jump to navigation

ការ​សូត្រ​មន្ត​ឆ្លង​ឆ្នាំ នៅ​ប្រទេស​ថៃ និង​លាវ ដូច​ឬ​ខុស​គ្នា​? ថ្ងៃ​ព្រហស្បតិ៍ 2 ខែមករា 2020

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ព្រះ​ធម៌, ภาษาไทย, ພາສາລາວ.
add a comment

នៅ​ឯ​នគរ​ថៃ​មាន​ទំនៀម​មួយ​ហៅ​ថា ពិធី​សូត្រ​មន្ត​ឆ្លង​ឆ្នាំ ឬ สวดมนต์ข้ามปี​។ ពិធី​នេះ ប្រជាជន​ថៃ​ដែល​ជា​ពុទ្ធ​សាសនិក បាន​នាំ​គ្នា និង​ដោយ​មាន​ការ​ចាត់​រៀប​ចំ​ពី​សំណាក់​ព្រះ​សង្ឃ​នៅ​តាម​អារាម​នានា ធ្វើ​ពិធី​សូត្រ​មន្ត​ឆ្លង ដែល​ជា​ធម្មតា​ធ្វើ​នៅ​ព្រលប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ រហូត​ដល់​ឆ្លង​ចូល​ថ្ងៃ​ថ្មី (​ក្រោយ​ម៉ោង​១២​យប់​) ថ្ងៃ​ទី​១ ខែ​មករា ដែល​ជា​ឆ្នាំ​ថ្មី​រាប់​តាម​ប្រតិទិន​សាកល​នោះ​ឯង​​។ ទំនៀម​នៃ​ការ​សូត្រ​មន្ត​ឆ្លង​ឆ្នាំ​នេះ ប្រដូច​គ្នា​ទៅ​នឹង​ការ​រាប់​ថយ​ក្រោយ ឬ​ខោនត៍ ដោន របស់​យុវវ័យ ដែល​តែង​នាំ​គ្នា​ធ្វើ​យ៉ាង​អឹក​ធឹក​ជា​រៀង​រាល់​ឆ្នាំ​ទូទាំង​សាកល​លោក​នោះ​ផង​ដែរ​។

ហេតុ​អ្វី​បាន​ជា​មាន​ពិធី​សូត្រ​មន្ត​ឆ្លង​ឆ្នាំ​នេះ​នៅ​ប្រទេស​ថៃ?

ចាប់​តាំង​ពី​ឆ្នាំ​១៩៤១​មក ប្រទេស​ថៃ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ការ​ប្រើ​ប្រាស់​ព្រះ​ពុទ្ធ​សករាជ (​ព.ស.​) ជា​ផ្លូវ​ការ និង​បាន​កំណត់​រាប់​ឆ្នាំ​ថ្មី​តាម​បែប​សាកល គឺ​យក​ថ្ងៃ​ទី​១ ខែ​មករា ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី គឺ​ការ​ផ្លាស់​ប្ដូរ​ពុទ្ធ​សករាជ ដែល​ប្រទេស​ថៃ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នេះ​ឯង​។ ហេតុ​ដូច​នេះ ការ​សូត្រ​មន្ត​ឆ្លង​ឆ្នាំ​នេះ គេ​អាច​និយាយ​បាន​ថា (​សម្រាប់​ប្រទេស​ថៃ​) ជា​ការ​ឆ្លង​ឡើង​ឆ្នាំ​ពុទ្ធ​សករាជ ពោល​មិន​មែន​ឡើង​ឆ្នាំ​គ្រឹស្ត​សករាជ​ទេ តែ​គ្រាន់​តែ​ចំ​ថ្ងៃ​គ្នា​ប៉ុណ្ណោះ​។

ហេតុ​ផល​ឯ​ទៀត ទំនង​ជា​ការ​បង្វែ​ការ​ចាប់​អារម្មណ៍​របស់​យុវជន​ថៃ ដែល​តែង​នាំ​គ្នា​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ​រាប់​ថយ​ក្រោយ ដោយ​ឈ្លក់​នឹង​អបាយ​មុខ​នោះ ងាក​មក​ចូល​វត្ត​សូត្រ​ធម៌​តាម​វិធី​ពុទ្ធ​សាសនិក ក្នុង​ការ​ឆ្លង​ឆ្នាំ​នេះ​ផង​ដែរ​។

ពិធី​សូត្រ​មន្ត​ឆ្លង​ឆ្នាំ​នៅ​នគរ​លាវ

ដូច​គ្នា​នឹង​ខ្មែរ​ដែរ នគរ​លាវ មិន​មាន​ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​ថ្ងៃ​ទី​១ ខែ​មករា ដូច​នៅ​ប្រទេស​ថៃ​ទេ​ ពោល​គឺ​នៅ​ខែ​មេសា ឯ​ណុះ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ប្រទេស​លាវ ក៏​ឃើញ​មាន​ចាត់​ពិធី​សូត្រ​មន្ត​ឆ្លង​ឆ្នាំ​នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ នេះ​ដែរ បើ​ទោះ​បី​ជា​មិន​មែន​ជា​ការ​ឆ្លង​ឡើង​ពុទ្ធ​សករាជ​ដូច​នៅ​ប្រទេស​ថៃ​ក៏​ដោយ​ចុះ​។ ប្រការ​នេះ​ហាក់​បី​ដូច​ជា​ចំឡែក​ម្យ៉ាង​ដែរ ខុស​ពី​ករណី​នៅ​ប្រទេស​ថៃ ដែល​គេ​សន្មត​កំណត់​ប្ដូរ​ពុទ្ធ​សករាជ​ថ្មី ស្រប​គ្នា​នឹង​ឆ្នាំ​សាកល​នោះ​។

ការ​ប្រជុំ​មូល​មីរ​គ្នា​រវាង​ប្រជាជន​ពុទ្ធសាសនិក​ដើម្បី​រៀន​សូត្រ​ព្រះ​ធម៌​អាច​ធ្វើ​ឡើង​បាន​គ្រប់​កាល​វេលា ដែល​ទំនង​មិន​ជា​ការ​ខុស​ឆ្គង​ដោយ​ប្រការ​ណា​មួយ​ឡើយ​ ក៏​ប៉ុន្តែ​ការ​​ដែល​ប្រើ​ពាក្យ​ «​សូត្រមន្ត​ឆ្លង​ឆ្នាំ​» របស់​ពុទ្ធ​សាសនិក​លាវ នា​ឱកាស​នេះ ទំនង​ជា​ពាក្យ​ដែល​ប្រើ​មិន​ត្រឹម​ត្រូវ​តាម​កាល​វេលា​៕

สวดมนต์ពិធី​សូត្រ​មន្ត​ឆ្លង​ឆ្នាំ​របស់​ពុទ្ធសាសនិក​ថៃនា​ពេល​កន្លង​មក10390498_1732090783695434_5410700555209485162_nពិធី​សូត្រ​មន្ត​ឆ្លង​ឆ្នាំ​របស់​ពុទ្ធសាសនិក​លាវ​នា​ពេល​កន្លង​មក

%d bloggers like this: