៅអធិរាជជប៉ុន ណារូហ៊ិតុ កំណត់ធ្វើឡើងវិញនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ហេតុផលធំដែលព្រះរាជពិធីត្រូវបានលើកពេលដោយសារខ្យល់ព្យុះទីហ្វុងដ៏ធំបានបក់ចូលប្រទេសជប៉ុន កាលពីចុងសប្ដាហ៍កន្លងទៅ។ ព្រះចៅអធិរាជទ្រង់សព្វព្រះរាជហឫទ័យខ្វាយខ្វល់ពីទុក្ខលំបាករបស់ប្រជារាស្ត្រទ្រង់ដែលទទួលរងដោយសារព្យុះ។
ព្រះរាជពិធីប្រទក្សិណព្រះនគរដោយក្បួនព្យុហយាត្រារថយន្តព្រះទីន័ង គ្រោងនឹងចាត់ធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ខាងមុខនេះ ដោយមានរយៈចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីព្រះបរមរាជវាំងព្រះចៅអធិរាជ ទៅរាជនិវេសព្រះចៅអធិរាជអាកាសាកា នៅទីក្រុងតូក្យូ។ បើទោះបីជាព្រះរាជពិធីប្រទក្សិណត្រូវបានលើកពេល ចំពោះព្រះរាជពិធីបរមរាជាភិសេក ព្រមទាំងព្រះរាជពិធីមួយចំនួនទៀតត្រូវបានកំណត់ធ្វើនៅថ្ងៃដដែល ដោយមិនមានការផ្លាស់ប្ដូរទេ។
សម្រាប់ព្រះរាជពិធីបរមរាជាភិសេកគ្រានេះ នឹងមានការក្រាបបង្គយាង និងអញ្ជើញ ព្រះប្រមុខរដ្ឋ រាជវង្ស និងភ្ញៀវរដ្ឋដទៃទៀតប្រមាណ១៩៥ប្រទេស ដើម្បីចូលរួមព្រះរាជពិធីជាប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន។ តាមការប៉ាន់ប្រមាណ នឹងមានភ្ញៀវយាង និងអញ្ជើញចូលរួមជាកិត្តិយសប្រមាណ៩០០នាក់ នៅព្រះរាជវាំងព្រះចៅអធិរាជ នាក្រុងតូក្យូ។
សម្ដេចព្រះចៅអធិរាជណារូហ៊ិតុ ស្ដេចឡើងស្នងរាជជាព្រះចៅអធិរាជព្រះអង្គទី១២៦របស់ជប៉ុន បន្តពីព្រះរាជជនកនាថ ដែលបានដាក់រាជសម្បត្តិ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងមក។ ចំណែកឯព្រះរាជពិធីបរមអធិរាជាភិសេកផ្លូវការ កំណត់នឹងត្រូវចាត់ធ្វើឡើង នៅសប្ដាហ៍ខាងមុខនេះ។
ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នៅឯប្រទេសថៃក៏មានការលើកពេលព្រះរាជពិធីប្រទក្សិណព្រះនគរដោយក្បួនព្យុហយាត្រាតាមជលមាគ៌ ដែលជាផ្នែកមួយនៃព្រះរាជពិធីបរមរាជាភិសេក ព្រះបាទសម្ដេច ព្រះបរមេន្ទ្ររាមាធិបតីឝ្រីសិន្ទ្រមហាវជិរាលង្ករណ ព្រះវជិរក្លៅចៅយូហួ ឬរាមាទី១០ ដែលបានកំណត់ធ្វើនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ សប្ដាហ៍ក្រោយនេះ ដោយហេតុផលបញ្ហាទឹក និងសភាពអាកាសធាតុផងដែរ៕៚
ការសមក្បួនព្រះរាជពិធីប្រទក្សិណព្រះនគរព្រះចៅអធិរាជជប៉ុន
ការសមក្បួនព្រះរាជពិធីប្រទក្សិណព្រះនគរព្រះចៅអធិរាជជប៉ុន
_______________________________________________________
អានផងដែរ ៖
១. ប្រមុខ១៩៥ប្រទេស ចូលរួមព្រះរាជពិធីបរមរាជាភិសេក អធិរាជជប៉ុន
២. ជប៉ុនប្រកាសរជ្ជស័កថ្មី «រេវ៉ៈ»
៣. ព្រះរាជពិធីដាក់រាជ្យនៃព្រះចៅអធិរាជជប៉ុន
៤. ពលរដ្ឋជប៉ុនចេញមកថ្វាយព្រះពរព្រះចៅអធិរាជថ្មី
៥. អំពីគ្រឿងត្រីរាជកកុធភណ្ឌជប៉ុន
៦. ព្រះរាជពិធីគ្រងសិរីរាជសម្បត្តិនៃ ព្រះចៅអធិរាជជប៉ុន ព្រះអង្គថ្មី
៧. ព្រះរាជពិធីអធិរាជាភិសេកសម្ដេចព្រះចៅអធិរាជជប៉ុន
៨. ជប៉ុនចាត់ព្រះរាជពិធីប្រទក្សិណព្រះនគរព្រះចៅអធិរាជ