jump to navigation

មហា​បាតុកម្ម​ប្រជាពល​រដ្ឋ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី​នៃ​ប្រទេស​ហ្គីណេ ថ្ងៃចន្ទ 4 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម.
2 comments

ថ្ងៃ​អង្គារ ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៩
ថ្ងៃ​ទី​២ នៃ​ដំណើរ​​ទស្សន​កិច្ច​ជា​ផ្លូវ​​​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​​ព្រះ​រាជ​អាណាចក្រ​កម្ពុជា

  • មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​ជូន​ជា​​កិត្តិយស​ចំពោះ​ឯ.ឧ.​ប្រធានាធិបតី

នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ទី​ក្រុង​ភ្នំពេញ មហា​បាតុកម្ម​ប្រជាជន​ខ្មែរ​ដ៏​ធំ​មួយ​ត្រូវ​បាន​រៀប​ចាត់​ឡើង​ដើម្បី​ទទួល​ស្វាគមន៍ និង​ជូន​ជា​កិត្តិយស​ចំពោះ​ឯ.ឧ.​មហាមានី ឌីយ៉ូរី ដែល​ជា​ភ្ញៀវ​រដ្ឋ​ដ៏​សំខាន់​របស់​កម្ពុជា​។

ប្រជាជន​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​បាន​នាំ​គ្នា​អង្គុយ​តម្រៀប​ជា​តួ​អក្ស​រ​នានា ដើម្បី​ស្វាគមន៍​ភ្ញៀវ និង​ការ​សម្ដែង​សិល្បៈ​ជា​ច្រើន​ទម្រង់ នៅ​ខាង​ក្នុង​បរិវេណ​នៃ​ទី​លាន​កីឡា​បាល់​ទាត់​របស់​ពហុ​កីឡដ្ឋាន​ផង​ដែរ​ អម​ដោយ​សំឡេង​ទះ​ដៃ​សាទរ​យ៉ាង​កង​រំពង​ទូទាំង​ពហុ​កីឡដ្ឋាន ក្នុង​ទិដ្ឋភាព​គួរ​ឲ្យ​រំភើប និង​ចង់​គយ​គន់​យ៉ាង​ខ្លាំង​។

បន្ទាប់​ពី​សន្ទរកថា​ស្វាគមន៍ និង​កិច្ច​សំណេះ​សំណាល​របស់​​ឯ.ឧ.​ប្រធានាធិបតី និង​​មុន​ពេល​បញ្ចប់​​កម្ម​វិធី ឯ.ឧ.​ប្រធានាធិបតី រួម​និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​យាង​​ជិះ​លើ​ព្រះ​ទីន័ង​រថយន្ត​បើក​ដំបូល​ ជុំ​វិញ​ទី​លាន​បាល់​ទាត់​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​បាន​ឃើញ​យ៉ាង​ជិត​​នូវ​ព្រះ​អគ្គ​មគ្គុទេសក៍​របស់​ពួក​គេ ក៏​ដូច​ជា​ភ្ញៀវ​រដ្ឋ​នៃ​កម្ពុជា ឯ.ឧ.​មហាមានី ឌីយ៉ូរី ​​ផង​ដែរ​​។

ការ​សម្ដែង​ និង​មហា​បាតុកម្ម​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​នា​ពេល​នោះ បាន​សម្ដែង​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា នា​របប​សង្គម ក្រោម​ការ​ដឹក​នាំ​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ មគ្គុទេសក៍​ដ៏​ឆ្នើម​នៃ​ពល​រដ្ឋ​ខ្មែរ ក៏​ដូច​ជា​ភាព​ស៊ីវិល័យ​នានា​របស់​ប្រជាជន​ខ្មែរ និង​ប្រទេស​ខ្មែរ​ទាំង​មូល​។ ទិដ្ឋភាព​អស់​ទាំង​នោះ​ក៏​បាន​ឆ្លុះ​បង្ហាញ​ពី​ទំនាក់​ទំនង​ដ៏​ល្អ​របស់​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ជាមួយ​ប្រទេស​ជា​មិត្រ​ក្រោយ​កម្ពុជ​រដ្ឋ​ទទួល​បាន​ឯក​រាជ្យ​ពី​សាធារណ​រដ្ឋ​បារាំង​សែស​ ក៏​ដូច​ជា​បង្ហាញ​ពិភព​លោក​ឲ្យ​ឃើញ​ពី​កិត្តិនាម​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​​។

1234

​ដោយ​ឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ឯ.ឧ.​ប្រធានាធិបតី ព្រម​​ទាំង​​​គណៈ​ប្រតិភូ អម​ដំណើរ​ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​សៀមរាប​​​។ ចាប់​តាំង​ពី​ទីក្រុង​ភ្នំពេញ រហូត​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិន​តុង មាន​ប្រជា​រាស្ត្រ​ឈរ​តាម​ដង​វិថី​នានា​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុត​។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​នោះ គឺ​ធ្វើ​ឡើង​តាម​ជើង​អាកាស​ចរ​ភូមិន្ទ​កម្ពុជា​។

ចាប់​តាំង​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​មក មាន​ប្រជាជន និង​អ្នក​រាជការ​ខ្មែរ​ក្នុង​ខេត្ត​ច្រើន​ម៉ឺន​នាក់​នាំ​គ្នា​ឈរ​ទទួល​ឯក​ឧត្ដម យ៉ាង​កក់​ក្ដៅ​បំផុត​។ ឯ.ឧ.​ប្រធានាធិបតី និង​លោក​ជំទាវ បាន​​​ទស្សនា​ប្រាង្គប្រាសាទ​ខ្មែរ​ដ៏​ល្បី​ល្បាញ​ជា​ច្រើន​រួម​មាន ប្រាសាទ​នគរ​វត្ត បាយ័ន … ជា​ដើម ដោយ​មាន​ការ​យាង​អម​ដំណើរ​គណៈ​ប្រតិភូ​​ជា​មគ្គុទេសក៍ ​ពី​សំណាក់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​អ្នក​ម្នាង​ផង​ដែរ​។

នៅ​ឯ​ខាង​មុខ​ស្រះ​ស្រង់​ឯណុះ ក៏​មាន​ការ​ចាត់​សម្ដែង​របាំ​ខ្មែរ​ជូន​​ជា​ព្រះ​កិត្តិយស​ចំពោះ​ភ្ញៀវ​រដ្ឋ​ដ៏​សំខាន់​ និង​មាន​ការ​រៀប​ចំ​លៀង​សាយភោជន៍​ផង​៕

567

________________________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​កម្ពុជា
២. ថ្ងៃ​ទី​៣​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​កម្ពុជា

%d bloggers like this: